Tuesday, 2 January 2018

សរុប​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​២០១៧​ដែល​ផ្លាស់ប្ដូរ​មុខមាត់​ប្រទេស​កម្ពុជា


ដោយ មួង ណារ៉េត
2017-12-31

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
 RFA/Morm Moniroth



ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧ នេះ ព្រឹត្តិការណ៍​នយោបាយ​ជាច្រើន បាន​កើតមានឡើង​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ត្រីមាស​ទី​បួន ដែល​អង្រួន​ដួងចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី និង ពិភពលោក​ផង ឲ្យ​រន្ធត់ និង​ភ្ញាក់ផ្អើល សឹង​រក​ស្មាន​មិន​ត្រូវ។ ភាគច្រើន​នៃ​ព្រឹត្តិការណ៍​ទាំងអស់​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​សំណាក់​បក្ស​កាន់អំណាច ដែល​ឈាន​ទៅ​ដល់​ការព្រមាន​ដាក់ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ។



ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​មួយ នៅ​ក្នុង​បរិបទ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​រឿង​មិន​គួរ​កើតឡើង បាន​កើតឡើង​ពេញបន្ទុក​ទៅ​ហើយ និង​ដោយ​ចំហ​ថែម​ទៀត​ផង។ រឿងរ៉ាវ​ដែល​កើតឡើង​ទាំងនេះ មួយ​ភាគ​ធំ ប៉ះពាល់​យ៉ាង​ខ្លាំង ទៅដល់​ដំណើរការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​មុខមាត់​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ធ្វើ​ច្បាប់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ការ​យក​កៅអី​ស្របច្បាប់ របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទៅ​ចែក​គ្នា ការ​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

ក្រោយ​ចូលឆ្នាំ​សកល ឆ្នាំ​២០១៧ ភ្លាម នៅ​ខែ​កុម្ភៈ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​បង្ខំចិត្ត​លាឈប់​ពី​ប្រធាន​បក្ស និង​សមាជិក​គណបក្សប្រឆាំង ដើម្បី​សង្គ្រោះ​គណបក្ស​នេះ ឲ្យ​រួច​ផុត​ពី​ការប៉ុនប៉ង​រម្លាយ ព្រោះ​នៅ​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ថា នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ហាមឃាត់​ទណ្ឌិត មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​គណបក្ស​នយោបាយ។ ទោះបី​លោក សម រង្ស៊ី ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា កាត់ទោស​ជាច្រើន​ករណី ប៉ុន្តែ​អ្នកវិភាគ​យល់ឃើញ​ថា តុលាការ​កម្ពុជា​គ្មាន​ឯករាជ្យ និង​កាត់​ក្តី​ទៅតាម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច ដើម្បី​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី បាន​ប្រកាស​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​វិញ ក្នុង​ខែវិច្ឆិកា។ ប្រាំ​ខែ​មុន​នេះ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល ដក​បម្រាមដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​ចេញ​វិញ។ បម្រាម​នេះ ដាក់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៦ មក​ម្ល៉េះ។ ប៉ុន្តែ នៅ​ក្រោយ​ការ​លើក​បម្រាម​នេះ​ភ្លាម លោក ហ៊ុន សែន បែរជា​ព្រមាន​បើកទ្វារ​គុក រង់ចាំ​លោក សម រង្ស៊ី ភ្លាម​ដែរ៖ «ឥឡូវ​ខ្លួន​បាន​សន្យា​ថា មក​មិន​ខ្លាច​គុក​ទេ ម៉េច​ក៏​មិន​មក​រក​គុក​? ខ្ញុំ​ឲ្យ​មក​តើ ឥឡូវ​ខ្ញុំ​អត់​ខ្វល់​ទេ​។ ប៉ុន្តែ បើសិនជា​អ្នកឯង​ប្រគល់​ខ្លួន​ឲ្យ​ចាប់​ដោយ​ស្រួល វា​អត់​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ។ មក​តាម​គោក​ក៏​មិនបាន មក​តាម​ទឹក​ក៏​មិនបាន។ មក​ម៉ា​សេរី​មក ទឹក​ក៏បាន គោក​ក៏បាន ស្អី​ក៏បាន​ចូល​មក​។ តែ​បើ​ចូល​មក​លួចលាក់ វា​ស្មើនឹង​ភេរវកម្ម​ទេ ដែល​ទណ្ឌិត​មាន​ដីកា​តាម​ចាប់ខ្លួន​នោះ​។ មើល​អ្នកក្លាហាន សូម​អញ្ជើញ ទ្វា​ចំហ​ហើយ!»។

នៅ​ខែ កុម្ភៈ នោះ​ដែរ អ្នកឃ្លាំមើល​សង្គម​គឺ​លោក គឹម សុខ ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំៗ និង​ឥត​សំចៃ​មាត់ ត្រូវ​បាន​តុលាការ សម្រេច​ឃុំខ្លួន ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​បក្ស​កាន់អំណាច តាម​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ និង​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក គឹម សុខ ថែម​ទៀត​ផង៖ «ស្អី​! អ្នកឯង​បញ្ចេញមតិ​? អត់​ទេ​! ទារ​កន្លះ​លាន​ដុល្លារ។ ហើយ​បើ​អ្នកឯង​មិន​ចង់​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ ដើម្បី​លក់​ឡាយឡុង​ទេ អ្នក​យក​លុយ​មក​សង​មក​! កុំ​អ្នកឯង​ស្អី អាង​អ្នកវិភាគ​។ វិភាគ​ប៉ះ​ដាក់​ហើយ អត់​មាន​ទុក​ទេ។ នគរបាល​តាម​ឲ្យ​ជាប់​កុំ​ឲ្យ​វា​រត់​។ អ្នកនេះ​ខ្ញុំ​បញ្ជា​នគរបាល​ឲ្យ​តាម​ពី​ម្សិល កុំ​រត់​! ព្រោះ​ខ្លួនឯង​ថា ជើង​ខ្លាំង​! ទៅ​ជាប់គុក​ត្រឹម​ពីរ​ឆ្នាំ​អី​តើ កុំ​ថា​អត់​លុយ​សង​វើយ»។

ប្រាំ​មួយ​ខែ​ក្រោយមក កាលពី​ថ្ងៃ​ទី១០ ខែ​សីហា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស លោក គឹម សុខ ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០​លាន​រៀល។ ទោះ​លោក គឹម សុខ ប្តឹង​ជំទាស់​សេចក្តី​សម្រេច​នេះ នៅ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ក៏​លោក​នៅតែ​ចាញ់​ក្ដី​ដដែល។ អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ក្នុង​រឿងក្ដី​នេះ បើ​ទោះ​ជា​ត្រូវ​ឡើង​ទៅដល់​តុលាការ​កំពូល​ទៀត ក៏​មិន​អាច​ឈ្នះក្ដី​បាន​ដែរ។

កាលពី​ខែ​កុម្ភៈ នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ ដូចជា​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ផ្លាស់ប្ដូរ​និមិត្តសញ្ញា​ពាណិជ្ជកម្ម ឬ ឡូហ្គោ (Logo) របស់​ខ្លួន ដោយ​អះអាង​ថា ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ​ថា ជា​គ្រឹះស្ថាន​របស់​រដ្ឋ។ ចំណាត់​ការ​នេះ ធ្វើ​ឲ្យ​អ្នកច្បាប់ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ចាត់ទុក​ថា ជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ ដោយសារតែ តាម​ធម្មតា មុននឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាច​ប្រើប្រាស់​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម​អ្វីមួយ គឺ​សុទ្ធតែ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត និង​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ពី​ក្រសួង​ពាក់ព័ន្ធ តាំងពី​ដើមដំបូង​មក​ម្ល៉េះ មិនមែន​រហូត​ប្រើ​បាន​ជាង ២០ ឆ្នាំ​ទៅ​ហើយ ទើប​បង្ខំ​ឲ្យ​ប្ដូរ​ចេញ​បែបនេះ​នោះ​ទេ។ ធនាគារ​អេស៊ីលីដា បាន​ចំណាយ​ប្រាក់ជាង ៣ លាន​ដុល្លារ ដើម្បី​កែ​និមិត្តសញ្ញា​របស់​ខ្លួន។

កាលពី​ខែ​កុម្ភៈ ដដែល នគរបាល​ការពារ​ព្រំដែន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ទាហាន​ឡាវ ចំនួន​ពីរ​រថយន្ត​ធំៗ​ប្រដាប់​ដោយ​អាវុធ បាន​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​សាង​ផ្លូវ​នៅ​តាម​ព្រំដែន។ បី​ខែ​ក្រោយមក យោធា​ឡាវ​បាន​បន្ថែម​កម្លាំង និង​ជីក​លេណដ្ឋាន​ថ្មីៗ ត្រង់​ចំណុច​អូរតាង៉ាវ និង​អូរ​អាឡៃ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ រដ្ឋាភិបាល មិន​ទទួលស្គាល់ ថា​មាន​វត្តមាន​ទាហាន​ឡាវ​នៅ​លើ​ដី​ខ្មែរ ដូច​ការផ្សាយ​របស់​អាស៊ីសេរី​នោះ​ទេ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ថែមទាំង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ថ្កោលទោស​អាស៊ីសេរី ថា​ផ្សាយ​ព័ត៌មាន​បំផ្លើស​ការ​ពិត មាន​ចេតនា​ញុះញង់ ដែល​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ដល់​សាធារណជន មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់។ ប៉ុន្តែ ក្នុង​ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ទាហាន​ឡាវ ពិត​ជា​មាន​វត្តមាន​លើ​ដី​ខ្មែរ តាំងពី​ខែ​ឧសភា និង​រដ្ឋាភិបាល​កម្ពុជា បាន​លើកទ័ព​យ៉ាង​សន្ធឹកសន្ធាប់ ទៅ​ព្រំដែន។ យោធា​ឡាវ បាន​ដក​ទៅវិញ​នៅ​ខែ​សីហា ក្រោយ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ នៅ​ប្រទេស​ឡាវ។ អ្នកវិភាគ យល់​ឃើញ​ថា ការ​ចល័ត​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​បណ្ដេញ​ទាហាន​ឡាវ ដែល​មាន​ចំនួន​តិចតួច​បែបនេះ គឺជា​រូបភាព ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​ទូទៅ ស្រប​ពេល​ដែល​រដ្ឋាភិបាល កំពុងតែ​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បង្ក្រាប​ចលនា​ក្នុង​ស្រុក ដែល​រដ្ឋាភិបាល​ហៅថា បដិវត្ត​ពណ៌។

នៅ​ខែ ឧសភា អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ ដោយ​ក្រុម​ស៊ើបអង្កេត រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុករលួយ នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃឈើ នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យានជាតិវីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែក្លាយ​ឈើ​ខុសច្បាប់​ទាំងនោះ ទៅជា​ឈើ​ស្របច្បាប់​វិញ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ជា​សាធារណៈ​ថា បើ​គាត់​ទប់ស្កាត់ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បានទេ គាត់​ហ៊ាន​កាត់​ក​គាត់​គ្រវាត់​ចោល៖ «សុំ​សាកល​មើល​ទៅ​! បើ​មិន​គោរព​ក៏​សុំ​សាក​! បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​គ្រវាត់​ចោល»។

ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ព្រៃឈើ នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ផ្តាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​បី​ជា​ខក​សន្យា​រឿង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិនបាន ព្រោះ​អង្គការ​លោក នៅតែ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម រាប់​សែន​ម៉ែត្រគូប ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​ថា បាន​ហាមឃាត់​ការ​នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស។

ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បាន​រៀបចំឡើង​នៅ​ខែ​មិថុនា។ ការបោះឆ្នោត​លើក​នេះ គឺជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​លោក ហ៊ុន សែន ចេញ​ឃោសនា​ដោយ​ផ្ទាល់ និង​ជួល​ទូរទស្សន៍​ក្នុងស្រុក​យ៉ាងហោចណាស់ ៨​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់ យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​។ នេះ​ក៏​ជា​ការ​បោះឆ្នោត​លើកទីមួយ ដែល​មានការ​រឹតត្បិត ក្នុង​ការ​ដង្ហែ​ក្បួន​ឃោសនា។ ជា​លទ្ធផល​គណបក្ស​សង្គ្រោះជាតិ​ជាប់ឆ្នោត ដើម្បី​គ្រប់គ្រង​ឃុំ​-​សង្កាត់ ៤៨៩ ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ៥,០០៧ នាក់ ដែល​មាន​សំឡេងឆ្នោត​គាំទ្រ​ជាង បី​លាន​នាក់ ឬ ស្មើនឹង​ជិត ៤៤% (៤៣,៨៣%)។

ក្រោយ​ពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ បន្ទប់​ស្ថានការណ៍​ដែល​អះអាង​ថា ជា​ក្រុម​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការបោះឆ្នោត​ឯករាជ្យ បាន​ចេញ​ផ្សាយ​ការវាយតម្លៃ​កាលពី​ថ្ងៃ​ទី២៤ មិថុនា ហើយ​បាន​រក​ឃើញ​ថា ការបោះឆ្នោត​នេះ មិនទាន់​អាច​ចាត់ទុកថា​សេរី និង​យុត្តិធម៌​ពេញលេញ នៅឡើយ​ទេ ដូចជា​បរិយាកាស​គាប​សង្កត់ មុន​ការបោះឆ្នោត និង​ខ្វះ​តម្លាភាព និង​តុល្យភាព​ផ្នែក​ថវិកា​សម្រាប់​ឃោសនា បើ​ទោះ​ជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការងារ​របស់​គ.ជ.ប យ៉ាង​ណា​ក្តី។

បួន​ថ្ងៃ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ក្រុម​នេះ ហើយ​បាន​ជំរុញ​ឲ្យ​មើល​ពី​ភាព​ស្រប​ច្បាប់ និង​បាន​ចោទ​ក្រុម​នេះ​ថា​លម្អៀង​ទៅ​ខាង​គណបក្សប្រឆាំង។ ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ក្រសួងមហាផ្ទៃ បាន​ចេញ​បញ្ជា​បញ្ចប់​សកម្មភាព​បន្ទប់​ស្ថានការណ៍ ពីព្រោះ​មិនបាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ដែល​បាន​បំពាន​ច្បាប់​ស្ដីពី​អង្គការ​សមាគម។

ក្រោយពី​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​មិនបាន​ប៉ុន្មាន​ផង រដ្ឋាភិបាល​សម្រេច​បញ្ឈប់​សកម្មភាព របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI របស់​អាមេរិក និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា នៅ​ខែ​សីហា ដោយ​ចោទ​ថា អង្គការ​នេះ រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់អំណាច។ ប៉ុន្តែ​អង្គការ NDI បដិសេធ​ថា ខ្លួន​មិនបាន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួកគេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ មិន​ថា​បក្ស​កាន់អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

អស់ពី​បិទ​អង្គការ NDI រដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ បង់ពន្ធ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល អះអាង​ថា ស្ថាប័ន​សារព័ត៌មាន​នេះ ជំពាក់​ជាង ១០​ឆ្នាំ។ ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់​ទុក​អំណាច​ពន្ធ​ខ្ពស់​កប់​ពពក​នេះ គឺជា​អំណាច ដែល​មាន​ចេតនា​បំផ្លាញ។ អ្នកស្រី​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​កាសែត​នេះ​ទាំងស្រុង នៅ​ថ្ងៃ​ទី៤ ខែ កញ្ញា។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ក៏​ត្រូវ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ ដោយសារ​មិន​អាច​ស៊ូទ្រាំ នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល ក្រោយ​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ ក្នុង​រឿង​ពន្ធដារ​នេះ និង​បញ្ហា​បញ្ជិកា ក្រោយ​បើក​ដំណើរការ​នៅ​កម្ពុជា​អស់​ជាង ១០​ឆ្នាំ​រួម​មក។

តាម​របាយការណ៍​របស់​អង្គការ លីកាដូ គិត​ត្រឹម​ចុងខែ​សីហា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ និង​ប៉ុស្តិ៍​វិទ្យុ FM ក្នុងស្រុក ចំនួន ៣២ នៅ​ទូទាំង ២០ ខេត្ត​ក្រុង។ ដោយសារ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឲ្យ​កម្មវិធី​ផ្សាយ​បន្ត​របស់​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​ដទៃ​ទៀត ខាន​បាន​ផ្សាយ​តាម​វិទ្យុ FM ដើម្បី​ឮ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ។

ក្រោយ​បណ្ដេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​សម្រេច រដ្ឋាភិបាល​លោក ហ៊ុន សែន ឈាន​មួយ​ជំហាន​ទៀត ទៅ​បំបិទ​សំឡេង​ប្រឆាំង​ទាំងស្រុង​តែម្ដង តាមរយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា។ អំណាច​នៃ​សាលដីកា​តុលាការ​កំពូល ដែល​បិទ​ផ្លូវ​តវ៉ា​នេះ បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨​រូប និង​យក​អាសនៈ​ស្របច្បាប់​ទាំង ៥៥​អាសនៈ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ​ដទៃ​ទៀត ដែល​មិនបាន​ជាប់ឆ្នោត និង ចែក​ជាមួយ​គណបក្ស​កាន់អំណាច​ផង​ដែរ។ មិនតែប៉ុណ្ណោះ តំណែង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជាប់ឆ្នោត​ទាំង ៥,០០៧ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​បក្ស​ផ្សេងៗ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ជាង​បី​លាន​នាក់។

មុន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក កឹម សុខា និង​កង​អង្គរក្ស​របស់​លោក​ចំនួន​៨​នាក់ នៅ​ម៉ោងជាង ១២ រំលង​អធ្រាត្រ និង​ដោយ​កម្រោល ដោយ​គ្មាន​ដីកា​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា។ អង្គរក្ស​ទាំងនោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​លោក កឹម សុខា នៅ​បន្ត​ជាប់ឃុំ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម រហូតដល់​បច្ចុប្បន្ន​នេះ ដោយ​ជាប់ចោទ​ពី​បទ “​ក្បត់ជាតិ​” ដោយសារតែ​សារ​នៅ​វីដេអូ​ឃ្លីប ដែល​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​អូស្ត្រាលី កាលពី​ចុង​ឆ្នាំ​២០១៣។

រលក​នៃ​ការ​តវ៉ា របស់​ពលរដ្ឋ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​បោកបក់​យ៉ាង​សន្ធាប់ នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគាត់​រស់នៅ ដើម្បី​សំដែង​ការ​មិន​ពេញចិត្ត ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស តំណាងរាស្ត្រ​នៅ​ទូទាំង​ពិភពលោក សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​នយោបាយ និង​រដ្ឋាភិបាល​បរទេស សុទ្ធតែ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​ខំ​កសាង​យ៉ាង​លំបាក ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​ចុង​ក្រោយនេះ។ ទណ្ឌកម្ម​ពី​អន្តរជាតិ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​ដាក់​ជា​ហូរហែ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​កាត់ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត និង​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវ​នេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ។

ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក សុទ្ធតែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ចំណាត់​ការ​ដាក់ទណ្ឌកម្ម​នេះ គឺ​ដោយសារតែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នេះឯង។ សហគមន៍​អន្តរជាតិ នៅតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្តារ​ស្ថានការណ៍​ដុនដាប​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មានការ​ចូលរួម​ដោយ​ពេញ​ពេញ​ពី​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ត្រូវ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បើ​មិន​ចង់​ឲ្យ​មានទណ្ឌ​កម្ម​បែបនេះ​នោះ​ទេ៕

No comments: