Monday 29 January 2018

ចលនា​សង្គ្រោះជាតិ​ថ្មី​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ទីក្រុង​ឡុងប៊ិច​នៅ​ថ្ងៃ​នេះ


ដោយ តាំង សារ៉ាដា
2018-01-28 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។

Photo: RFA



ចលនា​សង្គ្រោះ​ជាតិ​ថ្មី​របស់​លោក សម រង្ស៊ី នឹង​ប្រកាស​សម្ពោធ​ដំណើរការ​របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ។ ចលនា​សង្គ្រោះជាតិ​ថ្មី​នេះ មាន​ការ​ចូលរួម​ពី​ក្រុម​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​មាន​និន្នាការ​គាំទ្រ លោក សម រង្ស៊ី។ សមាសភាព​របស់​ចលនា​ថ្មី​នេះ រួមមាន​លោក សម រង្ស៊ី ភរិយា របស់​លោក សមរង្ស៊ី គឺ​អ្នកស្រី ជូឡុង ស៊ូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក តុ វ៉ាន់ចាន់ លោក ជា គឹមលី និង​សកម្មជន​របស់​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ទៀត។



អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែ​មករា កន្លង​ទៅ នេះ​ធ្លាប់​ប្រកាស​ថា ចលនា​សង្គ្រោះជាតិ​ថ្មី​នេះ នឹង​បន្ត​ការ​តស៊ូ​របស់​ខ្លួន​ដោយ​សន្តិវិធី​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ការ​បោះឆ្នោត នៅ​ខែ​កក្កដា​ខាងមុខ។

ទោះជា​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្សសង្គ្រោះ​ជាតិ ដែល​គាំទ្រ លោក កឹម សុខា ភាគច្រើន​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ចលនា​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី នោះ​ទេ។

តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ គឺ​លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​ប្រកាស​ថា អះអាង​ថា​ចលនា​ថ្មី​របស់​លោក សម រង្ស៊ី មិន​ត្រូវ​ប្រើ​ពាក្យ​សង្គ្រោះជាតិ​នោះ​ទេ ហើយ​ថា ចលនា​ថ្មី​នេះ​មិនមែន ជា​កម្មសិទ្ធិ​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា ការ​បង្កើត​ចលនា​ថ្មី​នេះ គឺ​ជា​ការ​បង្រួបបង្រួម​ក្រុម​អ្នក​ស្នេហា​ជាតិ និង​អ្នក​ដែល​ចង់​សង្គ្រោះ​ប្រទេស​ពី​ការដឹកនាំ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះជាតិ ក្រោយ​ពី​លោក ហ៊ុន សែន រំលាយ​រួចមក គឺ​ពុំ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​នោះ​ទេ ដូច្នេះ​ហើយ​មានតែ​ចលនា​ថ្មី​នេះ​ប៉ុណ្ណោះ​ដែល​អាច បន្ត​ដំណើរ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​បាន។

ទោះជា​យ៉ាងណាក៏ដោយ​អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន ដោយ​អះអាងថា គណបក្ស​សង្គ្រោះជាតិ​កន្លងមក បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​មាន​ក្បាលម៉ាស៊ីន​គ្រប់គ្រាន់​សម្រាប់​បន្ត​ដំណើរការ គណបក្ស​មួយ​នេះ​បាន។ ចំណែក​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ​ឃាំង​នោះ បាន​ផ្ញើ​សារ​តាមរយៈ​មេធាវី​របស់​លោក ពី​ពន្ធនាគារ ដែរ​ថា លោក​មិន​គាំទ្រ និង​មិន​ចូលរួម​ចលនា​ថ្មី​របស់​លោក​សម រង្ស៊ី នោះ​ឡើយ៕

No comments: