Friday, 19 January 2018

ជនរងគ្រោះ​ខ្មែរ​ចាញ់​ក្តី​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​និង​អាមេរិកាំង


18 មករា 2018
ម៉ែន​ គឹមសេង
voa
រូបឯកសារ៖ កម្មករ​នេសាទ​កម្ពុជា​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ កំពុង​ទទួលទាន​អាហារ​ពេល​​ព្រឹក​នៅ​សង្កាត់​ជ្រោយចង្វារ​ ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបឯកសារ៖ កម្មករ​នេសាទ​កម្ពុជា​ ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ទូក​នេសាទ​ថៃ កំពុង​ទទួលទាន​អាហារ​ពេល​​ព្រឹក​នៅ​សង្កាត់​ជ្រោយចង្វារ​ ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។



នៅក្នុង​សាលក្រម​ចុះថ្ងៃទី​៤ខែ​មករា​​ដែល​ VOA​ ទទួល​បាន​នៅ​សប្តាហ៍​នេះ​ ​លោក​ចៅក្រម ​John F. Walter ​បាន​​សម្រេច​ថា​ដើម​បណ្តឹង​ «មិន​ទទួលបាន​អ្វី​ទាំងអស់​តាម​បណ្តឹង​របស់​ពួកគេ​ទេ‍»។



វ៉ាស៊ីនតោន —


តុលាការសហរដ្ឋ​អាមេរិក​បាន​កាត់​ក្តី​ឱ្យ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​អាមេរិកាំង​និង​ថៃ​ឈ្នះ​លើបណ្តឹង​ស្តីពី​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជនរងគ្រោះ​កម្ពុជា។ ប៉ុន្តែ​ជនរងគ្រោះ​ បាន​ប្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ។



តុលាការ​សហព័ន្ធ​ប្រចាំ​តំបន់​ភាគកណ្តាល​រដ្ឋ​កាលីហ្វញ៉ា​បាន​សម្រេចឱ្យ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ផាត់ថាណា​និង​ក្រុមហ៊ុន​អាហារ​បង្កក​ S.S Frozen Food​ របស់​ថៃនិងក្រុមហ៊ុន​ Rubicon Resources និងក្រុមហ៊ុន ​Wales & Co. Universe Ltd. ​របស់​អាមេរិកាំងឈ្នះក្តី ​ដោយផ្អែកលើ​ហេតុផល​ថា​ ដើម​បណ្តឹង​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា​ ក្រុមហ៊ុន​បាន​ចូលរួម​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ​ឬ​ បាន​ដឹង​ និង​ទទួលផលពីការជួញដូរ​មនុស្ស​ទេ។ ​

លោក កែវ រដ្ឋា​ អតីត​ពលករ​រងគ្រោះ​ និង​ជាដើម​បណ្តឹង​ម្នាក់ក្នុង​ចំណោម​៧​នាក់ ថតរូបជាមួយកូនពីរនាក់របស់លោក។ (រូបថតផ្តល់ឲ្យដោយ កែវ រដ្ឋា)
លោក កែវ រដ្ឋា​ អតីត​ពលករ​រងគ្រោះ​ និង​ជាដើម​បណ្តឹង​ម្នាក់ក្នុង​ចំណោម​៧​នាក់ ថតរូបជាមួយកូនពីរនាក់របស់លោក។ (រូបថតផ្តល់ឲ្យដោយ កែវ រដ្ឋា)


លោក កែវ រដ្ឋា​ អតីត​ពលករ​រងគ្រោះ​ និង​ជាដើម​បណ្តឹង​ម្នាក់ក្នុង​ចំណោម​៧​នាក់​បាន​បញ្ជាក់​ប្រាប់ ​VOA​ កាលពី​ថ្ងៃពុធ​ថា ​លោក​មាន​ «ការសោកស្តាយ​យ៉ាងខ្លាំង‍»​ចំពោះ​ការសម្រេចចិត្ត​នេះ ​ហើយ​ថា​«ជនរងគ្រោះ​បាន​ខិតខំ​ពុះពារ​ខ្លាំង​ណាស់​ទម្រាំ​អាច​រៀបចំ​ជា​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​ទាំង​នេះ​បាន‍»។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​ដូចជា​ខកចិត្ត​ដែរ​ព្រោះ​គិត​ថា​តុលាការ​សហរដ្ឋ​អាមេរិក​ នឹង​អាច​រក​យុត្តិធម៌​ឱ្យ​ពួកខ្ញុំ ​ប៉ុន្តែ​ដល់ពេល​ច្រាន​ចោល​ពាក្យ​បណ្តឹង​មាន​ការខកចិត្ត​ ហើយ​ក៏​សោកស្តាយខ្លាំង​ដែរ ​ហើយ​ក៏មិន​ដឹង​ថា​ត្រូវ​ធ្វើ​ប្រតិកម្ម​យ៉ាងម៉េច​ចំពោះ​តុលាការ​ដែរ​ពីព្រោះ​វាជា​នីតិវិធី​ច្បាប់​របស់​ខាង​ហ្នុង​ខ្ញុំ​មិន​សូវ​យល់​ពី​ច្បាប់​ខាង​ហ្នុង‍»។

នៅក្នុង​សាលក្រម​ចុះថ្ងៃទី​៤ខែ​មករាដែល​ VOA​ ទទួល​បាន​នៅ​សប្តាហ៍​នេះ​ ​លោក​ចៅក្រម ​John F. Walter ​បានសម្រេច​ថា​ដើម​បណ្តឹង​ «មិន​ទទួលបាន​អ្វី​ទាំងអស់​តាម​បណ្តឹង​របស់​ពួកគេ​ទេ‍»។ សាលក្រម​បាន​បន្ថែម​ថា ​ការសម្រេចចុងក្រោយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ចុងចម្លើយ​ដែល​ជា​ក្រុម​ហ៊ុន​ទាំងបួន​នោះ។

សាលក្រម​បាន​បន្ថែម​ថា៖

«ដើមបណ្តឹង​មិន​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​Rubicon និង Wales ​បាន​ដឹង​ឬ​គួរតែ​ដឹង​ថា​មាន​ការ​ជួញ​ដូរ​មនុស្ស​បាន​កើត​មាន​ឡើង​នៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ផាត់ថាណា​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សុងក្លា‍​ទេ»។

តុលាការ​ក៏​សន្និដ្ឋាន​ថា​ខ្លួន​មិន​មាន​ដែន​យុត្ថាធិការ​កាត់​ក្តី​តាម​ការ​ទាម​ទារ​របស់​ជនរងគ្រោះ​លើ​ក្រុម​ហ៊ុន​ថៃ​ផាត់ថាណា​ផងដែរ។​

ជនរងគ្រោះ​កម្ពុជា​ចំនួន​៧នាក់​គឺ​លោក ​កែវ រដ្ឋា ​លោក ​សែម កុសល ​និង​ប្រពន្ធ​ឈ្មោះ ​ប៊ុន សុភា​ លោក​យ៉ែម បាន ​និង​ប្រពន្ធ​ឈ្មោះ​ណុល ណាគ្រី​ លោក​សុក សង ​និង​លោក​ផាន់ សុភា​បាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៦​ប្រឆាំង​នឹង​ក្រុមហ៊ុនផលិត​និង​ទិញលក់​គ្រឿង​សមុទ្រ​ទាំងបួនពី​បទ​ជួញដូរ​មនុស្ស ​ការបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ​ទាសភាព ​បំបិទ​សិទ្ធិ​ដើរ​ហើរ​និង​សិទ្ធិ​ការងារ​និង​ធ្វើឱ្យ​ជំពាក់​បំណុល។

បណ្តឹង​នេះ​អាច​ធ្វើ​ឡើង​បានដោយសារតែ​ក្រុមហ៊ុន​ Rubicon Resources ​និង​ក្រុមហ៊ុន​Wales គឺ​ជា​ក្រុមហ៊ុន​អាមេរិកាំង​ដែល​ច្បាប់​តម្រូវ​ឱ្យ​ជនរងគ្រោះ​អាច​ប្តឹង​បាន​បើសិនជា​ក្រុមហ៊ុន​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​មនុស្ស​បើទោះបី​ជា​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ។

ក្រុមហ៊ុន​ផាត់ថាណា​និង​ក្រុមហ៊ុន​ S.S. Frozen ​Food ​គឺជា​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​ហើយ​មាន​រោងចក្រ​បង្គារ​នៅ​ខេត្ត​សុងក្លា​ដែល​ស្ថិតនៅ​ភាគខាង​ត្បូង​របស់​ប្រទេស​ថៃ។ ក្រុមហ៊ុន​ផាត់ថាណា​លក់​ផលិតផល​បង្គារ​ឱ្យ​ក្រុមហ៊ុន​ Rubicon Resources ​ដើម្បី​លក់​បន្តទៅ​ឱ្យ​អតិថិជន​នៅក្នុង​សហរដ្ឋ​អាមេរិក​ក្នុងនោះ​មាន​ហាង​លក់​ទំនិញ​រាយ​ Walmart ​ផង​ដែរ។ ក្រុមហ៊ុន Wales ​ជាអ្នក​ពិនិត្យ​គុណភាព​ទំនិញ​ពេល​ក្រុមហ៊ុន​ Rubicon Resources ​បញ្ជាទិញ​។

ជន​រងគ្រោះ​ទាំង៧​នាក់ត្រូវ​បាន​មេខ្យល់​បញ្ចុះ​បញ្ចូល​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ផាត់ថាណា​ និង ​S.S. Frozen Food ​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​២០១២។ ពួកគេ​បាន​ធ្វើ​ការ​នៅ​ខេត្ត​សុងក្លា​ក្នុង​អំឡុង​ពេល​នៃ​ការ​ចោទ​ប្រកាន់​ថា​មាន​ការកេងប្រវ័ញ្ចនេះ។ ​ជនរងគ្រោះ​បាន​ខ្ចី​បំណុល​គេ​ដើម្បី​ធ្វើ​ដំណើរ​ហើយ​នៅ​បន្ត​ជំពាក់​គេ​រហូត​ដល់​សព្វថ្ងៃ​និង​មាន​បញ្ហា​សុខភាព​ដោយ​សារ​តែ​ស្ថាន​ភាព​ការងារ​លំបាក​និង​ការរស់នៅ​លំបាក​លំបិន។

ដើម​បណ្តឹង​មិនអាច​ទទួល​បាន​ទិដ្ឋាការ​ដើម្បី​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​បាន​ដោយ​ផ្ទាល់​ទេ។​ ប៉ុន្តែ​ការ​សម្រេច​ធ្វើឡើង​ផ្អែកលើ​ការផ្តល់​អំណះអំណាង​តាម​លិខិត​ជាជាង​ការ​ធ្វើសវនាការ​ដេញដោលដោយ​ផ្ទាល់​មាត់។​

ក្រុម​មេធាវី​ការពារ​ជនរងគ្រោះក៏​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​តុលាការ។

នៅក្នុង​សារ​ជា​អ៊ីម៉េល​ផ្ញើ​មក​ VOA​ លោកស្រី​ Agnieszka Fryszman ​បាន​បញ្ជាក់​បន្ថែម​ថា៖

​«ចុង​ចម្លើយ​បាន​បដិសេធ​មិនស្នើសុំ​ឱ្យ​មាន​សេចក្តី​វិនិច្ឆ័យ​សង្ខេប​លើ​ការចោទ​ពី​ការជួញដូរ​មនុស្ស​តាម​ការអះអាង​របស់​ដើមបណ្តឹង​ជាច្រើន​នាក់​ដែល​នេះ​ជា​ភស្តុតាង​គ្រប់​គ្រាន់​ស្តីពី​ទាសករ​បំណុល​ ពលកម្ម​ដោយបង្ខំ ​និង​ការជួញ​ដូរ​មនុស្ស​ដែល​អាច​យកមក​បើក​សវនាការ​បាន​។ យើង​ជឿ​ថា​សេចក្តី​សម្រេច​របស់​តុលាការ​ដែល​ថា​ការអះអាង​នេះ​មិន​អាច​យកមក​កាត់​ក្តី​បាន​នៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​ការខុសឆ្គង​ពី​ផ្លូវ​ច្បាប់​ហើយ​យើង​មានផែនការ​នឹង​ប្តឹង​ឧទ្ធរណ៍‍»។​

ក្រុម​មេធាវី​ជនរងគ្រោះ​បានជូន​ដំណឹង​ទៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃទី១០​ ខែ​មករា​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ប្តឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​នេះ​។

លោកស្រី​ Agnieszka ​បាន​បន្ថែមថា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​នៅទូទាំង​ពិភពលោក​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​និង​ពង្រីក​វិសាលភាព​នៃ«​ច្បាប់​ការពារ​ជនរងគ្រោះ​ពីការ​ជួញដូរ​‍»​ដើម្បី​នាំយក​ជនល្មើស​មកកាត់​ទោស​ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក​និង​ដើម្បីធានា​ឱ្យ​មាន​ការទទួល​ខុសត្រូវ​នៅ​គ្រប់ផ្នែក​នៃ​ក្រុម​ជួញដូរ។

លោកស្រី​បញ្ជាក់​ថា៖

«យើង​ជឿជាក់​ថា​សំណុំរឿង​នេះ​មានតម្លៃ​ដូចគ្នា​ស្របតាម​ច្បាប់​ស្តីពីការ​ការពារ​ជន​រងគ្រោះ‍»។

VOA​ បាន​ព្យាយាម​ទាក់​ទង​ក្រុមហ៊ុន​មេធាវី​Sheppard, Mullin, Richer & Hampton ​ដែល​ការពារក្តី​ឱ្យ​ក្រុម​ហ៊ុន​គ្រឿង​សមុទ្រទាំងបួន​ប៉ុន្តែ​ពួកគេ​មិន​បាន​ឆ្លើយតប​មក​វិញ​ទេ។

​នៅក្នុង​ឯកសារ​ការពារ​កូនក្តី​ក្រុមមេធាវី​អះអាង​ថា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ទាំងពីរ​គឺ​ Rubicon និង​Wales ​មិនដែល​បាន​ទទួលផល​អ្វី​ពី​កម្លាំង​ពលកម្ម​ក្នុងពេល​ដែល​ដើម​បណ្តឹង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​បង្គារ​របស់​ក្រុមហ៊ុន​ផាត់ថាណា​នៅខេត្ត​សុងក្លា​ទេ។

មេធាវី​បន្ថែម​ថា​ក្រុមហ៊ុន​ Wales ​ធ្លាប់​បានពិនិត្យ​មើល​គុណភាព​ទំនិញ​របស់​ក្រុមហ៊ុន​ផាត់ថាណា​ប៉ុន្តែ​សកម្ម​ភាព​នោះ​កើត​មានឡើង​មិនមែន​ក្នុង​អំឡុង​ពេល​ដែល​ដើមបណ្តឹង​ធ្វើការ​នៅ រោងចក្រ​នោះ​ទេ។

ក្រុមមេធាវី​បាន​បន្ថែម​ថា៖

«មិនមាន​ភស្តុតាង​ដែល​ថា​មាន​ដើម​បណ្តឹង​ណាម្នាក់​ដែល​បាន​ប៉ះ​ផលិតផល​ដែល​ក្រុមហ៊ុន​ Wales ត្រួត​ពិនិត្យ​ទេ។ ដូច្នេះ​ហើយ​ការពាក់​ព័ន្ធ​ណាមួយ​ដូចការចោទ​ប្រកាន់​របស់​ដើម​បណ្តឹង​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​គឺ​មិន​មាន​ស្ថានទំងន់​គ្រប់គ្រាន់​ទេ‍»។ ​

មេធាវី​ក៏បាន​ការពារ​ថា​ក្រុមហ៊ុន​ថៃ​ផាត់ថាណា​មិនមាន​ពាក់​ព័ន្ធ​នៅក្នុង​ការជួញដូរ​មនុស្ស​ទេ​ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​មិន​បាន​ជ្រើសរើស​ពលករ​ទាំងនោះ​ដោយ​ផ្ទាល់​ទេ​ហើយ​គ្រាន់តែ​មាន​ភារកិច្ច​អនុវត្ត​តាម​ច្បាប់​ថៃ​ដោយ​ជួយ​រៀបចំ​បំពេញ​ឯកសារ​សុំ​លិខិត​អនុញ្ញាត​ធ្វើការងារ។ ការណ៍​ដែល​ជនរងគ្រោះ​សម្រេច​ចិត្ត​ចូលមក​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​មិនមាន​លិខិត​ឆ្លងដែន​នោះ​ទេ​ដែល​មិន​អាច​ឱ្យ​ពួកគេ​ធ្វើ​ដំណើរ​ដោយសេរី​ក្នុង​ប្រទេស​ថៃ​ហើយ​មិន​អាច​ប្តូរ​ការងារ​បាន​ដោយសារ​ខ្លាច​អាជ្ញាធរ​មានសមត្ថកិច្ច​ចាប់​ខ្លួន។

មេធាវី​បាន​បន្ថែម​ថា៖

«ផលវិបាក​ទាំងនេះ​មិន​អាច​ស្តីបន្ទោស​មក​លើ​ក្រុមហ៊ុន​ផាត់ថាណា​បាន​ទេ‍»។​

មេធាវី​ចុងចម្លើយ​បាន​ការពារ​បន្ថែម​ថា​រយៈពេល​ដែល​ដើមបណ្តឹង​កែវរដ្ឋា​ដែល​ជា​ជនរងគ្រោះ​តែម្នាក់​គត់​ធ្លាប់​ធ្វើការ​នៅ​រោងចក្រ​បង្កក​ S.S. Frozen Food ​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១​ដល់​ខែ​មករា​ឆ្នាំ​២០១២​គឺ​ក្រុមហ៊ុន​មិន​ទទួល​បាន​ការ​បញ្ជាទិញ​ណាមួយ​ពី​សហរដ្ឋ​អាមេរិក​ទេ។ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មិន​ដែល​ធ្វើ​ការដោះដូរ​ទំនិញ​ជាមួយ​នឹង​ក្រុមហ៊ុន​អាមេរិកាំង​ទាំងពីរ​ផង​ដែរ។​

ការចាញ់ក្តី​នៅ​តុលាការ​ជាន់ទាប​នេះ​នាំឱ្យ​លោក​កែវ រដ្ឋា​នៅ​មាន​ក្តី​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​លើ​សាលា​ឧទ្ធរណ៍​របស់​សហរដ្ឋ​អាមេរិក។​

លោក​កែវ រដ្ឋា​បាន​បញ្ជាក់​បន្ថែម​ថា៖

«បាទ​ដូចជា​ពិបាក​សង្ឃឹម​ដែរ​ពីព្រោះ​អី​មិនដឹង​ថា​រាល់​ពាក្យ​បណ្តឹង​យើង​ហ្នឹង​សាលាឧទ្ធរណ៍​យក​ទៅ​ពិនិត្យ​ពិច័យ​ច្បាស់​លាស់​យ៉ាងម៉េច​ឬ​ក៏​ថា​ខាង​ហ្នុង​បដិសេធ​ទៀត​ឬ​ក៏​ឱ្យ​ពួកខ្ញុំ​ចាញ់​ក្តីទៀត​គឺ​អស់​សង្ឃឹម​មែនទែន​ហើយ​ពីព្រោះ​ថា​មិនដឹង​រកវិធី​អី​ដើម្បី​តតាំង​ជាមួយ​គេ​ទេ​ពីព្រោះអី​ពួកខ្ញុំ​ជា​ជន​រងគ្រោះ​គឺ​កាន់តែ​រងគ្រោះ​មួយ​សារ​ទៀត​ហើយ​ព្រោះ​ខំ​ចំណាយ​ពេល​វេលា​និង​ធ្វើការ​ជាមួយ​មេធាវី​ហើយ​ទៅ​ជា​អាសារបង់​ក៏​ពិបាក​ដែរ​‍»។

ដើមបណ្តឹង​ត្រូវ​ប្រគល់​ឯកសារ​ទៅ​តុលាការ​និង​ចុងចម្លើយ​នៅថ្ងៃទី​១២ខែ​មិនា។ បន្ទាប់​ពី​នោះ​ចុងចម្លើយ​ដែល​ជា​ក្រុមហ៊ុន​មាន​ពេល​ចំនួន​មួយខែ​ដើម្បី​ផ្តល់​ចម្លើយ​ការពារ​ខ្លួន។ នេះ​បើតាម​ដីកា​ជូន​ដំណឹង​របស់​សាលាឧទ្ធរណ៍​ដែល​ VOA ​ទទួល​បាន៕

No comments: