Tuesday 30 January 2018

សមាគម​ខ្មែរ​ក្រោម​រក​ឃើញ​ប៉ូលិស​អន្តោប្រវេសន៍​ចាប់​ច្រឡំ​ខ្មែរ​ក្រោម​ថា​ជា​វៀតណាម


ដោយ តាំង សារ៉ាដា
2018-01-29

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
 RFA/Rann Samnang



នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន រក​ឃើញ​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់​បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ (​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨) មក​នេះ មាន​ជនជាតិ​ខ្មែរ​ក្រោម​ដែរ ប៉ុន្តែ លោក​មិនទាន់​អាច​កំណត់​តួលេខ​ជាក់លាក់ ថា មាន​ខ្មែរ​ក្រោម​ប៉ុន្មាន​នោះ​ទេ។



លោក សឺន ជុំជួន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា លោក គាំទ្រ ចំពោះ​ការ​ចាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់ បញ្ជូន​ទៅ​ស្រុកកំណើត​វិញ ប៉ុន្តែ​លោក​គិត​ថា អាច​មាន​ការ​ភ័ន្តច្រឡំ​មក​លើ​ខ្មែរ​ក្រោម ដោយសារ​ប៉ូលិស​អន្តោប្រវេសន៍​បាន​ដកហូត​ឯកសារ​ស្របច្បាប់ មាន​ទាំង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រកំណើត នៅ​កម្ពុជា ថែមទាំង​បាន​បង្ខំ​ឱ្យ​ខ្មែរ​ក្រោម​ចុះ​បញ្ជី​ជា​ជនអន្តោប្រវេសន៍​ទៀត​ផង។ លោក សឺន ជុំជួន សម្ដែង​ការ​សោកស្ដាយ ចំពោះ​ការអនុវត្ត​របស់​សមត្ថកិច្ច​ទៅលើ​ជនជាតិ​ខ្មែរ​ក្រោម ដែល​ជា​ជាតិ​សាសន៍​ដូចគ្នា​នឹង​ជនជាតិ​ខ្មែរ​ដែរ។

លោក សឺន ជុំជួន ស្នើ​ឲ្យ​សមត្ថកិច្ច​សិក្សា​ឲ្យ​បាន​ច្បាស់ អំពី​ជនជាតិ​វៀតណាម និង​ខ្មែរ​ក្រោម ព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ត្រូវ​មាន​សិទ្ធិ​រស់នៅ​កម្ពុជា ដូច​ជនជាតិ​ខ្មែរ ដែល​មាន​ដើមកំណើត​នៅ​កម្ពុជា​កណ្ដាល​ដែរ។ លោក​សង្ឃឹមថា សមត្ថកិច្ច នឹង​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់ ដើម្បី​ប្រគល់​ឯកសារ​ស្របច្បាប់​ឲ្យ​ជនជាតិ​ខ្មែរ​ក្រោម​វិញ៖ «ខ្ញុំ​ធ្វើការ​ជាមួយ​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង ខ្ញុំ​សូម​ផ្ដាំ​ទៅ​ដល់​អាជ្ញាធរ ឬក៏​សមត្ថកិច្ច ដែល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់ ហើយ​គួរ​បែងចែក​ឲ្យ​បាន​ច្បាស់ ថា​តើន​រណា​ជា​ខ្មែរ នរណា​ជា​វៀតណាម គួរ​ស្គាល់​អត្តសញ្ញាណ​ឲ្យ​ច្បាស់​មិនមែន​ប្រព្រឹត្តិ (ចាប់ដក​ឯកសារ) ទៅ ហើយ​មាន​ប៉ះ​មក​លើ​សាច់ឈាម​ខ្លួនឯង​ហ្នឹង វា​ជា​កំហុស​មួយ​ធ្ងន់​ណាស់ ដែល​យើង​ក្នុងនាម​ជា​ខ្មែរ ដែល​យើង​មិនបាន​ស្គាល់​ជាតិ​សាសន៍​ខ្លួនឯង ឈាមជ័រ​ខ្លួនឯង»។

កាលពី​ថ្ងៃ​ទី​២៣ មករា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ ប៉ូលិស​អន្តោប្រវេសន៍​បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២​ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ។

អគ្គនាយកដ្ឋាន​នេះ មិនបាន​បញ្ជាក់​ថា ឯកសារ​មិន​ប្រក្រតី​នេះ ដកហូត​បាន​ពី​ជនជាតិ​វៀតណាម​មាន​ចំនួន​ប៉ុន្មាន និង​ឡាវ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ បាន​បញ្ជាក់​ថា ការ​ចុះ​ដកហូត​បាន​ជាង ៩ពាន់ (៩ ៩៣៤) ឯកសារ ក្នុង​នោះ​មាន​សៀវភៅ​ស្នាក់នៅ ជាង ៤​ពាន់​ក្បាល (៤,២១៩)​ក្បាល សៀវភៅ​គ្រួសារ ៨៧៣​ក្បាល សំបុត្រកំណើត​ខ្មែរ ជាង ២​ពាន់ (២,៧៣៧)​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍​ចំនួន ១៥២​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជាង ១​ពាន់ (១,៨៤៨)​ប័ណ្ណ និង​លិខិតឆ្លងដែន​ខ្មែរ​ចំនួន ១០៥​ក្បាល​​​​​​។

ទោះជា​យ៉ាងណា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា ជនបរទេស ដែល​ប៉ូលិស​បាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​រួចហើយ អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ឬ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ជនបរទេស​អន្តោប្រវេសន៍ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ និង​សម្រេច​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា។ ប៉ុន្តែ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនបាន​បញ្ជាក់​ថា ប៉ូលិស​បាន​ចាប់​បញ្ជូន​ជនជាតិ​ឡាវ និង​វៀតណាម ទាំង​ជាង ២​ម៉ឺន​នាក់ ចេញពី​កម្ពុជា​នៅឡើយ​ទេ។

សមាជិក​គណៈមេធាវី និង​ជា​សាស្ត្រាចារ្យ​ច្បាប់ លោក មេធាវី ចាន់ ហឿន ពន្យល់​ថា តាមច្បាប់ ខ្មែរ​ក្រោម​មាន​សិទ្ធិ​ពេញលេញ ដូច​ជនជាតិ​ខ្មែរ ដែល​កើត និង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដែរ គឺ​ពួកគាត់​មាន​សញ្ជាត​ខ្មែរ ដោយសារ​គាត់​មាន​ឈាម​ជា​ជនជាតិ​ខ្មែរ ដូច្នេះ​បើ​ទោះ​ជា​កើត​នៅ​ប្រទេស​ណា ក៏​គាត់​អាច​មាន​សិទ្ធិ​រស់នៅ ដូច​ជនជាតិ​ខ្មែរ​ដែល​កើត​នៅ​កម្ពុជា​ដែរ៖ «ខ្មែរ​កម្ពុជា​ក្រោម គាត់​មាន​សញ្ជាត​ខ្មែរ អ៊ីចឹង​បើសិនជា​គាត់​មាន​សញ្ជាត​ខ្មែរ មានន័យថា គាត់​មាន​សិទ្ធិ​ក្នុង​ការ​រស់រាន ក្នុង​ការ​ដើរហើរ។ ប្រសិនបើ​គាត់​មាន​លំនៅឋាន​នៅ​កម្ពុជា​ក្រោម​ក៏​បាន ហើយ​អ្នកខ្លះ គាត់​អាច​មាន​លំនៅឋាន​នៅ​កម្ពុជា​យើង​ក៏បាន​ដែរ ព្រោះ​គាត់​ទទួល​បាន​សញ្ជាត​ពី​កំណើត។ អាហ្នឹង​គេ​ហៅ​សញ្ជាត​ពី​កំណើត តាមរយៈ​ឈាម​របស់​គាត់។ ឈាមជ័រ​គាត់​ជា​ខ្មែរ អ៊ីចឹង​ទោះបី​គាត់​កើត​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​គាត់​ខ្មែរ​ដែរ អ៊ីចឹង​កាលណា​គាត់​ខ្មែរ មាន​ន័យ​ថា គាត់​អាច​មាន​សិទ្ធិ​ដើរហើរ​នៅ​ក្នុង​ប្រទេស​នៅ​ទី​ណា​ក៏បាន​ដែរ។ មិន​បញ្ហា​ទេ​ណា គាត់​មាន​សិទ្ធិ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ»។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា បើ​មាន​ករណី​សមត្ថកិច្ច​ច្រឡំ​ពិតមែន ស្នើ​ឲ្យ​ប្រគល់​ឯកសារ​ទាំងអស់​ឲ្យ​ខ្មែរ​ក្រោម​វិញ និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ជ្រោមជ្រែង​ខ្មែរ​ក្រោម​ផង៖ «យើង​ដឹង​ហើយ​ថា ខ្មែរ​កម្ពុជា​ក្រោម​បាន​ទទួល​ស្គាល់ ជា​ខ្មែរ​ពេញទី ពេញ​សិទ្ធិ​ស្របតាម​លក្ខណៈ​ច្បាប់ ដែល​កាលពី​ព្រះ​បរមកោដ្ឋ លោក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ឆ្នាំ​១៩៩២។ កាល​ដែល​អនុវត្ត​នេះ យើង​ឃើញ​ហើយ​ថា តាំង​ពី​ដើម​មក​ខ្មែរ​កម្ពុជា​ក្រោម មាន​ការ​រងគ្រោះ»។

សមាគម​ខ្មែរ​ក្រោម នឹង​សិក្សា​ករណី​នេះ​ឱ្យ​បាន​ច្បាស់ និង​ទាមទារ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍ អនុវត្ត និង​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ស្មើភាព​គ្នា ស្គាល់​ឱ្យ​បាន​ច្បាស់​អំពី​ខ្មែរ​ក្រោម និង​វៀតណាម បើ​មិន​ដូច្នោះ​ទេ សមាគម​ខ្មែរ​ក្រោម​នៅតែ​ទាមទារ តវ៉ា​ឲ្យ​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​ដូច​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា​ដែរ៕

No comments: