Monday 22 January 2018

ភរិយា​លោក ជា វិជ្ជា ទាមទារ​ឲ្យ​លោក ហេង ពៅ បកស្រាយ​ការ​ពិត​ករណី​ឃាតកម្ម​ស្វាមី


ដោយ យន់ សាមៀន
2018-01-21 
rfa
ភរិយា​របស់​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី (កណ្ដាល) និង​កូន​ស្រី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)។ រូបថត​ឆ្នាំ​២០១៧។ Photo Provided
ភរិយា​របស់​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី (កណ្ដាល) និង​កូន​ស្រី ដែល​មាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំងឡង់ (Finland)។ រូបថត​ឆ្នាំ​២០១៧។ Photo Provided
 Photo Provided



ភរិយា​លោក ជា វិជ្ជា ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​តាំងពី​ឆ្នាំ​២០០៤ នៅ​តែ​ដង្ហោយ​ហៅ​យុត្តិធម៌ និង​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វែកមុខ​ឃាតក​ពិត​ដែល​សម្លាប់​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស។ អ្នកស្រី​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​នោះ វា​នឹង​ស​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល​នៅ​ពីក្រោយ។



ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) ទាមទារ​ឲ្យ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​ក្រុងភ្នំពេញ ដែល​កំពុង​ជាប់ពន្ធនាគារ បកស្រាយ​ការពិត ជុំវិញ​សំណុំរឿង​បាញ់សម្លាប់​ស្វាមី​គាត់ ដែល​បាន​កន្លង​ផុត​ទៅ​១៤​ឆ្នាំ​ហើយ។ លោកស្រី​ហ៊ាន​និយាយ​ថា លោក ហេង ពៅ បាន​ទទួល​បញ្ជា​ពី​អ្នក​មាន​អំណាច ហើយ​គឺជា​អ្នក​រៀបចំ​ឲ្យ​មានការ​បាញ់សម្លាប់​ស្វាមី​គាត់ រួច​រៀបចំ​ឆាកល្ខោន ចាប់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន៖ «១៤​ឆ្នាំ​ហើយ​រឿង​ពាក់ព័ន្ធ​ប្ដី​ខ្ញុំ​គឺ​លោក ហេង ពៅ ដឹង​ច្បាស់​ណាស់ បើ​ហ៊ុន សែន រក​មិន​ឃើញ​ទេ អ្នកឯង​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង អ្នកឯង​ឃុបឃិត​គ្នា ជាមួយ​មេ​ប៉ូលិស ហេង ពៅ។ ហេង ពៅ ហ្នឹង​ជា​អ្នក​រៀបចំ​ចាប់ ប៊ន សំណាង និង សុខ សំអឿន អ្នក​ដែល​សម្លាប់​រួចខ្លួន ទៅ​យក​គ្នា​អ្នក​មិន​ដឹង​យក​ទៅ​ទទួល​កំហុស​ឲ្យ​គ្នា​រងគ្រោះ​ប៉ុន្មាន​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ សម​ដែរ? ធ្វើបាប​តែ​អ្នក​ក្រីក្រ អ្នក​បាញ់​សម្លាប់​រួចខ្លួន អ្នកឯង​ត្រូវ​គិត​កន្លែង​ហ្នឹង​អ្នកឯង​រៀបចំ​ធ្វើ​សកម្មភាព​ទាំងអស់ ល្មម​បកស្រាយ​ហើយ កុំ​សំងំ​ក្នុង​គុក​ទៀត ឬមួយ​បាន​សុខ​ហើយ? កូនចៅ​បាន​សុខ​ហើយ ខ្លួនឯង​បាន​សុខ​ហើយ​? អ្នក​ដែល​ស្លាប់​ទៅ​នោះ ចង់​បំបិទ​ចោល​ឬមួយ​យ៉ាងម៉េច? អ្នកឯង​កុំ​ក្បត់​ឧត្ដមគតិ​ខ្លួនឯង ឬមួយ​សព្វថ្ងៃ​នេះ រស់​ស្រួល​ដេក​ស្រួល​ដោយសារ​ហ៊ុន សែន ជួយ?»។

លោក ជា វិជ្ជា ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។ កាលនោះ​លោក​មាន​កូនស្រី​អាយុ​ជាង ២​ឆ្នាំ ហើយ​ភរិយា​របស់​លោក​កំពុង​ពរ​ពោះ​កូនស្រី​ទី​២។

អំឡុង​ឆ្នាំ​២០០០ លោក ជា វិជ្ជា មាន​ប្រជាប្រិយ​ភាព​ខ្លាំង តាមរយៈ​ការ​តស៊ូ​ទាមទារ​ឲ្យ​មា​នការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​សិទ្ធិ​ផ្សេងៗ​ជូន​កម្មករ។ កាលនោះ កម្មករ​កម្មការ​នី​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជួប​ភាព​លំបាក​ខ្លាំង ព្រោះ​ត្រូវ​ថៅកែ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ហើយ​ប្រសិន​ពួកគេ​ធ្វើការ​លើស​ម៉ោង​រហូត​ធ្លាក់ខ្លួន​ឈឺ ត្រូវ​គេ​បញ្ឈប់​ចោល និង​អ្នកខ្លះ​ស្លាប់​វិញ គឺ​គ្មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។

ភ្លាមៗ​ក្រោយ​ឃាតកម្ម​លើ លោក ជា វិជ្ជា តែ​២​ថ្ងៃ សមត្ថកិច្ច​ចាប់​មនុស្ស​២​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន។ កាល​ពី​ឆ្នាំ​២០០៥ តុលាការ​បាន​ផ្ដន្ទាទោស​អ្នក​ទាំង​២ ឲ្យ​ជាប់គុក​ម្នាក់ ២០​ឆ្នាំ និង​ផ្ដល់​សំណង​ប្រាក់ ៤០​លាន​រៀល​ដល់​ដើមបណ្ដឹង។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ តុលាការ​កំពូល សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ថា ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​មិនបាន​ស៊ី​សង្វាក់​គ្នា​ដូច​ការចោទប្រកាន់ ហើយ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់លាស់​សម្រាប់​ការ​ចោទ​ប្រកាន់​ឡើយ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ហៅ​លោក ប៊ន សំណាង និង លោក សុខ សំអឿន ថា​ជា​ឃាតក​សិប្បនិម្មិត ព្រោះ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជិត ៦​ឆ្នាំ ដោយ​គ្មាន​ទោសពៃរ៍។

លោក ប៊ន សំណាង ដែល​ជា​អតីត​អ្នកទោស​ដោយ​តុលាការ​ចោទ​ថា ជា​ជន​ដៃដល់​បាញ់សម្លាប់​លោក ជា វិជ្ជា ថ្លែង​ថា លោក​មិន​ចង់​រំលឹក​ពី​ភាព​ឈឺ​ចាប់​នេះ​ទៀត​ទេ ពីព្រោះ​វា​បាន​បន្សល់ទុក​នូវ​ភាព​អយុត្តិធម៌ និង​មរកត​ជំងឺ​មក​លើ​រូបលោក​មក​ទល់​នឹង​សព្វថ្ងៃ​នេះ៖ «តាម​ពិត​ទៅ​ខ្ញុំ​នឹកឃើញ​ដល់​រឿង​ហ្នឹង​ខ្ញុំ​វា​ឈឺចាប់ នឹកឃើញ​យើង​អត់​ខុស​អី​សោះ យើង​វេទនា​ដេក​ពិបាកចិត្ត​ក្នុង​ហ្នឹង​។ កាលណា​ខ្ញុំ​គិត​រឿង​អត់​សប្បាយចិត្ត​វា​ប៉ះពាល់​ដល់​សុខភាព​ខ្ញុំ។ ខ្ញុំ​ប្រឹង​ព្យាយាម​លេង​កីឡា ពី​ថ្ងៃ​ហ្នឹង​ទៅមុខ ស្អែក​ខ្ញុំ​មាន​អី​ហូប ខ្ញុំ​ហូប​អី​? ស្អែក​ខ្ញុំ​ធ្វើ​អី​បាន​លុយ​យក​មក​ហូប​ទៀត ខ្ញុំ​គិត​អ៊ីចឹង​វិញ​។ អតីតកាល​ខ្ញុំ​គិត​ថា ជា​កម្ម​ពៀរ​របស់ខ្ញុំ​ទៅ​ចុះ កាលណា​ខ្ញុំ​គិត​ច្រើន​ខ្ញុំ​ដេក​អត់​លក់ ហូប​អី​អត់​កើត​ទេ។ សម្រាប់​ខ្ញុំ​តុលាការ​ថ្នាក់​ដំបូង និង​ឧទ្ធរណ៍​បាន​កាត់ទោស​ខ្ញុំ វា​អយុត្តិធម៌​ណាស់ អត់​ខុស​សោះ គាត់​កាត់ទោស​ទាំង​បំពាន ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​ដល់​តុលាការ​កំពូល​ដែល​លោក​បាន​ដោះលែង​ខ្ញុំ​២​ដង។ បើ​តាម​ច្បាប់​តាម​មេធាវី​ខ្ញុំ​គាត់​ប្រាប់​ខ្ញុំ​ថា តម្រូវ​ឲ្យ​យើង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​អត់​ប្ដឹង​ទាមទារ​អី​ទេ រាល់​ថ្ងៃ​នេះ​ខ្ញុំ​សុំ​តែ​សុខ​សប្បាយ»។

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គិមនី ថ្លែង​ថា ជាង​១០​ឆ្នាំ​ហើយ ហេតុអ្វី​បានជា​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​រក​ឃាតក​ពិត ដើម្បី​ផ្ដល់​ឲ្យ​គ្រួសារ​លោកស្រី​ទទួល​បាន​យុត្តិធម៌? ឃាតកម្ម​បាញ់សម្លាប់​ស្វាមី​គាត់​គឺជា​ការរៀបចំ​គម្រោង​ជា​ប្រព័ន្ធ។ លោកស្រី​បន្ត​ថា ភាព​ឈឺចាប់​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​រហូត​មកដល់​បច្ចុប្បន្ន មានតែ​លោក ហេង ពៅ ទេ​ដែល​អាច​លាតត្រដាង​ការពិត​បាន។

កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ លោក ហេង ពៅ បាន​និយាយ​ទី​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ថា អ្នកសារព័ត៌មាន​នឹង​បាន​ដឹង​ថា នរណា​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​អនាគត។ សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ​មិន​បាន​បិទ​បញ្ចប់​ឡើយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១៥ បាន​តែងតាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរក្រសួង ជៀស​ផុត​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ស៊ើបអង្កេត​រក​ឃាតក អ្នកសមគំនិត និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ ៣​រូប ដូចជា​លោក ជា វិជ្ជា លោក រស់ វណ្ណារ៉េត និង​លោក ហ៊ី វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០០៤ ២០០៥ និង​ឆ្នាំ​២០០៧។ ប៉ុន្តែ​មកដល់ពេលនេះ អាជ្ញាធរ​មិនទាន់​រក​ឃើញ​តម្រុយ​ណាមួយ​ពី​ការស៊ើបអង្កេត​ឡើយ។ អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ​នៅ​ថ្ងៃ​ទី​២០ មករា។ ប៉ុន្តែ​ធ្លាប់​បាន​ផ្ដល់​សម្ភាសន៍​ថា សមត្ថកិច្ច​មិនដែល​បិទ​សំណុំ​រឿង​នេះ​ទេ។

អតីត​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ដៃគូ​លោក ជា វិជ្ជា ធ្វើ​ការងារ​ការពារ​កម្មករ គឺ​លោក រ៉ុង ឈុន លើក​ឡើង​ថា រយៈ ១៤​ឆ្នាំ​ហើយ លោក​មិន​ដឹង​ថា ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ក្រុងភ្នំពេញ​មាន​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ពន្លឿន​សំណុំរឿង​ឃាតកម្ម​លើ​លោក​ជា​វិជ្ជា​និង​មេដឹកនាំ​សហជីព​ផ្សេងៗ​ទៀត។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​វែកមុខ​ចាប់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ទាំងនេះ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៖ «ក្នុងនាម​ជា​អតីត​ប្រធាន​សមាគម ក៏ដូចជា​សហភាព​យើង​នឹង​ចូលរួម​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​វែកមុខ​រក​ឃាតក និង​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតក​យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កូន​ប្រពន្ធ សាច់ញាតិ បងប្អូន ក៏ដូចជា​កម្មករ​កម្មការិនី ដែល​បាន​គោរព​ស្រលាញ់​លោក ជា វិជ្ជា»។

ជាង ២​ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់​ក៏​មាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ ប្រមាណ ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត។ សាច់ញាតិ និង​សហជីព​កន្លងមក បាន​ទាមទារ​សង់​រូបសំណាក ដើម្បី​រំលឹក​ពី​វីរភាព និង​ការ​លះបង់​របស់​លោក ជា វិជ្ជា។ កាល​ពី​ឆ្នាំ​២០១៣ រូបសំណាក​លោក ជា វិជ្ជា ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​តម្កល់​លើ​សួនច្បារ​ប៉ែក​ខាងលិច​វិមាន​ឯករាជ្យ មុខ​បែរ​ទៅ​ទិស​ខាងលិច អម​ដោយ​ដៃ​ស្ដាំ​លើក​ឡើងលើ​ចង្អុល​ត្រង់​ទៅមុខ ដៃ​ឆ្វេង​កាន់​ក្បាល​មីក្រូហ្វូន ក្បែរ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ជាទី​ដែល​លោក​ត្រូវ​ឃាតក​បាញ់សម្លាប់។ ភរិយា​លោក ជា វិជ្ជា បាន​ថ្លែងអំណរគុណ​ដល់​អតីត​បុគ្គលិក​ស្វាមី​លោកស្រី អតីត​សហការី គ្រូបង្រៀន និង​កម្មករ​ដែល​តែងតែ​ប្រារព្ធ​ពិធី​ដាក់​កម្រងផ្កា​ចងចាំ​ចំពោះ​ឃាតកម្ម​ស្វាមី​លោកស្រី ជា​រៀងរាល់​ឆ្នាំ។ សហជីព​សេរី​កម្មករ​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ចំ​ថ្ងៃ​ទី​២២ មករា គម្រប់​ខួប ១៤​ឆ្នាំ នៅ​ក្បែរ​តូប​កាសែត ទី​តម្កល់​រូបសំណាក​ខាងមុខ​វត្ត​លង្កា រាជធានី​ភ្នំពេញ៕

No comments: