Sunday 28 January 2018

សកម្មជន​បរិស្ថាន​ថា​បើ​ចង់​ការពារ​ព្រៃ​ឈើ​ឲ្យ​គង់វង្ស​ទាល់តែ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល


ដោយ វ៉ែន សុមេធ
2018-01-26  
rfa

រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
Photo provided



ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ មាន​ជំនឿ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​នោះ​ទេ ព្រោះ​អ្នក​ដែល​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ និង​ទទួល​សំណូក​ពី​បទ​ល្មើស​ព្រៃឈើ សុទ្ធសឹងតែ​ជា​មន្ត្រី​រដ្ឋាភិបាល អ្នក​មាន​អំណាច គណបក្ស​ប្រជាជន និង​បក្សពួក​សែស្រឡាយ​មន្ត្រី​រាជការ​ធំៗ រួម​ទាំង​ឧកញ៉ា​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទៀត​ផង។ សកម្មជន​បរិស្ថាន​អះអាង​ថា ដរាប​ណា​មន្ត្រី​រាជការ​ទាំង​នោះ​នៅ​តែ​មាន​តួនាទី​អនុវត្ត​ច្បាប់ ព្រៃឈើ​នៅ​កម្ពុជា ពុំ​មាន​សង្ឃឹម​ថា នឹង​អាច​សង្គ្រោះ​បាន​នោះ​ទេ។


លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)  លើក​ឡើង​ថា ពេល​ខ្លះ​មន្ត្រី​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​ជា​អ្នក​អភិរក្ស​ព្រៃឈើ ក៏ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​ជា​ឧបសគ្គ​រារាំង​បេសកកម្ម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​សហគមន៍ និង​អង្គការ​មួយ​ចំនួន នៅ​គ្រា​ដែល​ពួកគេ​ចុះ​ល្បាត​ព្រៃ​ម្តងៗ។  លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល ក្រុម​យុវជន និង​សហគមន៍​រួម​គ្នា​ចុះ​ល្បាត​ព្រៃ គឺ​ឃើញ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន​មក​បំភិតបំភ័យ និង​បំបាក់​ស្មារតី​ពួកគេ​មិន​ឲ្យ​ការពារ​ព្រៃឈើ៖ «រដ្ឋាភិបាល​សព្វថ្ងៃ​នៅ​កាន់​អំណាច គឺ​មិន​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​ទេ។ ហេតុ​អ្វី​យើង​ឃើញ​ថា អ្នក​ដែល​មាន​អំណាច និង​បក្សពួក ជួន​កាល​មិត្តភ័ក្ដិ​គេ និង​ជួនកាល​មេ​ប៉ូលិស និង​ជូន​កាល​មេ​ប៉េអឹម ឃុបឃិត​គ្នា​ជាមួយ​ក្រុម​អន្ធពាល​មួយ​ចំនួន​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ»។

​លោក  អាឡិច បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​លើ​សមត្ថភាព​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ព្រៃឡង់ និង​ព្រៃឈើ​ទាំង​មូល​នៅ​កម្ពុជា ឲ្យ​គង់វង្ស​នោះ​ទេ ហើយ​អ្នក​ដែល​សម្រេច​ជោគវាសនា​ដង្ហើម​ចុង​ក្រោយ​នៃ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា គឺ​មាន​តែ​ពលរដ្ឋ​ខ្លួន​ឯង​ទេ ដែល​ត្រូវ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ផ្ដាច់ការ​ចេញ ទើប​អាច​ស្រោចស្រង់​ព្រៃឈើ​បាន​ខ្លះ៖ «ប្រជាពលរដ្ឋ​មូលដ្ឋាន សកម្មជន និង​អង្គការ​ណា​មួយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ណា​ដែរ​មាន​ប្រសិទ្ធភាព ពាក់ព័ន្ធ​ការពារ​បរិស្ថាន​យើង​ឃើញ​ថា រដ្ឋាភិបាល​យក​ឧបករណ៍​មួយ​ចំនួន ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន ប៉ូលិស​ទាហាន មក​ធ្វើ​បាប​សកម្មជន​មូលដ្ឋាន​នោះ»។

​ស្រដៀង​គ្នា​នេះ​ដែរ អនុ​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ លោកស្រី រឿន ខាន់ មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិន​បើក​ភ្នែក​មើល​ពី​វិនាសកម្ម​ព្រៃ​ឈើ​ដ៏​ធំ​ឋិត​ក្នុង​ព្រៃ​ព្រះរកា​នោះ​ទេ វា​បាន​បង្ក​ប៉ះពាល់​ជីវភាព​ជនជាតិ​ដើម​ភាគតិច​រាប់​ម៉ឺន​គ្រួសារ​រស់​នៅ​តំបន់​នោះ និង​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។

សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូប​សហគមន៍ស្រែគរ



លោកស្រី​ថា ការ​កាប់​ឈើ​មាន​តម្លៃ និង​ការ​ដឹក​ជញ្ជូន​ខុស​ច្បាប់ បាន​ក្លាយ​ជា​របរ​អាជីព​របស់​ឈ្មួញ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​យក​តួនាទី​ជា​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ទទួល​ផល​ពី​ជនល្មើស និង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជនល្មើស​កាប់​ឈើ​ខុស​ច្បាប់៖ «បើ​រដ្ឋាភិបាល​អត់​មក​មើល​ភ្នែក​ម្ខាង​ទេ គេ​មិន​យក​ចិត្ត​ទុក​ដាក់ ព្រោះ​អី​ព្រៃឈើ​គឺ​ថ្លើម​ឆ្ងាញ់​របស់​គេ។ លុយ​កាក់​គេ​ចាយ​សម្បូរហូរហៀរ​សព្វថ្ងៃ​នេះ ដូចជា​ប៉ូលិស និង​មន្ត្រី​បរិស្ថាន ដោយ​មិន​បាន​ទប់ស្កាត់​តាម​ច្បាប់ ឃើញ​គេ​ដឹក​ឈើ​មួយ​យប់ៗ​គ្រប់​ច្រក។ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា គ្រាន់​តែ​លេប​ទឹក​មាត់​ស្តាយ​ឈើ»។

​ស្ត្រី​ដដែល​បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​កំពុង​ព្រួយ​ចិត្ត​ខ្លាំង និង​សោកស្ដាយ​ពន់ពេក​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ព្រះរកា ដែល​ដូនតា​បាន​បន្សល់​ទុក​ជា​ច្រើន​ជំនាន់​មក​ហើយ ហើយ​បែរ​ជា​​ត្រូវ​រលាយ​ទាំង​ស្រុង​នៅ​ក្នុង​របប​​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រី​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​ខ្លួន​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំធេង​នេះ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ថា មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​នេះ ដោយសារ​តែ​ចង​គំនុំ​ជាមួយ​រដ្ឋាភិបាល។ លើស​ពី​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​សុទ្ធតែ​ធ្វើ​សកម្មភាព​បំពាន​លក្ខន្តិកៈ​របស់​ខ្លួន។

​លោក​សម្តែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​អភិវឌ្ឍន៍​ប្រទេស​ដោយ​កែច្នៃ​ធនធាន​ធម្មជាតិ​ឲ្យ​ទៅ​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ ដូចជា​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី គឺ​ចៀស​មិន​ផុត​ពី​ប៉ះពាល់​បរិស្ថាន​នោះ​ទេ៖ «រាជ​រដ្ឋាភិបាល​អភិវឌ្ឍន៍​ប្រទេស ដោយ​កែច្នៃ​ធនធាន​ធម្មជាតិ​ឲ្យ​ទៅជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ ដូចជា បញ្ហា​កសាង​ទំនប់​វារីអគ្គិសនី​ផ្សេងៗ ចៀស​មិន​ផុត​ប៉ះពាល់​បរិស្ថាន​នោះ​ទេ រដ្ឋាភិបាល​គិតគូរ​បាន​វែងឆ្ងាយ​ហើយ ទាល់​តែ​មាន​ផល​ចំណេញ​បាន​ធ្វើ បើ​ពុំ​មាន​ផល​ចំណេញ​មិន​ធ្វើ​ទេ»។

​ទោះបីជា​យ៉ាង​ណា អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា លោក ឡូរ៉ង់ យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គួរ​តែ​ពិនិត្យ​មើល​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ឯកជន ដូចជា​ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ខែត្រ​ស្ទឹងត្រែង ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវ​ទឹក និង​ផ្លូវគោក​ពី​គ្រប់​តំបន់​ឆ្ងាយ​ចូល​បាត​អាង​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​យល់​ថា មន្ត្រី​ថ្នាក់ក្រោម និង​មន្ត្រី​ជំនាញ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​ពេញលេញ ហាក់​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន៖ «យើង​សួរ​តើ​ឈើ​ដែល​ចេញ​តាម​កុងទីន័រ ៣ ទៅ ៤​ច្រក​ទៅ​កាន់​ច្រក​វៀតណាម ដែល​ចេញ​ពី​តំបន់​ហ្នឹង (តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ) អា​ហ្នឹង​ស្អី​គេ? ហើយ​ឈើ​តាំង​ពី​មុន​មក​ជញ្ជូន​មិន​ទាន់​អស់ ឬ​មួយ​ក៏​ឈើ​ទាំង​នេះ​ជា​ឈើ​ថ្មី​ដែល​ទើប​នាំ​ចូល​ពី​តំបន់​ផ្សេង​មិន​មែន​ជា​តំបន់​បាត​អាង? ខ្ញុំ​គិត​ថា មន្ត្រី​មូលដ្ឋាន​កំពុង​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​បក្ស​ប្រជាជន ប្រសិន​គាត់​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ»។

​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ​គឺ​មិន​ខុស​ពី​កាប់​ក្បាល​លោក​នោះ​ឡើយ ហើយ​លោក​ស្អប់​បំផុត​អ្នក​កាប់​ព្រៃឈើ។ លោក​ថា រាល់​កិច្ច​ប្រជុំ​គណបក្ស​ម្តងៗ លោក​តែង​រំឭក​ដល់​មន្ត្រី​របស់​ខ្លួន​មិន​ត្រូវ​អត់​ឱន​ចំពោះ​ជន​​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ឡើយ បើទោះបី​ជា​មាន​ឋានៈ​អ្វី​ក៏ដោយ។ ក៏ប៉ុន្តែ​ធាតុ​ពិត​គេ​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​ដដែល ជាពិសេស​គឺ​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម គឺ​មិន​​​បាន​ថយ​ចុះ​ឡើយ។  ក្រៅ​ពី​នេះ សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ក្រុម​អ្នក​មាន​អំណាច មន្ត្រី ឧកញ៉ា​ធំៗ​ដែល​ពាក់ព័ន្ធ​ការ​រក​ស៊ី​ឈើ​ខុស​​ច្បាប់​ទេ​នោះ វា​នឹង​មិន​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ឡើយ៕

No comments: