Tuesday, 16 January 2018

សម្តេច​ក្រុម​ព្រះ​៖​ការ​តែងតាំង​សេដ្ឋី​ចិន​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​រាជានិយម​ឮ​ថា​​មិន​​ទទួល​បាន​ការ​អនុញ្ញាត​ទេ


ដោយ ញឹម សុផល 15/01/2018 15/01/2018
rfi
media
ក្រុមសមាជិកសភាគណបក្សហ្វុនស៊ីនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ
សហការី



បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ ​សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ ​ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​បាន​រារែក​ក្នុង​ការ​ឆ្លើយ​សំណួរ​ត្រង់​ៗ​ទៅ​កាន់​អ្នក​កាសែត​ពី​រឿង​តែងតាំង​អ្នក​ជំនួញ​ចិន​ម្នាក់​ជា​អនុប្រធាន​គណបក្ស​។ ​ប្រធាន​គណបក្ស​រាជា​និយម​អង្គ​នេះ​ មាន​បន្ទូល​ថា​ការ​តែងតាំង​លោក ​ចាក់គី ​ សែ ​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​នោះ​​ ​នឹង​មិន​អាច​ធ្វើ​ទៅបាន​ទេ​។



នៅក្នុង​ការ​ផ្តល់​បទ​សម្ភាស​ជា​មួយ​អ្នក​កាសែត​នៅ​រដ្ឋសភា​ជាតិ ​ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ី​ប៉ិច ដែល​ទទួល​បាន​កៅអី​រដ្ឋ​សភា​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ផ្លូវ​ច្បាប់ ​កាលពី​ចុង​ឆ្នាំ​មុន ​មាន​បន្ទូល​ថា ​ការ​តែងតាំង​ជនជាតិ​ចិន ​ជា​ទី​ប្រឹក្សា​ឬ​ជា​អនុ​ប្រធាន​គណបក្ស ​ ហ្វុ​ន​ស៊ីន​ប៉ិច ​គឺ​អាស្រ័យ​ទៅលើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ជា​អ្នក​សម្រេច​។ ​សម្តេច​ក្រុមព្រះ​បញ្ជាក់​ថា ​ព្រះ​អង្គ​បាន​ត្រឹម​បញ្ជូន​ឈ្មោះ​ទៅ​ទេ ​ក៏​ប៉ុន្តែ​ឮ​ថា​មិន​បាន​ទេ​។

ជុំវិញ​ការ​តែងតាំង​ជនជាតិ​ចិន​ជា​ទី​ប្រឹក្សា​ឬ​ជា​អនុប្រធាន​គណបក្ស​រាជា​និយម​ហ្វុ​ន​ស៊ីន​ប៉ិច ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ចុះផ្សាយ ​និង​មាន​ការ​ទិតៀន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ ពី​ការ​ដែល​គណបក្ស​មួយ​នេះ ​មាន​បំណង​យក​ជន​បរទេស​មក​ ជា​សមាជិក​នយោបាយ​រប​ស់​គណបក្ស​។

ជាមួយ​គ្នានេះ ​លោក​ញ៉េប ប៊ុនជិន ​អ្នក​នាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ថ្លែង​ថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​បាន​តែងតាំង ​សេដ្ឋី​ចិន ​ឈ្មោះ​ចាក់​គី សែ ​នោះ ​អោយធ្វើ​ជា​អនុប្រធាន ​គណបក្ស​ទេ ​ប៉ុន្តែ​គ្រាន់តែ​ជា​ជន​ជាតិ​ចិន​ធម្មតា​និង​ជាទី​ប្រឹក្សា ​សេដ្ឋកិច្ច​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ​ តែ​ប៉ុណ្ណោះ​។

សូម​រំលឹក​ថា ​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ​បាន​ចុះផ្សាយ ​ពី​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដែល​ថា ​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ​ប្រធាន​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច ​បាន​តែងតាំង​សេដ្ឋី​ជនជាតិ​ចិន ​ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​។ ​ការ​តែងតាំង​នេះ ​បាន​ធ្វើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៅក្នុង​ជួរ​បក្ស​មាន​ការ​មិន ​ពេញចិត្ត​ផងដែរ​។ ​នេះ​បើតាម​រស្មី​កម្ពុជា​អន​ឡាញ​៕

1 comment:

Anonymous said...

ហា ហា ថា កឹម សុខា មានទាកទងជាមួយអាមេរិក ដល់អានេះ វាយកចិនមកធ្វើថំទេម្តង ដល់កតែម្តង។