Tuesday 23 January 2018
បទល្មើសព្រៃឈើនៅស្រុកលំផាត់ខែត្ររតនគិរីត្រូវឈ្មួញសម្រុកកាប់ពេញទំហឹង
ដោយ វ៉ែន សុមេធ
2018-01-22
សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA
Photo courtesy of EIA
ឈើមូលធំៗរួមមាន សុក្រំ ឈ្លីក និងកកោះជាដើម ឋិតក្នុងតំបន់ភ្នំអាត នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី កំពុងទទួលរងការកាប់យកឈើមានតម្លៃលក់ខុសច្បាប់ខ្លាំងឡើង ដោយពុំមានការទប់ស្កាត់ឡើយ ខណៈសហគមន៍បានដាក់ពាក្យប្ដឹងអាជ្ញាធរ មន្ត្រីបរិស្ថាន និងអភិបាលស្រុកពីបទអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើ។
សហគមន៍រកឃើញថា មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាននៅតែទទួលប្រយោជន៍ ពីបទល្មើសព្រៃឈើ ទើបសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ ពុំមានប្រសិទ្ធភាព។
សហគមន៍ការពារព្រៃឈើភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ព្រួយបារម្ភខ្លាំងពីវាសនាព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ នឹងរលាយទាំងស្រុងនៅពេលខ្លីខាងមុខ ប្រសិនបើមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើដែលជាសេនាធិការ របស់រដ្ឋាភិបាលនៅតែទទួលសំណូកពីបទល្មើសព្រៃឈើ ជាថ្នូរអនុញ្ញាតឲ្យបទល្មើសកើតមាន ដោយពុំមានការទទួលខុសត្រូវ។
សហគមន៍ការពារព្រៃឈើភូមិសមុទ្រក្រោម លោក ខាំ មីន ឲ្យដឹងនៅថ្ងៃទី២២ មករាថា តាំងពីចុងឆ្នាំ ២០១៧ មកទល់ពេលនេះ កម្មកររាប់រយនាក់ ប្រដាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិរាប់ពាន់គ្រឿង អារឈើទ្រហឹងពេញព្រៃ រួចដឹកតាមគោយន្ត និងរថយន្តលក់ឲ្យឈ្មួញដែលចាំទទួលទិញនៅមូលដ្ឋាន។ រីឯងមន្ត្រីជំនាញរបស់រដ្ឋាភិបាលអង្គុយចាំសំកុកទទួលលុយ ពីឈ្មួញដឹកឈើខុសច្បាប់នៅតំបន់នោះ។ លោកថា នៅក្បែរដែនជម្រកសត្វព្រៃលំផាត់មានដេប៉ូទិញឈើ ៤ទីតាំង ចាំទទួលទិញឈើពីឈ្មួញដឹកចេញពីព្រៃអភិរក្ស៖ «រាប់រយនាក់ចូលទៅអារព្រៃឈើសហគមន៍ និងព្រៃដែនជម្រក។ រឿងអីគាត់មិនដឹងបើគេកាប់យ៉ាងអនាធិបតេយ្យ បើមេភូមិឃើញគេដឹកក្នុងភូមិ ហើយមេប៉ុស្តិ៍ឃើញគេដឹកឈើមុខគាត់»។
សហគមន៍ការពារព្រៃឈើឃុំសេដា ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា អ្នកភូមិប្រទះឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល នៅគ្រាកម្មកររាប់រយនាក់ អារ
រំលំឈើធំៗ គគ្រឹកគគ្រេងដោយពុំមានមន្ត្រីឧទ្យានុរក្សណាហាមឃាត់។ លោកបារម្ភថា ទំហំព្រៃឈើរាប់ម៉ឺនហិកតារ ឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជនជាតិដើមភាគតិចរស់នៅតំបន់ក្បែរនោះប្រើប្រាស់ និងថែរក្សាលក្ខណៈប្រពៃណី នឹងបាត់បង់ទាំងស្រុង ក្នុងពេលប៉ុន្មានខែខាងមុខនេះ៖ «គេដឹករាល់ថ្ងៃ គេកាប់ដឹកៗ អស់ហើយគម្របព្រៃយើងតំបន់ជម្រកសត្វព្រៃគ្មានសល់ទេ។ អស់ហើយសុក្រំ ឈ្លីក និងកកោះ។ ឃើញគេចុះមកគឺគេចុះយកលុយ»។
តំណាងសហគមន៍ឃុំសេដា បានដាក់ពាក្យប្ដឹងករណីនេះ ទៅស្ថាប័នអយ្យការសាលាដំបូងខែត្ររតនគិរី ចោទមេឃុំ អភិបាលស្រុកលំផាត់ និងមន្ត្រីជំនាញ ៧នាក់ពីបទអនុគ្រោះឲ្យ
កើតមានបទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃនៅតំបន់ភ្នំអាត។ រហូតមកទល់ពេលនេះសំណុំរឿងនេះឋិតក្នុងការស៊ើបអង្កេតរបស់តំណាងអយ្យការនៅឡើយ។
យ៉ាងណាសហគមន៍សង្ឃឹមតិចណាស់ថា តុលាការនឹងស្វែងរកយុត្តិធម៌រឿងនេះ បើទោះបីជាសហគមន៍មានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីមួយចំនួនទទួល
សំណូកពីបទល្មើសព្រៃឈើ និងឃុបឃិតគ្នាកាប់ព្រៃក៏ដោយ។
អាស៊ីសេរីបានព្យាយាមទាក់ទងមេឃុំសេដា លោក អង់ ប៊ុនធៀង ដើម្បីសុំការបំភ្លឺករណីនេះ ក៏ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបាន។
ក៏ប៉ុន្តែកាលពីពេលកន្លងទៅលោកធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅមូលដ្ឋានបានស៊ីឈ្នួលកាប់ឈើឲ្យឈ្មួញ ឋិតក្នុងតំបន់ព្រៃអភិរក្ស។ រីឯឈ្មួញក៏បញ្ឈប់ទិញដីនៅតំបន់នោះដែរ ដោយសារដីនោះឋិតក្នុងតំបន់ព្រៃការពារ និងព្រៃសហគមន៍ដែលបានចុះបញ្ជីរទទួលស្គាល់ជាផ្លូវការ។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (Adhoc) ខែត្ររតនគិរី លោក ឌិន ខន្នី ដែលចុះអង្កេតរឿងនេះ ឲ្យដឹងថា រូបភាពបទល្មើសព្រៃឈើកើតឡើងខ្លាំង អំឡុងពេលសហគមន៍បានដាក់ពាក្យបណ្ដឹងមេឃុំ អភិបាលស្រុក និងមន្ត្រីរដ្ឋបាលព្រៃឈើ គឺជាសញ្ញាបង្ហាញថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញមានចេតនាមិនអើពើទប់ស្កាត់បទល្មើសព្រៃឈើ។
លោកចាត់ទុក វិនាសកម្មព្រៃឈើនៅតំបន់នោះថា ជាឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំដែលអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែនជម្រកសត្វត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «ក្រសួងបរិស្ថានដែលចាត់ទុកឲ្យគាត់ការពារ បើគាត់ការពារមិនបាន ជាកម្សោយរបស់គាត់។ គួរតែស៊ើបអង្កេតពីមន្ត្រីទាំងអស់ហ្នឹង និងអាជ្ញាធរមូលដ្ឋានដែរ តើហេតុអីបានបទល្មើសនៅតែកើតឡើង»។
សហគមន៍ការពារព្រៃឈើភូមិសមុទ្រក្រោម សំណូមពរទទូច ឲ្យរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់ ដើម្បីសង្គ្រោះធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយ ក្នុងដែនជម្រកសត្វព្រៃលំផាត់ និងដាក់ទោសទណ្ឌដល់មន្ត្រីពាក់ព័ន្ធ ឈ្មួញ និងអាជ្ញាធរណាដែលទទួលប្រយោជន៍ពីបទល្មើសព្រៃឈើ និងធ្វើមិនដឹងមិនឮរឿងបទល្មើសព្រៃឈើ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment