Thursday, 18 January 2018
លោក ហ៊ុន សែន បន្តរកសំឡេងឆ្នោតពីក្រុមកម្មករខណៈបក្សប្រឆាំងត្រូវបានរំលាយ
ដោយ វ៉ែន សុមេធ
2018-01-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
Photo courtesy of SPM Facebook's page
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីក្រុមកម្មករនៅតាមរោងចក្រក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ យល់ឃើញថា យុទ្ធនាការនេះគឺជាការផ្គាប់ចិត្តកម្មករច្រើនជាង ដើម្បីកុំឲ្យពួកគេងើបប្រឆាំងនឹងរដ្ឋាភិបាល នៅពេលដែលអន្តរជាតិដាច់ទំនាក់ទំនងជាមួយកម្ពុជា។
លោក ហ៊ុន សែន ថ្លែងទៅកាន់ក្រុមកម្មកររោងចក្រជាង ១ម៉ឺន ៦ពាន់នាក់ (១៦.០០០) ខណៈចុះជួបកម្មករនៅតំបន់ព្រៃទ្រា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ថា សប្ដាហ៍នេះគឺជាសប្ដាហ៍ដែលពោរពេញទៅដោយការងារ ក្នុងនោះនៅថ្ងៃទី១៨ មករា នឹងប្រកាសដាក់ឲ្យប្រើអំពីការគាំពារសង្គមទាក់ទងនឹងកិច្ចការពារមនុស្សចាស់ បន្ទាប់មកទៀត ត្រូវប្រើពេលចំនួន ៣ថ្ងៃដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយនៃរដ្ឋសភានីតិកាលថ្មី សម្រាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១២៣។
លោក ហ៊ុន សែន ទទូចឲ្យក្រមកម្មករទាំងអស់ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីលោកបានកាន់តំណែងបន្តទៅទៀត៖ «ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺជាថ្ងៃមន្ត្រីរាជការឈប់សម្រាក តែពូមិនបានសម្រាកទេ ថ្ងៃអាទិត្យ ខាងមុខនោះពូកាន់តែធ្ងន់ទៅទៀត នៅពេលថ្ងៃត្រូវដឹកនាំសន្និបាតបក្ស ហើយនៅពេលល្ងាចត្រូវជួបអ្នកកាសែតរាប់ពាន់នាក់ថែមទៀត អំពីសេរីភាពសារព័ត៌មានទាក់ទិនជាមួយនឹងតម្រូវការនៃការអភិវឌ្ឍតម្រូវការនៃបញ្ហាទាំងឡាយដែលទាក់ទងសារព័ត៌មាននៅកម្ពុជា»។
ការរកសំឡេងឆ្នោតដោយគ្មានដៃគូប្រឆាំងចូលរួមប្រកួតនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា យុទ្ធនាការនេះនឹងគ្មានន័យនោះទេ ប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតឲ្យគណបក្សលោកបានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនោះ។
លោក អ៊ូ ច័ន្ទរ័ត្ន អះអាងទៀតថា លោក ហ៊ុន សែន នៅតែត្រូវការគាំទ្រពីក្រុមកម្មករ បើទោះជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយហើយក្ដី ពីព្រោះកន្លងមកគណបក្សកាន់អំណាចបានបាត់បង់ប្រជាប្រិយខ្លាំង ក៏ប៉ុន្តែលោកថា យុទ្ធនាការនេះមិនអាចទិញទឹកចិត្តកម្មករបាននោះទេ៖ «ខ្ញុំយល់ថា ប្រហែលជាគាត់មានការភ័យខ្លាចទៅវិញទេ គឺខ្លាចដល់ថ្ងៃណាមួយកម្មករនឹងងើបបះបោរ ឬក៏មានបញ្ហាវិបត្តិនយោបាយណាមួយ ព្រោះលោកយល់ហើយអាចនឹងមានសម្ពាធពីអន្តរជាតិខ្លាំងៗ វាប៉ះពាល់ ដូច្នេះអាចមានវិបត្តិសេដ្ឋកិច្ច មានបញ្ហាជីវភាព កម្មករបាត់ការងារ អាចនឹងមានវិបត្តិនយោបាយ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ការចុះឃោសនារកសំឡេងឆ្នោតរបស់លោក ហ៊ុន សែន ហាក់ដូចជាលឿនបន្តិច បើទោះបីជាច្បាប់មិនបានកំណត់ពីការហាមឃាត់ក្នុងការឃោសនារកសំឡេងឆ្នោតនោះក៏ដោយ។ មន្ត្រីសង្គមស៊ីវិលរូបនេះអះអាងទៀតថា ការបោះឆ្នោតដែលចាត់ទុកថា មានភាពត្រឹមត្រូវ និងយុត្តិធម៌ដែលអន្តរជាតិទទួលស្គាល់ លុះណាការបោះឆ្នោតមានគ្រប់គណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយស្មើភាព គ្មានការគំរាមកំហែង និងត្រឹមត្រូវដោយស្មើភាពគ្នាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក កន សាវាង្ស៖ «ដូច្នេះបើសិនជាស្ថាប័នទាំងអស់នេះមានការរៀបចំឲ្យចូលរួម ជជែកមានស្មើភាពគ្នា ដូច្នេះយើងមើលឃើញភាពត្រឹមត្រូវហើយ ក៏ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់ឃើញការចូលរួមរបស់គណបក្សប្រឆាំងដ៏ធំមួយដែលត្រូវហាមឃាត់នេះ នៅក្នុងស្ថានភាពចូលនយោបាយឡើងវិញទេ។ ដូច្នេះយើងនឹងធ្វើការតាមដានបន្តទៀតថា តើវានឹងត្រូវយុត្តិធម៌ប៉ុណ្ណា?»។
ការចុះជួបក្រុមកម្មករនៅព្រឹកថ្ងៃទី១៧ ខែមករា ដដែលនេះ លោក ហ៊ុន សែន បានចំណាយពេលដើរចែកថវិកាដល់កម្មករម្នាក់ ២ម៉ឺនរៀលដោយខ្លួនឯងទៀតផង។
ចាប់តាំងពីតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ មក គឺលោក ហ៊ុន សែន ហាក់យកចិត្តទុកដាក់កាន់តែខ្លាំងទៅលើក្រុមកម្មកររោងចក្រ ដោយបានចុះជួបក្រុមកម្មករស្ទើរគ្រប់ទីកន្លែងនៅរាជធានីភ្នំពេញ គឺយ៉ាងហោចក៏២ ទៅ ៣ដងក្នុងមួយសប្ដាហ៍ដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment