Tuesday, 16 January 2018
លោក ហ៊ុន សែន៖ គេបានបកស្រាយខុសអំពីការលើកឡើងរបស់ខ្ញុំទាក់ទងបន្លែគីមី
ដោយ អេង គីមហុង 15/01/2018 15/01/2018
rfi
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភព នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី ១៥ ខែមករា។ ។
@FB/PM Hun Sen
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញមុខអះអាងថា មានការបកស្រាយខុសជុំវិញការលើកឡើងរបស់លោកទាក់ទងបន្លែគីមី។ ការបំភ្លឺរបស់ប្រមុខរដ្ឋាភិបាលនាពេលនេះធ្វើឡើងក្រោយលោកបាននិយាយ២លើករួចមកហើយអំពីវត្តមានបន្លែគីមី ស្របពេលមានការរិះគន់ពីសាធារណៈជន។
នេះជាលើកទី៣ហើយដែលប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយជាសាធារណៈអំពីបន្លែគីមី ។ តែលើកនេះលោកនាយករដ្ឋមន្ត្រីបានបកស្រាយថា អ្នករិះគន់លោក គឺពួកគេមិនបានយល់អស់អំពីអ្វីដែលលោកបាននិយាយទាក់ទងបន្លែគីមី។
បើតាមលោក ហ៊ុន សែន អ្វីដែលលោកបានលើកឡើងគឺមានបំណងល្អ ចង់ឲ្យពលរដ្ឋចេះការពារខ្លួន និងត្រួតពិនិត្យដោយខ្លួនឯងតាមរយៈការពហិកាកុំទិញនូវទំនិញដែលប្រើជាតិគីមី។ លោកបានសម្ដែងការហួសចិត្តថា គ្រាន់តែពាក្យសម្ដីប៉ុណ្ណឹងសោះនាំឲ្យមានការវាយប្រហារមកលើរូបលោកដែរ។ មិនតបតត្រឡប់ទៅវិញ លោក ហ៊ុន សែន អះអាងថា លោកនៅតែបន្តក្រើនរំឭកទៅពលរដ្ឋឲ្យចេះការពារប្រសើរជាងព្យាបាល ដែលន័យនេះសំដៅឲ្យពលរដ្ឋត្រួតពិនិត្យមុននឹងទិញនូវទំនិញប្រើជាតិគីមីយកមកប្រើប្រាស់។
ជាការកត់សម្គាល់ ការបកស្រាយរបស់លោក ហ៊ុន សែន នាពេលនេះធ្វើឡើងក្រោយសាធារណៈជននាំគ្នារិះគន់ចំពោះអ្វីដែលពួកគេយល់ថា នាយករដ្ឋមន្ត្រីស្ដីបន្ទោសពលរដ្ឋខ្លួនឯងរឿងទិញបន្លែគីមីមកបរិភោគទៅវិញ។ ផ្អែកតាមមតិលើហ្វេសបុកអ្នកខ្លះរិះគន់ចំៗទៅកាន់រដ្ឋាភិបាល និងខ្លះទៀតបានចោទជាសំណួរត្រឡប់ទៅវិញថា ពលរដ្ឋមើលម្ដេចនឹងដឹងថា បន្លែណាមានជាតិគីមី ហើយបន្លែណាគ្មានជាតិគីមនោះ បើរដ្ឋាភិបាលមិនចេញមុខដោះស្រាយ។
បន្លែគីមីនាំចូលពីប្រទេសជិតខាងកម្ពុជាត្រូវបានគេមើលឃើញថា កំពុងវាយលុកទីផ្សារស្រុកខ្មែរយ៉ាងសម្បើមដោយគ្មានការទប់ស្កាត់ ឬក៏មានដែរតែហាក់ដូចមិនភាពច្បាស់លាស់។ នេះក៏ដោយសារការដាំដុះក្នុងស្រុកផ្គត់ផ្គង់មិនទាន់តម្រូវការ ឬនិយាយម្យ៉ាងទៀតថា ដាំដុះដែរតែគ្មានទីផ្សារសម្រាប់លក់ក្នុងស្រុកគឺបានតែនាំចេញ។
មកដល់ចំណុចនេះអ្នកជំនាញកសិកម្មបានផ្ដល់ជាយោបល់ថា កុំឲ្យមានការចោទគ្នាទៅវិញទៅមកលើរឿងនេះ រដ្ឋាភិបាលគួរលើកទឹកចិត្តឲ្យពលរដ្ឋបង្កើនទម្លាប់ដាំដុះជាលក្ខណៈគ្រួសារ ។ ចំណែកពលរដ្ឋខ្លួនឯងក៏គួរតែត្រឡប់ទៅរកទម្លាប់ពីមុនវិញដែរដាំដុះទៅតាមលទ្ធភាពអាចធ្វើបានដូចជា ជី ស្លឹកគ្រៃ ជាដើម ជៀសវាងការអង្គុយរងចាំរកដំណោះស្រាយតែពីរដ្ឋាភិបាល៕
Subscribe to:
Post Comments (Atom)
1 comment:
When will Ah Runteas Banh Hun Sen Ngorp ?
Post a Comment