ដោយ មួង ណារ៉េត
2018-01-09
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
អ្នកនាំពាក្យគណបក្សកាន់អំណាចដែលជាមន្ត្រីជំនាញកិច្ចការនយោបាយ ចេញមុខបង្រៀនពលរដ្ឋឲ្យចេះមើលបន្លែផ្លែឈើគ្មានជាតិគីមីដោយភ្នែកទទេ។ ប៉ុន្តែកសិករដែលដាំបន្លែរៀងរាល់ថ្ងៃនិយាយថា ការកំណត់ត្រឹមរូបរាងខាងក្រៅរបស់បន្លែដោយភ្នែកផ្ទាល់ មិនអាចដឹងថា បន្លែផ្លែឈើណាមានជាតិគីមី និងគ្មានជាតិគីមីនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រហែលនៅតែមិនទាន់ស្ងប់ចិត្តរឿងពលរដ្ឋរិះគន់នាយករដ្ឋមន្ត្រីដែលស្ដីបន្ទោសពលរដ្ឋករណីមិនចេះមើលបន្លែផ្លែឈើគ្មានជាតិគីមីដោយភ្នែកទទេ។ នៅពេលនេះ លោក សុខ ឥសាន តាំងខ្លួនជាគ្រូកសិកម្មដោយសរសេរប្រាប់ពលរដ្ឋនៅលើប្រព័ន្ធទំនាក់ទំនាក់សង្គមតេឡេក្រាមរបស់លោក ឲ្យចេះមើលបន្លែផ្លែឈើដែលមានជាតិគីមី។ លោក សុខ ឥសាន ពន្យល់ថា បន្លែផ្លែឈើធម្មជាតិ គឺមានរូបរាងមិនសូវល្អ និងតម្លៃថ្លៃជាងបន្លែផ្លែឈើមានជាតិគីមី។ អ្នកនាំពាក្យរូបនេះសរសេរបន្ថែមយ៉ាងដូច្នេះថា "បន្លែ ផ្លែឈើមានជាតិគីមីមានរូបរាងល្អ គួរឲ្យចង់ហូប មានទំហំតូចៗ ស្លឹកតូច មិនរីកធំ និងលូតលាស់ធំជាងធម្មតា។ ចំណែកបន្លែផ្លែឈើធម្មជាតិ មានចំហាយក្លិនបែបធម្មជាតិ មានឱជារសជាងរបស់គីមី"។
លោកបន្ថែមថា បន្លែផ្លែឈើធម្មជាតិមានគ្រាប់តូចៗ មិនធំដូចរបស់មានគីមី និងមានសត្វល្អិតស៊ីច្រើន។ មិនតែប៉ុណ្ណោះ បន្លែផ្លែឈើធម្មជាតិឆាប់ប្រែពណ៌ជាងបន្លែផ្លែឈើមានជាតិគីមី។ អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថា បន្លែផ្លែឈើធម្មជាតិ ចម្អិនឆាប់ឆ្អិនជាងរបស់មានជាតិគីមី ចំណែកតម្លៃរបស់វាវិញ គឺខ្ពស់ជាងបន្លែផ្លែឈើមានជាតិគីមី។ លោកបន្តថា បន្លែផ្លែឈើធម្មជាតិ តែងមានការបញ្ជាក់ពីស្ថាប័នដាំដុះមិនដូចរបស់មានជាតិគីមីទេ។
ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការទាក់ទងវិស័យកសិកម្ម គឺប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ប្រាប់ថា ការពន្យល់ពីការពិនិត្យជាតិគីមីនៅក្នុងបន្លែផ្លែឈើ គួរតែធ្វើឡើងដោយអ្នកដែលមានសមត្ថកិច្ច មន្ត្រីជំនាញនៃក្រសួងកសិកម្ម ឬមន្ត្រីជំនាញ ដូចជាមន្ត្រីកាំកុងត្រូល ឬក្រសួងទទួលបន្ទុកផ្នែកវិស័យកសិកម្មវិញទើបសមស្របជាង ព្រោះអ្នកទាំងនោះមានឯកទេសត្រឹមត្រូវ។ ម្យ៉ាងទៀត ការអប់រំផ្សព្វផ្សាយបែបនេះទៀតសោត គប្បីធ្វើជាប្រចាំ និងយូរអង្វែង ដោយមន្ត្រីជំនាញទាំងនោះ។ លោកបន្តទៀតថា ការលើកឡើងពីវិធីសាស្ត្រនៃការពិនិត្យបន្លែផ្លែឈើពីសម្បកក្រៅ គឺគ្រាន់តែជាផ្នែកមួយនៃការអប់រំតែប៉ុណ្ណោះ ប៉ុន្តែមិនមែនជាយុទ្ធសាស្ត្រជាក់លាក់ក្នុងការដោះស្រាយបញ្ហាបន្លែ និងផ្លែឈើមានសារធាតុគីមីឲ្យមានប្រសិទ្ធភាពនោះទេ៖ «»។
ប្រតិកម្មរបស់លោក សុខ ឥសាន ទាក់ទងរឿងបន្លែផ្លែឈើមានជាតិគីមីនៅពេលនេះ ធ្វើឡើងទាំងលោកគ្មានបទពិសោធន៍ផ្នែកកសិកម្មបែបនេះ គឺធ្វើឡើងស្របពេលដែលលោកជាមន្ត្រីកិច្ចការនយោបាយ និងធ្លាប់មានបទពិសោធន៍គ្រប់គ្រងស្ថានីយទូរទស្សន៍អប្សរា។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន ហាក់ធ្វើប្លែកពីប្រធានបក្សរបស់លោក គឺលោក ហ៊ុន សែន។ លោក ហ៊ុន សែន មិនទទួលខុសត្រូវរឿងការហូរចូលបន្លែគីមីពេញទីផ្សារកម្ពុជា។ លោក ហ៊ុន សែន ស្តីឲ្យប្រជាពលរដ្ឋម្ដងហើយម្ដងទៀតថា បើទិញបន្លែប៉ះចំបន្លែគីមី កុំបន្ទោសរដ្ឋាភិបាលរបស់លោក ឬកុំបន្ទោសលោកដែលជានាយករដ្ឋមន្ត្រី។ ពលរដ្ឋម្នាក់ៗ ត្រូវទទួលខុសត្រូវខ្លួនឯង។
លោក ហ៊ុន សែន ស្តីបន្ទោសថា មកពីពលរដ្ឋមិនចេះមើលបន្លែណាមានគីមី ឬគ្មានគីមី ទើបមានបញ្ហា រួចបែរជាមកស្តីថាឲ្យរដ្ឋាភិបាលលោកឯណាឯណោះទៅវិញ៖ «»។
កសិករមួយរូបនៅខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជា-វៀតណាម លោកស្រី យ័ស សុភណ្ឌ ប្រាប់អាស៊ីសេរី ថា បន្លែផ្លែឈើមានជាតិគីមីភាគច្រើនគឺឈ្មួញនាំចូលពីវៀតណាម។ ទាក់ទងនឹងការពិនិត្យបន្លែផ្លែគ្មានជាតិគីមីដោយភ្នែកទទេ ដែលជាការលើកឡើងរបស់លោក សុខ ឥសាន កសិកររូបនេះថា មិនមែនជារឿងត្រឹមត្រូវទេ។ លោកស្រីថា រូបរាងបន្លែផ្លែឈើតែងតែប្រែប្រួលតាមរដូវកាល ដូច្នេះគេមិនអាចកត់សម្គាល់ថា បន្លែផ្លែឈើធម្មជាតិមានរូបរាងមិនសូវល្អ គឺគ្មានជាតិគីមីនោះទេ៖ «»។
ស្របពេលដែលលោក ហ៊ុន សែន រងការរិះគន់ថា ជាមេដឹកនាំគ្មានការទទួលខុសត្រូវ ព្រោះលោកបន្ទោសពលរដ្ឋខ្លួនឯងថាមិនចេះមើលបន្លែផ្លែឈើមានជាតិគីមីនោះ អ្នកនាំពាក្យរបស់បក្សកាន់អំណាចតែងចេញមុខការពារសម្ដីរបស់ប្រធានបក្ស និងជាប្រមុខរដ្ឋាភិបាលរូបនេះគ្រប់ពេល បើទោះជាសម្តីរបស់លោក ហ៊ុន សែន បង្ហាញពីការមិនខ្វាយខ្វល់អំពីសុខទុក្ខរបស់ពលរដ្ឋយ៉ាងណាក្តី។
កាលពីសប្តាហ៍មុន លោក សុខ ឥសាន ក៏ធ្លាប់ឌឺដងថា បើនរណាមានលទ្ធភាពទប់ស្កាត់បន្លែគីមីបាន គួរបង្កើតបក្សថ្មីដើម្បីមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។
ទោះបីប្រទេសកម្ពុជា ជាប្រទេសកសិកម្ម រដ្ឋាភិបាលលោក ហ៊ុន សែន តែងតែរងការរិះគន់ថា បរាជ័យក្នុងការដឹកនាំប្រទេសដែលបង្កឲ្យមានបញ្ហាអសន្តិសុខ ស្បៀងអាហារ បរាជ័យក្នុងការលុបបំបាត់អំពើពុករលួយ និងបញ្ហាដទៃទៀត។
មិនតែប៉ុណ្ណោះ ទោះជាច្បាប់ចែងយ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចសំខាន់ៗរបស់រដ្ឋាភិបាលដែលរួមមាន ការធានាទប់ស្កាត់នូវហានិភ័យដែលនាំឲ្យប៉ះពាល់ដល់អាយុជីវិត សុខុមាលភាព និងសុខភាពរបស់ពលរដ្ឋ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ដែលជាស្ថាប័នក្រោមចំណុះរបស់រដ្ឋាភិបាល មានបេសកកម្មធានាគុណភាព សុវត្ថិភាពផលិតផលដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពអ្នកប្រើប្រាស់យ៉ាងណាក៏ដោយ ក៏ប្រមុខរដ្ឋាភិបាលនៅតែទម្លាក់ការទទួលខុសត្រូវនេះទៅប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទៅវិញ៕
No comments:
Post a Comment