Wednesday 31 January 2018

សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ថ្នាក់ដឹកនាំ​អង្គការ​៣​រូប​គឺ​ជា​ការ​គំរាមកំហែង

ដោយ ហេង សកល
2018-01-30 

ពី​ឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
ពី​ឆ្វេង៖ លោក មឿន តុលា លោក ប៉ា ងួនទៀង និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។
Photo: RFA



ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​ចំពោះ​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​ដ៏​លេចធ្លោ ៣​រូប គឺ​លោក ប៉ា ងួនទៀង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​លោក មឿន តុលា ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ក្នុង​រឿង​មូលនិធិ​បុណ្យ​សព ១០០​ថ្ងៃ បណ្ឌិត កែម ឡី។ ពួកគេ​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គំរាមកំហែង និង​យាយី​ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។



​អង្គការ សមាគម សហគមន៍​ដីធ្លី ចំនួន ៣៥ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សង្គម​ស៊ីវិល អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដែល​កំពុង​បំពេញ​ការងារ​របស់​ពួកគេ​ដោយ​ស្របច្បាប់។

សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មករា ចាត់​ទុក​ថា តុលាការ​គ្មាន​ភស្តុតាង​ដើម្បី​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ប៉ា ងួនទៀង ជា​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា។ ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​មក​លើ​សំឡេង​ជំទាស់​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​លំហ​ការងារ​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​កាន់​តែ​រួម​តូច​កាន់​តែ​ខ្លាំង។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ទស្សនៈ​ថា អ្នក​ទាំង​៣ គឺ​ជា​ក្រុម​គោលដៅ​នៃ​ការ​ចោទ​ប្រកាន់ ព្រោះ​តែ​ពួកគាត់​លេចធ្លោ និង​ហ៊ាន​រិះគន់​ពី​ភាព​អសកម្ម​នានា​នៅ​ក្នុង​ការ​អភិវឌ្ឍ ការ​ដឹកនាំ​ប្រទេស និង​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល៖ «បើ​តាម​ការ​សង្កេត​យើង​ឃើញ​ថា ដូចជា លោក ប៉ា ងួនទៀង ព្រះអង្គ ប៊ុត ប៊ុនតិញ លោក​តែងតែ​ចេញ​មុខ​ក្នុង​ការ​រិះគន់​ជា​ច្រើន​ទាក់ទង​រដ្ឋាភិបាល ហើយ​លោក​ក៏​បាន​ចេញ​មុខ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​ផង​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​អាច​ឈាន​ចូល​ដល់​បណ្ដឹង និង​មាន​ការ​ចោទ​ប្រកាន់»។

​ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​៣ គឺ​ជា​​ការងារ​របស់​តុលាការ និង​ច្បាប់។ លោក​ថា ការ​តស៊ូ​មតិ​របស់​សង្គម​ស៊ីវិល​ពិបាក​នឹង​ទប់ទល់​ជាមួយ​ច្បាប់ និង​ចំណាត់​ការ​របស់​តុលាការ ហើយ​ថា ពួកគេ​គួរតែ​ស្វែង​រក​មេធាវី​ខ្លាំង​ដើម្បី​តតាំង​ក្ដី​នេះ​វិញ។

លោក​បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ថា ជា​ការ​តស៊ូ​មតិ​ឥត​ប្រយោជន៍៖ «បើ​ហៅ​ថា ការ​យល់​ឃើញ និង​ការ​តស៊ូ​មតិ​ដែល​មាន​និន្នាការ​នយោបាយ​ច្រើន​ជា​ជាង​ការ​តតាំង​ការពារ​ផលប្រយោជន៍​ការងារ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​តាមរយៈ​អង្គហេតុ​និង​អង្គច្បាប់​នៅ​ក្នុង​តុលាការ»។

​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បាន​សម្រេច​ចោទ​ប្រកាន់​លោក ប៉ា ងួនទៀង ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និង​លោក មឿន តុលា ពី​បទ​រំលោភ​ទំនុក​ចិត្ត តាម​បណ្ដឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ដែល​គ្មាន​ជាប់​សាច់​ញាតិ​របស់​លោក កែម ឡី បន្តិច​សោះ បាន​ចោទ​អតីត​សមាជិក​គណៈកម្មការ​ទាំ​ង​៣ ថា បាន​លួច​បន្លំ​មូលនិធិ​ក្នុង​ពិធីបុណ្យ។ អ្នក​ទាំង​បី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ប្រាក់​រហូត​ដល់ ៦​លាន​រៀល។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​បន្ត​ថា បន្ទាប់ពី​ផ្ទៀងផ្ទាត់​ជាមួយ​គ្រួសារ​សព​បណ្ឌិត កែម ឡី ដែល​បាន​ច្រាន​ចោល​បណ្ដឹង​នេះ និង​បញ្ជាក់​ថា អតីត​គណៈកម្មការ​មិន​បាន​គ្រប់គ្រង​មូលនិធិ​ទេ ហើយ​ការ​ចោទ​ប្រកាន់​នេះ​ជា​ចរិត​នយោបាយ។ សំណុំ​រឿង​នេះ គឺ​ជា​ការ​បង្ក្រាប​លើ​សំឡេង​ជំទាស់ និង​ការងារ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដូចជា ការ​ផ្អាក​សកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ការ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​​បញ្ជី ការ​ដាក់​ទោស​បែប​នយោបាយ​ទៅ​លើ​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី សកម្មជន​មាតា​ធម្មជាតិ លោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុណឌី ព្រមទាំង​ការ​បិទ​ទាំង​បង្ខំ​នៃ​សារព័ត៌មាន​ឯករាជ្យ រួម​មាន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ការិយាល័យ​វិទ្យុ​អាស៊ីសេរី នៅ​កម្ពុជា ហើយ​ចាប់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ២​រូប គឺ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​អាច​ដំណើរការ​ទៅ​មុខ​ដោយ​គ្មាន​ការ​រឹតត្បិត និង​យាយី៕

No comments: