Tuesday, 16 January 2018
របាយការណ៍ Freedom House៖ លទ្ធិប្រជាធិបតេយ្យលើពិភពលោករួមទាំងកម្ពុជាផង កំពុងជួបវិបត្តិ
16 មករា 2018
សាយ មុន្នី
voa
រូបឯកសារ៖ ប៉ូលិសបង្ក្រាបកុប្បកម្មយាមនៅកន្លែងបិទផ្លូវមួយកន្លែងនៅមុខតុលាការកំពូលក្នុងរាជធានីភ្នំពេញ ខណៈតុលាការកំពូលបើកសវនាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
វ៉ាស៊ីនតោន —
ខណៈដែលលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ ត្រូវបានគេមើលឃើញថា «កំពុងតែសឹករិចរិលក្នុងល្បឿនយ៉ាងលឿន»នោះ រដ្ឋាភិបាលជាច្រើនដែលមានលក្ខណៈសង្កត់សង្កិននៅជុំវិញពិភពលោករួមទាំងកម្ពុជាផង កំពុងបង្កើនកម្លាំង ក្នុងការគាបសង្កត់ក្រុមប្រឆាំង ដោយការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង និងការចាប់អ្នកកាសែតឬអ្នករិះគន់រដ្ឋាភិបាល ដាក់ពន្ធនាគារជាដើម។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Freedom House ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែមករានេះ។
របាយការណ៍ដែលមានចំណងជើងថា «សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨៖ លទ្ធិប្រជាធិបតេយ្យកំពុងជួបវិបត្តិ» ឬ Freedom in the World 2018: Democracy in Crisis បានបង្ហាញថា ឆ្នាំ២០១៧ គឺជាឆ្នាំទី១២ហើយ ដែលសេរីភាពនៅជុំវិញពិភពលោក បានធ្លាក់ចុះជាប់ៗគ្នារហូតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ ក្នុងនោះ ប្រទេសចំនួន៧១រួមទាំងកម្ពុជាផង ក្នុងចំណោមប្រទេស១៩៥នៅលើពិភពលោក បានទទួលរងការធ្លាក់ចុះនូវសិទ្ធិនយោបាយនិងសេរីភាពរបស់ពលរដ្ឋ ហើយប្រទេសតែ៣៥ប៉ុណ្ណោះ ដែលមានការកើនឡើងខាងសិទ្ធិសេរីភាពនេះ។
លោក Michael J. Abramowitz នាយកអង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានចេញផ្សាយទន្ទឹមពេលគ្នានឹងការចេញផ្សាយរបាយការណ៍ថ្មីនេះថា៖
«លទ្ធិប្រជាធិបតេយ្យ កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ គោលការណ៍មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ ដូចជាការធានាឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ការធានាឲ្យមានសេរីភាពសារព័ត៌មាន និងនីតិរដ្ឋនោះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងក្លានៅជុំវិញពិភពលោក»។
លោក Michael Abramowitz ប្រធានអង្គការ Freedom House នៅក្នុងរដ្ឋធានីវ៉ាស៊ីន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)
របាយការណ៍ថ្មីនេះ បង្ហាញថា ការធ្លាក់ចុះសិទ្ធិនយោបាយនិងសេរីភាពពលរដ្ឋរបស់ប្រទេសកម្ពុជា គឺដោយសារការបង្ក្រាបលើសំឡេងប្រឆាំង រួមទាំងការរំលាយគណបក្សជំទាស់ដ៏សំខាន់និងការចោទប្រកាន់មេដឹកនាំគណបក្សនេះ ពីបទក្បត់ជាតិផងដែរ។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនិងជាគូប្រជែងយ៉ាងប្រកៀកប្រកិតបំផុតជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការកំពូល ដែលរបាយការណ៍ថ្មីនេះ ពិពណ៌នាថាមានលក្ខណៈនយោបាយនោះ រំលាយចោលកាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំមុន ក្រោយពីមេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែន នោះលោក កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
របាយការណ៍នេះក៏បានគូសបញ្ជាក់ដែរថា លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោករួមទាំងកម្ពុជាផងនេះ បានធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដោយសារមានការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីតួនាទីដឹកនាំរបស់ខ្លួន ក្នុងការការពារនិងលើកស្ទួយសេរីភាពសារព័ត៌មាននិងនីតិរដ្ឋ។
នាយកអង្គការ Freedom House គឺលោក Michael J. Abramowitz ថ្លែងថា ៖
«ការវិវត្តដ៏ធំមួយនៅឆ្នាំ២០១៧គឺការដកថយរបស់សហរដ្ឋអាមេរិក ក្នុងនាមជាជើងឯកនិងជាគំរូខាងលទ្ធិប្រជាធិបតេយ្យ»។
លោក Michael J. Abramowitz ថ្លែងបន្តថា៖
«ការដកខ្លួនយ៉ាងអន្ទះសារបស់សហរដ្ឋអាមេរិក ចេញពីការប្ដេជ្ញាចិត្តជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្រៅប្រទេសនេះ បានធ្វើឲ្យមានការប្រឈម ដោយបានធ្វើឲ្យរបបផ្ដាច់ការទាំងឡាយ កាន់តែមានអំណាចឡើង និងមានលក្ខណៈគំរាមកំហែងកាន់តែខ្លាំង»។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមានចំនួនតិចតួចនៅកម្ពុជា រួមទាំងកាសែតThe Cambodia Daily និងការិយាល័យព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំនៅរាជធានីភ្នំពេញ ត្រូវបង្ខំចិត្តបិទទ្វារ លែងដំណើរការ ហើយស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ក៏លែងហ៊ានផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរីនិង VOA ដោយសារតែការចាត់វិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល។
កម្រងរូបភាព៖ ថ្ងៃធ្វើការចុងក្រោយនៃកាសែត The Cambodia Daily
ក្រុមសង្គមស៊ីវិលឬអង្គការក្រៅរដ្ឋាភិបាលដែលហ៊ានទិតៀនឬរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ក៏ត្រូវស្ថិតក្រោមការឃ្លាំមើលនិងរឹតត្បិតសកម្មភាព ដោយពួកគេស្ទើរតែមិនហ៊ានសូម្បីតែធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយអំពីការរឹតត្បិតនេះ ដោយសារការបារម្ភពីលទ្ធភាពនៃការបិទស្ថាប័នរបស់ខ្លួនឬសុវត្ថិភាពផ្ទាល់ខ្លួន។
លោក សៀ ភារម្យ នាយកប្រតិបត្តិនៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយបារម្ភអំពីការចាប់ខ្លួនជាយថាហេតុណាមួយពីសំណាក់អាជ្ញាធរកម្ពុជានោះ បានថ្លែងប្រាប់ VOA ថា របាយការណ៍របស់អង្គការ Freedom House នេះ ពិតជាបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
«ក្នុងកាលៈទេសៈដែលប្រធានាធិបតីអាមេរិក មិនបានគិតគូរពីបញ្ហាក្រៅអាមេរិកនេះ ធ្វើឲ្យលោក ហ៊ុន សែន ឆ្លៀតឱកាស នៅពេលដែលគាត់ឃើញប្រជាប្រិយភាពនៃគណបក្សកាន់អំណាចរបស់គាត់ កាន់តែធ្លាក់ចុះ មិនអាចយកឈ្នះគណបក្សដៃគូរបស់គាត់គឺគណបក្សសង្គ្រោះជាតិ អញ្ចឹងគាត់ប្រើប្រាស់ប្រព័ន្ធច្បាប់ ដែលជាប្រព័ន្ធយុត្តិធម៌មួយ ដែលគ្រាន់តែជាស្ថាប័នប្រថាប់ត្រា ឲ្យគាត់ធ្វើបានតាមអំពើចិត្តដូចជាការកែប្រែរដ្ឋធម្មនុញ្ញតាមអំពើចិត្តដោយមិនបានគិតគូរអំពីឆន្ទៈរបស់អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ»។
ប៉ុន្តែលោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា លោកហាក់មិនចាប់អារម្មណ៍ ហើយក៏មិនចាំបាច់មើលរបាយការណ៍របស់អង្គការ Freedom House នេះដែរ។
«ខ្ញុំមិនបាច់មើលទេ ខ្ញុំសន្និដ្ឋានដឹងហើយ ពីព្រោះការវាយតម្លៃពីខាងក្រៅក៏ដោយ ទាំងអ្នកវិភាគខាងក្នុងប្រទេសក៏ដោយ ខ្ញុំយល់ថា មិនផ្អែកលើគោលការណ៍ច្បាប់និងគោលការណ៍លទ្ធិប្រជាធិបតេយ្យទេ។ ទោះជាគាត់ថាគាត់ហ្នឹងឯករាជ្យ ប៉ុន្តែការវិភាគហ្នឹង វាអត់ឯករាជ្យ ពីព្រោះគាត់លម្អៀងទៅខាងនយោបាយ។ អញ្ចឹង យើងមិនអាចយកជាការបានទេ តែយើងមិនគិតទេ ទោះគាត់និយាយយ៉ាងម៉េច អាហ្នឹងជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់គាត់ ប៉ុន្តែមិនបានផ្សារភ្ជាប់នឹងតថភាពសង្គមការពិតជាក់ស្ដែងដែលកើតឡើងនៅកម្ពុជានោះទេបាទ»។
តែទោះជាយ៉ាងនេះក្តី លោកស្រី មូរ សុខហួរ តំណាងរាស្ត្រនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលក្នុងប្រទេសកម្ពុជា បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ VOA ដែរថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា កំពុងតែត្រដរខ្យល់ ដែលទាមទារឲ្យមានការជួយសង្គ្រោះជាបន្ទាន់។
«អ្វីដែលហៅថាស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពសង្គម ស្ថិរភាពនយោបាយហ្នឹង វាមិនមែនជាការពិត។ ការរំលោភបំពានទៅលើប្រជាពលរដ្ឋយើងធ្ងន់ធ្ងរទៅៗដូចសព្វថ្ងៃនេះ ដូចការសម្លាប់ប្រជាធិបតេយ្យ។ ធំណាស់ រឿងនេះ គឺត្រូវតែដោះស្រាយបញ្ហានយោបាយ បញ្ហាដែលពាក់ព័ន្ធជាមួយសិទ្ធិមនុស្ស ពាក់ព័ន្ធជាមួយនឹងលទ្ធិប្រជាធិបតេយ្យ»។
របាយការណ៍ថ្មីរបស់អង្គការ Freedom House នេះ ក៏បានរិះគន់ខ្លាំងៗ ទៅលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងគោលនយោបាយ«អាមេរិកាំងមុនគេ» ឬ America First របស់លោកផងដែរ ដោយបានលើកឡើងថា មេដឹកនាំអាមេរិកាំងរូបនេះ បានសម្ដែងអារម្មណ៍ស្ងើចសរសើរ និងថែមទាំងសម្ដែងមិត្តភាពផ្ទាល់ខ្លួន ចំពោះមេដឹកនាំផ្ដាច់ការនិងបុរសខ្លាំង ដែលគួរឲ្យស្អប់ខ្ពើមបំផុតមួយចំនួនលើពិភពលោកទៀតផង។
របាយការណ៍ បានលើកឧទាហរណ៍ចំៗ ពាក់ព័ន្ធនឹងការខកខានរបស់លោកដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីមុខជំនួញរបស់លោក ក្រោយពីលោក បានឈ្នះការបោះឆ្នោតនិងចូលកាន់តំណែងប្រធានាធិបតីហើយនោះ។ ផ្ទុយទៅវិញ របាយការណ៍ បានគូសបញ្ជាក់ថា លោក ត្រាំ ថែមទាំងនាំសមាជិកក្រុមគ្រួសាររបស់លោក មកធ្វើជាទីប្រឹក្សាជាន់ខ្ពស់ និងតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនដែលគេដឹងថាមានទំនាស់ផលប្រយោជន៍នៅក្នុងការបំពេញតួនាទីក្នុងរដ្ឋការរបស់លោកថែមទៀតផង។
របាយការណ៍ដដែល បានរៀបរាប់ថា របបអត្តាធិបតេយ្យឬរបបដែលមានមេដឹកនាំយកខ្លួនឯងជាធំ បានដាក់ចេញវិធានការនានាតាមតែចិត្តនឹកឃើញ ទៅលើពលរដ្ឋរបស់ខ្លួន ប៉ុន្តែ ពួកមេដឹកនាំទាំងនេះ មិនខ្ចីអើពើទៅលើបម្រាបមកលើខ្លួនឯងនោះទេ។
លោក Michael J. Abramowitz ថ្លែងថា៖
«របបអត្តាធិបតេយ្យដែលនាំមុខគេនៅលើពិភពលោកគឺ ចិន និងរុស្សី បានឆក់យកឱកាសនេះ មិនត្រឹមតែ ដើម្បីបង្កើនការសង្កត់សង្កិនលើក្រុមប្រឆាំងតែក្នុងប្រទេសរបស់ពួកគេប៉ុណ្ណោះទេ តែថែមទាំងចម្លងឥទ្ធិពលដ៏គ្រោះថ្នាក់នេះ ទៅកាន់ប្រទេសដទៃទៀតថែមទៀតផង ដែលប្រទេសទាំងនោះ កំពុងតែយកគំរូតាមអាកប្បកិរិយារបស់ពួកគេ និងមាក់ងាយលទ្ធិប្រជាធិបតេយ្យ»។
នាយកអង្គការ Freedom House រូបនេះដដែល ក៏បានដកស្រង់សម្ដីមួយឃ្លារបស់ប្រធានាធិបតីចិន លោក ហ្សី ជីងពីង ដែលបានប្រកាសថា ប្រទេសចិន «កំពុងតែក្រាលថ្នាលថ្មីមួយ» ឲ្យប្រទេសកំពុងអភិវឌ្ឍ ដើរតាម។
លោក Michael J. Abramowitz មានប្រសាសន៍ថា៖
«នោះគឺជាមាគ៌ា ដែលរួមបញ្ចូលទាំងតុលាការដែលទទួលរងឥទ្ធិពលនយោបាយ ការមិនអត់អោនឲ្យសំឡេងប្រឆាំង និងការកំណត់លទ្ធផលបោះឆ្នោតរួចជាស្រេចជាដើម»។
ប៉ុន្តែ លោក សុខ ឥសាន មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានចម្លងតាមគំរូប្រទេសណាមួយទេ ដោយអះអាងថាវាមានលក្ខណៈពិសេសដាច់ដោយឡែកពីគេ។
«ខ្ញុំយល់ថា លទ្ធិប្រជាធិបតេយ្យ មានចំណុចពិសេសដោយឡែកៗពីគ្នានៅបណ្ដាប្រទេសនានាជុំវិញពិភពលោក មិនអាចប្រទេសណាមួយយកគំរូតាមប្រទេសណាមួយទេ អញ្ចឹង កម្ពុជានេះ អត់មានយកគំរូតាមប្រទេសអាមេរិកឬមួយប្រទេសណាមួយផ្សេងទៀត ទោះបីថា គេមានលទ្ធិប្រជាធិបតេយ្យនោះ វាទូលំទូលាយ ឬមួយតូចចង្អៀតយ៉ាងម៉េច គឺថាអត់មានពាក់ព័ន្ធនឹងរឿងកម្ពុជាទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បន្ថែមថា លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក៏មិនបានធ្លាក់ចុះឬថាដើរថយក្រោយក៏ទេដែរ តែផ្ទុយទៅវិញ លោកថា វាកំពុងត្រូវបានលើកកម្ពស់និងបន្តនិរន្តរភាព ប្រកបដោយសុខសន្តិភាពនិងស្ថិរភាព។
ចំណែក មន្ត្រីសេតវិមានក្រោមរដ្ឋការលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើងកន្លងមកដែរថា សហរដ្ឋអាមេរិក នៅតែប្ដេជ្ញាចិត្តក្នុងការការពារនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅជុំវិញពិភពលោក ទោះបីជារបាយការណ៍របស់អង្គការ Freedom Houseថ្មីនេះ ហាក់មិនបានមើលឃើញសកម្មភាពជាក់ស្ដែងដូចការលើកឡើងនេះទេក៏ដោយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment