Saturday, 17 February 2018

ចលនា​សង្គ្រោះ​ជាតិ​ប្រកាស​ឲ្យ​ពលរដ្ឋ​ឈប់​ទិញ​ទឹក​សុទ្ធ​វីតាល់​និង​ទំនិញ​ផ្សេងៗ​ទៀត


ដោយ ទីន ហ្សាការីយ៉ា
2018-02-16  
rfa
ពី​ឆ្វេង៖ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និង​អ្នកស្រី មូរ សុខហួរ ក្នុង​កិច្ច​ពិភាក្សា​អំពី​ការ​បង្កើត​ទស្សនវិស័យ និង​គោល​ដៅ​ចលនា​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៨។
ពី​ឆ្វេង៖ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និង​អ្នកស្រី មូរ សុខហួរ ក្នុង​កិច្ច​ពិភាក្សា​អំពី​ការ​បង្កើត​ទស្សនវិស័យ និង​គោល​ដៅ​ចលនា​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៨។
Photo courtesy of Sam Rainsy Facebook's page



ខណៈ​ដែល​របប​ក្រុង​ភ្នំពេញ កំពុង​រិះរក​វិធី​ប្ដឹង និង​ស្វះស្វែង​បង្ក្រាប​ចលនា​សង្គ្រោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង​ដោយ លោក សម រង្ស៊ី ​ចលនា​នេះ​ក៏​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ជា​លើក​ទី​មួយ​របស់​ខ្លួន​ដែរ នោះ​គឺ​ការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ទិញ​ទឹក​សុទ្ធ​ម៉ាក វីតាល់ (Vital) និង​មុខ​ទំនិញ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ប្រើប្រាស់ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ។


ចលនា​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ទឹក​សុទ្ធ​វីតាល់ និង​ផលិតផល​ជា​ច្រើន​ទៀត​ដែល​ជា​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី និង​បក្ខពួក ជា​ក្រុម​ដែល​បំផ្លាញ​លទ្ធិប្រធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា ទឹក​សុទ្ធ​វីតាល់ នេះ ជា​ទឹក​ជ្រោះ​ទឹក​ភ្នែក។

នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​រៀបរាប់​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​រងគ្រោះ​នៅ​តំបន់​បឹងកក់ តាម​រយៈ​បទ​ចំរៀង​នោះ មាន​ខ្លឹមសារ​ថា ក្រុមហ៊ុន​វីតាល់ ជា​ក្រុមហ៊ុន​ដែល​កើត​ចេញ​ពី​ត្រកូល​អ្នក​មាន​អំណាច​ផ្ដាច់ការ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ជា​ក្រុមហ៊ុន​ដែល​បាន​ច្រោះ​បឺត​ទឹក​ភ្នែក​បងប្អូន​បឹងកក់ និង​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​បងប្អូន​បឹងកក់ ជាដើម។

អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ជា​សមាជិក​ចលនា​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ ហើយ​ម្ចាស់​ក្រុមហ៊ុន​ដែល​ចូល​រួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នោះ មិន​មែន​មាន​តែ​ក្រុមហ៊ុន​វីតាល់​នេះ​មួយ​ទេ គឺ​នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​ខាង​ចលនា​សង្គ្រោះ​ជាតិ នឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ផលិត​ទាំង​នោះ​នៅ​សប្ដាហ៍​ក្រោយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ សារព័ត៌មាន​ដែល​ជា​ឧបករណ៍​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​នីតិវិធី​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ចលនា​សង្គ្រោះ​ជាតិ មួយ​ចំនួន​ពី​បទ​ក្បត់​ជាតិ ក្នុង​នោះ​មាន​លោក សម រង្ស៊ី ជា​ប្រធាន លោក សុខា លី ជា​អនុ​ប្រធាន លោក រី គា ជា​អគ្គលេខាធិការ លោក អូន ឈឹម លោក សៀ ភារម្យ លោក សូរី ប៉ុន និង​មន្ត្រី​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​រួម​មាន អ្នកស្រី ជូឡុង សូមូរ៉ា លោក ហូរ វ៉ាន់ លោក តុប វ៉ាន់ចាន់ និង​លោក នុត រំដួល។

ឆ្លើយ​តប​នឹង​ការ​ប្ដឹង​ផ្ដល់​នេះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ នេះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក អេង ឆៃអ៊ាង អះអាង​ថា របប​របស់​លោក ហ៊ុន សែន កំពុង​តែ​ភ័យព្រួយ និង​ខ្លាច​ស្រមោល​ខ្លួន​ឯង ដែល​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​នូវ​ទង្វើ​អាក្រក់ ដែល​បំផ្លាញ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម៕

No comments: