Saturday 10 February 2018

សកម្មជន​បក្ស​ប្រឆាំង​មិន​ទាន់​ជឿ​ថា​រដ្ឋាភិបាល​មាន​បំណង​ជួយ​គណបក្ស​នយោបាយ


ដោយ វ៉ែន សុមេធ
2018-02-09 

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
 RFA



មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​មន្ទិល​សង្ស័យ​ថា ការ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង  បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ច្បាប់​ដើម្បី​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​នោះ គ្រាន់​តែ​ជា​លេស​បន្លំ​ភ្នែក​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែប៉ុណ្ណោះ ព្រោះ​​ថា គណបក្ស​កាន់​អំណាច​បាន​រំលាយ​គណបក្ស​ប្រឆាំង​មាន​អ្នក​គាំទ្រ​ជាង​ពាក់កណ្ដាល​ប្រទេស​ដែល​ជា​គូប្រកួត​នោះ​រួច​ទៅ​ហើយ គឺ​នៅ​សល់​តែ​គណបក្ស​រណប​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។



សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង មិន​ទាន់​ជឿជាក់​ថា រដ្ឋាភិបាល​មាន​បំណង​ជួយ​គណបក្ស​នយោបាយ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​នឹង​គណបក្ស​កាន់​អំណាច​នោះ​ទេ។ ប្រតិកម្ម​បែប​នេះ​របស់​គណបក្ស​នយោបាយ ដោយសារ​តែ​លោក ស ខេង  បញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​ច្បាប់​ដើម្បី​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា និង​បោះឆ្នោត​សកល​ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​បទបញ្ជា​របស់​លោក ស ខេង ឲ្យ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំង​អស់​ត្រូវ​ជួយ​សម្រួល​ដល់​គណបក្ស​នយោបាយ គ្រាន់​តែ​ជា​លេស​បន្លំ​ភ្នែក​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រោះ​គណបក្ស​កាន់​អំណាច​បាន​សម្លាប់​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះ​ឆ្នោត​បាត់​ទៅ​ហើយ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បច្ចុប្បន្ន​កំពុង​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ឆាកល្ខោន​ដែល​រៀបចំ​ដោយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ មិន​អាច​បោក​បញ្ឆោត​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បាន​ឡើយ៖ «ខ្ញុំ​សរុប​មក​វិញ​ថា​ការ​បង្កើត​បទបញ្ជា​នេះ​គ្រាន់​តែ​ជា​លេស​មួយ​ទេ​ដើម្បី​ឲ្យ​គេ​មើល​ពី​ក្រៅ​ទៅ​ថា​ល្អ មាន​លំហ​សេរីភាព»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន អាជ្ញាធរ​តែងតែ​ធ្វើ​ការ​រារាំង និង​បង្ក្រាប​រាល់​សកម្មភាព​របស់​គណបក្ស​រួម​មាន ការ​ជួបជុំ​នៅ​ទី​សាធារណៈ លើក​ស្លាក និង​ការ​ចុះ​ជួប​ពលរដ្ឋ​មិន​មាន​ភាព​ងាយ​ស្រួល​ឡើយ។

​ចំណែក​អនុ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន ប្រាប់​អាស៊ីសេរី​ថា បើ​ការ​អនុវត្ត​របស់​អាជ្ញាធរ​ដូច​ទៅ​នឹង​លិខិត​របស់​លោក ស ខេង គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​លោក​ថា កន្លង​មក​គណបក្ស​របស់​លោក​មិន​បាន​ធ្វើ​សកម្មភាព​ដោយ​ងាយ​ស្រួល​ឡើយ។ លោក សាម ស៊ុនឌឿន ថា លោក​នឹង​តាម​មើល​ការ​អនុវត្ត​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​ចំពោះ​បទបញ្ជា​របស់​លោក ស ខេង នេះ៖ «ខ្ញុំ​ចាំ​មើល​សិន មើល​ចាំ​មើល​ការ​អនុវត្ត អនុវត្ត​ថា​ដូច​ធ្វើ​ទេ បើ​ធ្វើ​មិន​ដូច​ថា គឺ​អស់​ហើយ បាត់​ហើយ គ្មាន​ប្រជាធិបតេយ្យ​អី​ទៀត​ទេ»។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​គូប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​រដ្ឋាភិបាល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន ព្រួយ​បារម្ភ​ពី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង៕

No comments: