Wednesday, 14 February 2018

គ.ជ.ប.​បញ្ជាក់​ពី​ឯករាជ្យភាព​របស់​ខ្លួន​​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​​ព្រឹទ្ធ​សភា​​ដ៏​ចម្រូង​ចម្រាស


14 កុម្ភៈ 2018
ហ៊ុល រស្មី
រូបឯកសារ៖ លោក​ រ៉ុង ឈុន ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​​ចាកចេញ​ពី​​ការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​ រ៉ុង ឈុន ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​​ចាកចេញ​ពី​​ការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)



នៅ​ពេល​ពលរដ្ឋ​ព្រងើយ​កន្តើយ​នឹង​​ការ​បោះឆ្នោត​​​ព្រឹទ្ធ​សភា​​ដ៏​ចម្រូង​ចម្រាស ​ដែល​គេ​យល់​មិន​មាន​ប្រជា​ធិបតេយ្យ​​នោះ​ ​គ.ជ.ប.​ប្រកាស​ថា ​ខ្លួន​​ឯករាជ្យ ​​ធ្វើការងារ​​តាម​ច្បាប់​កំណត់​ ហើយ​​គ្មាន​នរណា​​អាច​ជ្រៀត​ជ្រែក​កិច្ចការ​របស់​ខ្លួន​បាន​ឡើយ។


ភ្នំពេញ —

គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោតហៅកាត់​ថា គ.ជ.ប.​បាន​ប្រកាស​ពី​ឯករាជ្យភាព​នៅ​ក្នុង​កិច្ច​ការ​រៀបចំការ​បោះឆ្នោត​ ​នៅ​ពេល​មាន​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធ​សភា​សម្រាប់​នីតិកាល​ទី​៤ ​ដែល​មិន​បាន​ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់សាធារណ​ជន​ខ្មែរ​ទូទៅ​ ​ ហើយ​និង​រងការ​រិះគន់​ថា​ គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​មាន​ភាព​ជា​តំណាងធ្វើ​ជា​អង្គ​បោះ​ឆ្នោតជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា។​



ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់គ.ជ.ប.​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃទី​១២ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨ ក្នុង​ន័យ​ដើម​ថា៖​

«គ.ជ.ប.​ជា​អង្គការ​ដែល​មាន​សមត្ថ​កិច្ច​រៀបចំ​ ​ចាត់​ចែង​ គ្រប់គ្រង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​ព្រមទាំង​ការ​បោះឆ្នោត​ផ្សេងៗ​ទៀត​តាម​ការ​កំណត់​នៃ​ច្បាប់។ គ.ជ.ប.​ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ​ និង​អព្យាក្រឹត្យ​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​ ស្របតាម​គោល​ការណ៍​នៃលទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុ​បក្ស»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ.ជ.ប.មិន​បានផ្តល់​ហេតុផល​លម្អិត​នៃ​ការ​ចេញ​មក​ការ​ពារភាព​ជា​អាជ្ញា​កណ្តាល​របស់​ខ្លួន​នោះ​ទេ។​ តែការ​ថ្លែង​របស់​គ.ជ.ប.​យ៉ាង​ដូច្នេះ​ ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​តាម​បណ្តឹង​ក្រសួង​មហាផ្ទៃ​ បាន​ប្រកាសមិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ជ្រើស​រើស​ព្រឹទ្ធ​សភា​នេះ។​

អ្នក​ស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួននៅ​ក្រៅ​ប្រទេស​បាន​ហៅ​ដំណើរការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ ដោយ​គ្មាន​គណបក្ស​ប្រឆាំងថា​ ជា​រឿង​ការបោះឆ្នោត«ឡប់​ឡែ»។

សេចក្តី​ថ្លែងការណ៍​របស់​គ.ជ.ប.​បាន​ពន្យល់​ទៀត​ថា​ ​មាន​តែក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ​ ដែល​មាន​សមត្ថ​កិច្ច​ធានា ការ​ពារ​ ការ​គោរព​រដ្ឋ​ធម្មនុញ្ញ​ ការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ថា គ.ជ.ប.​មិន​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ផ្ទុយ​នឹង​ច្បាប់​ ដែល​នេះ​ជា​ត្រី​វិស័យ​តែមួយ​គត់​ ដែល​ ​គ.ជ.ប.​ត្រូវ​តែ​អនុវត្ត​ជា​ដាច់​ខាត។ គ.ជ.ប.​ទទួល​ស្គាល់​ថា​ ជា​ភាគី​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ ​ លុះត្រាតែភាគីនោះ សង្គម​ស៊ីវិល​នោះ​ ឬ​គណបក្ស​នយោបាយ​នោះដំណើរ​ការស្រប​តាម​ច្បាប់​ប៉ុណ្ណោះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គ.ជ.ប.​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​អាចធានា​បាន​នូវ​ភាពត្រឹមត្រូវ​តាម​គន្លង​ច្បាប់​ និង​ភាពអាច​ឲ្យ​ជឿទុកចិត្ត​បាន​ចំពោះការ​បោះឆ្នោត​ ​គ.ជ.ប.​ត្រូវ​អនុវត្ត​គោល​ការណ៍​ជាមូលដ្ឋាន​ចំនួន​៧គឺ៖​ ឯករាជ្យភាព​ ​អព្យា​ក្រឹត្យ​ភាព​ សុចរិត​ភាព​ ​តម្លាភាព ​ប្រសិទ្ធភាព​ ​វិជ្ជាជីវៈភាព​ ​និង​ភាព​ជាអ្នក​បម្រើ​សេវា»។​

លោក រ៉ុង ឈុន​ អតីត​សមាជិក​ គ.ជ.ប.​ មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​ មាន​ប្រសាសន៍​ថា​ គ​.ជ.ប.​កំពុង​បារម្ភពី​ការ​ទស្សនៈ​របស់​មជ្ឈដ្ឋាន​ទូទៅទាក់​ទិន​សកម្ម​ភាព​ការងារ​របស់​ខ្លួន​ ទើប​គ.ជ.ប.​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដែល​មិន​គួរ​ធ្វើឡើង​នេះ។

«ដូច​មិនមាន​ជា​ហេតុផល​អី​ ដែល​ត្រូវ​ប្រកាស​ ចេញ​សេចក្តី​ថ្លែង​ការណ៍​ប្រកាស​អះអាង​អំពី​ជំហអី​ហ្នឹង​ទេ។​ ​ការ​ប្រកាស​អះអាង​ បង្ហាញ​ថា ជំហរ​ខិតខំ​ធ្វើការ​ងារ​ហ្នឹង​ ដោយ​សារ​តែ​មាន​ការ​រអៀសខ្លួន​ ដែល​មជ្ឈដ្ឋាន​ទូទៅ​ គេ​វាយ​តម្លៃ​ ​មើល​ទៅ​វាមិន​ល្អ។ អាហ្នឹង​ជាការ​ប្រកាស​ ដើម្បី​ថា​ ការពារ​ខ្លួន​ ហើយ​និង​រអៀស​ខ្លួន​ឯង​ទេ បាទ»។​

លោក​រ៉ុង ឈុន​ ​ដែល​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​បាន​ថ្លែង​បន្ថែម​ថា​ ដំណើរ​ការ​រៀបចំ​បោះឆ្នោត​ជ្រើស​រើស​ព្រឹទ្ធ​សភា​នេះ​នឹង​មិន​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ក្រុម​អ្នក​នយោបាយ​ ​និង​ប្រជា​ពល​រដ្ឋ​នោះទេ​ ព្រោះ​ស្ថាប័ន​មួយ​នេះ​បាន​បាត់​បង់​ធាតុដើម​របស់​ខ្លួន​ ​ហើយ​ក៏​កំពុង​ចាត់​ចែង​ទីលាន​ប្រកួត​បាល់​ទាត់​មួយ​ ដែល​មាន​តែ​ក្រុមបាល់​ទាត់​ម្ខាង​ប៉ុណ្ណោះ។​

«ក្រុម​កីឡាបាល់​ទាត់ ​វា​ទាត់​ ​ទាល់តែវា​មាន​ក្រុម​ហ្នឹង វា​មាន​ពីរ​ក្រុម​ ​ហើយ​កម្លាំង​ ប្រហាក់​ប្រហែល​គ្នា​ ហើយ​បើ​សិន ​យើង ​បាល់​ទាត់យើង​ទាត់​តែ​ក្រុម​គ្នា​យើង​ តែ​មួយ​ក្រុម​ហ្នឹង​ ​អាហ្នឹង​អ្នក​ទស្សនា​មិន​ទៅ​ចាប់​អារម្មណ៍​ទេ​បាទ»។​

យ៉ាង​ណាក៏ដោយ​ ​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប.​បាន​រៀបរាប់​ថា​ «គ្មាននរណាមា្នក់​មាន​សិទ្ធិមក​រារាំង​ការ​ងារ​របស់​គ.ជ.ប.​បាន​ទេ​ ជា​ពិសេស​ គ.ជ.ប.​កំពុង​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តំាង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី៤​ ឆ្នាំ​២០១៨»។​

លោក​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec ​យល់​ថា​ ការ​បោះឆ្នោតជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភាដែល​កំពុង​ប្រព្រឹត្ត​ទៅមុខ​នេះ​ ​មិនមាន​បញ្ហា​អ្វីទេ​ ទាក់​ទិន​នីតិវិធី តែ​បេក្ខជន​ និង​បេក្ខ​នារី​ដែល​ឈរ​ឈ្មោះ​ទំនង​ជា​ប្រឈម​ការ​ចោទ​សួរ​អំពី​ភាព​ជា​តំណាង​របស់​ខ្លួន​ ​ខណៈដែល​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង។​

«ចាំ​មើល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ ប្រជា​ពលរដ្ឋ​ហ្នឹងអាច​មាន​ការ​សាក​សួរ​រឿង​បញ្ហា​ រឿង​មិនមែន​ជា​តំណាង​របស់​គាត់។ ​គណបក្ស​ដែលគាត់​បោះឲ្យ​ឆ្នោត​ឲ្យ​កន្លង​មក​ ឬ​យ៉ាង​ម៉េច? ​យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ហ្នឹង​ដែរ​ ព្រោះអី​ តាម​ខ្ញុំ​ទទួលព័ត៌មាន​ខ្លះ​ហ្នឹង​គឺ​ បើ​ទៅតាម​តំបន់​ខេត្តនានាៗ​ហ្នឹង​ គេ​ចង់​ជួប​តំណាង​រាស្ត្រ​ដែល​ទើប​បាន​ទទួល​អាសនៈ​ថ្មី​ដែរ​ ព្រោះ​គេ​ចង់​មានការ​សាកសួរ​ដែរ​ណា បាទ»។​

លោក​ ឌឹម សុវណ្ណារុំ​ អ្នក​នាំពាក្យ​គ.ជ.ប.​សុំ​មិន​ធ្វើការ​អធិប្បាយ​បន្ថែម​លើ​សេច​ក្តីថ្លែង​ការណ៍​របស់​ គ.ជ.ប.​ទេ​ ព្រោះ​លោក​ជាប់​រវល់។​

«ទីមួយ​ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​។ ទីពីរ​ ខ្ញុំ​ចង់​ជម្រាប​ប្អូនថា​ ខ្ញុំ​អត់​មាន​អត្ថាធិប្បាយ​អី​ទៀត​ទេ​ ​ក្រៅតែ​ពី​ខ្លឹម​សារ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​ណា៎!»​

បន្ទាប់​ពី​តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​រហូត​មាន​ការ​បែង​ចែក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ឲ្យ​គណបក្សតូចៗមិន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣​ ​មន្ត្រី​នាំ​ពាក្យ​គ.ជ.ប.​ដែល​ប្រសូតិ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​រក្សា​ភាពស្ងៀម​ស្ងាត់​ និង​មិន​បាន​ផ្តល់​ការ​អធិប្បាយ​ច្រើន​ជុំវិញ​ការ​បែង​ចែក​អាសនៈ​សភា​ដែល​រង​ការ​រិះគន់​ពីក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស។​

ជាង​នេះ​ទៅ​ទៀត​ កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​លោក​ ​គួយ ប៊ុនរឿន ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អនុ​ប្រធាន​គ.ជ.ប.​និង​លោក រ៉ុង ឈុន​ ​ព្រមទាំង​អ្នក​ស្រី តែ ម៉ានីរ៉ុង​ ​ដែល​ជា​អតីត​សមាជិក​គ.ជ.ប.​មក​ពី​កូតា​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សុំ​លា​លែង​ពី​តំណែង។ ពួកគេ​អះអាង​ថា​ ពួក​គេ​មិន​ក្បត់​ឆន្ទៈ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ជាង​បីលាន​នាក់​ដែល​បាន​បោះឆ្នោត​ជូនគណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​បន្ត​បម្រើ​ការ​ក្នុង​ស្ថាប័ន​បោះឆ្នោត​មួយ​នេះតទៅទៀត​នោះ​ទេ៕

No comments: