Sunday 4 February 2018

តើ​លោក កឹម សុខា និង​សកម្មជន​​ជាប់​ឃុំ​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​លោក ហ៊ុន សែន រហូត​ឬ​យ៉ាង​ណា?


ដោយ ទីន ហ្សាការីយ៉ា
2018-02-03 

លោក កឹម សុខា (ជួរ​មុខ​កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ក្បួន​ឃោសនា​​មក​ដល់​ស្ពាន​អាកាស​៧​មករា នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។
លោក កឹម សុខា (ជួរ​មុខ​កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ក្បួន​ឃោសនា​​មក​ដល់​ស្ពាន​អាកាស​៧​មករា នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៧។

Photo: RFA



លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​តួអង្គ​មួយ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យក​មក ធ្វើ​ជា​ដើម​ទុន​នយោបាយ ក្រៅ​ពី​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​ដែក​របស់​លោក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​នោះ។



​មួយ​វិញ​ទៀត ការ​សម្រេច​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នោះ មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ ទោះ​បី​ជា​ក្រុម​មេធាវី​របស់​លោក កឹម សុខា មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​នៅ​ក្នុង​សវនាការ​ដើម្បី​ដោះ​បន្ទុក លោក កឹម សុខា ឲ្យ​មាន​សិទ្ធិ​សេរីភាព​វិញ​ក្ដី បើសិនជា​គ្មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន ជា​មុន​ទេ​នោះ។

តើ​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត កំពុង​ជាប់​ឃុំ​នោះ​នៅ​តែ​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​លោក ហ៊ុន សែន រហូត ឬ​យ៉ាង​ណា?

មនុស្ស​គ្រប់​គ្នា​ស្ទើរ​តែ​ដឹង​ជា​មុន​ហើយ​ថា លោក កឹម សុខា មិន​អាច​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​លោក​បាន​ទេ ទោះបីជា​មេធាវី​របស់​លោក កឹម សុខា នោះ រៀន​បញ្ចប់​សញ្ញាប័ត្រ​ច្បាប់​មក​ពី​សាលា​ល្បីៗ​នៅ​លើ​សាកលលោក​ក៏ដោយ បើសិនជា​តុលាការ​កម្ពុជា មិន​អាច​កាត់ផ្ដាច់​ឥទ្ធិពល​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ​នោះ។

តុលាការ​កម្ពុជា ត្រូវ​បាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ប្រសិទ្ធិនាម​ជូន​ថា ជា​តុលាការ​តេឡេ ពោល​គឺ​បើ​អ្នក​នយោបាយ ឬ​លោក ហ៊ុន សែន បញ្ជា​យ៉ាង​ណា​ហើយ តុលាការ​ត្រូវ​តែ​ស្វះ​ស្វែង​រក​មាត្រា​ច្បាប់​យក​មក​ចោទ​ប្រកាន់​មនុស្ស​ទាំង​នោះ ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ ទោះ​បី​ជា​ការ​ចោទ​ប្រកាន់​សម​ហេតុផល ឬ​មិន​សម​ក្ដី។

មក​ទល់​ពេល​នេះ មាន​មនុស្ស​មិន​តិច​ជាង ៣០​នាក់​ទេ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​នោះ មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តំណាងរាស្ត្រ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី បរិស្ថាន និង​អ្នក​សារព័ត៌មាន​ជាដើម។ អ្នក​ទាំង​នេះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ ព្រម​ទាំង​ប្រទេស​មហាអំណាច​ផង​ហៅ​ថា ជា​អ្នក​រង​គ្រោះ​នយោបាយ។

ជា​ការ​ពិត​ណាស់ សកម្មជន​បក្ស​ប្រឆាំង តំណាងរាស្ត្រ​សកម្មជន​ដីធ្លី បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស រួម​ទាំង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ផង ពួកគាត់​ជា​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ នៅ​ពេល​ស្ថានភាព​នយោបាយ​វិវឌ្ឍ​កាន់​តែ​អាក្រក់។ ដូច​គ្នា​នេះ ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​មិន​ទាន់​រសាយ​បាត់​ពី​ការ​ចង់​ចាំ​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ឡើយ គឺ​កាល​ពី​ឆ្នាំ​២០១៤ ក្រោយ​ពី​​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ តុលាការ​បាន​ចាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ៧​រូប មេដឹកនាំ​សហជីព និង​មាន​ករណី​កងកម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់​កម្មករ និង​របួស​ជា​ច្រើន​នាក់​ទៀត ក្នុង​ពេល​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម។

​លោក ហ៊ុន សែន ហាក់​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ ដើម្បី​ចាប់​មនុស្ស​ទាំង​នេះ​ជា​ចំណាប់​ខ្មាំង​នយោបាយ ហើយ​ពន្លឺ​នៃ​ការ​ដោះលែង​លោក កឹម សុខា វិញ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ ដោយ​យោង​លើ​ស្ថានភាព​ជាក់ស្ដែង​បច្ចុប្បន្ន ពីព្រោះ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា លោក ហ៊ុន សែន ខ្លាច​ចាញ់​ការ​បោះឆ្នោត​ដោយ​លោក​ទាញ​យក​ដៃគូ​ប្រកួត​ដែល​លោក​ធ្លាប់​បាន​លួច​វាយ​កម្ទេច​ពីក្រោយ​ខ្នង​ឲ្យ​បែក​បាក់​ខ្ទេចខ្ទី​អស់​ហើយ​នោះ យក​មក​ធ្វើជា​ដៃគូ​ប្រកួត​វិញ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ផ្សេងៗ​មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នៅ​តែ​រក្សា​ភាព​ខ្លាំង​នៅ​លើ​សង្វៀន​ប្រកួត​គ្មាន​អ្នក​ខ្លាំង​ប្រកួត​ជាមួយ​នោះ។

​នៅ​ទន្ទឹម​នឹង​លោក​វាយ​បំបាក់​គូប្រកួត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក ហ៊ុន សែន ក៏​កំពុង​ភ័យ​ព្រួយ​ពី​ការ​ភ្លាត់ស្នៀត​ដោយ​ប្រការ​ណា​មួយ​ដែរ គឺ​លោក​បាន​បិទ​គ្រប់​ច្រក​ល្ហក​មិន​ឲ្យ​មាន​សកម្មភាព​អ្វី​ទេ ទោះបីជា​ក្រុម​រងគ្រោះ​ដីធ្លី ក្រុម​សិទ្ធិមនុស្ស ក្រុម​បក្ស​ប្រឆាំង​ជាដើម គឺ​រដ្ឋបាល​លោក ហ៊ុន សែន បាន​ទប់ស្កាត់​គ្រប់​សកម្មភាព​មិន​ឲ្យ​មាន​ចលនា​បាតុកម្ម​អ្វី​ឡើយ ក្រោម​ហេតុផល​ចោទ​ប្រកាន់​ក្រុម​ទាំង​នេះ​ថា ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម។ ក្រៅ​ពី​បិទ​ច្រក​មិន​ឲ្យ​ធ្វើ​សកម្មភាព​បាតុកម្ម​នោះ លោក ហ៊ុន សែន ក៏​បិទ​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ចាប់​អ្នក​សារព័ត៌មាន​ទៀត​ផង ដើម្បី​ជា​ការ​គំរាមកំហែង​ស្ថាប័ន​ព័ត៌មាន​ដទៃ​ទៀត។

ម្យ៉ាង​វិញ​ទៀត ថ្វី​ត្បិត​លោក ហ៊ុន សែន ជោគជ័យ​លើ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត​ដាក់​គុក​ហើយ​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន នៅ​តែ​ភ័យ​ព្រួយ​ពី​ចលនា​ណា​មួយ​ផ្ទុះ​ឡើង ពិសេស​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​អាវុធ​ទំនើប​ដើម្បី​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី ដែល​លោក​គិត​ថា ជា​ក្រុម​ឧទ្ទាម ចង់​បង្កើត​តំបន់​អបគមន៍។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​ថា ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ ជា​ការ​ទាមទារ​ដោយ​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​បោះឆ្នោត​វិញ ដោយ​យក​គំរូ​តាម​ការ​តស៊ូ​ដោយ​អហិង្សា​របស់​លោក មហាត្មៈ គន្ធី (Mahatma Gandhi) នៃ​ប្រទេស​ឥណ្ឌា លោក ម៉ាទីន លូធើ ឃីង (Martin Luther King) នៅ​អាមេរិក និង​លោក ណែលសិន ម៉ាន់ដេឡា (Nelson Mandela) នៅ​អាហ្វ្រិក​ខាងត្បូង ដែល​សុទ្ធតែ​ទទួល​បាន​ផល​ជោគជ័យ​ក្នុង​ការ​តស៊ូ​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​ដោយ​អហិង្សា​នោះ។

ដោយ​លោក លោក ហ៊ុន សែន មើល​ឃើញ​ពី​ចលនា​នេះ ថា​នឹង​អាច​កាន់​តែ​រីក​ធំ​ទៅៗ​នៅ​ពេល​ខាង​មុខ​នេះ​ហើយ ទើប​លោក ហ៊ុន សែន មិន​ទុក​ចិត្ត​អ្នក​ដទៃ​ក្នុង​ការ​តែងតាំង​មនុស្ស​ផ្សេង​នៅ​ក្នុង​ជួរ​កងទ័ព ក្រៅ​ពី​តែងតាំង​ក្រុម​គ្រួសារ និង​កូនចៅ​លោក ដូចជា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​តែងតាំង​កូន​ប្រុស​ច្បង​របស់​លោក​គឺ លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​ជា​ច្រើន រួម​មាន​តែងតាំង​ទៅ​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​៣ កាន់​តំណែង​ជា​អគ្គ​មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក ជា​មេបញ្ជាការ​រង​កង​អង្គរក្ស ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ បន្ទាប់​មក លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ទី​ពីរ​របស់​លោក គឺ​លោក​ឧត្ដមសេនីយ៍​ទោ ហ៊ុន ម៉ានិត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយដ្ឋាន​ស្រាវជ្រាវ​ខាង​ផ្នែក​ចារកិច្ច។ នៅ​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​បាន​តែងតាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ពី​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ទោ ទៅ​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​បី នៃ​ក្រសួង​ការពារ​ជាតិ។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង គឺ​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​កូនប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា កូនប្រុស​លោក ហុក ឡងឌី ឱ្យ​ធ្វើ​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ថែម​ទៀត។

សរុប​សេចក្ដី ទោះ​បី​ជា​លោក ហ៊ុន សែន តែងតាំង​កូនចៅ​របស់​ខ្លួន​ឲ្យ​កាន់​កិច្ចការ​ធំៗ និង​តុលាការ​បាន​ប្រកាស​ពី​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងតែង​ដើម្បី​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត​ជា​ចំណាប់​ខ្មាំង​នយោបាយ​ដូច្នេះ​ក្ដី ប៉ុន្តែ​លោក កឹម សុខា រួម​ទាំង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត នឹង​អាច​មាន​សិទ្ធិ​សេរីភាព​វិញ​ភ្លាម បើសិនជា​លោក កឹម សុខា ព្រម​ធ្វើ​តាម​លោក ហ៊ុន សែន ពោល​គឺ​ព្រម​ចេញ​មក​បង្កើត​បក្ស​ថ្មី​ជាមួយ​តំណាងរាស្ត្រ​មួយ​ចំនួន ដែល​លោក សម រង្ស៊ី ធ្លាប់​ចោទ​ថា ជា​មនុស្ស​របស់​លោក ហ៊ុន សែន នោះ ដែល​ជា​យុទ្ធសាស្ត្រ​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី។ នៅ​ពេល​នោះ លោក កឹម សុខា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​នឹង​ត្រូវ​បាន​តុលាការ​របស់​លោក ហ៊ុន សែន នឹង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី ១១៨​រូប​នោះ​ភ្លែត ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​បាន។ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ ទំនង​ជា​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​លោក ហ៊ុន សែន ទេ ព្រោះ​លោក​បាន​ប្រកាស​ហើយ​ថា លោក​សុខ​ចិត្ត​ជាប់​គុក គឺ​មិន​លក់​ឧត្តម​គតិ​របស់​លោក​ឡើយ។

​ទោះបីជា​យ៉ាង​នេះ​ក្ដី លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែលជា​មិន​​អស់​សង្ឃឹម​ឡើយ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​មូល រួម​ទាំង​អ្នក​គាំទ្រ​របស់​បក្ស​ប្រឆាំង​ផង ព្រម​ធ្វើ​តាម​បណ្ដាំ​របស់​លោក​ដែល​ថា សេរីភាព​គ្មាន​អ្នក​ណា​ឲ្យ​ដោយ​ងាយៗ​នោះ​ទេ បើសិនជា​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​មិន​ព្រម​ស្រុះស្រួល​គ្នា និង​សាមគ្គី​ឲ្យ​ទៅជា​ធ្លុង​តែមួយ​ដើម្បី​ទាមទារ​ទេ​នោះ។ នៅ​ត្រង់​ចំណុច​នេះ គឺ​ដូច​អ្វី​ដែល​ជា​គោលបំណង​របស់​លោក សម រង្ស៊ី ដែល​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ​ឡើង​ដើម្បី​រួមគ្នា​ទាមទារ​សិទ្ធិ​សេរីភាព​មក​វិញ​ដោយ​អហិង្សា ដូចដែល​ប្រទេស​ប្រទេស​មហា​អំណាច​បាន​លើក​ឡើង​ថា គ្មាន​អ្នក​ណា​អាច​ជួយ​បាន​ក្រៅ​ពី​ខ្មែរ​ជួយ​ខ្លួន​ឯង​នោះ​ឡើយ។ ក្រៅ​ពី​នេះ​ទៀត អ្វី​ដែល​ជា​គំរូ​ស្រាប់​នោះ គឺ​ថា​របប​ផ្ដាច់ការ​មួយ​ចំនួន​នៅ​លើ​សាកលលោក​បាន​ដួល​រំលំ​បន្តិច​ម្ដងៗ ដោយសារ​តែ​កម្លាំង​មហាជន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស បាន​រួម​គ្នា​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​មក​វិញ។

បញ្ហា​នេះ​សម្រាប់​នៅ​កម្ពុជា ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​អាច​ស្មាន​ត្រូវ​ឡើយ នៅ​ដំណាក់កាល​ចុង​ក្រោយ នៅ​គ្រា​ដែល​លោក ហ៊ុន សែន កាន់​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ខ្លាំង​ឡើង ហើយ​នៅ​ពេល​នោះ​មិន​ប្រាកដ​ថា ពលរដ្ឋ​នៅ​ទូទាំង​នគរ​មិន​ឈឺ​ចាប់ និង​មិន​ងើប​ឈរ​ឡើយ នៅ​ស្រប​ពេល​លោក ហ៊ុន សែន កំពុងតែ​ដឹកនាំ​បែប​យោធា​និយម ហើយ​រើសអើង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង ពោល​គឺ​សែស្រឡាយ​របស់​លោក​បាន​ឡើង​ឋានន្តរសក្ដិ តួនាទី​ជា​បន្តបន្ទាប់ រី​ឯ​អ្នក​តស៊ូ​នៅ​ក្នុង​បក្ស នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​នៅ​ក្នុង​ជួរ​កងទ័ព​ដទៃ​ទៀត ទោះបីជា​បាន​ខិតខំ​ធ្វើ​ការ​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ​ក្ដី ពួកគាត់​មួយ​ចំនួន​បាន​ត្រឹមតែ​ស័ក្ដិ​២ ស័ក្ដិ​៣ ដដែល​នោះ មិន​សន្មត​ថា អ្នក​ទាំង​នោះ​កំពុង​គាំទ្រ​របប​លោក ហ៊ុន សែន ឡើយ៕

No comments: