Saturday, 24 February 2018

អ្នក​ជំនាញ​នយោបាយ​ការបរទេស​ព្រមាន​ថា​ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា


ដោយ មាន ឫទ្ធិ
2018-02-23 
rfa

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ពី​ស្ដាំ​ទី​៣) និង​គណៈប្រតិភូ​ចិន ពេល​ចូល​រួម​បិទ​វគ្គ​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ (ពី​ស្ដាំ​ទី​៣) និង​គណៈប្រតិភូ​ចិន ពេល​ចូល​រួម​បិទ​វគ្គ​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
 RFA



វិបត្តិ​នយោបាយ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​រុញច្រាន​របប​លោក ហ៊ុន សែន បច្ចុប្បន្ន ឲ្យ​ងាក​ទៅ​ពឹង​ផ្អែក​ប្រទេស​ចិន កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ ប្រទេស​ចិន បាន​ឆ្លៀត​ឆក់​យក​ឱកាស​នេះ ធ្វើ​ការ​បណ្ដាក់​ទុន​វិនិយោគ និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ស្ទើរ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្នូល​នៃ​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូចិន និង​អាស៊ី​អាគ្នេយ៍​ដី​គោក។ ក្រុម​អ្នក​ជំនាញ​ផ្នែក​នយោបាយ​ការបរទេស ព្រមាន​ថា មហាអំណាច​ចិន អាច​នឹង​ឆ្លៀត​ឱកាស​នេះ ជំរុញ​ឲ្យ​មាន​ការ​សាងសង់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ដើម្បី​ការពារ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​នយោបាយ​ពាណិជ្ជកម្ម និង​យោធា​នៅ​ក្នុង​តំបន់​របស់​ខ្លួន ស្រប​ពេល​ដែល​ឥទ្ធិពល​អាមេរិក កំពុង​តែ​ថមថយ។



ចិន​បាន​ពង្រីក​ឥទ្ធិពល​នៅ​កម្ពុជា ជា​ហូរហែ ដូចជា ភាគី​ចិន បាន​ស្នើ​ឲ្យ​កម្ពុជា ឈប់​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ខ្លួន​ត​ទៅ​ទៀត ដោយ​ងាក​មក​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់​យ័ន ចិន ជំនួស​វិញ ក្រោម​លេស​ថា រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាដើម។ នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ចិន​កំពុង​ប្រាប់​កម្ពុជា ដែល​ជា​ប្រទេស​អធិបតេយ្យ ឲ្យ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ខ្លួន។

​អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ព្រមាន​ថា ដោយសារ​តែ​កម្ពុជា កំពុងតែ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល និង​វិនិយោគ​របស់​ប្រទេស​ចិន ការណ៍​នេះ អាច​នឹង​បណ្ដាល​ឲ្យ​មហា​អំណាច​ចិន ប្រើប្រាស់​ទឹក​ដី​កម្ពុជា ធ្វើ​ជា​មូលដ្ឋានទ័ព​យោធា​របស់​ចិន នៅ​ក្នុង​ពេល​វេលា​ណា​មួយ​ក្នុង​ពេល​អនាគត។ ការ​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​សាងសង់​មូលដ្ឋានទ័ព​យោធា​របស់​ចិន ក្នុង​ទឹក​ដី​កម្ពុជា យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​មតិ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​កង្វល់​ជា​បន្តបន្ទាប់​អំពី​ការ​ហូរ​ចូល​យ៉ាង​សន្ធឹកសន្ធាប់​នូវ​វិនិយោគទុន​របស់​ជនជាតិ​ចិន មក​ក្នុង​ប្រទេស​កម្ពុជា និង​ស្រប​ពេល​ដែល​ប្រទេស​ទាំង ១០ ក្នុង​តំបន់​អាស៊ាន និង​ចិន បាន​ប្រកាស​ពី​គម្រោង​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​នាវាចរណ៍​រួម​គ្នា​មិន​ធ្លាប់​មាន​ពី​មុន​មក​ជា​លើក​ទី​មួយ​នៅ​ចុង​ឆ្នាំ​២០១៨ នេះ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា នៅ​ក្នុង​ពេល​វេលា​ណា​មួយ​នោះ កម្ពុជា អាច​នឹង​ជំពាក់​បំណុល​មហា​អំណាច​ចិន កាន់​តែ​ច្រើន​មហាសាល ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយ​ជា​ម្ចាស់​សម្រេច​ជោគវាសនា​របស់​កម្ពុជា តែម្ដង។ លោក​បន្ត​ថា បើ​ទោះ​បី​ជា កម្ពុជា​ទទួល​វិនិយោគ​ទុន​ដោយ​ផ្ទាល់​របស់​បរទេស មិន​មែន​មាន​តែ​ពី​ប្រទេស​ចិន តែមួយ​ក៏​ពិត​មែន ក៏ប៉ុន្តែ​នៅ​ពេល​ដែល​វិនិយោគ​របស់​ចិន ចេះ​តែ​កើន​ឡើង ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​កាន់​តែ​ច្រើន ប្រៀបធៀប​ទៅ​នឹង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ដោយ​ផ្ទាល់​របស់​បរទេស​ទាំង​មូល​នៅ​កម្ពុជា ការណ៍​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន ទាមទារ​ឲ្យ​មាន​នូវ​ការ​សាងសង់​មូលដ្ឋានទ័ព​យោធា ឬ​គ្រប់គ្រង​កំពង់ផែ​ណា​មួយ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា។

លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ដាក់​ជា​ចម្ងល់​ថា នៅ​ពេល​ដែល ៧០​ភាគរយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សាងសង់​ដោយ​ប្រទេស​ចិន ដែល​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នោះ​កម្ពុជា​ពិត​ជា​នឹង​មិន​អាច​បដិសេធ​បាន​ទេ នៅ​ពេល​ដែល​នាវា​ចម្បាំង​ចិន ចង់​ចូល​មក​សំចត​នៅ​កំពង់ផែ​កម្ពុជា។ លោក​ពន្យល់​ថា បើ​ទោះ​បី​ជា​ប្រទេស​ចិន អាច​នឹង​មិន​ហៅ​ថា ជា​ការ​សាងសង់​មូលដ្ឋាន​យោធា​ជា​ផ្លូវការ​ក៏ដោយ ក៏ប៉ុន្តែ​វា​នឹង​មាន​ន័យ​ដូច​គ្នា​នៅ​ពេល​ដែល​កំពង់ផែ​របស់​កម្ពុជា ត្រូវ​បាន​ប្រទេស​ចិន យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​គ្រប់គ្រង​នោះ ហើយ​កម្ពុជា អាច​នឹង​ក្លាយ​ជា​អាណា​ខេត្ត​មួយ​របស់​ប្រទេស​ចិន។ លោក​ប្រៀបធៀប​ការ​វិនិយោគ​បែប​នេះ​ទៅ​នឹង​អ្វី​មួយ​ដែល​លោក​ហៅ​ថា ជា​ការ​ដាក់​នឹម​ត្រួតត្រា​អាណានិគម​បែប​ថ្មី​ក្នុង​យុគសម័យ​ទំនើប។

អៀ សុផល ៨៥៥
១៥-មីនា-២០១៦៖ អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ការ​ពឹង​ផ្អែក​លើ​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក​បណ្ឌិត អៀ សុផល។ Photo: RFA


ការ​ព្រមាន​អំពី​ការ​ដាក់​នឹម​អាណានិគម​ត្រួតត្រា​បែប​ថ្មី​ក្នុង​យុគសម័យ​ទំនើប​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ខាង​លើ​នេះ គឺ​មិន​ខុស​គ្នា​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង និង​កំពុង​ប្រែ​ក្លាយ​ជា​ការ​ពិត​រួច​ជា​ស្រេច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស ឌីប៊ូទី (Djibouti) ដែល​ស្ថិត​ក្នុង​តំបន់​ស្នែង​ក្របី​នៃ​ទ្វីប​អាហ្វ្រិក (Horn of Africa) ខណៈ​ដែល​ប្រទេស​ដ៏​តូច និង​ក្រីក្រ​មួយ​នេះ​ ​បាន​ក្លាយ​ជា​មូលដ្ឋាន​យោធា​ដំបូង​បង្អស់​របស់​មហា​អំណាច​ចិន នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។

បើ​ទោះ​ជា​ទីក្រុង​ប៉េកាំង មិន​បាន​ប្រើ​ពាក្យ​ជា​ផ្លូវការ​ថា ជា​មូលដ្ឋាន​យោធា ឬ​យក​លេស​ថា គ្រាន់​ជា​ទី​តាំង​ផ្ទុក​ភស្តុភារ​របស់​ខ្លួន​ក៏ដោយ ប្រទេស​ចិន បាន​ធ្វើ​ពិធី​សម្ពោធ​បង្ហូត​ទង់ជាតិ​របស់​ខ្លួន​នៅ​លើ​មូលដ្ឋាន​យោធា​ក្នុង​ប្រទេស​មួយ​នេះ ចំ​ទិវា​បុណ្យ​ខួប​លើក​ទី​៩០ នៃ​កងទ័ព​រំដោះ​ជាតិ​ប្រជាមានិត​ចិន។ ប្រទេស​ចិន បាន​អះអាង​ថា ការ​សាងសង់​មូលដ្ឋានទ័ព​នេះ គឺ​ដើម្បី​ចូល​រួម​ថែរក្សា​សន្តិភាព និង​បេសកកម្ម​មនុស្សធម៌​នៅ​ក្នុង​លំហ​សមុទ្រ​អន្តរជាតិ រវាង​ប្រទេស​យេមែន និង​សូម៉ាលី ដែល​ពោរពេញ​ដោយ​ក្រុម​ភេរវកម្ម និង​ក្រុម​ចោរ​សមុទ្រ។

​ក្រៅ​ពី​ករណី​នៃ​ប្រទេស​ឌីប៊ូទី​នេះ បច្ចុប្បន្ន ប្រទេស​ចិន ក៏​កំពុង​សម្លឹង​មើល​លទ្ធភាព​ដើម្បី​ធ្វើការ​សាងសង់​មូលដ្ឋាន​យោធា​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​តាម​ឆ្នេរ​មហា​សមុទ្រ​ឥណ្ឌា ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មហា​អំណាច​ចិន បាន​វិនិយោគ​សាងសង់​កំពង់ផែ​ខ្នាត​អន្តរជាតិ ក្រោម​រូបភាព​ជា​ជំនួយ​ឥត​សំណង ឬ​កម្ចី​ឥណទាន។ ប្រទេស​ដែល​អាច​នឹង​ក្លាយ​ជា​គោលដៅ​បន្ទាប់​នៃ​ការ​ដាក់​មូលដ្ឋាន​យោធា​របស់​មហា​អំណាច​ចិន រួម​មាន​ប្រទេស ស្រីលង្កា ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា (ភូមា) ដែល​កំពង់ផែ​អន្តរជាតិ​របស់​បណ្ដា​ប្រទេស​ទាំង​នោះ សុទ្ធ​តែ​មាន​ភាគហ៊ុន​របស់​ប្រទេស​ចិន ក្នុង​នោះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ទស្សនាវដ្ដី Forbes របស់​អាមេរិក រាយការណ៍​ថា ប្រទេស​ស្រីលង្កា ត្រូវ​បាន​ប្រែក្លាយ​ពី​ការ​វិនិយោគ​របស់​ជនជាតិ​ចិន មក​ជា​ការគ្រប់គ្រង​ដោយ​ជនជាតិ​ចិន ជំនួស​វិញ ដោយសារ​តែ​ប្រទេស​នេះ​បាន​ធ្លាក់​ខ្លួន​ផុង​ជ្រៅ​ចូល​ក្នុង​បំណុល​វ័ណ្ឌក​ជាមួយ​ប្រទេស​ចិន ក្នុង​តម្លៃ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ជា​លទ្ធផល ប្រទេស​នេះ បាន​បង្ខំ​ចិត្ត​ដាក់​លក់​ភាគហ៊ុន​ចំនួន ៨៥​ភាគរយ នៃ​ការ​គ្រប់គ្រង​កំពង់ផែ​អន្តរជាតិ​ឈ្មោះ ហាមបានតូតា (Hambantota) របស់​ខ្លួន ទៅ​ឲ្យ​ប្រទេស​ចិន គ្រប់គ្រង ជា​ថ្នូរ​នឹង​ការ​លុប​ចោល​ទឹក​ប្រាក់​បំណុល​ចំនួន ១,១​ពាន់​លាន​ដុល្លារ (១,១​ប៊ីលាន)។

ករណី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​នេះ មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​បច្ចុប្បន្ន​នេះ​ឡើយ ដោយសារ​តែ​ការ​ហូរ​ចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​វិនិយោគទុន​របស់​ចិន រួម​នឹង​កំណើន​នៃ​បំណុល​រដ្ឋ ឬ​បំណុល​សាធារណៈ​ដែល​កម្ពុជា ជំពាក់​មហា​អំណាច​ចិន។

យោង​តាម​ទិន្នន័យ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ឆមាស​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា ជំពាក់​បរទេស​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ដទៃ​ទៀត គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៩​ពាន់​លាន​ដុល្លារ (៩.២៩៥,២៦) ស្មើ​នឹង​ជាង ៤៤​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០,៩​ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ​២០១៧​នេះ។

ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ដែល​កម្ពុជា ជំពាក់​នេះ បំណុល​ដែល​កម្ពុជា ជំពាក់​ចិន មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់ គឺ​ស្មើ​នឹង​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ (៣.៩៩៥,១៥) ឬ​ស្មើ​នឹង ៤២,៩៨% នៃ​បំណុល​រដ្ឋ​សរុប​ទាំង​មូល។ ទាំង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​បំណុល​ដទៃ​ទៀត​ដែល​វិស័យ​ឯកជន​កម្ពុជា ជំពាក់​ចិន ដែល​អាច​នឹង​កើន​ឡើង​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។

មិន​ខុស​ពី​ការ​ព្រមាន​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ពី​ខាង​លើ​នេះ​ប៉ុន្មាន​ទេ អ្នកវិភាគ​គោលនយោបាយ​ការបរទេស​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យ​កិត្តិយស​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី នៃ​សាកលវិទ្យាល័យ New South Wales ក៏​បាន​លើក​ឡើង​អំពី​លទ្ធភាព​ដែល​ថា មហា​អំណាច​ចិន អាច​នឹង​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ធ្វើ​ជា​មូលដ្ឋាន​យោធា​នា​ពេល​អនាគត​ខាង​មុខ​នេះ​ដែរ ប្រសិន​កត្តា​ភូមិសាស្ត្រ​មួយ​ចំនួន​បាន​ក្លាយ​ជា​ការ​ពិត។ លោក​សាស្ត្រាចារ្យ​បណ្ឌិត ខាល ថៃយ័រ ផ្តល់​អំណះអំណាង​ថា ខណៈ​ប្រទេស​ចិន ទើប​បាន​បង្កើត​រួច​ហើយ​នូវ​មូលដ្ឋាន​យោធា​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឌីប៊ូទី (Djibouti) នៅ​ទ្វីប​អាហ្វ្រិក និង​ស្រប​ពេល​ដែល​គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវាត់​មួយ-​វិថី​មួយ» កំពុង​ដំណើរ​ការ​ទៅ​មុខ លោក​ថា ប្រទេស​ចិន កំពុង​សម្លឹង​រក​មើល​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​កំពង់ផែ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាង​ត្បូង និង​ត្រើយ​សមុទ្រ​ចិន​ខាង​កើត។ លោក​បណ្ឌិត​ ​ខាល ថៃយ័រ បន្ត​ថា បើទោះ​ជា​កម្ពុជា មិន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​នាវាចរណ៍​យុទ្ធសាស្ត្រ​ទាំង​នេះ​ក៏ដោយ ការណ៍​នេះ​ទំនង​ជា​អាច​នឹង​ប្រែប្រួល ប្រសិនបើ​ប្រទេស​ចិន សម្រេច​ចិត្ត​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទឹក​ប្រាក់ ២៨​ពាន់​លាន​ដុល្លារ​ឲ្យ​ប្រទេស​ថៃ សាងសង់​ព្រែកជីក​កាត់​តាម​ទន្លេ  «ក្រា» (Kra Isthmus canal) ប្រវែង ១៣៥​គីឡូម៉ែត្រ កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដើម្បី​ត​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា កាត់​តាម​ឈូង​សមុទ្រ​ថៃ ទៅ​កាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ លោក​ពន្យល់​ថា ប្រទេស​ចិន បាន​អភិវឌ្ឍ​ចំណង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ តាម​រយៈ​ការ​ជួយ​សាងសង់​អគារ​អប់រំ​វិស័យ​យោធា វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ភាសា​ចិន និង​ផ្តល់​នូវ​ជំនួយ​យោធា រួម​មាន​គ្រឿង​សព្វាវុធ និង​រថក្រោះ ជា​ច្រើន​ប្រភេទ។ លោក​ថា ពេល​វេលា​នេះ​ជា​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ត្រូវ​ការ​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​ចិន ក្រោម​រូបភាព​ជា​ការ​វិនិយោគ ជំនួយ និង​កម្ចី ដើម្បី​រក្សា​របប​របស់​លោក​ឲ្យ​នៅ​គង់វង្ស​បាន​យូរ ដោយសារ​តែ​លោក​កំពុង​មាន​ទំនាក់ទំនង​ល្អក់​កករ​ជាមួយ​ក្រុម​ប្រទេស​បស្ចិម​លោក។

បន្ថែម​ពីលើ​ការ​យល់​ឃើញ​ខាង​លើ​នេះ សម្រាប់​លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) អ្នក​កាសែត​ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​និពន្ធ​សៀវភៅ «កម្ពុជា​របស់​ហ៊ុនសែន ឬ Hun Sen’s Cambodia» លោក​លើក​ឡើង​ថា បើ​ទោះជា​លទ្ធភាព​នៃ​ការ​ដាក់​មូលដ្ឋាន​យោធា​របស់​ចិន​ នៅ​ក្នុង​ទឹកដី​កម្ពុជា ជា​ហេតុ​ការណ៍​មួយ​ដែល​ពិបាក​នឹង​ទស្សន៍ទាយ​ក៏ដោយ ក៏ប៉ុន្តែ​ការ​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​ទៅ​លើ​ប្រទេស​ចិន តែមួយ ប្រាកដ​ណាស់​នឹង​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​សម្រាប់​របប​លោក ហ៊ុន សែន ក្នុង​ការ​ទប់ទល់​ទៅ​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​អំណាច​គ្រប់គ្រង​ជោគវាសនា​ប្រទេស​របស់​ខ្លួន។ ​លោក​បន្ត​ថា របប​លោក ហ៊ុន សែន ប្រហែល​ជា​មិន​បាន​គិតគូរ​ដល់​ករណី​មួយ​នេះ​ទេ។

ហ៊ុន សែន ចិន ៨៥៥ ២០១៧
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ចូល​ជួប​ជាមួយ​អ្នក​វិនិយោគ​ចិន នៅ​ទីក្រុង​ប៉េកាំង ពិភាក្សា​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook Photo courtesy of PM Hun Sen Facebook


កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ចិន មាន​តម្លៃ​ជា​ទឹកប្រាក់​មិន​តិច​ជាង ៥,១​ពាន់​លាន​ដុល្លារ​ឡើយ។ ប្រទេស​ចិន ឈរ​នៅ​លំដាប់​ទី​មួយ​នៃ​វិនិយោគទុន​ដោយ​ផ្ទាល់​របស់​បរទេស​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៧ វិនិយោគទុន​ចិន​នៅ​កម្ពុជា មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ១៦,២​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ ការ​វិនិយោគ​របស់​ចិន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ១១០​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៣១០​លាន​ដុល្លារ។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​មិន​តិច​ជាង ២​ពាន់​ក្រុមហ៊ុន​ឡើយ កំពុង​វិនិយោគ​នៅ​កម្ពុជា ខណៈ​ដែល​ចំនួន​ក្រុមហ៊ុន​ទាំង​នេះ​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ចេះ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ វិនិយោគិន​ចិន នៅ​កម្ពុជា មាន​នៅ​ក្នុង​ស្ទើរ​គ្រប់​វិស័យ រួមមាន​វិស័យ​វាយនភណ្ឌ និង​ស្បែកជើង ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ បច្ចេកវិទ្យា ធនាគារ និង​ហិរញ្ញវត្ថុ កសិកម្ម កសិឧស្សាហកម្ម អចលនទ្រព្យ និង​សំណង់ និង​វិស័យ​ទេសចរណ៍​ជាដើម។

នៅ​ក្រោយ​កិច្ចប្រជុំ​កំពូល​មេគង្គ-​ឡាន​ឆាង​លើក​ទី​២ នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ចិន លោក លី ឃឺឈាង និង​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ចំនួន ១៩។ នៅ​មួយ​ខែ​មុន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ទាំង​នេះ វិនិយោគិន​ចិន បាន​សន្យា​ថា នឹង​វិនិយោគ​ទឹក​ប្រាក់​ជាង ៧​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ប្រវែង ២០០​គីឡូម៉ែត្រ ក្នុង​តម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​លើ​ផ្ទៃ​ដី ២.៦០០​ហិកតារ​នៅ​ខេត្ត​កណ្ដាល ក្នុង​តម្លៃ​ទឹកប្រាក់​ជាង ១.៥០០​លាន​ដុល្លារ ដែល​នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​ធំ​ជាង​គេ​បង្អស់​ទី​៩ នៅ​លើ​ពិភពលោក រួម​នឹង​នឹង​គម្រោង​បង្ហោះ​ផ្កាយ​រណប​ដំបូង​បង្អស់​របស់​កម្ពុជា ក្នុង​តម្លៃ​ទឹកប្រាក់ ១៥០​លាន​ដុល្លារ ។ល។

​ក្រៅ​ពី​នេះ ក្រុមហ៊ុន​ចិន ក៏​បាន​វិយោគ​គម្រោង​កសាង​ទីក្រុង​រណប កសាង​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ទេសចរណ៍ និង​ការ​វិនិយោគ​ខ្នាត​ធំ​លើ​វិស័យ​ធនាគារ ផង​ដែរ។ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០១៧ ចិន​បាន​ប្រកាស​វិនិយោគ​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្ត​សៀមរាប ក្នុង​តម្លៃ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ (៩៦២) និង​ ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​ខេត្ត​កោះកុង ដែល​មាន​តម្លៃ​ជាង ៣៥០​លាន​ដុល្លារ (លើ​ផ្ទៃដី ៧៥០​ហិកតារ)។ កាល​ពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន បាន​វិយោគ​កញ្ចប់​ទឹក​ប្រាក់​សរុប ៣,៨​ពាន់​លាន​ដុល្លារ បង្កើត​គម្រោង​ទេសចរណ៍​ធម្មជាតិ រួមមាន​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ «តារា​សាគរ» ​ទីក្រុង​រណប ឬ​ហៅ​ថា «ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន» ជា​ផ្នែក​មួយ​គ្របដណ្ដប់​នៅ​លើ​ផ្ទៃដី​វិនិយោគ​សរុប ៤​ម៉ឺន ៥​ពាន់​ហិកតារ ក្នុង​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

​កាល​ពី​ឆ្នាំ​២០១៣ ចិន​ក៏​បាន​ប្រកាស​វិនិយោគ​ទឹក​ប្រាក់​ចំនួន ១១​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​កោះកុង ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ ទៅ​កាន់​កំពង់ផែ​ខេត្ត​កោះកុង និង​រោច​ក្រ​ស្លដែក ដែល​នេះ​សុទ្ធសឹងតែ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​បំផុត​ដែល​ចិន បាន​វិនិយោគ​នៅ​កម្ពុជា។ កំពង់ផែ​នេះ​នឹង​អនុញ្ញាត​ឲ្យ​កប៉ាល់​ផ្ទុក​ទម្ងន់​រហូត​ដល់​ទៅ ១​ម៉ឺន​តោន​ចូល​សំចត ដោយសារ​តែ​សមុទ្រ​នៅ​ទី​នោះ​មាន​ជម្រៅ ១១​ម៉ែត្រ។ បើ​ទោះ​បី​ជា​ទីក្រុង​ប៉េកាំង មិន​ដែល​បញ្ជាក់​ថា ខ្លួន​មាន​ផែនការ​ប្រើប្រាស់​កំពង់ផែ​ថ្មី​នេះ ដើម្បី​បម្រើ​ឲ្យ​គោលដៅ​វិស័យ​យោធា​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​ជំនាញ​អំពី​អាស៊ី​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី គឺ​លោក ចេហ្វ វេដ (Geoff Wade) ​ត្រូវ​បាន​កាសែត ហ្វាយណេនស្យល ថែមស៍ (Financial Times) ​ស្រង់​ប្រសាសន៍​អំពី​ការ​វិភាគ​របស់​លោក​នៅ​ក្នុង​អត្ថបទ​ស៊ើបអង្កេត​ចេញ​ផ្សាយ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ដាក់​ចំណងជើង​ថា «វិធីសាស្ត្រ​ដែល​ចិន​ប្រើប្រាស់​លុយ​ដើម្បី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា» ដែល​លោក​វិភាគ​ថា កំពង់ផែ​នៅ​ខេត្ត​កោះកុង​នេះ មាន​ទំហំ​ធំ​ល្មម​អាច​នឹង​ឲ្យ​នាវា​ចម្បាំង​ពិឃាដ​ប្រភេទ frigates និងdestroyers  របស់​ចិន ចូល​សំចត​បាន ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ណា​មួយ​នោះ។

​មិន​មែន​មាន​តែ​វិស័យ​វិនិយោគទុន​ប៉ុណ្ណោះ​ទេ​ដែល​ចិន ឈរ​នៅ​លំដាប់​ទី​មួយ។ ក្នុង​ឆ្នាំ​២០១៧ នេះ ផ្អែក​តាម​ទិន្នន័យ​របស់​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន ក៏​ឈរ​នៅ​លំដាប់​ទី​មួយ​ដែរ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ទស្សនា​កម្ពុជា ចំនួន​ជាង ៥​លាន ៦​សែន​នាក់ ដោយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន មាន​ចំនួន​រហូត​ដល់​ទៅ​ជាង ១​លាន ២​សែន​នាក់​ ​ដែល​បាន​នាំ​យក​នូវ​ទឹកប្រាក់​មិន​តិច​ជាង ៧០០​លាន​ដុល្លារ មក​ចាយ​វាយ​នៅ​កម្ពុជា។ កម្ពុជា​គ្រោង​ទាក់​ទាញ​យក​ភ្ញៀវទេសចរ​ចិន ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១២​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​ចំនួន ១៥៥​ជើង​ហោះ​ហើរ ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន មក​កាន់​កម្ពុជា រៀងរាល់​សប្ដាហ៍។

គម្រោង​វិនិយោគ​ចិន​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ដែល​ជា​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន ក្រោម​គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់​មួយ​-​វិថី​មួយ» ឬ​ហៅ​ថា «វិថី​សូត្រ​ថ្មី» ដែល​មាន​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង ១២៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ​ប្រទេស​ចិន ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៣ ក្នុង​គោល​បំណង​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រួល​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទៅ​កាន់​ទ្វីប​អាហ្វ្រិក និង​អឺរ៉ុប និង​​ទៅ​កាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភពលោក៕

No comments: