Wednesday, 28 February 2018

តុលាការ​គំរាម​ចេញ​ដីកា​នាំ​ខ្លួន​លោក សម រង្ស៊ី បើ​មិន​ចូល​បំភ្លឺ​ករណី​ញុះញង់​កងទ័ព


ដោយ តាំង សារ៉ាដា
2018-02-27 
rfa
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េងសែ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់ កងទ័ព កុំ​ឲ្យ​ស្ដាប់​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ ហើយ​ប្រសិនបើ​លោក​មិន​ចូលខ្លួន​ទេ នោះ​តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​តែម្ដង។



កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់​មេ​កើយ​របស់​ពួកគេ ដែល​នាំ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ដល់​ថ្នាក់ដឹកនាំ​កងទ័ព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ថែម​ទៀត។

ពាក្យ​ប្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ឲ្យ​កងទ័ព​ឈរ​ខាង​ប្រជាពលរដ្ឋ ហើយ​មិន​ត្រូវ​បង្វែរ​ចុង​កាណុង​កាំភ្លើង​មក​លើ​ប្រជាពលរដ្ឋ តាម​បញ្ជា​របស់​មេ​កើយ​ខ្លួន​នោះ​ឡើយ។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ធ្លាប់​មាន​ប្រសាសន៍​ថា វិធានការ​របស់​តុលាការ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​បាន​វាយ​ចំ​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន តែង​មាន​ការភ័យខ្លាច​ជា​ខ្លាំង​ទៅ​លើ​កងទ័ព​ផ្ទាល់ខ្លួន ដែល​ពួកគេ​អាច​ជា​អ្នក​ផ្ដួល​រំលំ​របប​ផ្ដាច់​ការ​នៅ​កម្ពុជា​ទៅវិញ​នោះ៕

No comments: