Saturday 3 February 2018

ក្រសួង​មហាផ្ទៃ​មិន​ព្រម​រំលាយ​គណបក្ស​សិទ្ធិមនុស្ស


ដោយ ហេង សកល
2018-02-01 

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA



ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​លើក​ឡើង​ថា លោក​មិន​ខ្វល់​ឡើយ​ចំពោះ​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​មិន​ព្រម​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​តាម​ការ​ស្នើ​របស់​លោក។



លោក សឺន ស៊ូប៊ែរ្តិ៍ បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា បើទោះបី​ជា​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ក៏ដោយ ក៏​លោក​ចាត់​ទុក​ថា គណបក្ស​នេះ​បាន​រំលាយ​ហើយ​ដែរ។ លោក​ថា មូលហេតុ​ដោយសារ​តែ​គណៈកម្មាធិការ​បក្ស​សិទ្ធិមនុស្ស​បាន​ឯកភាព​គ្នា​រំលាយ​តាំង​ពី​យូរ​ណាស់​មក​ហើយ ក៏ប៉ុន្តែ​ដោយសារ​មាន​ការ​ជាប់​គាំង​មួយ​រយៈ​ពេល ព្រោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​ចំនួន​កូតា​ពី​គណបក្ស​សិទ្ធិមនុស្ស នៅ​ពុំ​ទាន់​ផុត​អាណត្តិ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​ឡើយ​នៅ​ពេល​នោះ។

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​បដិសេធ​ពាក្យ​សុំ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស ដោយ​លើក​មូលហេតុ​ថា គណបក្ស​សិទ្ធិមនុស្ស​មិន​បាន​ធ្វើ​សមាជ​មុន​នឹង​សុំ​រំលាយ។ លិខិត​របស់​លោក ស ខេង បាន​ជូន​ដំណឹង​ទៅ​លោក សឺន ស៊ូប៊ែរ្តិ៍ ឱ្យ​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ប្រការ ៥០​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​ចែង​ថា គណបក្ស​សិទ្ធិមនុស្ស​ត្រូវ​ដាក់​ជូន​សមាជ​ដើម្បី​សុំ​ការ​អនុម័ត​តាម​សំឡេង​គាំទ្រ​ភាគ​ច្រើន​២​ភាគ​៣។ នេះ​មាន​ន័យ​ថា ទាល់​តែ​មាន​សមាជ​ឯកភាព​គ្នា​ជា​មុន​ទើប​គណបក្ស​សិទ្ធិមនុស្ស​អាច​ដាក់​សុំ​រំលាយ​បាន។

លោក សឺន ស៊ូប៊ែរ្តិ៍ ប្រតិកម្ម​ថា គណបក្ស​សិទ្ធិមនុស្ស​ធ្វើ​បាន​សមាជ និង​បាន​ឯកភាព​គ្នា​រំសាយ​គណបក្ស​នេះ​តាំង​ពី ៥​ឆ្នាំ​មុន​មក​ម្ល៉េះ៖ «បើ​ខាង​ក្រសួង​ថា​មិន​ទាន់​គ្រប់គ្រាន់​មាន​តែ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ ដើម្បី​យើង​ស្រង់​យក​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ហ្នឹង មក​ធ្វើ​សមាជ​ឡើង​វិញ»។

​ស្ថាបនិក​បង្កើត​គណបក្ស​សិទ្ធិមនុស្ស និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ថា ក្បត់​ជាតិ ដែល​ការ​ចោទ​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ៕

No comments: