Wednesday, 21 March 2018

លោក ហ៊ុន សែន ជាប់​លេខ​ខ្ពស់​ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ក្រាញ​អំណាច​យូរ​ជាងគេ



Manekseka Sangkum: Come on, its Vietcong democracy. Xamdaach can stay in power as long as he wants to...


<<<>>>

ដោយ មួង ណារ៉េត
2018-03-20

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប់​លេខ​៤ ក្នុងចំណោម​មេដឹកនាំ​ផ្ដាច់ការ ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិភពលោក ចំនួន​ដប់​នាក់ ដែល​កំពុង​កាន់អំណាច។ សារព័ត៌មាន AFP ចុះផ្សាយ​នៅថ្ងៃទី ២០ ខែ មីនា ថាក្នុងចំណោម​មេដឹកនាំ​ទាំង​ដប់​នាក់​នោះ ភាគច្រើន​លើស​លុប គឺ​មេដឹកនាំ​ជនជាតិ​ស្បែក​ខ្មៅ នៅ​ទ្វីប​អាហ្វ្រិក ដូចជា​ប្រទេស កាមេរូន (Cameroon) ដែល​មាន​មេដឹកនាំ​ក្រាញ​អំណាច​រហូតដល់ ៣៥ឆ្នាំ​។ សាធារណរដ្ឋ កុងហ្គោ (Republic of the Congo) មាន​មេដឹកនាំ កាន់អំណាច​បាន​ជិត ៣៤ឆ្នាំជាដើម​។ លោក ហ៊ុន សែន ឈរ​លេង​រៀង​ខ្ពស់​ជាង​មេដឹកនាំ​ផ្ដាច់ការ ដូចជា​ប្រធានាធិបតី អ៊ុយហ្កាន់ដា (Uganda) ដែល​ក្រាញ​អំណាច​ជាង ៣២ ឆ្នាំ។ ប្រធានាធិបតី​ប្រទេស ស៊ូដង់ (Sudan) ដែល​កាន់អំណាច​ជិត ២៩ឆ្នាំ។ សូម្បីតែ​ប្រធានាធិបតី​រុស្ស៊ី ដែល​ទើប​ជាប់ឆ្នោត​បន្ត​ទៀត គឺ​លោក ប្លាឌីមៀ ពូទីន (Vladimir Putin) ដែល​ពិភពលោក​ថា ជា​មេដឹកនាំ​ក្រាញ​អំណាច​យូរ​ជាងគេ​ដែរ ប៉ុន្តែ នៅ​ស្ថិត​ក្នុង​លេខ​រៀង​ក្រោម​លោក ហ៊ុន សែន ឆ្ងាយ​រហូតដល់​លេខ​រៀង​ទី២០ ឯណោះ ព្រោះ​លោក ប្លាឌីមៀ ពូទីន កាន់​អំណាច​បាន​យូរ​ណាស់​ដែរ តែ​ទើប​តែ​បាន ១៨ឆ្នាំ​ប៉ុណ្ណោះ។



ទោះជា​យ៉ាង​នេះ ក្តី​លោក ហ៊ុន សែន ប្ដេជ្ញា​ថា នឹង​បន្ត​ក្រាញ​អំណាច​ឲ្យ​បាន​ជាប់​ជា​មេដឹកនាំ ដែល​ក្រាញ​អំណាច​យូរ​គេ​ជាង​បំផុត នៅ​លើ​ពិភពលោក ព្រោះ​លោក​ថា នឹង​បន្ត​កាន់អំណាច​ឲ្យ​បាន​ជាង ១០ ឆ្នាំ​តទៅមុខ​ទៀត ដើម្បី​គម្រប់ ៤៣ឆ្នាំ។ លោក​បាន​ផ្ដាំ​ទៅ​កម្មករ​រោងចក្រ ពេល​លោក​ចុះ​ជួប​រាល់​លើក​ថា មិន​បាច់​ជូនពរ​អ្វី​ឲ្យ​លោក ក្រៅ​ពី​បោះឆ្នោត ឲ្យ​លោក​បាន​កាន់អំណាច​យូរ​តទៅទៀត នោះលោក​ពិតជា​សប្បាយចិត្ត​ណាស់​ទៅ​ហើយ។

ក្នុង​រយៈពេល​នៃ​ការ​កាន់អំណាច​ជាង ៣៣ឆ្នាំ​កន្លង​មក​នេះ លោក ហ៊ុន សែន ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​តែងតែ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា រហូតដល់​ចុងក្រោយ​នេះ បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​រហូតដល់​ជាង ៣លាន​នាក់ ឬ ៤៤% នៃ​ចំនួន​អ្នក​បាន​ចេញទៅ​បោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ២០១៧៕

No comments: