ដោយ ហេង សកល
2018-03-26

លោក កឹម សុខា (ដើរមុខ) ប្រធានគណបក្សសង្គ្រោះជាតិ នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រជុំផ្ទៃក្នុងគណបក្ស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
សាលាឧទ្ធរណ៍សម្រេចថា ការពន្យាររយៈពេលឃុំខ្លួនលោក កឹម សុខា គឺជារឿងត្រឹមត្រូវ។ ការសម្រេចរក្សាការឃុំខ្លួននេះ ធ្វើឡើងដោយសំអាងហេតុថា ដីកាសម្រេចពន្យារពេលឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។
ប៉ុន្តែ មេធាវីរបស់លោក កឹម សុខា លើកឡើងថា ការចោទប្រកាន់របស់ចៅក្រមស៊ើបសួរសាលាដំបូងគ្មានភស្តុតាងអ្វី ដើម្បីដាក់បន្ទុកលោក កឹម សុខា ដែលនេះជាការបំពានច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស។
អនុរក្សពន្ធនាគារមិនបានបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ មកសវនាការនៅសាលាឧទ្ធរណ៍ព្រឹកថ្ងៃទី២៧ ខែមីនា ដូចគ្នាគ្រោងទុកទេ។ សវនាការនោះមានតែមេធាវីរបស់លោក កឹម សុខា ចំនួន ៦នាក់ចូលតតាំងក្តីនៅក្នុងបន្ទប់សវនាការ និងមានអ្នកគាំទ្រគណបក្សជាង ១០០នាក់ទៅឃ្លាំមើលនៅក្រៅរបងតុលាការក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីក្រុមសមត្ថកិច្ច។
ខណៈសាលាឧទ្ធរណ៍មិនទាន់សម្រេចយ៉ាងក្តី លោក ហ៊ុន សែន បានស្រែកជាសាធារណៈពីកន្លែងចែកសញ្ញាប័ត្រដល់និស្សិតថា លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងមិនដោះលែងលោក កឹម សុខា ដែលលោកចោទថា ជាមេក្បត់ជាតិ។ លោក ហ៊ុន សែន ថែមទាំងរំលឹកថា លោកជាអ្នកបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលយប់។
សហមេធាវីការពារក្ដីលោក កឹម សុខា គឺលោកមេធាវី ហែម សុជាតិ ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា ក្រុមមេធាវីបានលើកឡើងក្នុងសវនាការនោះថា ការឃុំខ្លួនលោក កឹម សុខា អស់រយៈពេល ៦ខែកន្លងទៅ គឺគ្រប់គ្រាន់។ ដូច្នេះ មិនត្រូវឃុំខ្លួនកូនក្តីលោក ៦ខែទៀតទេ។ លោកថា ក្រុមមេធាវីនឹងបន្តស្នើសុំឲ្យលោក កឹម សុខា នៅក្រៅឃុំបណ្ដោះអាសន្នជាបន្តទៀត ទោះជាគ្មានរំពឹងថា តុលាការអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំក្តី។
គិតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង មានរយៈពេលជិត ៧ខែហើយ ព្រោះលោករងការចោទប្រកាន់ពីបទក្បត់ជាតិ។ អ្នកច្បាប់ជាតិ និងអន្តរជាតិ ចាត់ទុកការឃុំខ្លួននេះ ជាការខុសច្បាប់។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចពន្យារពេលឃុំខ្លួន ៦ខែទៀត កាលពីថ្ងៃពីដើមខែមីនា។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា រឿងក្តីលោក កឹម សុខា ជារឿងនយោបាយ។ ដូច្នេះ រឿងក្តីនេះ មិនអាចដោះស្រាយចេញតាមរយៈតុលាការទេ ។ សវនាការព្រឹកនេះ គ្រាន់តែជាការអនុវត្តន៍នីតិវិធីគម្រប់កិច្ចរបស់សាលាឧទ្ធរណ៍តែប៉ុណ្ណោះ៕
No comments:
Post a Comment