Friday, 23 March 2018

សមត្ថកិច្ច​ខេត្ត​កំពត​ចាប់ខ្លួន​បុរស​ចាស់​ម្នាក់​ក្រោយ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន


ដោយ មួង ណារ៉េត
2018-03-21 
rfa
បុរស​វ័យ​ចំណាស់​ឈ្មោះ ម៉ារី ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៨។
បុរស​វ័យ​ចំណាស់​ឈ្មោះ ម៉ារី ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៨។
Photo Facebook



សមត្ថកិច្ច​ខេត្ត​កំពត​បាន​ដោះលែង​បុរស​វ័យ​ចំណាស់​ម្នាក់​វិញ កាលពី​ថ្ងៃ​ពុធ​ទី​២១ មីនា ក្រោយ​ពី​បាន​ចាប់ខ្លួន​ភ្លាមៗ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ចោទប្រកាន់​លោកតា​នោះ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ភាព​បរាជ័យ នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​ការ​រត់​គេច​ពី​អ្នកសារព័ត៌មាន។



បុរស​វ័យ ៧២​ឆ្នាំ​ម្នាក់ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ថា​ធ្វើ​សកម្មភាព​ចារកម្ម ព្រោះ​ហ៊ាន​និយាយ​រិះគន់ និង បង្អាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​ដោះលែង វិញ​ហើយ ក្រោយ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី២១ ខែ​មីនា។ បណ្ដាញ​ឃោសនា​ឲ្យ​លោក ហ៊ុន សែន​ដកស្រង់​សម្ដី​ស្នងការ​នគរបាល​ខេត្ត​កំពត លោក​ឧត្ដមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរីទ្ធ ដែល​អះអាង​ថា ការ​ដោះលែង​នេះ គឺ​ធ្វើ​ឡើង​ក្រោយពី​បាន​សួរនាំ​ចប់។

បុរស​ចំណាស់​ឈ្មោះ​លោក ម៉ា រី នេះ មាន​អាយុ ៧២ឆ្នាំ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត ចាប់ខ្លួន នៅ​ភូមិ​ព្រែកគ្រឹះ ឃុំ​ព្រែកគ្រឹះ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដើម្បី​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ចាប់ខ្លួន ព្រោះ​លោក ហ៊ុន សែន ចោទប្រកាន់​លោក ម៉ារី ថា​បាន​ដើរ​និយាយ​ភូត​កុហក​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ប្រទេស​អូស្ត្រាលី​ទទួល​ភាព​បរាជ័យ​ទាំងស្រុង។

លោក ហ៊ុន សែន និយាយ​ទាំង​ខឹង​ញ័រ​មាត់​ក្នុងពេ​ល​ចុះ​ជួប​កម្មករ​ថ្ងៃ​ទី​២១ ខែ​មីនា​ថា ការ​និយាយ របស់​បុរស​ម្នាក់​នេះ យក​ការងារ​ជាតិ មក​ភូត​កុហក​ដែល​នេះ​មិនមែន​ជា​សិទ្ធិ​នៃ​ការ​ធ្វើ​ព័ត៌មាន​ទេ ប៉ុន្តែ​សកម្មភាព​នេះ​គឺ​ការ​ធ្វើ​ចារកម្ម៖ «អភិបាលខេត្ត​កែប តាម​អា​មួយ​ហ្នឹង​មួយថ្ងៃ​ហ្នឹង តាម​រក​អា​មួយ​ហ្នឹង​! អានេះ​ភូត​ប្រចាំ​ត្រកូល ហើយ​ភូត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថា​ដល់​ត្រឹមនេះ​គេ​ធ្វើ​បែប​នេះ អា​ថ្ងៃ​ឯង​ចេញ​ពី​នេះ​មក វា​ថា​ឯង​គេច​ចេញពី​អ្នកកាសែត ហើយ​រត់ឡើង​កប៉ាល់​ហោះ។ អានេះ​ឆ្កួត​នេះ​ឆ្កួត!»។

ក្រៅពី​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បុរស ដែល​រិះគន់​ការចូលរួម​កិច្ចប្រជុំ​ប្រទេស​អូស្ត្រាលី លោក ហ៊ុន សែន ក៏បាន​អួតអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ប្រទេស​អូស្ត្រាលី កាលពី​ចុង​សប្ដាហ៍​មុន គឺ​មាន​ពលរដ្ឋ​ខ្មែរ​មក​គាំទ្រ និង​ស្កាត់​ជួប​រូបលោក​ជាង​មួយ​ពាន់​នាក់។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​បន្ទាប​ចំនួន​អ្នក​តវ៉ា​ប្រឆាំង​លោក ឲ្យ​នៅ​ត្រឹមតែ​ជាង​មួយ​រយ​នាក់​ប៉ុណ្ណោះ។

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហ៊ុន សែន អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់ នៅ​ប្រទេស​អូស្ត្រាលី​ដែរ​នោះ មើល​ឃើញ​ថា កិច្ចប្រជុំ​ដដែល​នោះ គឺ​ពិតជា​បាន​ញាំញី ដោយ​បាតុកម្ម​ប្រឆាំង​ក្រុម​មេដឹកនាំ​ផ្ដាច់ការ មកពី​អាស៊ាន ជាពិសេស​មេដឹកនាំ​មក​ពី​ប្រទេស​កម្ពុជា​នេះ​តែម្ដង។ ជាង​នេះ​ទៅ​ទៀត ក្រុម​បាតុករ​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន គឺ​មាន​ច្រើនជាង​ក្រុម​បាតុករ​មកពី​ប្រទេស​ផ្សេងទៀត ដែល​តវ៉ា​ប្រឆាំង​លោក ហ៊ុន សែន មាន​រហូតដល់​ជាង​មួយ​ពាន់​នាក់ មិន​ដូច​ការ​និយាយ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ហេង ភារៈ ប្រាប់​ថា លោក​មិនទាន់​ដឹង ពី​មូលហេតុ​ដែល​សមត្ថកិច្ច ចាប់ខ្លួន​បុរស​ឈ្មោះ ម៉ារី នេះ​នៅឡើយ​ទេ។ លោក​ថា សមាគម​អាដហុក កំពុង​ឃ្លាំមើល​ករណី​នេះ និង​តាមដាន​ដំណើររឿង​ដោយ​យកចិត្តទុកដាក់។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​របប​លោក ហ៊ុន សែន ចាប់ខ្លួន​ពលរដ្ឋ​របស់​ខ្លួន ដែល​ហ៊ាន​និយាយ​រិះគន់ និង​និយាយ​ពី​ចំណុច​អវិជ្ជមាន​របស់​របប​លោក ហ៊ុន សែន។ កាល​ពី​ពេល​ថ្មី​នេះ ស្ត្រី​ម្នាក់ ឈ្មោះ សំ សុខា ដែល​បាន​រត់គេច​ខ្លួន​ទៅដល់​ប្រទេស​ថៃ ករណី​យក​ស្បែកជើង​គប់​រូបលោក ហ៊ុន សែន និង​រូបលោក ហេង សំរិន ត្រូវ​របប​លោក ហ៊ុន សែន សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ។

ស្រប​ពេល​ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន កាន់តែ​បន្ថែម​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ប្រទេស​សេរី ដែល​ហ៊ាន​ចេញមុខ​តវ៉ា ក៏​រង​ការ​គម្រាម​កំហែង​ផ្សេងៗ​ផង​ដែរ។ យុវជន​ម្នាក់​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន និង​របប​លោក ហ៊ុន សែន ដោយ​មិន​សំចៃ​មាត់ កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្រុម​គ្រួសារ នៅ​ស្រុក​ខ្មែរ ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយ​អាជ្ញាធរ​មូលដ្ឋាន។ យុវជន ទឹម សុជា ដែល​មាន​រហស្សនាម​លើ​ហ្វេសប៊ុក​ថា “​រាជ្យ​បុត្រ​អាសូរ្យកាយ​” ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ក្រោយ​ពី​លោក​ចូលរួម​ក្នុង​បាតុកម្ម​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន អាជ្ញាធរ​បាន​ចុះទៅ​ដល់​ផ្ទះ​របស់​ម្ដាយ​របស់​លោក។ ក្រោយមក​ស្រាប់តែ​រូបថត​ផ្ទះ​ម្ដាយ​របស់​លោក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក យ៉ាង​ព្រោងព្រាត។ លោក​ថា​នេះ​ជា​ចេតនា បំភិតបំភ័យ និង​បំបាក់​​ស្មារតី​ក្រុម​គ្រួសារ​លោក៖ «ធម្មតា​អ្នក​នៅ​ខ្មែរ គាត់​ស្ថិត​ក្នុង​គំនាប​មួយ​ដែល​កំពុងតែ​ខ្លាច។ នៅ​ពេល​ដែល​ទទួល​បាន​ការ​គំរាមកំហែង គាត់​តែងតែ​គិត​ថា អូ​បើសិនជា​ថ្ងៃ​ណាមួយ ភ្លើង​ឆេះ​ផ្ទះ ឬ​ករណី​ចោរប្លន់​កើតឡើង ឬ មាន​ករណី​ឃាតកម្ម​ផ្សេងៗ តើ​វា​ជា​ករណី​នយោបាយ​មក​ពាក់ព័ន្ធ ឬ​ជា​ករណី​មែនទែន?»។

លោក ទឹម សុជា មិន​ខ្លាច​ក្នុង​ការ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក​នោះ​ឡើយ។ លោក​បាន​អំពាវនាវ ឲ្យ​អាជ្ញាធរ​ខ្មែរ ត្រូវ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ឬ​បំភិតបំភ័យ ដល់​ក្រុម​គ្រួសារ​របស់​លោក​ត​ទៀត ព្រោះ​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​របស់​លោក គឺជា​សិទ្ធិ​សម្រេច​របស់​លោក ហើយ​មិន​ត្រូវ​ធ្វើបាប​គ្រួសារ​របស់​លោក ដើម្បី​បំភិតបំភ័យ​លោក​នោះ​ឡើយ។

ចំណែក​ឯ​អ្នក​តវ៉ា ដ៏​សកម្ម​មួយ​រូប​ទៀត នៅ​ឯ​ប្រទេស​អូស្ត្រាលី​ឯណោះ គឺ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ពី​ខាង​គណបក្ស​ពលករ​លោក ហុង លីម ក៏​រង​ការ​គំរាមកំហែង រហូត​ដល់​គំរាម​សម្លាប់​ទៀត​ផង។ ប៉ុន្តែ ការ​គំរាម​សម្លាប់​នេះ គ្មាន​ប្រភព​ច្បាស់លាស់​ទេ ដោយ​អ្នក​គំរាម​សម្លាប់ សរសេរ​ជា​លិខិត​អនាមិក ផ្ញើ​ទៅ​លោក។ ជន​អនាមិក​ដដែល​នោះ​ថា ពួកគេ​ចង់​សម្លាប់​សកម្មជន​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី និង​មនុស្ស​ជាច្រើន​ទៀត ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​អស់ ហើយ​ថាបើ​ពួកគេ​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ពួកគេ​នឹង​គ្រប់គ្រង​ប្រទេស​ជា​រៀង​រហូត។ លោក ហុង លីម បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស​អូស្ត្រាលី ដើម្បី​វែកមុខ​រក​អ្នក​នៅ​ពីក្រោយ​សារ​គំរាម​សម្លាប់​នេះ​ហើយ។

ទោះជា​មានការ​គំរាម​យ៉ាងណាក៏ដោយ លោក ហុង លីម បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា ការ​គំរាម​នោះ​មិន​អាច​រារាំង​ក្រុម​របស់​លោក​ពី​ការ​ស្រែក ទាមទារ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស សម្រាប់​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ៕

No comments: