Wednesday, 28 March 2018

លោក ហ៊ុន សែន នៅ​តែ​ថា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ដើរ​ទៅ​មុខ


ដោយ តាំង សារ៉ាដា
2018-03-26 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page



លោក ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ មីនា បាន​ប្រកាស​ម្ដង​ទៀត​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​នៅ​តែ​បន្ត​ដើរ​ទៅ​មុខ ហើយ​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស ក៏​នៅ​តែ​បន្ត​ធ្វើ​តាម​កាល​កំណត់ ដោយ​គ្មាន​ការប្រែប្រួល​ឡើយ។

ការប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​ប្រវែង​ជិត ៨៥​គីឡូម៉ែត្រ នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៥ ពី​ខេត្ត​បាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។



អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ អះអាង​ថា កម្ពុជា​បាន​អនុវត្ត​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ជា​សកល​រួចរាល់​ហើយ កាលពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខនេះ​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី​៦ ដូចគ្នា​ដែរ។

ការប្រកាស​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ធ្វើឡើង​ក្រោយពី​មានការ​ស្នើ​សុំ​របស់​ប្រទេស​ជប៉ុន​ឲ្យ​មានការ​ចរចា​ជា​ដោយ​សន្តិវិធី​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​បង្កើត​បរិយាកាស​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ចរចា​ជាដាច់ខាត​ជាមួយ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​កំពុង​មាន​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​រាប់​មិនអស់ និង​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ឃាំង​នោះ។

ទោះជា​យ៉ាងណាក៏ដោយ​សេត​វិមាន​ប្រធានាធិបតី សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ព្រមាន​រួចជាស្រេច​ទៅ​ហើយ​ថា ពួកគេ​នឹង​មិន​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​ទេ ដ៏​រាប​ណា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះឆ្នោត ដោះលែង​អ្នក​ទោស​នយោបាយ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សា​ព័ត៌មាន​ឯករាជ្យ​នោះ៕

1 comment:

Anonymous said...

Look at Ah Chor Prey Hun Sen's face !!
That's why the leader of other country did not want to sit close to him.