ដោយ ទីន ហ្សាការីយ៉ា
2018-03-28

អ្នកវិភាគឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA
អ្នកវិភាគចាត់ទុកការថ្លែងរបស់ លោក ហ៊ុន សែន ថាកម្ពុជាគ្មានវិបត្តិនយោបាយនោះ គ្រាន់តែជាការបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ ហើយសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាច បានថ្កោលទោសរបបលោក ហ៊ុន សែន ជាបន្តបន្ទាប់ ដោយជំរុញឲ្យលោកដោះស្រាយវិបត្តិនយោបាយនេះវិញជាបន្ទាន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងម្ដងហើយម្ដងទៀត ថាកម្ពុជាគ្មានវិបត្តិនយោបាយឡើយ ហើយថា ការគ្រប់គ្រងរដ្ឋរបបរបស់លោកនៅតែដំណើរការជាប្រក្រតីជាធម្មតា។ លោកថា សមាជិកបក្សប្រឆាំងរួមទាំងលោក កឹម សុខា ផង កំពុងតែរងទណ្ឌកម្មជាប់មន្ទីរឃុំឃាំងរបស់លោកនោះ ជាករណីធម្មតា ប្រទេសណាក៏មានដែរ៖ «គេធ្វើគុកមកសម្រាប់ដាក់អ្នកដែលមានទោស ពួកក្បត់ជាតិអ៊ីចឹងហើយ ដូច្នេះប្រទេសនេះមិនមែនជាប្រទេសមានសង្គ្រាម និងអស្ថិរភាពអ្វីដែរ ហើយគ្មានវិបត្តិនយោបាយអ្វីទេ កម្មកររោងចក្រកំពុងធ្វើការធម្មតា កសិករធ្វើកសិកម្មធម្មតា ទេសចរណ៍នៅតែមាន។ តើអ្វីទៅហៅថាវិបត្តិនយោបាយ?»។
លោក ហ៊ុន សែន ថ្លែងការពាររបបរបស់លោក ថាគ្មានវិបត្តិនយោបាយនេះ មិនមែនជាលើកទី១ទេ កន្លងមក លោកបានថ្លែងដូច្នេះ ជាហូរហែ ប៉ុន្តែអ្នកវិភាគវិញ អះអាងថា កម្ពុជាកំពុងមិនត្រឹមតែមានវិបត្តិនយោបាយប៉ុណ្ណោះទេ គឺកម្ពុជាកំពុងមាន វិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ចថែមទៀត។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាបានដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅឆ្នាំ២០១៤ ក្រោយពីការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ដែលមានមនុស្សរាប់លាននាក់បាតុកម្មប្រឆាំងរបបលោក ហ៊ុន សែន។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៥មក វិបត្តិនយោបាយនេះ បានកើតមានជាថ្មីទៀត រហូតដល់សភាឯកបក្សរបស់គណបក្សកាន់អំណាច កែប្រែច្បាប់ចំនួន៣ ទាក់ទងនិងការបោះឆ្នោត និងឈានទៅដល់ការរំលាយគណបក្សសង្គ្រោះជាតិ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ថ្វីត្បិតលោក ហ៊ុន សែន នៅតែគ្រប់គ្រងរដ្ឋដំណើរការទៅប្រក្រតីដូចដែលលោក ហ៊ុន សែន អះអាងក្ដី ប៉ុន្តែជាក់ស្ដែងពលរដ្ឋ អ្នកនយោបាយប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គ្មានសិទ្ធិបំពេញការងាររបស់ពួកគេពេញលេញ នៅក្នុងរបបផ្ដាច់ការរបស់លោក ហ៊ុន សែន ឡើយ៖ «ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរ ការបោះឆ្នោត អាហ្នឹងពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋ អាហ្នឹងហើយពាក់ព័ន្ធនឹងវិបត្តិនយោបាយ ដែលកើតមានតាំងពីការកែច្បាប់ទាំង៤ហ្នឹង អាហ្នឹងហើយជាវិបត្តិនយោបាយ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា បើសិនជារបបលោក ហ៊ុន សែន គ្មានវិបត្តិមែននោះ មិនមែនសហគមន៍អន្តរជាតិចេញលិខិតថ្កោលទោសរបបរបស់លោក ជាបន្តបន្ទាប់ឡើយ។ លើសពីនេះទៀតសហគមន៍អន្តរជាតិថែមទាំងព្រមានថា បើសិនជាលោក ហ៊ុន សែន មិនវិលទៅរកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញទេនោះ សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ការបោះឆ្នោតនៅខែកក្កដា ខាងមុខទេ។ ក្រៅពីវិបត្តិនយោបាយនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កម្ពុជាកំពុងតែជួបវិបត្តិសេដ្ឋកិច្ចជាបណ្ដើរៗហើយ ព្រោះថា វិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់ជាតិនោះ កំពុងតែបាត់បង់ភ្ញៀវទេសចរជាបណ្ដើរៗហើយដែរ៖ «ខ្ញុំបានទៅអង្គរវត្តអ្នកដែលទទួលផលទេសចរថា ឥលូវនេះមិនសូវមានភ្ញៀវទេ ខ្ញុំទៅផ្សាអូរឫស្សីអ្នកលក់ថា គ្មានអ្នកទិញ ខ្ញុំទៅទិញថ្នាំនៅ Pharmacy គេនិយាយដូចគ្នាដែរ»។
ក្រៅពីនេះទៀត លោក ហ៊ុន សែន ក៏បានប្រកាសបដិសេធសំណើរបស់ជប៉ុន ដែលឲ្យលោកវិលមកតុចរចា ដើម្បីបញ្ចប់ជម្លោះនយោបាយខ្មែរ និងខ្មែរ។ លោក ហ៊ុន សែន ថ្លែងជាថ្មីនៅថ្ងៃទី២៨ មីនា ថា លោកគ្មានចរចាជាមួយក្រុមណាឡើយ ដោយលោកចោទក្រុមគណបក្សប្រឆាំងថា ជាក្រុមក្បត់ជាតិជាដើម។ លោកបន្តថា មូលហេតុនៃការបញ្ឈប់ការចរចានយោបាយដោយសារតែ ការដុតរូបទីងមោងរបស់លោកនៅអាមេរិក និងអូស្ត្រាលី។
កាលពីថ្ងៃទី២១ ខែមីនា ប្រទេសចំនួន៤៥ ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសរបបលោក ហ៊ុន សែន ហើយប្រទេសទាំងនោះនឹងមានវិធានការបន្ទាប់ទៀតទៅលើរបបក្រុងភ្នំពេញ កាន់តែធ្ងន់ធ្ងរជាងមុន ប្រសិនបើ លោក ហ៊ុន សែន នៅតែរឹងទទឹងមិនចង់វិលមករកតុចរចានោះ។ សេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសទាំង៤៥នោះ បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិមិនអនុញ្ញាតឲ្យលោក ហ៊ុន សែន បំផ្លាញលទ្ធិប្រជាធិបតេយ្យបន្តទៅទៀតឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កម្ពុជាក្រៅពីមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចនោះ គឺនឹងប្រឈមនឹងវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរថែមទៀត ព្រោះថា វិបត្តិអត់ការងារធ្វើនឹងកើនឡើង ទំនិញកសិផលរបស់កសិករគ្មានទីផ្សារនោះ ចលនាបះបោរប្រឆាំងនឹងរបបរបស់លោក ហ៊ុន សែន នឹងផ្ទុះឡើងនៅថ្ងៃណាមួយមិនខាន៕
No comments:
Post a Comment