Saturday, 10 March 2018
មន្រ្តីអង្គការសហប្រជាជាតិ អំពាវនាវឲ្យបើកការស៊ើបអង្កេតបន្ទាន់ ក្នុងករណីហិង្សាលើពលរដ្ឋតវ៉ាដីធ្លី នៅខេត្តក្រចេះ
ដោយ មួង ណារ៉េត
2018-03-09
តំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) (ឆ្វេង) និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែងក្នុងសន្និសីទកាសែត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០១៦។
RFA/Sorn Chanratha
មន្រ្តីអង្គការសហប្រជាជាតិ និង មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឲ្យបើកការស៊ើបអង្កេតបន្ទាន់ ក្នុងករណីហិង្សាលើពលរដ្ឋតវ៉ាដីធ្លី នៅខេត្តក្រចេះ ។ ក្រោយការបង្ក្រាបដោយហិង្សាមក ពលរដ្ឋមួយចំនួន បានសម្ងំលាក់ខ្លួនក្នុងព្រៃ និង ខ្លះទៀតគេចខ្លួនមួយរយៈ ព្រោះភ័យព្រួយ ពីសុវត្ថិភាព ស្របពេលដែលអាជ្ញាធរបានពង្រាយកម្លាំង សមត្ថកិច្ចឃ្លាំមើល និងតាមដាន ហើយអ្នកភូមិខ្លះទៀត ត្រូវបានអាជ្ញាធរឃុំ ហៅមកសួរនាំ និងព្រមានឲ្យបញ្ឈប់ផ្តល់ព័ត៌មានទៅអ្នកកាសែត។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សម្តែងក្តីព្រួយបារម្ភយ៉ាងក្រៃលែង ជុំវិញព័ត៌មាន អំពីការបាញ់ប្រហារ ទៅប្រជាពលរដ្ឋអ្នកតវ៉ាជម្លោះដីធ្លី នៅខេត្តក្រចេះនេះ។ អ្នកស្រីស្នើឲ្យមានកាស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីនេះ ហើយអ្នកស្រីក្រើនរម្លឹករបបលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព អាចកើតឡើងទៅបាន ដោយមិនអាចខ្វះការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាននេះបានឡើយ។
មន្រ្តីជាន់ខ្ពស់ផ្នែកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏យល់ស្របឲ្យមានការស៊ើបអង្កេតជាបន្ទាន់នេះដែរ។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា ការស៊ើបអង្កេតបន្ទាន់ មួយ គឺពិតជាមានសារៈសំខាន់បំផុត ដើម្បីរកឲ្យឃើញអ្នកដែលពាក់ព័ន្ធ ក្នុងអំពើហិង្សានេះ។ លោកស្នើឲ្យការស៊ើបអង្កេតនោះ ត្រូវតែធ្វើឡើង ដោយក្រុមឯករាជ្យ ដែលមានការចូលរួម ពីខាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែលពេលនេះ កំពុងតែមានវត្តមាន របស់អ្នកស្រី រ៉ូណា ស្មីត ស្រាប់។ ការស៊ើបអង្កេតត្រូវតែរកឲ្យឃើញ ថាតើហេតុអ្វីបានជាកងកម្លាំងប្រដាប់អាវុធ មានវត្តមាននៅកន្លែងតវ៉ា ដោយពលរដ្ឋសាមញ្ញ និង ថាតើកងកម្លាំងប្រដាប់អាវុធទាំងនោះ ទៅការពារឲ្យក្រុមហ៊ុនឯកជន ឬ ទៅការពារក្រុមគ្រួសារ ឬ បក្សពួកអ្នកមានអំណាច ដូចជាលោក ហ៊ុន សែនជាដើមនោះ។ លោក ប្រ៊ែដ អាដាម លើកឡើងបន្ថែមទៀតថា បើទោះបីជាពលរដ្ឋតវ៉ាបិទផ្លូវ ក៏អាជ្ញាធរមិនត្រូវបើអំពើហិង្សា លើពួកគាត់នោះដែរ ព្រោះពលរដ្ឋមានសិទ្ធិជាមូលដ្ឋាន ក្នុងការតវ៉ាដោយសន្តិវិធីណាមួយ <<ទាំងនោះឯងហើយ គឺជាអ្វីដែលត្រូវស៊ើបអង្កេតរកឲ្យឃើញនោះ! តាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មានប្រវត្តិបើកការស៊ើបអង្កេតណាមួយដែលឯករាជ្យ និង គួរឲ្យជឿទុកចិត្តបាននោះទេ។ ដូច្នេះហើយ ទើបការស៊ើបអង្កេតនេះ ត្រូវតែធ្វើឡើងដោយអង្គការសហប្រជាជាតិ។ បើគ្មានអន្តរាគមន៍ ពីអង្គការសហប្រជាជាតិទេ កុំសង្ឃឹមថា នឹងមានតម្រុយអំពីហេតុការណ៍ពិត ដែលបានកើតឡើងនោះឲ្យសោះ>>។
ក្រៅពីប្រកែកថាគ្មានអំពើហិង្សារហូតដល់មានការស្លាប់មនុស្ស និង របួសរាប់សិបនាក់នេះ អាជ្ញាធរខ្មែរ មិនបានបង្ហាញអំពីការបើកការស៊ើបអង្កេតឯករាជ្យណាមួយនៅឡើយទេ។ ផ្ទុយទៅវិញ អាជ្ញាធរបានដាក់កម្លាំង សមត្ថកិច្ចឃ្លាំមើលពលរដ្ឋ និងតាមដាន ពលរដ្ឋណាដែល ផ្តល់ព័ត៌មានឲ្យ ប្រព័ន្ធផ្សព្វផ្សាយ ពីការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ និងមួយចំនួនបាត់ខ្លួនកាលពីថ្ងៃទី ០៨មីនា ដែលកើតឡើងជុំវិញ វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម នៅឃុំពីរធ្នូ ស្រុកស្នូល ខែត្រក្រចេះនេះ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត ដែលរត់គេចពីគ្រាប់កាំភ្លើង របស់សមត្ថកិច្ច ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី ០៩ មីនានេះ ឲ្យដឹងថា អ្នកភូមិ ភាគច្រើនខ្លាចរអា ពីការបង្ក្រាបដ៏សាហាវរបស់អាជ្ញាធរ និងកំពុងរត់គេចខ្លួន និងមួយចំនួនកំពុងសម្ងំក្នុងផ្ទះ ព្រោះខ្លាចអាជ្ញាធរចាប់ខ្លួន។ ពលរដ្ឋដដែលរូបនេះ បានបញ្ជាក់ទៀតថា មកទល់ពេលនេះ ផ្ទះពលរដ្ឋប្រមាណ ២រយខ្នង ត្រូវអាជ្ញាធរដុតកម្ទេចចោល ដោយលើកហេតុផលថា សាងសង់លើដីរបស់ក្រុមហ៊ុនវៀតណាម។ លោកស្រីបដិសេធ មិនផ្តល់ព័ត៌មានដល់អាស៊ីសេរី ពីតួលេខនៃអ្នកស្លាប់ និងរបួសនោះទេ ព្រោះបារម្ភខ្លាចអាជ្ញាធរចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើរូបគាត់៖ «បើកាលណាខ្ញុំមានបទសម្ភាសន៍នេះទៀត ខ្ញុំមិនដឹងងាប់ឬរស់។ បើសិនយកខ្ញុំទៅដាក់កន្លែងសិទ្ធិនារី ដើម្បីឲ្យខ្ញុំមានសិទ្ធិឆ្លើយ ទោះមួយម៉ាត់មួយក ក៏ខ្ញុំឆ្លើយត្រូវដែរ»។
តែយ៉ាងណា សាក្សីដែលឃើញហេតុការណ៍បាញ់ប្រហារនេះ បានប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី ០៨ មីនាថា ការបង្ក្រាបនោះ បានបណ្តាលឲ្យ មានពលរដ្ឋ ស្លាប់និង រងរបួសមួយចំនួនទៀត។
ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលឈ្មោះចម្ការកៅស៊ូ មេមត់ របស់កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ទទួលសិទ្ធិវិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូ តាំងពីឆ្នាំ២០០៨ លើផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥៥) នៅក្នុងស្រុកស្នួល ខែត្រក្រចេះ សម្រាប់កិច្ចសន្យារយៈពេល ៥០ឆ្នាំ។ ក៏ប៉ុន្តែក្រុមហ៊ុននេះ បានផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនវៀតណាម កាលពីឆ្នាំ២០១៥។
មុនឆ្នាំ២០០៥ ដីសម្បទានសេដ្ឋកិច្ចមេមត់ គឺជាតំបន់ដែនជម្រកសត្វព្រៃស្រុកស្នួល លាតសន្ធឹងលើផ្ទៃដីជាង ១ម៉ឺនហិកតារក្នុងស្រុកស្នួល ខែត្រក្រចេះ ជាប់ព្រំប្រទល់ខែត្រមណ្ឌលគិរី។ តំបន់នោះសម្បូរដោយព្រៃស្រោង និងជាជម្រក សត្វកម្ររស់នៅ។ តែនៅគ្រាដែលមានវត្តមានក្រុមហ៊ុន កូនស្រី លោក ហ៊ុន សែន តំបន់នោះ ក្លាយជាជម្រកអាជីវកម្មឈើដ៏កក្រើក បង្កឲ្យព្រៃរលាយទាំងស្រុង ហើយបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនវៀតណាម និងមានដំណាំកៅស៊ូ។
សាលាខែត្រក្រចេះកាលពីថ្ងៃទី ០៨ មីនា បានចេញសេចក្តីប្រកាសព័ត៌មាន ថាគ្មានមនុស្សស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និង ពលរដ្ឋនោះទេ។ ការប៉ះទង្គិចនោះមានតែមនុស្ស ៩នាក់ ប៉ុណ្ណោះរបួស ក្នុងនោះ៧នាក់ជាសមត្ថកិច្ច។ អាជ្ញាធរខែត្របញ្ជាក់ថា ក្នុងការប៉ះទង្គិចនោះ គឺដោយសារពលរដ្ឋ តវ៉ាបិទផ្លូវជាតិលេខ ៧៦ ហើយក្រុមអាជ្ញាធរ បានសម្របសម្រួល តែពលរដ្ឋបដិសេធ និងបានប្រើហិង្សាលើក្រុមអាជ្ញាធរ ដោយប្រើកាំបិត ចម្ពាម និងកាំភ្លើងកែច្នៃ ជាដើម។ យ៉ាងណាក្រុមពលរដ្ឋដែលតវ៉ានោះ បានចាត់ទុកសេចក្តីជួនដំណឹង របស់អាជ្ញាធរថា បំផ្លើសការពិត។ ពលរដ្ឋអះអាងថា សមត្ថកិច្ចបានដកហូតទូរស័ព្ទពួកគាត់ ដែលថតបានអ្នកស្លាប់ក្នុងហេតុការណ៍នោះ និងដឹកសាកសព ទៅលាក់ទុកដើម្បីបំបាត់ភ័ស្តុតាង និងគេចវេសពីការទទួលខុសត្រូវ។
មេឃុំពីរធ្នូ លោក ប៉ឹង វិន អះអាងថា ពុំមានមនុស្សស្លាប់ ក្នុងព្រឹត្តការណ៍ តវ៉ានោះទេ មានតែរបួស ហើយរថយន្តសង្គ្រោះរបស់អាជ្ញាធរ បានដឹក ជនរងគ្រោះទៅមន្ទីរពេទ្យភ្លៀមៗ។ លោកថា អាជ្ញាធរខែត្របានចាត់ក្រុមការងារ ចុះដោះស្រាយ វិវាទដីធ្លីនេះដែរកាលពីពេលថ្មីៗនេះ។ លោកបញ្ជាក់ថា វិវាទដីធ្លីនេះ កើតឡើងដោយសារពលរដ្ឋ នាំគ្នាចាប់ដីរបស់ក្រុមហ៊ុនរស់នៅ និងកាប់ព្រៃទន្ទ្រានយកជាកម្មសិទ្ធិ ទើបអាជ្ញាធរតែងតែចុះអនុវត្តច្បាប់៖ «គេទៅរក ក្រែងថាបាត់មនុស្ស បាត់អី។ ប៉ុន្តែ ដល់តែរកជាក់ស្តែង អត់ឃើញមនុស្ស។ ខ្ញុំឲ្យប្រជាការពារទៅរក នៅតែរកមិនឃើញមានផង។ ខ្លះថាស្លាប់ពីរនាក់។ ខ្លះថាស្លាប់បីនាក់។ អត់ទៀង។ ដល់ទៅមើល អត់ឃើញស្លាប់ទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ប្រាប់ថា សមាគមអាដហុកពុំទាន់រកឃើញ ពីតួលេខនៃអ្នកស្លាប់ និងអ្នករបួស ក្នុងការប៉ះទង្គិចគ្នានោះនៅឡើយទេ ដ្បិតអាជ្ញាធរនិងពលរដ្ឋ កំពុងប្រទាញ ប្រទុងគ្នា បញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសករណីនេះ។ តែយ៉ាងណាលោកថា សមាគមអាដហុក កំពុងអង្កេតពីការប្រើប្រាស់អាវុធរបស់សមត្ថកិច្ច គឺសមស្រប តាមផ្លូវច្បាប់ឬយ៉ាងណា? ស្រពពេលដែលមានពលរដ្ឋមួយចំនួន រងរបួសធ្ងន់អំឡុងពេលតវ៉ានោះ។ លោកចាត់ទុកការដោះស្រាយប្រើហិង្សា ពុំមែនជាយន្តការត្រឹមត្រូវតាមផ្លូវច្បាប់ទេ៖ «អាជ្ញាធរហ្នឹង ត្រូវតែធ្វើការបើកទូលាយឲ្យមានការបង្ហាញព័ត៌មានឲ្យច្បាស់ការ ដើម្បីឲ្យយើងដឹងពីផលខូចខាត ឬការដែលរឿងហ្នឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬ របួសស្នាមឬយ៉ាងម៉េច ឲ្យវាច្បាស់លាស់។ ដូច្នេះយើងគិតថា បើមានករណីបែបហ្នឹងកើតឡើង ខុសផ្ទុយពីច្បាប់ដូច្នេះ គួរតែចាត់វិធានការ ដើម្បីឲ្យពួកគាត់រាងចាល ឬកុំឲ្យស្ថានភាពបែបហ្នឹងកើតឡើងមាននៅកម្ពុជាតទៅទៀត ព្រោះយើងគិតថា ការប្រើប្រាស់ហិង្សាមិនមែនជាមធ្យោបាយដោះស្រាយនោះទេ»។
យ៉ាងណាក្រុមពលរដ្ឋប្រតិកម្មទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបបលោក ហ៊ុន សែន ដែលថាក្រុមពលរដ្ឋប្រើកាំភ្លើងច្នៃ កាំបិត ដំបង និងចម្ពាមកៅស៊ូ ជាដើម តដៃជាមួយសមត្ថកិច្ច ដែលការចោទដូច្នេះគឺជារឿងមិនពិតទេ គឺសមត្ថកិច្ច បានយកកាំភ្លើង បាញ់រះមកលើពលរដ្ឋមុន ទើបពលរដ្ឋទាញដុំថ្ម ជំពាមកៅស៊ូ និង ដំបង ដើម្បីការពារខ្លួនតែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
1 comment:
Just a reminder:
This Yuon's slave Hun Sen has never afraid to do anything to please his master Yuon to stay in power.
For example: the execution of the K5 project resulting of hundreds of thousands of Khmer people death.
The signing of the 2005 supplemental treaty resulting the loss of Koh Tral, etc...
Therefore, killing a few Khmer people for fun is no big deal for Hun Sen and his asshole family.
When will Khmer people in the whole country wake up and face this one eye monster Hun Sen ??
Bun Thoeun
Post a Comment