Sunday, 11 March 2018
មេធាវីលោក សម រង្ស៊ី សុំតុលាការអាមេរិក ឲ្យពន្លឿនចំណាត់ការរឿងភស្តុតាងលោក ហ៊ុន សែន ទិញLikes ហ្វេសប៊ុក
ដោយលោក មួង ណារ៉េត
2018-03-10
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី។
Photo: RFA
សំណើសុំឲ្យតុលាការចាត់ការឆាប់ៗ នេះ មេធាវីការពារក្ដីលោក សម រង្ស៊ី បានដាក់ទៅតុលាការ កាលពីថ្ងៃទី០៧ មីនា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុនហ្វេសប៊ុក បានដាក់ពាក្យប្ដឹងទាស់ទៅនឹងបណ្ដឹងលោក សម រង្ស៊ី កាលពីថ្ងៃទី០១ ខែមីនា។ ក្រុមហ៊ុនហ្វេសប៊ុក ស្នើសុំឲ្យតុលាការកុំចាត់ការលើបណ្ដឹងលោក សម រង្ស៊ី ដោយសារតែសំណើសុំឲ្យបង្ហាញភស្តុតាងនោះ មានទំហំធំ និងមានភាពទូលាយខ្លាំងពេក ដែលជាការដាក់សម្ពាធខ្លាំង ដែលមិនចាំបាច់ ទៅលើការប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងការឆ្លើយតបទៅនឹងបណ្ដឹងនេះ និងម្យ៉ាងទៀត ការបង្ហាញព័ត៌មានសម្ងាត់ណាមួយ អាចប៉ះពាល់ដល់ការសម្ងាត់ផ្នែកពាណិជ្ជកម្ម និងទំនាក់ទំនងរបស់អាមេរិក ជាមួយរដ្ឋបរទេស ដែលជាកម្មវត្ថុ នៃបណ្តឹងនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វេសប៊ុក អះអាងបន្ថែមថា ការបង្ហាញព័ត៌មានសម្ងាត់បែបនេះ វានឹងប៉ះពាល់ដល់ច្បាប់អាមេរិកផងដែរ។
ទោះជាយ៉ាងនេះក្ដី មេធាវីការពារក្ដីលោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនហ្វេសប៊ុក ជាក្រុមហ៊ុន យក្សលំដាប់ពិភពលោក មានវិស្វករខាងប្រមូលទិន្នន័យរាប់ពាន់នាក់ និងគ្រាន់តែក្នុងរដ្ឋកាលីហ្វ័ញ៉ាមួយ ក្រុមហ៊ុននេះមានមេធាវីដល់ជាងមួយរយនាក់ឯណោះ។ ម្យ៉ាងទៀត មេធាវីការពារក្ដីលោក សម រង្ស៊ី អះអាងថា រឿងក្ដីនេះគ្មានលក្ខណៈទូលាយខ្លាំងពេក ដូចការអះអាងរបស់មេធាវីក្រុមហ៊ុនហ្វេសប៊ុកនោះទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វេសប៊ុក ក៏ធ្លាប់បញ្ចេញឯកសារភស្តុតាង ទៅតាមការទាមទាររបស់ភាគីដើមបណ្ដឹង ជាច្រើនករណីរាប់មិនអស់ រួចមកហើយ។ ជាចុងក្រោយ មេធាវីការពារក្ដីលោក សម រង្ស៊ី អះអាងក្នុងសារណាតបរបស់ខ្លួនថា ក្រុមហ៊ុនហ្វេសប៊ុក មិនមានសម្ពាធខ្លាំង ដែលមិនចាំបាច់ ក្នុងការបង្ហាញឯកសារភស្តុតាង តាមការស្នើសុំរបស់ភាគីលោក សម រង្ស៊ី នោះឡើយ។
កាលពីដើមខែកុម្ភៈកន្លងទៅនេះ មេធាវីអន្តរជាតិបីរូប កំពុងតំណាងក្ដីឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលដាក់ពាក្យប្ដឹងទៅក្រុមហ៊ុនហ្វេសប៊ុក (Facebook) នៅតុលាការអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បីទាមទារឲ្យក្រុមហ៊ុនយក្ស ផ្នែកបណ្ដាញសង្គមមួយនេះ បង្ហាញភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងលោក ហ៊ុន សែន និងគូកន ដែលប្រើទំព័រហ្វេសប៊ុក ក្នុងការបោកបន្លំរាស្ត្រម្ចាស់ឆ្នោត ដោយការទិញ “Likes” និង រំលោភសិទ្ធិមនុស្សផ្សេងទៀតរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment