ដោយ ទីន ហ្សាការីយ៉ា
2018-04-16

រថយន្តដឹកកម្មករដែលក្រឡាប់ដោយសារការបើកជែងគ្នានៅលើផ្លូវជាតិលេខ៤១ ត្រង់ចំណុចមុខវត្តស្រះស្រង់ ស្ថិតក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។
Photo: RFA
គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានចំនួន ៥៥ករណី ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួសធ្ងន់ស្រាល ៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានចំនួនថយចុះ។
កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃដូចគ្នា មានចំនួន៩៥ករណី ដែលមានមនុស្សស្លាប់ ៤៣នាក់ និងរងរបួសស្រាលធ្ងន់ជិត ១៨០នាក់។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងនៅថ្ងៃទី១៦ មេសា ថា មូលហេតុដែលបណ្ដាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ រួមមានបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធគ្នា ប្រជែងគ្នា បើកបរទាំងភាពស្រវឹង មិនប្រកាន់ស្ដាំ និងបើកបរទាំងងងុយដេកជាដើម។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈដដែល បានបង្ហាញថា រយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួនជាង ៣ពាន់ ៥រយ ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួនជាង ១ពាន់ ៧រយ នាក់ និងរបួសចំនួនជាង ៥ពាន់ ៥រយនាក់៕
No comments:
Post a Comment