Monday, 28 May 2018

"ពលរដ្ឋ​ច្រើន​ទៀត​នឹង​ជាប់​ទោស​បើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​មិន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ"


ដោយ មួង ណារ៉េត
2018-05-27 

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA



ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ផ្សព្វផ្សាយ​មាត្រា​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​របប​លោក ហ៊ុន សែន កាលពី​ពាក់ កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ការ​ជំរុញ​ឱ្យ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នេះ បន្ទាប់​ពី​មាន ប្រជាពលរដ្ឋ​២​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ដោយ​យោង​តាម​មាត្រា​ថ្មី​នេះ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​មាត្រា​៤៣៧ (ស្ទួន) នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​ពី​បទ​ប្រមាថ ចំពោះ​ព្រះមហាក្សត្រ បន្ទាប់​ពី​របប​លោក ហ៊ុន សែន បាន​តាក់តែង​ឡើង និង​ដាក់​ឱ្យ​អនុវត្ត កាល​ពី​ដើម​ឆ្នាំ​២០១៨ ទាំង​ចម្រូងចម្រាស ហើយ​មិនទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ។



ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​ស្វាយរៀង រៀបរាប់​ថា លោក​និង​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ មិន​បាន​យល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់ ដែល​ដាក់​ទោស​ទណ្ឌ លើ​អ្នក​រិះគន់​ឬ​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ ព្រោះ​តាំងពី​ច្បាប់​នេះ​អនុម័ត និង​ដាក់​អោយ​ប្រើប្រាស់​មក មិន​ទាន់​ឃើញ​មានការ​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ «»

រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ ២​នាក់​ហើយ ត្រូវ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន ចាប់​តាំង​ពី​ច្បាប់ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​អនុម័ត​ដោយ របប​លោក ហ៊ុន សែន កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។

លោក ឃាង ណាវី អាយុ ៥០ ឆ្នាំ នាយក​សាលាបឋមសិក្សា នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​បញ្ចេញមតិ ក្នុង​ប្រអប់​បញ្ចេញមតិ (ខ្ទង់ Comment) ក្នុង​ន័យ​ថា ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត បាន​ចូល​ដៃ​ចូល​ជើង ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កន្លង​មក។ រីឯ​លោក បាន សម្ភីរ អាយុ ៧០​ឆ្នាំ អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​សៀមរាប បច្ចុប្បន្ន ជា​ជាង​កាត់សក់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៨ ដោយ​គ្រាន់តែ​ចែកចាយ​បន្ត ឬ Share នៅ​លើ​ហ្វេសប៊ុក​របស់​លោក។ ក្នុង​ហ្វេសប៊ុក​ឈ្មោះ បាន សម្ភីរ (Ban Samphy) កាលពី​ថ្ងៃ​ទី​១៣ ឧសភា បាន​ចែកចាយ​បន្ត (Share) វីដេអូ​ខ្លី​មួយ ស្ដីពី​ទុក្ខ​លំបាក របស់​អ្នកភូមិ​ស្រែគរ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ពី​ការ​អភិវឌ្ឍ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ភរិយា និង​រូប​ដាច់ដោយឡែក​មួយទៀត គឺ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ គង់​ក្នុង​រថយន្ត។ លោក បាន សម្ភីរ បាន share រឿងរ៉ាវ​ទាំងនោះ ត​ពី​ហ្វេសប៊ុក​ឈ្មោះ Khmer Thatcher ប៉ុន្តែ​លោក​មិនបាន​សរសេរ​អ្វី​បន្ថែម​ទេ។

អ្នក​ទាំងពីរ អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០ លាន​រៀល ឬ​ស្មើនឹង​ប្រាក់ ៥០០ ទៅ ២.៥០០​ដុល្លារ​អាមេរិក។

ទោះ​យ៉ាង​ណា​ក្តី អ្នកច្បាប់​ពន្យល់​ថា មិន​ទាន់​មាន​ច្បាប់​ណា ចែង​អំពី​ទោស​ទណ្ឌ នៃ​ការ Share ឬ Like ក្នុង​ហ្វេសប៊ុក​នោះ​ទេ។ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ បើ​គ្មាន​ច្បាប់​ចែង គឺ​គ្មាន​ទោស។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ព្រួយ​បារម្ភ​ថា នៅ​ពេល​ខាងមុខ អាច​នឹង​មាន​ប្រជាពលរដ្ឋ​ផ្សេងទៀត ត្រូវ​បាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះ មហាក្សត្រ។ ការ​ព្រួយ​បារម្ភ​នេះ ព្រោះ​លោក​យល់ថា សព្វថ្ងៃ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប សម្រាប់​លេង​ហ្វេសប៊ុក ប៉ុន្តែ​ពួកគាត់​មិន​បាន​ដឹង ពី​របៀប​ប្រើប្រាស់ និង​មិន​បាន​យល់ដឹង​ច្បាស់លាស់​អំពី​មាត្រា​ច្បាប់​ថ្មី ដែល​ចែង​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ។ «»

កន្លងមក​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​រដ្ឋធម្មនុញ្ញ បាន​ចែង ត្រឹមតែ​ដាក់ទោស​ទណ្ឌ ចំពោះ​ជន​ណា ធ្វើ​ឃាត​ព្រះមហាក្សត្រ​ត្រូវ​ជាប់ពន្ធនាគារ​មួយ​ជីវិត បើ​ចំពោះ​ការ​ធ្វើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ចំពោះ​ព្រះមហាក្សត្រ​វិញ ត្រូវ​ជាប់ពន្ធនាគារ​ពី​១០ ទៅ​២០​ឆ្នាំ ចំណែក​ឯ​ទោស​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​ព្រះមហាក្សត្រ ត្រូវ​ជាប់ទោស​ពី​៧ ទៅ​១៥​ឆ្នាំ​ជាដើម។ ប៉ុន្តែ​មិន​មាន​ចែង​ពី​ការប្រមាថ​ព្រះ​ចេស្ដា ព្រះមហាក្សត្រ​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រដ្ឋសភា​នៃ​របប​លោក ហ៊ុន សែន បាន​តាក់តែង និង​អនុម័ត​មាត្រា ៤៣៧​ស្ទួន​ថ្មី ដោយ​សរសេរ​ថា «ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រម ទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»។

ប្រធាន​គណៈកម្មការ​ជំនាញ ផ្នែក​នីតិកម្ម​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​បក្ស​កាន់អំណាច លោក ប៉ែន បញ្ញា ធ្លាប់​ពន្យល់​ពី​និយមន័យ​នៃ​ការប្រមាថ​ថា ការ​ប្រមាថ គឺ​ជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ ដែល​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​ព្រះមហាក្សត្រ។ ពេល​នោះ លោក​ពុំ​បាន​ពន្យល់​អំពី​ការ​ដាក់ ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល Share ឬ Like ក្នុង​ហ្វេសប៊ុក​នោះ​ទេ។

លោក ស៊ឹង សែនករុណា យល់​ថា របប​លោក ហ៊ុន សែន និង​អាជ្ញាធរ គួរតែ​ស្រាវជ្រាវ និង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ករណី​កន្លង​មក ថា​តើ​ពួកគាត់​មាន​ចេតនា​ប្រមាថ ព្រះមហាក្សត្រ​ដែរ​ឬទេ បើ​គ្រាន់តែ​ផ្សព្វផ្សាយ ឬ​ចែក​រម្លែក​បន្ត​សារ ដែល​ពាក់ព័ន្ធ នឹង​អង្គ​ព្រះមហាក្សត្រ​នោះ?។ ទោះជា​យ៉ាង​នេះ​ក្តី លោក​ថា ប្រសិនបើ ការ​ផ្សព្វផ្សាយ របស់​ពួកគាត់ គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ និង​មិន​បាន​យល់​ដឹង អំពី​ខ្លឹមសារ​ជាមុន គឺ​ពួកគាត់​គ្មាន​កំហុស​ឡើយ។ «»

ការ​បង្កើត​ច្បាប់ និង​ការ​ផ្សព្វផ្សាយ​ច្បាប់​កន្លង​មក តែងតែ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា រិះគន់​ថា មាន​លក្ខណៈ​ចង្អៀត​ត្បិតត្បៀត មិន​មាន​ការពិភាក្សា​ជា​ចំហ និង​តាក់តែង​ឡើង ដើម្បី​ធ្វើជា​ឧបករណ៍​នយោបាយ របស់​គណបក្ស​កាន់​អំណាច។

ម្យ៉ាងទៀត ច្បាប់​ភាគ​ច្រើន ដែល​អនុម័ត​រួចរាល់ គឺ​ផ្សព្វផ្សាយ តែម្ដង​គត់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​ដឹង​ស៊ីជម្រៅ​អំពី​ខ្លឹមសារ​ច្បាប់ និង​ចូលរួម​អនុវត្ត​ច្បាប់​នោះ​ទេ។

ចំពោះ​មាត្រា​ថ្មី ដែល​ចែង​ពី​បទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​នេះ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រួម​នឹង​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន លុបចោល​មាត្រា​ថ្មី​នេះ​វិញ ដោយ​ចាត់ទុកថា ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ នៃ​ការ​បញ្ចេញ​មតិ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ។

ដោយឡែក​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន តែង​ការពារ​ថា មាត្រា​ថ្មី​នេះ សំដៅ​ការពារ​បុព្វសិទ្ធិ​នៃ​អង្គ​ព្រះមហាក្សត្រ ដែល​មិន​ឱ្យ​ជន​ណា​ប្រមាថ​បាន​ឡើយ៕

No comments: