Sunday, 27 May 2018

តើ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​ពលរដ្ឋ​មិន​ឈឺចាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រឹមត្រូវ​ទេ?


ដោយ មួង ណារ៉េត
2018-05-26 
rfa
រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
RFA Screenshot



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​បាន​ដឹកនាំ កម្ពុជា​ជាង​៣០​ឆ្នាំ​មកនេះ បាន​ថ្លែង​ថា ការដឹកនាំ​របស់​លោក មិន​ធ្លាប់​ធ្វើ​ឲ្យ​នរណា​ម្នាក់​រងគ្រោះ ឬ​ឈឺចាប់​នោះ​ទេ។ តើ​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន នេះ ជា​ការពិត​ត្រឹមត្រូវ​ដែរ​ទេ?

អ្នកឃ្លាំមើល​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ មើល​ឃើញ​ថា ការ​ក្ដោបក្ដាប់​អំណាច​អស់​ជាង​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​ឈឺចាប់​ដោយ​ផ្ទាល់​ដៃ​ក្តី ក៏ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​លោក មាន​ឃាតកម្ម អំពើ​និទ្ទណ្ឌភាព ការ​ជិះជាន់​រំលោភ​បំពាន សិទ្ធិមនុស្ស រំលោភ​យក​ដីធ្លី និង​ផ្ទះសម្បែង​ពលរដ្ឋ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។ ពួកគេ​យល់ថា អំពើ​ទាំងអស់​នេះ សុទ្ធ​តែ​ជា​ការទទួលខុសត្រូវ របស់​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ ប៉ុន្តែ​លោក ហ៊ុន សែន រួចខ្លួន​រហូត។



តំណាង​ពលរដ្ឋ​រស់នៅ​ភ្នំ​បាត អ្នកស្រី គឹម សារ៉ាន រៀបរាប់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ថា​លោក​មិន​ធ្លាប់​ធ្វើ​ឲ្យ​នរណា​ម្នាក់​រងគ្រោះ ឬ​ឈឺចាប់​នោះ គឺ​អ្នកស្រី មិន​អាច​ទទួល​យក​បាន​ឡើយ ព្រោះថា​លោក ហ៊ុន សែន និយាយ​កុហក ដើម្បី​បោក​យក​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

អ្នកស្រី​បន្ថែម​ថា អតីត​អ្នក​បុរីកីឡា​ចំនួន ១៤០​គ្រួសារ ដែល​អាជ្ញាធរ​បាន​យក​ទៅ​ចាក់ចោល នៅ​តំបន់​ភ្នំ​បាត ត្រង់​ចំណុច​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដោយសារ​ផ្ទះ​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) ឈូស​បំផ្លាញ​ចោល កាលពី​ឆ្នាំ​២០១២​នោះ គឺ​ដោយសារតែ​របប​លោក​ហ៊ុន សែន បើកដៃ​ដោយ​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ត្រឹមត្រូវ ជូន​ពួកគាត់។ ក្រោយ​ការ​បណ្ដេញ​ចេញ​ទាំង​ហិង្សា រហូតមកដល់​សព្វថ្ងៃ​នេះ ពួកគាត់​គ្មាន​ផ្ទះសម្បែង​ត្រឹមត្រូវ បាត់បង់​ការងារ​ធ្វើ បែកបាក់​គ្រួសារ រស់​ទាំង​ត្រដាបត្រដួស រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក រស់​ពឹង​ជំនួយ​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស និង​រហូត​មាន​ប្រជាពលរដ្ឋ​ចំនួន ១៣​នាក់ បាន​ស្លាប់​ដោយសារ​ដាច់​បាយ និង​ផឹកទឹក​មិន​ស្អាត​ជាដើម។ ពួកគាត់​អះអាង​ថា ពួកគាត់​រងគ្រោះ យ៉ាង​វេទនា​បែបនេះ ក៏​ដោយសារ​ការដឹកនាំ​ខ្វះ​គុណធម៌ និង​ខ្វះ​ការទទួលខុសត្រូវ​ពី​លោក ហ៊ុន សែន នេះឯង៖ «បើ​គាត់​មិន​បញ្ជា​ក្រុមហ៊ុន ធ្វើ​ម៉េច​គេ​ហ៊ាន​មក​វាយដំ​ពួក​ខ្ញុំ​... វេទនា​ណាស់​ក្រោម​របប ហ៊ុន សែន... អភិវឌ្ឍ​ត្រង់ណា រាស្ត្រ​ទឹកភ្នែក​កន្លែង​ហ្នឹង»។

នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា លោក​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​កសាង​កំណាត់​ផ្លូវជាតិ​លេខ​៥ ដោយ​អួតអាង​ថា លោក​មិន​ធ្លាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ទទួល​គ្រោះថ្នាក់​នោះ​ឡើយ អំឡុង​ពេល​លោក​កាន់អំណាច អស់​រយៈពេល ៣៣​ឆ្នាំ​មកនេះ៖ «តៃកុង​ឡាន​មួយ បាន​បើកបរ​រថយន្ត​មួយ​នេះ រយៈពេល​ជិត ៤០​ឆ្នាំ មិនទាន់​ធ្វើ​ឲ្យ​មនុស្ស​គ្រោះថ្នាក់​ទេ»។

ការ​លើកឡើង​នេះ គឺ​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ព្រឹត្តិការណ៍ គ្រោះថ្នាក់​ដែល​កើត​ឡើងជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់​លោក។ ជា​ឧទាហរណ៍​ជាក់ស្ដែង កាលពី​ដើម​ខែ​ឧសភា​នេះ យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ ១៨ នាក់​នៅ​ខេត្ត​ក្រចេះ បាន​ស្លាប់​ដោយសារតែ​ពុល​ទឹក​ព្រែក និង​ប្រហែល ៣០០ នាក់​ទៀត​រងគ្រោះ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស បង្ហូរ​កាកសំណល់​គីមី​ពុល ចូល​ក្នុង​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ។ រហូតមកដល់​ពេលនេះ គ្មាន​មន្ត្រី​អាជ្ញាធរ​ណាមួយ​រូប ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ នៅ​ឡើយ​ទេ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បែរជា​ព្រមាន​ដក​តំណែង​រដ្ឋមន្ត្រី ដែល​ហ៊ាន​និយាយ​ប្រាប់​សារព័ត៌មាន អំពី​សារធាតុ​គីមី​ពុល​នោះ ថា​ខ្វះ​ការទទួលខុសត្រូវ ក្នុង​ការ​និយាយ​ស្ដី​ទៅវិញ។

នៅ​មាន​គ្រោះថ្នាក់​ដ៏​ធំ​មួយទៀត ដែល​លោក ហ៊ុន សែន កំពុង​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​ជ្រោះ​នៃ​វិបត្តិ​ធំ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​នេះ គឺ​ការបំផ្លាញ​ដំណើរ​ប្រជាធិបតេយ្យ ដោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អ្នក​គាំទ្រ​រហូត​ជាង ៣​លាន​នាក់ ដែល​តំណាង​ឲ្យ ៤៤% នៃ​អង្គ​បោះឆ្នោត។ គ្រោះថ្នាក់​ដ៏​នៅ​ចំពោះ​មុខ​នេះ គឺ​ការបាត់បង់​សិទ្ធិ​សេរីភាព ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ និង គណបក្ស​នយោបាយ ដែល​ខ្លួន​ពេញចិត្ត ព្រោះ​គណបក្សប្រឆាំង ត្រូវ​បាន​ផាត់​ចេញពី​ឆាក​នយោបាយ ដោយសារតែ​អំណាច​ផ្ដាច់ការ។

អ្នកវិភាគ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ព្រមាន​ថា ការ​ផ្ទុះ​ការ​តវ៉ា ដោយសារ​ភាព​អយុត្តិធម៌ អាច​នឹង​កើតឡើង​ជាយថាហេតុ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន កំពុង​ខំប្រឹង​បង្ក្រាប​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​យ៉ាង​ចាស់ដៃ នៅ​ពេល​នេះ​យ៉ាង​ណា​ក្តី។ មិន​តែ​ប៉ុណ្ណោះ បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ នាំចេញ​សំលៀកបំពាក់​ពី​កម្ពុជា ដោយសារតែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​បែបនេះ ច្បាស់​ណាស់​មិនមែន​លោក ហ៊ុន សែន ទេ ដែល​ឈឺចាប់ គឺ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​កម្មករ​រោងចក្រ​រាប់​សែន​នាក់ ដែល​នឹង​ត្រូវ​រង​ការ​ឈឺចាប់ ដោយសារ​បាត់បង់​ឱកាស​ការងារ​ជាដើម។

ការ​បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន ដែល​តវ៉ា​ទាមទារ រក​ភាព​យុត្តិធម៌ និង ការ​ជួយ​គិត​គូ​ដល់​ជីវភាព​រស់នៅ​ឲ្យ​ប្រសើរ​ឡើង បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាត់បង់​ជីវិត។

កាល​ពី​ដើមឆ្នាំ​២០១៤ កងកម្លាំង​របស់​លោក ហ៊ុន សែន បាន​បាញ់​បង្ក្រាប យ៉ាង​ហិង្សា​ទៅលើ​ក្រុម​អ្នកតវ៉ា នៅ​លើ​ផ្លូវ​វ៉េងស្រេង​ក្រុងភ្នំពេញ ដែល​បណ្ដាល​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជាច្រើន​នាក់ និង​បាត់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ខឹម សម្បត្តិ រហូតមកដល់​សព្វថ្ងៃ​នេះ។ ជនរងគ្រោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ ដែល​ទាមទារ​ប្រាក់​ឈ្នួល ត្រឹមតែ​១៦០​ដុល្លារ​ប៉ុណ្ណោះ។ ក្រុម​សមត្ថកិច្ច និង អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ក្នុង​ការ​បាញ់សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បែបនេះ នៅតែ​រួចខ្លួន ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ជនរងគ្រោះ នៅតែ​គ្មាន​ទទួល​បាន​យុត្តិធម៌។

ថែម​ទាំង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ក​គ្រោះថ្នាក់ រហូតដល់​ស្លាប់​មនុស្ស​ជាច្រើន​នាក់​ប៉ុណ្ណោះ​ទេ បី​ឆ្នាំក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បែរជា​ទាំង​ថ្លែង​សោកស្ដាយ​ទៅវិញ ថា​លោក​ស្ដាយ​ដែល​មិន​បាន​សម្លាប់​អ្នក​តវ៉ា​ទាំងនោះ​ឲ្យ​អស់៖ «បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នឹង អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នឹង​! ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នឹង​! ម៉ែ​! ឯង​ទើបតែ​ឃើញ​ឃ្លី​ប​វីដេអូ​ហ្នឹង​! ស្ដាយ​ណាស់​! សំណាង ដែល​ខ្ញុំ​អត់​បាន​មើល​ឃ្លីប​នេះ បើ​សិន​បាន​មើល​ឃ្លីប​នេះ ថ្ងៃ​ដែល​គេ​ប្រកាស​នោះ ប៉ុន្មាន​ម៉ោង​ក្រោយ វ៉ៃ​សង្គ្រុប​យក​ហ្មង!»។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការវាយប្រហារ និង​បាញ់សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើតមាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោតជាតិ​អាណត្តិ​ទី​២ និង​ទី​៣។ នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោកប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ដូចជា​កំប្លែង​ពេក​ហើយ ដែល​ហ៊ាន​អួតអាង ថា​ក្រោម​ការដឹកនាំ​របស់​លោក​កន្លង​មក​នេះ មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រោះថ្នាក់​នោះ។ លោក ប្រ៊ែដ អាដាម លើកឡើង​ថា តាមពិត​គឺ​លោក ហ៊ុន សែន នេះឯង​ដែល​ជា​មេដឹកនាំ​ម្នាក់​ដែរ នៅ​លើ​ពិភពលោក ដែល​ល្បី​ខាង​ឃោរឃៅ​បំផុត។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី បន្ថែម​ថា រាល់​ឆ្នាំ​មាន​របាយការណ៍ អង្គការ​សហប្រជាជាតិ នៅតែ​រក​ឃើញ​អំពី​ការ​សម្លាប់​មនុស្ស ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន នេះ៖ «កន្លងមក​លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឲ្យ​គេ​សម្លាប់​មនុស្ស។ កាល​ខ្ញុំ​នៅ​ធ្វើជា​មន្ត្រី​សិទ្ធិមនុស្ស របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិមនុស្ស​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ជា​អ្នក​កាយ ផ្ទាល់​ដៃ គឺ​កាយ​សាក​សព្វ​មនុស្ស ដែល​លោក​ហ៊ុន សែន បញ្ជា​កម្លាំង​គាត់ អោយ​សម្លាប់​ចោល។ វា​ជា​រឿង​អស់សំណើច​ខ្លាំង​ណាស់ ដែល​លោក ហ៊ុន សែន អះអាង​ថា គាត់​​មិនដែល​ធ្វើ​ឲ្យ​ខ្មែរ​ណា​ឈឺចាប់ ឬ​គ្រោះថ្នាក់​នោះ។ មិន​បាច់​រក​ឧទាហរណ៍ ឯណា​ឆ្ងាយ​ទេ មើល​ការ​ដឹកនាំ​របស់​គាត់ ដូចជា​អំពើពុករលួយ ដែល​ប្រាក់​ពាន់​លាន​ដុល្លារ បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​គាត់។ លុយ​នេះ គួរតែ​បាន​ដល់ដៃ​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ ប៉ុន្តែ​ជា​អកុសល ពលរដ្ឋ​ខ្មែរ​នៅ​ក្រីក្រ និង​ខ្វះខាត​សព្វ​បែប​យ៉ាង។ ពលរដ្ឋ​ខ្មែរ​នៅតែ​ត្រូវ​ទុក​ឲ្យ​ឈឺ​តាម​យថាកម្ម ព្រោះ​គ្មាន​លទ្ធភាព​ព្យាបាល។ អ្នកខ្លះ​នៅតែ​ត្រូវ​ពេទ្យ​ទុកចោល ព្រោះ​ក្រ​គ្មាន​ប្រាក់​ឲ្យ​ពេទ្យ។ អ្នកជំងឺ​ជាច្រើន មិន​អាច​រក​ការ​ព្យាបាល​ជំងឺ​បាន ព្រោះ​ពេទ្យ គ្មាន​បុគ្គលិក និង​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ ដោយសារ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ ត្រូវ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់ កិប​កែង​ដាក់​ហោប៉ៅ។ កុមារ​ខ្មែរ នៅតែ​មិន​បាន​ទទួល​ការអប់រំ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ ព្រោះ​ប្រទេស​ខ្មែរ​នៅតែ​ក្រ និង​ញាំញី​ដោយ​អំពើពុករលួយ​ពេញទំហឹង»។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ បន្ត​ថា​នៅ​មាន​រឿង​ច្រើន​ទៀត រាប់មិនអស់​នោះ​ទេ ចំពោះ​ការ​ការណ៍​ដែល​លោក​ហ៊ុន សែន ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ គ្រោះថ្នាក់ និង​ឈឺចាប់​នោះ។ ដូច្នេះ​ការណ៍​ដែល​លោក ហ៊ុន សែន អួតអាង​ថា លោក​មិនដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រោះថ្នាក់ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន និយាយ​ទាំង​បំពាន និង​ដោយ​ភាព​ងងឹត​ងងុល​ប៉ុណ្ណោះ។

ចំណែក​ឯ​សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត និយាយ​ថា ការ​លើកឡើង​របស់​លោក​ហ៊ុន សែន នេះ គឺជា​ការ​កេង​ចំណេញ​នយោបាយ ម្ល៉ោះហើយ​ទើប​បាន​ជា​លោក​ធ្វើ​មិន​ដឹង និង​ព្យាយាម​និយាយ​បន្លំ​ការពិត។ លោក​បន្ត​ថា លោក ហ៊ុន សែន ច្បាស់​ជា​បាន​ដឹង​អំពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ តែងតែ​ឡើង​មក​តវ៉ា​យ៉ាង​កក្រើក​ក្រុងភ្នំពេញ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​និង​ការ​ទាមទារ​យុត្តិធម៌​ផ្សេងៗ​ស្ទើរ​រាល់ថ្ងៃ មាន​ករណី​រំលោភ​ដីធ្លី​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស តាមរយៈ​ការ​ផ្ដល់​ដី​សម្បទាន និង​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​អ្នក​កាន់​អំណាច។ អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា ក្នុង​នាម ជា​មេដឹកនាំ គឺ​លោក ហ៊ុន សែន គួរ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង៖ «និយាយ​រួម​បញ្ហា​ចម្បង​ជាងគេ គឺ​បង្ហាញ​ដីធ្លី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ទឹកភ្នែក»។

របាយការណ៍​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជិត ១​លាន​នាក់ កំពុង​រងគ្រោះ​ដីធ្លី​ដោយសារ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បណ្ដេញ​ចេញពី​លំនៅឋាន​ក្រោម ហេតុផល​អភិវឌ្ឍ និង​ដី​សម្បទាន​សេដ្ឋកិច្ច។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ នៅ​កម្ពុជា មាន​អ្នក​ល្បីល្បាញ និង​អ្នកចេះដឹង​ជាច្រើន​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​រន្ធត់ រួម​មាន​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ហើយ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ឡើយ។ ឃាតកម្ម​ធំ​ៗ​ទាំងនោះ រួមមាន លោក​បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ការ​បាញ់សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​ក្នុង​ឆ្នាំ​២០០៤ ការ​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ឆ្នាំ​២០១២។ នៅ​មាន​ឃាតកម្ម​ជាច្រើន​ទៀត ដូចជា​ករណី​អ្នកស្រី ពិសិដ្ឋ ពីលិកា កញ្ញា ទូច ស៊ុននិច អ្នកស្រី តាត ម៉ារីណា អ្នកកាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ រួម​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត ដូចជា​ករណី​គប់​គ្រាប់បែក​មុខ​រដ្ឋសភា និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជាដើម ដែល​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​មាន​ជន​ដៃដល់​ណា​ម្នាក់ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស នៅឡើយ​ទេ។

ចំណែក​ឯ​គ្រោះថ្នាក់​នៃ​ការ​រត់​ជាន់គ្នា ដែល​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​រហូត ៣៥៣​នាក់ និង របួស​ជិត​បួន​រយ​នាក់ (៣៩៣) ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង កាលពី​បុណ្យ​អុំទូក​ឆ្នាំ២០១០ ក៏​នៅតែ​បន្សល់​នូវ​ស្លាកស្នាម​ឈឺចាប់ និង​សោកសង្រេង ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ រហូត​មក​ដល់​ពេល​នេះ។ គ្មាន​មន្ត្រី​អាជ្ញាធរ​ណាមួយ ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់ យ៉ាង​រង្គាល​នេះ​ឡើយ។

ក្នុង​របាយការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ខែ មករា ឆ្នាំ​២០១៥​នោះ ក៏បាន​លើកឡើង​ពី​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ រាប់​ម៉ឺន​នាក់ ក្នុង​ទសវត្សរ៍ ៨០ ដោយសារតែ​ការ​បង្ខំ​ឲ្យ​ទៅ​ធ្វើ​ពលកម្ម និង​ស្លាប់​យ៉ាង​រង្គាល ដោយសារ​ការ​ជាន់​មីន និង​ជំងឺគ្រុនចាញ់ នៅ​តំបន់​ព្រៃភ្នំ ក្បែរ​ព្រំដែន​ថៃ។ តាម​របាយការណ៍​ដដែល បាន​ដកស្រង់​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​របប​សាធារណៈ​ប្រជាមានិត​កម្ពុជា គឺ​លោក ស៊ិន សេន ដែល​បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​ផែនការ ក៥ នេះ។

មជ្ឈដ្ឋាន​ទូទៅ បាន​បន្ទោស​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដែល​កំសាក ខ្វះ​ការ​ទទួល​ខុសត្រូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជីវិត រងគ្រោះ​និង​ឈឺចាប់​គ្រប់​បែបយ៉ាង​ជា​ហូរហែ ហើយ​លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​បរាជ័យ ក្នុង​ការ​កាត់បន្ថយ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

No comments: