Sunday, 20 May 2018

តុលាការ​ក្រុង​ភ្នំពេញ​បន្ត​ឃុំ​ខ្លួន​អតីត​បុគ្គលិក​អាស៊ី​សេរី​ចំនួន ៦ខែ​ទៀត


ដោយ អាស៊ីសេរី
2018-05-18

រូបថតលោក អ៊ួន ឈិន និង លោក យាង សុធារិន្ធ អតីតបុគ្គលិកអាស៊ីសេរី
រូបថតលោក អ៊ួន ឈិន និង លោក យាង សុធារិន្ធ អតីតបុគ្គលិកអាស៊ីសេរី
 RFA



​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៨ ឧសភា សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ចំនួន ៦ខែ​​បន្ត​ទៀត។

មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុកការ​សម្រេច​របស់​តុលា​ការ​នេះ ជា​រឿង​អ​យុត្តិធម៌ ដោយ​សារ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន មិន​បាន​ប្រព្រឹត្ត​កំហុស ដូចការ​ចោទ​ប្រកាន់​​របស់​តំណាង​អយ្យការ​នោះ​ទេ។



មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប លោក កែវ វន្នី សម្តែង​ការ​សោកស្តាយ​ដែល​តុលា​ការ​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ត​ទៅ​ទៀត។ លោក​យល់​ឃើញ​ថា ការ​សម្រេច​របស់​តុលា​ការ​ក្រុង​ភ្នំពេញ គឺជា​រឿង​អ​យុត្តិធម៌ ព្រោះ​កូន​ក្តី​របស់​លោក​ទាំង​ពីរ​បាន​សហការ​គ្រប់នីតិ​វិធី និង​បាន​អះអាង​ប្រាប់​តុលា​ការថា នឹង​អនុ​វត្ត​​នូវ​លក្ខខណ្ឌ​គ្រប់​បែប​យ៉ាង ដើម្បី​បាន​នៅ​ក្រៅ​ឃុំ។ លោក​ថា បញ្ហា​សំខាន់​មួយ​ទៀត គឺ​ខាង​តំណាង​អយ្យការ​មិន​មាន​ភស្តុតាងគ្រប់​គ្រាន់ ដើម្បី​ដាក់​បន្ទុកលើ​កូន​ក្តី​របស់​លោក​ឡើយ ប៉ុន្តែ​បែរជា​តុលា​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួក​គេ​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​អយ្យការអម​តុលា​ការ​ក្រុង​ភ្នំពេញ លោក លី សុផាណា បញ្ជា​ក់​ប្រាប់​អាស៊ី​សេរី​តាម​ប្រព័ន្ធ​តេលេក្រាម (Telegram) ថា ការពន្យារ​ពេល​ឃុំ​ខ្លួន​នេះ គឺ​ដើម្បី​រក្សា​អ្នក​ទាំង​ពីរ​ក្នុង​កិច្ច​ស៊ើប​សួរ​បន្ត​ទៀត។

លោក កែវ វន្នី បញ្ជា​ក់ថា ខាង​មេធាវី​នឹង​ប្តឹង​សេចក្តី​សម្រេច​របស់​តុលា​ការ​ក្រុង​ភ្នំពេញ​នេះ ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​អាច​បាន​នៅ​ក្រៅ​ឃុំ។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាលពី​ពាក់​កណ្តាល​​ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការអម​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ ប្រសិន​បើ​តុលា​ការ​សម្រេច​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មាន​ទោស​មែន​នោះ។ ជាង ៦ខែ​​កន្លង​ទៅ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដោយ​មិន​ទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ​ក៏​បាន​​សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលា​ការ​ក្រុង​ភ្នំពេញ​នេះ​ដែរ។ លោក​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ ៦ខែ​​ទៀត​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ក្រៅ​ពី​នេះ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ។ លោក​បន្ត​ថា ការសម្រេបែ​នេះ នឹង​នាំ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ រិះគន់​កាន់​តែ​ខ្លាំង​ទៅ​លើរបប​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​នេះ បាន​ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ទទួល​រងការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជា​ច្រើន។ អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​​បាន​ថ្កោលទោស​ចំពោះ​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​ពីរ ដោយ​ពួក​គេ​ចាត់​ទុកថា នេះ​ជាការ​ចោទ​ប្រកាន់​​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ។ អង្គការ​លើ​ក​លែងទោស​អន្តរជាតិ (Amnesty International) បាន​ហៅ​អ្នក​ទាំង​ពីរ​ថា ជា​អ្នក​ទោស​មនសិការ និង​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​ពួក​គេ​ដោយ​ឥត​លក្ខខណ្ឌ។ ចំណែក​អង្គការ វេទិកា​អាស៊ី (FORUM-ASIA) វិញ បាន​ចាត់​ទុកការ​ចោទ​ប្រកាន់​លើ​លោក អ៊ួន ឈិន និង លោក យាង សុធារិន ថាជា​រឿង​ប្រឌិត និង​រំលោភ​បំពាន​សិទ្ធិ​អ្នក​ទាំង​ពីរ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ថាការ​មិន​ដោះលែង​អ្នក​ទាំង​ពីរ ព្រម​ទាំង​ការ​បន្ថែម​បទ​ចោទ​ថ្មី​ទៀត​នោះ បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា របប​ក្រុង​ភ្នំពេញ​កំពុង​រំលោភ​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។ អង្គការ​មួយ​នេះ បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​វិញ៕

No comments: