ដោយ តាំង សារ៉ាដា
2018-05-16

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក យាង សុជាមេត្តា (ឆ្វេង) និងលោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA
មនុស្សភាគច្រើនប្រាកដជាបានស្គាល់ និងស្ដាប់សេចក្ដីរាយការណ៍ ជាច្រើនរបស់អតីតអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរីពីររូប គឺលោក យាង សុធារិន្ទ ឬហៅយាង សុជាមេត្តា និងលោក អ៊ួន ឈិន ដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង អស់រយៈពេលជាង៦ខែ មកហើយ ដែលតុលាការចោទប្រកាន់ពីបទផ្ដល់ព័ត៌មានដែលអន្តរាយសន្តិសុខជាតិដល់រដ្ឋបរទេស។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋទូទៅអាចនៅមិនទាន់ស្គាល់អំពីប្រវត្តិ និងបទពិសោធន៍ក្នុងជីវិតរបស់អ្នកទាំងពីរនាក់ នេះនៅឡើយទេ។
លោក អ៊ួន ឈិន ជាមនុស្សស្លូតបូត និងតែងជួយយកអាសាអ្នកដទៃ។ លោកគឺជាមនុស្សដែលយកការតស៊ូជាធំ ឈឺឆ្អាល បញ្ហាក្នុងសង្គម ជាមនុស្សដែលប្រកាន់នូវសច្ចៈយុត្តិធម៌ និងស្រឡាញ់សេរីភាព។
លោក អ៊ួន ឈិន មានបងប្អូនបង្កើតចំនួន៨នាក់ មានស្រុកកំណើត ក្នុងខេត្តកំពង់ធំ ជាកូនកំព្រាម្ដាយឪពុកតាំងពីកុមារភាពមកម៉្លេះ។ ឪពុករបស់លោកត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅអំឡុង ឆ្នាំ១៩៧៩។ ក្រោយរបបខ្មែរក្រហមដួលរំលំទៅលោក អ៊ួន ឈិន ត្រូវបានបងប្រុសបង្កើតយកចិញ្ចឹមបីបាច់ថែរក្សាក្នុងខេត្តកំពង់ធំ។ លុះក្រោយមក បងប្រុសរបស់លោកម្នាក់ទៀតបានយកទៅចិញ្ចឹម នៅខេត្តបាត់ដំបងឱ្យរៀនសូត្រ ក្នុងខេត្តបាត់ដំបង។
ទីនោះហើយដែលលោក ខិតខំរៀនសូត្របានខ្ពង់ខ្ពស់ និងបានក្លាយជាគ្រូបង្រៀនថ្នាក់បឋមសិក្សានៅអំឡុងឆ្នាំ១៩៨៤ និង១៩៨៥ ហើយក្រោយមកលោកបានបញ្ចប់វគ្គខ្លីជាច្រើនទៀតរួមមានខាងផ្នែកវិជ្ជាពេទ្យ ការប្រគំតន្ត្រី និងចម្រៀង ព្រមទាំងកម្មវិធីកុំព្យូទ័រផងដែរ។
ជាពិសេសទៅទៀត លោកបានរៀនភាសាអង់គ្លេស និងជំនាញ ផ្សេងៗ មួយចំនួនទៀត។ លុះដល់ឆ្នាំ២០០៣ លោកបានរៀបចប់ ថ្នាក់បរិញ្ញាប័ត្រភាសាអង់គ្លេសពីសកលវិទ្យាល័យ បៀលប្រាយ (Build Bright) ក្នុងទីក្រុង ភ្នំពេញ និងបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស។ ក្រោយមកទៀតនៅឆ្នាំ២០០៤ លោកបានបញ្ចប់ការសិក្សាវគ្គសារព័ត៌មាននៅឆ្នាំ២០០៤ នៅសាកលវិទ្យាភូមិន្ទភ្នំពេញ។
ភរិយារបស់លោក អ៊ួន ឈិន អ្នកស្រី ហេង ស៊ីណា និយាយថា លោក អ៊ួន ឈិន ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ ហើយមនុស្សឧស្សាហ៍ព្យាយាមក្នុងកិច្ចការផង និងយកចិត្តទុកដាក់ដល់ក្រុម គ្រួសារផង។
អ្នកស្រីបន្តថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីត្រូវបានអាជ្ញាធរនៃរបប លោក ហ៊ុន សែន ចាប់ឃុំខ្លួនទាំងអយុត្តិធម៌នោះ អ្នកស្រីបានធ្លាក់ខ្លួនឈឺជាប្រចាំ រីឯក្រុមគ្រួសារវិញរស់នៅទាំងភាពសោកសង្រេង ជាខ្លាំង៖ «សម្រាប់ខ្ញុំជាមួយកូនៗសព្វថ្ងៃហ្នឹងយ៉ាប់ដែរ តាំងពីគាត់ជាប់ពន្ធនាគារ ទៅ។ ខ្ញុំមានអារម្មណ៍ដូចជាភ្លេចភ្លាំងច្រើន ភ្លេចមុខ ភ្លេចក្រោយ។ កូនចៅក៏គ្នាខ្វល់ខ្វាយលំបាកណាស់»។
លោក អ៊ួន ឈិន បានចូលបម្រើការងារឱ្យវិទ្យុអាស៊ីសេរីកាលពីខែកញ្ញា ឆ្នាំ២០០៨ ជាអ្នកយកព័ត៌មាន និងក្រោយមកជាអ្នកថត និងផលិត វីដេអូ។ ប្រិយមិត្តអាស៊ីសេរីជាច្រើនដែលស្គាល់លោក អ៊ួន ឈិន ស្រឡាញ់រាប់អានលោក អ៊ួន ឈិន និងពេញចិត្តដល់ការខិតប្រឹង ប្រែងផលិតព័ត៌មានជាវីដេអូរបស់លោកថែមទៀតផង។
សកម្មជនតំបន់បឹងកក់ម្នាក់ គឺអ្នកស្រី ប៊ូវ សោភា ដែលកោតសរសើរ ស្នាដៃនៃការយកព័ត៌មានរបស់លោក អ៊ួន ឈិន នោះ បានប្រាប់អាស៊ីសេរីថា អ្នកស្រីមានការគោរពលោក អ៊ួន ឈិន ជាខ្លាំង ដោយសារលោកជាអ្នកកាសែតដ៏ស្អាតស្អំ ជាអ្នកកាសែតដែលមាន មនសិការខ្ពស់ និងស្រឡាញ់ យុត្តិធម៌សង្គម៖ «ខ្ញុំសរសើរគាត់ត្រង់ចំណុចមួយ ទោះគាត់ធ្វើការជាមួយសហគមន៍ ដាច់បាយ ដាច់ទឹកយ៉ាងណាក៏ដោយ ពួកខ្ញុំហុចទឹកអោយគាត់តែមួយដប ក៏គាត់អត់ហូបដែរ។ បើគាត់ហូបទឹករបស់ពួកខ្ញុំ បានន័យ គាត់ទទួលការស៊កប៉ាន់ពីពួកខ្ញុំ។ អ្វីដែលគាត់ជួយពីពួកខ្ញុំ គឺផ្សាយព័ត៌មានពិត»។
ទស្សនវិស័យរបស់លោក អ៊ួន ឈិន គឺ បន្តរក្សាមុខងារជាអ្នកកាសែតឯករាជ្យ បន្តផ្តល់ព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមកម្ពុជា។ ទោះជាយ៉ាងណា លោកក៏មានគម្រោងលាឈប់ពីអាជីព ជាអ្នកសារព័ត៌មាននៅពេលសមស្របណាមួយ ហើយចូលបម្រើកិច្ចការណាមួយដែលលើកស្ទួយដល់ផ្នែកសិល្បៈ និងវប្បធម៌។
ប៉ុន្តែក្រោយពីការិយាល័យរបស់វិទ្យុអាស៊ីសេរីប្រចាំក្នុងទីក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៧ បានបង្ខំចិត្តបិទទ្វាលែងដំណើរការ ដោយសារការធ្វើទុក្ខបុកម្នេញខាងផ្នែកអាជ្ញាប័ណ្ណ និងពន្ធដារពី សំណាក់របបលោក ហ៊ុន សែន នោះមក ការងារជាអ្នកកាសែត របស់លោក អ៊ួន ឈិន ក៏បានបញ្ចប់ជាស្ថាពរដែរ។ ដោយបញ្ហាខ្វះខាត ចំណូលនៅចំពោះមុខ លោក អ៊ួន ឈិន ក៏បានសម្រេចបង្កើត ស្ទូឌីយោ (Studio) ផ្ទាល់ខ្លួនក្នុងបន្ទប់ជួលតូចមួយជាលក្ខណៈគ្រួសារ និងដើម្បីរកស៊ីថតពិធីមង្គលការ ពិធីជប់លៀង និងពិធីបុណ្យ ផ្សេងៗ ចិញ្ចឹមគ្រួសារ។
ប៉ុន្តែ ស្ទូឌីយោ ដែលលោកសង្ឃឹមថា ជាលាភ បានក្លាយទៅជាគ្រោះចង្រៃទៅវិញ នៅពេលអាជ្ញាធរក្រុងភ្នំពេញ បានចាប់រឹបអូសយកសម្ភារៈ ដោយចោទថា ជាកន្លែងបញ្ជូនព័ត៌មានមកស្ថាប័ន អាស៊ីសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន ទៅវិញ ហើយបានចាប់បញ្ជូន រូបលោកទៅឃុំតាំងពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ នៅរហូតមកដល់បច្ចុប្បន្ន។
ចំណែកវាសនារបស់លោក យាង សុធារិន្ទ វិញក៏មិនខុសពីលោក អ៊ួន ឈិន ប៉ុន្មានដែរ។ លោក យាង សុធារិន្ទ មានស្រុកកំណើតក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ លោកបានចាកចេញពីស្រុកកំណើត របស់លោកតាំងពីវ័យកុមារ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ របស់អាជ្ញាធរវៀតណាមដែលតែងបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមផង និងដើម្បីស្វែងរកចំណេះដឹងសម្រាប់អនាគតថ្មីផង។
តាំងពីកុមារភាពមក សុធារិន្ទ តែងរស់នៅអាស្រ័យក្នុងវត្តខ្មែរ ក្នុងខេត្ត ព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោម។ លោករៀនសូត្របាន ដោយសារ ការទំនុកបម្រុងពីព្រះសង្ឃខ្មែរនៅទីនោះ។ ឆ្នាំ១៩៩៤ ពេល សុធារិន្ទ មានអាយុប្រហែល៨ឆ្នាំ ឪពុកម្ដាយរបស់លោកដែលមានកូនច្រើន ក្នុងបន្ទុក ក៏បានបញ្ជូនកូនរបស់ពួកគេមកកាន់ប្រទេសកម្ពុជា ទាំងបង្ខំចិត្ត ទាំងទឹកភ្នែក និងទាំងក្តីសង្ឃឹមថា សុធារិន្ទ នឹងមានអនាគតល្អ។
ជីវិតរបស់ សុធារិន្ទ ក្នុងប្រទេសកម្ពុជាក៏នៅតែជាក្មេងវត្តដដែល ដោយមានការទំនុកបម្រុងឱ្យរៀនសូត្រពីព្រះសង្ឃជនជាតិសិង្ហបុរីមួយអង្គ ដែលស្រឡាញ់ភាពវ័យឆ្លាត និងការខិតខំតស៊ូរៀនសូត្ររបស់ សុធារិន្ទ។ ក្រោយពីព្រះសង្ឃអង្គនោះនិមន្តត្រឡប់ទៅប្រទេសសិង្ហបុរី វិញ ព្រះអង្គក៏បានណែនាំមនុស្សចិត្តធម៌ផ្សេងទៀតឱ្យជួយទំនុកបម្រុង ការរៀនសូត្ររបស់សុធារិន្ទ រហូតដល់អាចបញ្ចប់ការសិក្សានៅ ថ្នាក់បរិញ្ញាបត្រ។
ភរិយារបស់លោក យាង សុធារិន្ទ គឺអ្នកស្រី ឡាំ ចន្ថា មានប្រសាសន៍ ថាប្តីរបស់អ្នកស្រីជាមនុស្សស្លូតបូត មិនដែលធ្វើឱ្យអ្នកដទៃមានការឈឺចាប់ដោយសារខ្លួន ជាឪពុកដ៏ល្អ និងជាមនុស្សដែលមាន ការអំណត់ព្យាយាមខ្ពស់៖ «ប្តីខ្ញុំគាត់ជាមនុស្សល្អ ហើយជាមនុស្សត្រង់ ហើយគាត់មិនដែលចេះ ធ្វើបាបអ្នកណាទេ។ គាត់ធ្វើអ្វីគឺស្មោះត្រង់។ និយាយយ៉ាងម៉េច គឺធ្វើអ៊ីចឹងហើយ»។
ការតស៊ូរៀនសូត្ររបស់ សុធារិន្ទ តែងលូតលាស់បន្តទៅមុខឥតឈប់ឈរ។ នៅឆ្នាំ២០១០ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតខាងផ្នែកទំនាក់ទំនង អន្តរជាតិនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោកធ្លាប់ធ្វើ ជាមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការខាងប្រឹក្សា អធិការកិច្ច និងសហជីព នៃសមណសិស្សខ្មែរកម្ពុជាក្រោម ដែលផ្ដោត ជាចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដល់សិស្សខ្មែរកម្ពុជាក្រោមនៅកម្ពុជា តាមរយៈការឧបត្ថម្ភខាងផ្នែកហិរញ្ញវត្ថុដល់ពួកគេឱ្យបន្តការសិក្សា នៅសកលវិទ្យាល័យបន្តទៀត។
លោក យាង សុធារិន្ទ មានជំនាញច្រើនមិនខុសពីលោក អ៊ួន ឈិន ប៉ុន្មាននោះឡើយ លោកធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស ជាគ្រូបង្រៀនកុំព្យូទ័រ ជាអ្នកគ្រប់គ្រង ជាអ្នកជួយកិច្ចការមនុស្សធម៌ ដល់ កុមារដែលមានបញ្ហាផ្លូវអារម្មណ៍ ដែលរងគ្រោះពីជម្លោះប្រដាប់អាវុធ។ ជានេះទៅទៀតលោកក៏មានជំនាញខាងផ្នែកសិទ្ធិមនុស្ស ផ្នែកទំនាក់ទំនងអន្តរជាតិ និងមានជំនាញខាងផ្នែកកសិកម្មថែមទៀត។
លោក យាង សុធារិន្ទ ជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ ជាមនុស្សដែលពោរពេញទៅដោយមនោសញ្ចេតនា ការអាណិតអាសូរដល់អ្នកដទៃ ជាមនុស្សដែលស្រឡាញ់នូវយុត្តិធម៌ សច្ចធម៌និង សេរីភាព។
ការតស៊ូរៀនសូត្ររបស់លោក យាង សុធារិន្ទ មិនដែលថយក្រោយនោះឡើយ នៅខែសីហា ឆ្នាំ២០១៣ ក្រោយពេលការបោះឆ្នោតជាតិទើបបានបញ្ចប់ទៅ សុធារិន្ទ បានចូលបម្រើការជាអ្នកយកព័ត៌មានអោយ វិទ្យុអាស៊ីសេរី ក្រោយពីលោកទទួលការបណ្ដុះបណ្ដាលខាងផ្នែក សារព័ត៌មានពីស្ថាប័នវិទ្យុអាស៊ីសេរី នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងទីក្រុងភ្នំពេញ។
សុធារិន្ទមានកូនពីរនាក់ក្នុងបន្ទុក ប្រុសម្នាក់ ស្រីម្នាក់។ កូនប្រុសរបស់ សុធារិន្ទ ឈ្មោះ យាង សុមេត្តា អាយុ៩ឆ្នាំ ហើយកូនស្រីឈ្មោះ យាង សុជាតា អាយុ ៨ឆ្នាំ។ លោក យាង សុធារិន្ទ បានយកឈ្មោះកូនរបស់លោកទាំងពីរនាក់នេះច្របាច់បញ្ចូលគ្នា បានឈ្មោះ យាង សុជាមេត្តា ដើម្បីដាក់ឈ្មោះលើការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី។
អតីតអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរីរូបនេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយអតីតអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរីម្នាក់ទៀត គឺលោក អ៊ួន ឈិន។ អាជ្ញាធរបានបន្តឃុំខ្លួនបណ្ដោះអាសន្នអ្នកទាំងពីររហូតដល់បច្ចុប្បន្ន។ ពួកគេប្រឈមនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។
រហូតមកទល់ពេលនេះគឺមានរយៈពេលជាង៦ខែហើយដែល លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរី កំពុងបន្តជាប់ឃុំឃាំងក្នុងបន្ទប់ណែនតាន់តាប់ដ៏តូច ចង្អៀត នៃពន្ធនាគារព្រៃស ពីបទចារកម្ម ដែលស្ថាប័នជាតិ និងអន្តជាតិផ្នែកសិទ្ធិមនុស្សថា ជាការចោទប្រកាន់ប្រឌិតមួលបង្កាច់ ដើម្បីបំបិទស្ថាប័នសារព័ត៌មានឯករាជរបស់របបលោកហ៊ុន សែន។
អ្នកស្រី ឡាំ ចន្ថា មានប្រសាសន៍ថា ចាប់តាំងពីវិទ្យុអាស៊ីសេរីបានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួនកាលពីចុងឆ្នាំ២០១៧ នៅពេលនោះ ការងាររបស់លោក យាង សុធារិន្ទ ក៏ត្រូវបានបញ្ចប់ដែរ។ អ្នកស្រីបានអំពាវនាវដល់របបលោក ហ៊ុន សែន ដោះលែងប្ដីរបស់អ្នកស្រី ឱ្យមានសេរីភាពឡើងវិញពីព្រោះប្ដីរបស់អ្នកស្រីគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ៖ «បើប្តីខ្ញុំគាត់មានកំហុសមែន គាត់គេចបាត់ហើយ មិនមែនគាត់សុខ ចិត្តនៅឱ្យសមត្ថកិច្ចចាប់ខ្លួននោះទេ»។
លោក កែវ វន្នី មេធាវីរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនេះ តែងអះអាងថាកូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នេះឡើយ ហើយថាតុលាការគួរដោះលែងពួកគេឱ្យទៅ ជួបជុំក្រុមគ្រួសារវិញ។
ទាំងភរិយារបស់លោក អ៊ួន ឈិន គឺអ្នកស្រី ហេង ស៊ីណា និងភរិយារបស់លោក យាង សុធារិន្ទ គឺអ្នកស្រី ឡាំ ចន្ថា បាននិយាយដូចៗគ្នា ថាស្វាមីរបស់ពួកគេជាមនុស្សស្អាតស្អំ ជាមនុស្សគ្មានកំហុស និងពុំបានប្រព្រឹត្តដូចអ្វីដែលសមត្ថកិច្ចចោទប្រកាន់នោះឡើយ៕
No comments:
Post a Comment