Tuesday, 22 May 2018

លោក សម រង្ស៊ី បន្ត​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​ទោះ​រង​ការ​គំរាម​រឹបអូស​ទ្រព្យ​សម្បត្តិ


ដោយ មួង ណារ៉េត
2018-05-21 

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA



អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ខ្មែរ កុំ​ឱ្យ​នាំគ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម ទោះបី​មន្ត្រី​របប​លោក ហ៊ុន សែន ព្រមាន​ចាត់វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ អ្នក​ហ៊ាន​ធ្វើ​ដូច្នេះ។

លោក សម រង្ស៊ី បាន​ឈាន​មួយ​ជំហាន​ទៀត ពី​ការ​ប្រកាស​ជាទូទៅ ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ អំពី​ការ​រួម​គ្នា​មិន​ទៅ​បោះឆ្នោត ទៅជា​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទាក់ទង​បងប្អូន​នៅ​ស្រុក​ខ្មែរ តាមរយៈ​ទូរស័ព្ទ ប្រាប់​ត​គ្នា ឱ្យ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ខាងមុខ​នេះ។ ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២០ ខែ​ឧសភា នៅ​ទីក្រុង​វ៉ែនឃូវើ (Vancouver) ប្រទេស​កាណាដា លោក សម រង្ស៊ី អះអាង​ថា ការ​បោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ គ្មាន​ន័យ​អ្វី​ទាំងអស់ ព្រោះ​លទ្ធផល​ដឹង​ជាមុន​រួច​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឈ្នះ​យ៉ាងតិច ៩៩% ព្រោះ​គ្មាន​គូប្រកួត។ លោក​អះអាង​ថា ការ​បោះឆ្នោត​បែបនេះ បើ​មិន​ទៅ​ចូលរួម គឺ​ស័ក្ដិសម​បំផុត៖ «បើ​អ្នក​មិន​ទៅ​បោះឆ្នោត ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត សង្គ្រោះជាតិ​ឈ្នះ​ហើយ​បងប្អូន​! ដូច្នេះ​ការប្រកួតប្រជែង​គ្នា​នេះ មិនមែន​តាមរយៈ​សន្លឹក​ឆ្នោត យក​ទៅ​ញាត់​ក្នុង​ហិប​ឆ្នោត​ទេ។ ការប្រកួតប្រជែង​នេះ ចាំ​មើល​អ្នកណា​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ អត់​ទៅ​បោះឆ្នោត។ អ្នកណា​គាំទ្រ ហ៊ុន សែន ទៅ​បោះឆ្នោត។ ចាំ​មើល​អ្នកណា​ឈ្នះ។ ខ្ញុំ​ជឿ​ថា​ប្រជារាស្ត្រ​ខ្មែរ​អត់​ទៅ​បោះឆ្នោត​ទេ។ ទៅ​បោះឆ្នោត​យ៉ាងម៉េច បើ​គេ​មិន​ឱ្យ​យើង​ចូលរួម​ប្រកួត​ផង​នោះ»។



ក៏ប៉ុន្តែ សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត ដែល​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​បែបនេះ រង​ការ​គំរាម និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ពី​មន្ត្រី​របប​លោក ហ៊ុន សែន។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា ក្រសួង មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យ​សម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នកធ្វើ សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ ការព្រមាន​បែបនេះ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ ទាក់ទង​ការបោះឆ្នោត យល់ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន និយាយ​ថា ការ​ព្រមាន​ប្ដឹង​បែបនេះ មិន​ដឹង​ថា តើ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សំអាង​ទៅលើ​ភស្តុតាង​អ្វីខ្លះ​នោះ​ទេ។ ប៉ុន្តែ​លោក​យល់ថា បើ​ទ្រព្យសម្បត្តិ​របស់​អ្នក​អំពាវនាវ មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នោះ មិនមែន​បាន​មក ដោយ​ខុសច្បាប់ គឺ​មិន​អាច​រឹបអូស​បាន​នោះ​ទេ។ «»

របប​លោក ហ៊ុន សែន បាន​ធ្វើ​ច្បាប់​ដាក់ទោស​លើ​ជន​ណា​ដែល​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​បោះឆ្នោត ក្នុង​នោះ​មាត្រា​១៤២ និង​១៤៨ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចែងថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ខាងលើ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន រៀល ដោយ​គ.ជ.ប ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ទេ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឱ្យ​អាស៊ីសេរី​ដឹង​ថា របប​លោក ហ៊ុន សែន បាន​យក​ប្រព័ន្ធ​តុលាការ​មក​បង្ក្រាប លើ​គណបក្សប្រឆាំង​នា​កន្លងមក។ លោក​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ ដោយសារ​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ បោះឆ្នោត​នោះ​ទេ។ អនុប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​រូប​នេះ​បន្ត​ទៀត​ថា វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ ដែល​របប​លោក ហ៊ុន សែន ព្រមាន​នៅ​ពេល​នេះ គឺ​មិន​ខុសគ្នា​ទៅ​និង​របប ប៉ុល ពត នោះ​ទេ។ «»

ចំណែក​មន្ត្រី​ផ្នែក​អង្កេត​ជាន់ខ្ពស់​របស់​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ស្នើ​ទៅ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​អ្វី​ទៅជា​ការរារាំង​ពលរដ្ឋ​មិន​ឱ្យ​ទៅ បោះឆ្នោត​ហើយ​អ្វី​ទៅជា​ការ​សម្ដែង​មតិ។ ចំពោះ​ការព្រមាន​ប្ដឹង​លើស​ពី​ច្បាប់​ចែង អ្នក​ធ្វើ​ការងារ​ទាក់​ការបោះឆ្នោត​រូប​នេះ យល់ថា នេះ​គឺ​គ្រាន់តែ​ជា​ព្រមាន​តាម​អារម្មណ៍ ដោយ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី។ «»

ដោយសារ​តែ​ការព្រមាន និង​ការ​គំរាមកំហែង​ផ្សេងៗ​ទៀត ជុំវិញ​ការ​មិន​ទៅ​បោះឆ្នោត​នេះ ធ្វើ​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដដែល​នេះ យល់​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ អាច​នឹង​រង​ការ​ភិតភ័យ និង​ត្រូវ​បង្ខំចិត្ត ទៅ​ចូលរួម​បោះឆ្នោត ដោយ​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគាត់​នោះ​ឡើយ។

ការព្រមាន​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ពេលនេះ​គឺ​ស្រប​ពេល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ហាមឃាត់​មិន​ឱ្យ​ចរាចរ​សាច់ប្រាក់​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក។ គណបក្ស​ប្រឆាំង​នៅតែ​បន្ត​ប្រកាស​ជំហរ​មិន​រាថយ ក្នុង​ការ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត បើ​ទោះ​បី​ជា​របប​លោក ហ៊ុន សែន ព្រមាន​ពួកគេ​យ៉ាង​ណា​ក្តី៕

No comments: