ដោយ មាន ឫទ្ធិ
2018-05-23
rfa

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ក្នុងសម័យសង្គ្រាម នាទីស្ដីការក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។
Photo: RFA
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បដិសេធព័ត៌មានដែលថា កម្ពុជាបានរំលោភសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ជុំវិញការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង។ លោកត្រូវបានសារព័ត៌មាន ប្លូមប៊គ (Bloomberg) របស់អាមេរិក ដកស្រង់ប្រសាសន៍កាលពីថ្ងៃទី២៣ ឧសភា លោកគ្រាន់តែអះអាងយ៉ាងខ្លីថា កម្ពុជាកំពុងអនុលោមតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការសហការអនុវត្តការដាក់ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើង។
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ ២៣៧៥ (២០១៧) កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៧ តម្រូវឲ្យរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ ត្រូវហាមប្រាម និងមិនត្រូវអនុញ្ញាតឲ្យនីតិបុគ្គល ឬរូបវន្តបុគ្គលដែលជាប់ពាក់ព័ន្ធនឹងរបបសាធារណរដ្ឋកូរ៉េខាងជើងទាំងអស់ អាចបើក រក្សាទុក ឬប្រតិបត្តិអាជីវកម្មរួមទុនគ្រប់បែបយ៉ាងទាំងអស់ ឬសហការអាជីវកម្មណាមួយ នៅក្នុងទឹកដីរបស់ខ្លួនឡើយ។ សេចក្ដីសម្រេចដដែល ក៏បានតម្រូវឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវតែបិទអាជីវកម្មដែលពាក់ព័ន្ធទាំងអស់របស់កូរ៉េខាងជើង ដែលមានវត្តមានក្នុងទឹកដីរបស់ខ្លួន ឲ្យបានត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។
យ៉ាងណាក៏ដោយ សារព័ត៌មានដដែលនេះបានរាយការណ៍ថា នៅមានភោជនីយដ្ឋានរបស់កូរ៉េខាងជើងយ៉ាងហោចណាស់ចំនួនបី កំពុងតែប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅកម្ពុជាតាមទីប្រជុំជនក្នុងទីក្រុងភ្នំពេញនៅឡើយ ក្នុងនោះមានភោជនីយដ្ឋានឈ្មោះ Pyongyang Traditional Restaurant ភោជនីយដ្ឋាន Pyongyang Unhasu និងភោជនីយដ្ឋាន Pyongyang Arirang។ ភោជនីយដ្ឋានទាំងនោះសុទ្ធតែមានបុគ្គលិកបម្រើការជាជនជាតិកូរ៉េខាងជើង និងមានដាក់លក់ផលិតផលមកពីប្រទេសនេះ រួមមានស្រា Blueberry និងយ៉ិនសិន ជាដើម។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមជុំវិញរឿងរ៉ាវនេះ ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឡើយទេ នៅថ្ងៃទី២៣ ឧសភា៕
No comments:
Post a Comment