RFA
2018-05-19

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
ក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះអ្នកឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោតតាមសំណើ គ.ជ.ប។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយថា ក្រសួងនឹងប្ដឹងទៅតុលាការ ចំពោះជនណា ដែលឃោសនាមិនឲ្យពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ព្រមានថា ក្រសួងមហាផ្ទៃនឹងប្ដឹងទៅតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ មន្ត្រីបក្សប្រឆាំង ដែលបានអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ អ្នកនាំពាក្យរូបនេះបានប្រាប់វិទ្យុក្នុងស្រុកមួយថា វិធានការបែបនេះព្រោះសមត្ថកិច្ចពិបាកចាប់ខ្លួនពួកគេទាំងអស់គ្នានោះ ដោយពួកគេមិនមានវត្តមាននៅកម្ពុជា។
លោក ខៀវ សុភ័គ បដិសេធមិនផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី ដោយអះអាងថា លោកធ្លាប់ប្រាប់ថា លោកមិនផ្ដល់សម្ភាសដល់វិទ្យុអាស៊ីសេរីទេ។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺសំដៅព្រមានទៅដល់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខ បើសិនគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។
លោក សម រង្ស៊ី និយាយថា ការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិ ហើយមានអ្នកគាំទ្រជាង ៣លាននាក់នោះ គឺមានតែគណបក្សតិរច្ឆាន និងគណបក្សអំពិលអំពែកចូលរួមប៉ុណ្ណោះ។
កាលពីថ្ងៃទី១៧ ខែឧសភា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា គ.ជ.ប បានដាក់សំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើបុគ្គល ដែលញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី បាននិយាយថា ចំណាត់ការរបស់របបលោក ហ៊ុន សែន នៅពេលនេះមិនមែនជារឿងចម្លែកទេ ព្រោះរបបនេះត្រូវការជាចាំបាច់ ក្នុងការឲ្យពលរដ្ឋទៅបោះឆ្នោត ខណៈគណបក្សកាន់អំណាចមិនអនុញ្ញាតគណបក្ស ប្រឆាំងចូលរួម។ លោកបន្តថា ទោះរបបលោក ហ៊ុន សែន ត្រូវការឲ្យពលរដ្ឋទៅបោះឆ្នោតយ៉ាងណាក្តី គឺរបបនេះ គ្មានសិទ្ធិបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ៖ «បាទនេះជារឿងធម្មតាទេ ព្រោះយើងមើលទំនោររដ្ឋាភិបាលសព្វថ្ងៃ គឺបញ្ហានយោបាយក្តី ក៏នៅតែបង្ហាញចេតនាចង់បានការគាំទ្រពីពលរដ្ឋ។ ដូច្នេះចំនួនអ្នកបោះឆ្នោតវាក៏ជាកក្តាសំខាន់ដែរ ព្រោះការបោះឆ្នោតហ្នឹងជាការបង្ហាញពីទទួលស្គាល់ពីក្រៅផង និងក្នុងស្រុកផងបាទ»។
របបលោក ហ៊ុន សែន បានធ្វើច្បាប់ដាក់ទោសលើជនណា ដែលហាមឃាត់មិនឲ្យពលរដ្ឋបោះឆ្នោត ក្នុងនោះមាត្រា ១៤២ និង១៤៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា ជនណា ដែលបានប្រព្រឹត្តទង្វើខាងលើនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២០លានរៀល ដោយគ.ជ.ប ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតទេ។ ស្របពេលដែលរបបលោក ហ៊ុន សែន ចង់រឹបអូសទ្រព្យសម្បត្តិមន្ត្រីបក្សប្រឆាំងនោះ សហរដ្ឋអាមេរិកឯណេះវិញកំពុងធ្វើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីរបបលោក ហ៊ុន សែន និងហាមឃាត់មិនឲ្យចរាចរសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុអាមេរិក៕
No comments:
Post a Comment