Tuesday, 8 May 2018

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​ក្រោយ​ដោះដូរ​ម្ចាស់​ថ្មី


ដោយ អាស៊ីសេរី
2018-05-07
rfa
អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។
អតីត​និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក កៃ គឹមសុង (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​សហការី នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo Facebook



និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់​ពី​កាសែត​នេះ ទើប​នឹង​ត្រូវ​បាន​គេ​លក់​ទៅ​ឱ្យ​ម្ចាស់​ថ្មី​ជា​ជនជាតិ​ម៉ាឡេស៊ី ដែល​ថា មាន​ទំនាក់ទំនង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បុគ្គលិក​បរទេស​នៃ​​កាសែត ភ្នំពេញ​ប៉ុស្តិ៍ លោកអានាន់ បាលីហ្គា (Ananth Baliga)បាន​បង្ហោះ​សារ​នៅ​លើ​ធ្វីតធើរ (Twitter) របស់​លោក​ថា តំណាង​នៃ​ម្ចាស់​ថ្មី​របស់​កាសែត​នេះ ទើប​តែ​បញ្ឈប់​និពន្ធ​នាយក​កាសែត​នេះ លោក កៃ គឹមសុង នៅ​រសៀល​ថ្ងៃ​ទី៧ ឧសភា​នេះ។



សារព័ត៌មាន​ថ្មីៗ បាន​ស្រង់​សម្ដី​របស់​លោក កៃ គឹមសុង ក្រោយ​រង​ការ​បណ្ដេញ​ពី​ការងារ​ថា លោក​ពិត​ជា​រង​ការ​បញ្ឈប់​ពី​ការងារ​មែន ព្រោះ​តែ​ហេតុផល លោក​បាន​អនុញ្ញាត​ឱ្យ​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​ដោះ​ដូរ​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ លើ​ទំព័រ​មុខ​នៃ​កាសែត​របស់​ខ្លួន។

កាសែត ភ្នំពេញ​ប៉ុស្តិ៍ ជា​ស្ថាប័ន​ឯករាជ្យ ដែល​មាន​វ័យ​ចំណាស់​ប្រមាណ ២៦​ឆ្នាំ។

ពាក់ព័ន្ធ​នឹង​ភាព​រំជើបរំជួល និង​ភាព​មន្ទិល​ទៅលើ​ឯករាជ្យ​ភាព​របស់​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍ នេះ ម្ចាស់​គេហទំព័រ​របស់​ក្រុមហ៊ុន អេស៊ា ភីអ នេះ​បញ្ជាក់​ថា ខ្លួន​ធ្លាប់​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន។ ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ ឬ​អេស៊ា ភីអ (ASIA PR) របស់​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​លោក ស៊ីវ៉ាគូម៉ា អេស-ហ្គាណាផាស៊ី (Sivakumar S. Ganapathy) ជា​ប្រធាន ឬ CEO និង ជា​នាយក​ផ្នែក​គ្រប់គ្រង​ផង​នោះ បាន​អនុវត្ត​គម្រោង​មួយ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា និង​លោក ហ៊ុន សែន ក្នុង​ការ​ចូលកាន់​តំណែង​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា កាលពី ២៥ ឆ្នាំមុន។

ទោះជា​យ៉ាង​នេះ​ក្តី លោក ស៊ីវ៉ាគូម៉ា ដែល​ទើប​នឹង​ទិញ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យក​មក​គ្រប់គ្រង​ទាំងស្រុង​នោះ ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក នៅ​ថ្ងៃទី៦ ខែ ឧសភា ថា គេ​មិន​ត្រូវ​សន្និដ្ឋាន អំពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​នេះ ជាមួយ​នឹង​លោក ហ៊ុន សែន ដែល​កើតឡើង​តាំងពី ២៥ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នោះ​ទេ។

តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រុមហ៊ុន អេស៊ា ភីអ នេះ​ធ្លាប់​គ្រប់គ្រង​កាសែត​គាំទ្រ​របប​លោក ហ៊ុន សែន ឈ្មោះ Cambodia Times រាប់​ឆ្នាំ កាល​ពីដើម​ទសវត្សរ៍​ឆ្នាំ១៩៩០។ និពន្ធ​នាយក​របស់​កាសែត Cambodia Times នៅ​ពេល​នោះ គឺ​លោក កាម៉ារ៉ាល់​-​ហ្សាម៉ាន់ តាំប៊ូ (Kamaralzaman Tambu) ធ្លាប់​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន អេស៊ា ភីអ នេះ​មុន​លោក ស៊ីវ៉ាគូម៉ា អេស​-​ហ្គាណាផាស៊ី ជំនួស​នៅ​ឆ្នាំ ២០១០។

លោក ស៊ីវ៉ាគូម៉ា អេស​-​ហ្គាណាផាស៊ី បញ្ជាក់​ថា លោក​ពិតជា​ធ្វើជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន អេស៊ា ភីអ មែន ប៉ុន្តែ មិនមែន​កាន់ការ​នោះ​នៅ​ឆ្នាំ ២០១០ ដូច​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុះផ្សាយ​ទេ តែ​លោក​ចូលកាន់​តំណែង​នោះ នៅ​ឆ្នាំ​២០១១។ ក្នុង​ឆ្នាំ​២០១១ នោះ លោក អះអាង​ថា កាសែត Cambodia Times បិទ​ការផ្សាយ​យូរហើយ គឺ​បិទ​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ។

ទោះបីជា​មានការ​បំភ្លឺ​បែបនេះ​ក្តី ក៏​ប្រភព​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ដង​ស្រង់​សម្ដី​របស់​អតីត​បុគ្គលិក​ជាន់ខ្ពស់ របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សម្ដែង​ក្តី​ព្រួយបារម្ភ អំពី​ភាព​បាត់​ឯករាជ្យ ផ្នែក​និពន្ធ ដោយសារតែ​ម្ចាស់​ថ្មី ដែល​មាន​និន្នាការ​ជាមួយ​របប​លោក ហ៊ុន សែន នេះឯង។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) ចាត់​ទុក​ការ​លក់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​នៅសល់​ចុងក្រោយ​គេ ទៅ​ឲ្យ​អ្នកគ្រប់គ្រង​ថ្មី​នេះ គឺជា​ដំណើរ ទៅ​រក​ភាព​បាត់​សេរីភាព​ផ្នែក​សារព័ត៌មាន នៅ​កម្ពុជា៕

No comments: