ដោយ តាំង សារ៉ាដា
2018-05-26

ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
Photo: RFA
ក្រសួងព័ត៌មាន ព្រមានម្ចាស់ស្ថានីយវិទ្យុ-ទូរទស្សន៍ ចាងហ្វាង សារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ ឲ្យចៀសវាងការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានា មកផ្សព្វផ្សាយ ឬផ្សាយបន្ត ដែលនាំឱ្យប៉ះពាល់ដល់ព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រ និងសន្តិសុខសង្គម។
លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ឧសភា បានក្រើនរំលឹកដល់ក្រុមអ្នកសារព័ត៌មានទាំងឡាយថា ត្រូវគោរពវិជ្ជាជីវៈ គោរពកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ជាពិសេសអង្គ ព្រះមហាក្សត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស។
លោកជំរុញឲ្យម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងម្ចាស់គេហទំព័រផ្សព្វផ្សាយទាំងអស់ថា ត្រូវប្រុងប្រយ័ត្ន និងត្រួតពិនិត្យ និងពិចារណាថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងទិដ្ឋភាពច្បាប់ ដើម្បីចៀសវាងការដកស្រង់ខ្លឹមសារ សារជាអក្សរ សំឡេង រូបភាព វីដេអូ ពីប្រភពនានាមិនច្បាស់លាស់ មកផ្សព្វផ្សាយ ឬផ្សាយបន្ត ដែលបង្កឱ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល។
យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ក្រោយពេលដែលក្រុមតំណាងរាស្ត្របក្សកាន់អំណាច នាំគ្នាអនុម័តវិសោធនកម្មក្រមព្រហ្មទណ្ឌដ៏ចម្រូងចម្រាស ពាក់ព័ន្ធនឹងអំពើប្រមាថអង្គព្រះមហាក្សត្រ កាលពីខែកុម្ភៈ។
ករណីទី១៖
សមត្ថកិច្ចបានចាប់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ នៅខេត្តកំពង់ធំ ឈ្មោះ ឃាង ណាវី អាយុ ៥០ឆ្នាំ កាលពីថ្ងៃទី១៣ ឧសភា ក្រោយពីនាយកសាលារូបនោះ បានបញ្ចេញមតិ នៅក្នុងប្រអប់បញ្ចេញមតិ (ខ្ទង់ Comment) ក្នុងន័យថា ព្រះមហាក្សត្រ និងសមាជិករាជវង្សដទៃទៀត បានចូលដៃចូលជើងជាមួយរបបលោក ហ៊ុន សែន ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិកន្លងទៅនោះ។
ករណីទី២៖
កាលពីល្ងាចថ្ងៃទី២០ ឧសភា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ លោក ងួន ណារ៉ា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដែលជាជាងកាត់សក់មួយរូប ឈ្មោះ បាន សម្ភីរ អាយុ ៧០ ឆ្នាំ រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីតុលាការពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ដែលបានប្រព្រឹត្តិនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ឧសភា ស្របតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ចៅក្រមស៊ើបសួរ លោក ងួន ណារ៉ា បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទ ទៅពន្ធនាគារខេត្តសៀមរាប រង់ចាំពេលមានសេចក្ដីសម្រេចជាថ្មី ដែលមិនកំណត់ពេលវេលាជាក់លាក់។
ក្នុងហ្វេសប៊ុកឈ្មោះ បាន សម្ភីរ (Ban Samphy) កាលពីថ្ងៃទី១៣ ឧសភា បាន ហ្សែរ (Share) វីដេអូខ្លីមួយ ស្ដីពីទុក្ខលំបាករបស់អ្នកភូមិស្រែគរ នៅខេត្តស្ទឹងត្រែង ដែលរងគ្រោះពីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយភរិយា និងរូបដាច់ដោយឡែកមួយទៀត គឺព្រះ ឆាយាល័ក្ខណ៍ព្រះមហាក្សត្រគង់ក្នុងឡាន។ លោក បាន សម្ភីរ បាន share រឿងរ៉ាវទាំងនោះ តពីហ្វេសប៊ុកឈ្មោះ Khmer Thatcher ប៉ុន្តែលោកមិនបានសរសេរអ្វីបន្ថែមទេ។
លោកមេធាវី ផែង ហេង ពន្យល់ថា មិនទាន់មានច្បាប់ណា ចែងអំពីទោសទណ្ឌថា ការ Share ឬ Like ក្នុងហ្វេសប៊ុកមានទោសទេ។ ដូច្នេះផ្អែកតាមរដ្ឋធម្មនុញ្ញ បើគ្មានច្បាប់ចែង គឺគ្មានទោស៕
No comments:
Post a Comment