Friday, 1 June 2018

លោក ហ៊ុន សែន ព្រមាន​ចាត់វិធានការ​អ្នក​ជ្រលក់​ទឹកខ្មៅ​ម្រាមដៃ​ជំនួស​ឱ្យ​ការ​មិន​បោះឆ្នោត


ដោយ ទីន ហ្សាការីយ៉ា
2018-06-01 
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page



លោក ហ៊ុន សែន គំរាមកំហែង​ទៅ​ប្រជាពលរដ្ឋ​ដែល​បម្រុង​ប្រើ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដើម្បី​គេចវេះ​មិន​ទៅ​បោះឆ្នោត​ថា ជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​នឹង​មាន​ទោស​ជាប់ពន្ធនាគារ។ ប៉ុន្តែ​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន នេះ ថា គ្រាន់តែ​ជា​ការ​បំភ័យ​ស្លន់ស្លោ​ខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត ធ្វើ​ឱ្យ​លោក​មិនបាន​ឡើង​កាន់​អំណាច​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ។

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​អះអាង​ថា ការ​គំរាម​របស់​បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​នៅ​កម្ពុជា​អស់​ជាង ៣០​ឆ្នាំ​មក គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ ពួកគេ​នៅតែ​បន្ត​មិន​ទៅ​បោះឆ្នោត​ដដែល។



អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ឧសភា ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​គំរាមកំហែង​ពលរដ្ឋ​ស្លូតត្រង់ ឱ្យ​ខ្លាច​មិន​ទៅ​បោះឆ្នោត​ឱ្យ​លោក​បាន បន្ត​អំណាច​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​រូប​នេះ អះអាង​ទៀត​ថា ការ​គំរាមកំហែង​នេះ នឹង​មិនបាន​ជោគជ័យ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ជាច្រើនលើក និង​បាន​យល់ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​អស់​ទៅ​ហើយ៖ «ហើយ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​ទៀត​មិន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​នឹង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ ព្រោះ​ផាត់​ចោល​គណបក្ស​ដែល​ពលរដ្ឋ​កន្លះ​នគរ​បាន​បោះឆ្នោត​គាំទ្រ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ដូច្នេះ​បោះឆ្នោត​នឹង​មាន​ន័យ​អី​គាត់​ដឹង​តែ​ឈ្នះ​បាត់​ទៅ​ហើយ អីចឹង​មិនបាច់​ទៅ​បោះ​ល្អ​ជាង»។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ថ្លែង​ថា បើ​ទោះ​បី​ជា​ត្រូវ​ចាប់​ដាក់គុក ក៏​រូប​គាត់​មិន​ទៅ​បោះឆ្នោត​ដែរ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់៖ «ព្រោះ​គាត់​គិត​ថា ការបោះឆ្នោត​លើក​នេះ បើ​សិន​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ លោក ហ៊ុន សែន ប្រាកដ​ជា​ចាញ់​ឆ្នោត​១០០​ភាគរយ។ ដូច្នេះ​គាត់​ត្រូវតែ​ដើរ​ផ្លូវ​លួច​សន្លឹកឆ្នោត​ទៀត​ហើយ ដោយសារតែ​ឥឡូវ​នឹង​គាត់​កំពុងតែ​ធ្វើ​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ ដូចជា​ការ​មិន​ទៅ​បោះឆ្នោត​ចាប់​ដាក់គុក​នេះ​ជាដើម»។

លោក ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​ថា ការ​ទៅ​បោះឆ្នោត​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ប្រើ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ដើម្បី​គេចវេះ​មិន​ទៅ​បោះឆ្នោត​ខាងមុខ គឺជា​អំពើ​ខុសច្បាប់ ដែល​ប្រឈម​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ដោយ​មិន​អាច​អនុគ្រោះ​បាន​ឡើយ៖ «មិន​អាច​ទៅ​បំភ្លៃ​បញ្ជី​បោះឆ្នោត​បានទេ អ្នក​ដែល​ទៅ​បោះ​បាន​គេ​ខ្វែង​ឈ្មោះ អ្នក​អត់​ទៅ​បោះ​គេ​អត់​ខ្វែង​ឈ្មោះ​ឱ្យ​ទេ កុំ​ភ័ន្តច្រឡំ​នោះ។ រឿង​នឹង​មេ​បោក​វា​បញ្ជា​ពី​ខាងក្រៅ អា​ម្នាក់​នឹង​វា​ពូកែ​ខាង​មក​រក​គុក បើ​វា​មិន​ចូល​គុក​ទេ​គុក​ក៏​ទៅ​រក​វា​ដែរ»។

លោក ហ៊ុន សែន ថែមទាំង​បាន​វាយប្រហារ​ឌឺដង​ទៅ​លោក​សម រង្ស៊ី ដែល​កន្លងមក​បាន​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ថា មិន​បាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ទៅ​វិញ។

លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​នេះ ជា​ការ​បន្ទរ​ក្រោយ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែល​ថា ការ​បន្លំ​ខ្លួន​ថា បាន​ទៅ​បោះឆ្នោត តាមរយៈ​ការ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​អំពើ​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រឡំ ទៅលើ​ចំនួន​ពិតប្រាកដ​នៃ​ពលរដ្ឋ​ដែល​មិនបាន​ទៅ​បោះឆ្នោត។ លោក គឹម សន្តិភាព អះអាង​ថា នាំ​ឱ្យ​ចំនួន​អ្នកបោះឆ្នោត​ច្រើនជាង​សន្លឹកឆ្នោត ដែល​អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​បាន។ លោក​ព្រមាន​ថា អ្នក​ដែល​ប្រព្រឹត្តិ​ដូច្នេះ​មែន នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​តាមច្បាប់។ ក៏ប៉ុន្តែ លោក​មិន​បាន​ពន្យល់ ថា​តើ​ការ​ផ្ដន្ទាទោស​បែប​នោះ ធ្វើឡើង​ដោយ​ផ្អែក​តាម​មាត្រា​ជាក់លាក់​ណាមួយ​នៃ​ក្រមព្រហ្មទណ្ឌ​នោះ​ឡើយ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រិះគន់​ថា ការ​បញ្ចេញ​សារ​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ អាច​ជា​ចេតនា​នៃ​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ទន់ខ្សោយ ដែល​ចង់​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​មិន​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​នេះ។

ចំពោះ​ការ​ជ្រលក់​ទឹកខ្មៅ​វិញ លោក កន សាវាង្ស សង្កត់​ធ្ងន់ៗ​ថា នៅ​មិនទាន់​មាន​ច្បាប់​ណា ដែល​ចែង​កំណត់​អំពី​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​គ្រាន់តែ​ជ្រលក់​ទឹកខ្មៅ​នៅ​ម្រាមដៃ​របស់​ពួកគេ​ដោយ​ខ្លួនឯង។ លោក​ថា ការបោះឆ្នោត គឺជា​ការប្រើប្រាស់​សិទ្ធិ​របស់​អ្នកបោះឆ្នោត ហើយ​ថា​ការ​ប្រើ​សិទ្ធិ​នោះ​រួមមាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ថា​តើ​ត្រូវ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត។ ដោយឡែក លោក​ថា រឿង​ជ្រលក់​ម្រាមដៃ ក៏​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ខ្លួនឯង​ដែរ៖ «ប៉ុន្តែ ការយល់ឃើញ​របស់ខ្ញុំ​បើសិនជា​សាមីខ្លួន​ឬ​អ្នកបោះឆ្នោត​ណា ដែល​គាត់​យក​ទឹកខ្មៅ​នោះ​ទៅ​ប្រើ​ប្រាស់​នៅ​មធ្យោបាយ​ទុច្ចរិត​ណាមួយ ដើម្បី​ការ​បន្លំ​ទៅ​ឆបោក​គេ ឬ​ធ្វើ​ឱ្យ​គេ​រងគ្រោះ ខ្ញុំ​យល់ថា​រឿង​នឹង​បាន​គេ​ហៅថា​អ្នកមាន​កំហុស»។

ទោះជា​លោក ហ៊ុន សែន ថ្លែង​សារ​គំរាមកំហែង​បែបនេះ​ក្ដី ពលរដ្ឋ​ម្នាក់ទៀត​លើកឡើង​ថា ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ការ​បោះឆ្នោត​ទាំងឡាយ​ណា​ដែល​មិន​មាន​ការ​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​គឺ​សុខចិត្ត​នៅ​ដេក​ផ្ទះ​ប្រសើរ​ជាង ព្រោះ​បើ​ទៅ​បោះឆ្នោត​ក៏​គ្មាន​ប្រយោជន៍​ដល់​សង្គមជាតិ​ដែរ។ ពលរដ្ឋ​រូប​នេះ អះអាង​ថា សម្ដី​របស់​លោក​ហ៊ុន សែន មិន​អាច​រារាំង​ដល់​សិទ្ធិ​សេរីភាព​របស់​សមាជិក​ក្រុម​គ្រួសារ​របស់​លោក បាន​ឡើយ៖ «កាលណា​ប្រជាពលរដ្ឋ​រួបរួម​គ្នា​ឈប់​ខ្លាច​ការ​គំរាមកំហែង ហើយ​រួមគ្នា​ងើបឈរ​ជន​ផ្ដាច់ការ​នឹង​ខ្លាច​ប្រជាពលរដ្ឋ​វិញ។ ដូច្នេះ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​បើ​យើង​ចង់​ងើប​តស៊ូ​នឹង​ជន​ផ្ដាច់ការ មិន​ថា​ប្រទេស​ណា​ទេ គឺ​វា​ពិបាក​បន្តិច ហើយ​គ្រប់​ជន​ផ្ដាច់ការ​ទាំងអស់​លើ​ពិភពលោក​ច្រើន​ប្រើ​ក្បាច់​គំរាមកំហែង​ចាប់​ដាក់គុក​ដាក់​ច្រវាក់​នឹង គឺ​ប្រទេស​ដែល​អាច​អំណាច​ផ្ដាច់ការ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​តក់ស្លុត​បន្តិច​ណា​ឡើយ»។

ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ​ឱ្យ​សោះ ដើម្បី​ឱ្យ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​គ្មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ។ លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន មាន​តែ​ប្រជាពលរដ្ឋ​ត្រូវ​ងើបឈរ​ឡើង​ទាំងអស់​គ្នា ដើម្បី​ទប់ទល់ និង​អំណាច​ផ្ដាច់ការ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំណែក​អ្នកគាំទ្រ​គណបក្សប្រឆាំង​ក៏បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) ធ្វើ​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត​ខាងមុខ ដោយ​អ្នកខ្លះ​ថា ថ្ងៃ​បោះឆ្នោត​សុខចិត្ត​ដេក​ផ្ទះ​ឈ្នះ​ឯង និង​ខ្លះ​ទៀត ថា​មិន​ដឹង​ទៅ​បោះឆ្នោត​ធ្វើ​អី​បើ​គ្មាន​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​ជាដើម៕

No comments: