Friday, 13 July 2018

អ្នក​ជំនាញ​វាយតម្លៃ​រួច​ជាស្រេច​ថា​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦​មិន​អាច​សេរី​និង​ត្រឹម​ត្រូវ


ម៉ៅ សុធានី
2018-07-12 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី បង្ហាញ​ម្រាមដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ម៉ោង​ប្រមាណ ៧​កន្លះ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ភរិយា អ្នកស្រី ប៊ុន រ៉ានី បង្ហាញ​ម្រាមដៃ​ជ្រលក់​ទឹក​ខ្មៅ​បន្ទាប់​ពី​បោះឆ្នោត​រួច នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ម៉ោង​ប្រមាណ ៧​កន្លះ ព្រឹក​ថ្ងៃ​ទី​៤ មិថុនា។
 RFA/


របប​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​លក្ខណៈ​ប្រជាធិបតេយ្យ ប៉ុន្តែ​អ្នក​ជំនាញ​បរទេស​ដែល​តាមដាន​នយោបាយ​នៅ​កម្ពុជា វាយតម្លៃ​រួចជាស្រេច​ទៅ​ហើយ​ថា ពុំ​មាន​ហេតុផល​ណាមួយ​អាច​អោយ​ពួកគេ​ចាត់​ទុក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​អាណត្តិ​ទី​៦​នេះ​ថា អាច​យក​ជា​ការ​បាន​ឡើយ។



អស់​ពេល​ប្រាំ​អាណត្តិ​មក​ហើយ ដែល​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ ទោះបី​ការបោះឆ្នោត​អាណត្តិ​មុនៗ តែងតែ​រង​ការ​រិះគន់​ថា មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ​ក៏ដោយ ក៏​យ៉ាងហោចណាស់​ម្ចាស់​ឆ្នោត​ដែល​មិន​ចង់​ទៅ​បោះឆ្នោត គ្មាន​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​ដែរ។

ចំណែក​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ​វិញ អ្វី​ដែល​ប្លែក​នោះ​គឺ​អ្នកណា​មិន​ទៅ​បោះឆ្នោត​ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង​បំភិតបំភ័យ។

ពលរដ្ឋ​ខ្លះ​ថែមទាំង​លើកឡើង​ថា ពួកគេ​នឹង​ត្រូវ​បាន​ចាត់ទុកថា ជន​ក្បត់ជាតិ ទៀត​ផង ប្រសិនបើ​មិន​ទៅ​បោះឆ្នោត​នោះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​នៅ​កម្ពុជា កញ្ញា ជូលៀ វ៉លឡេស (Julia Walllace) ដែល​ធ្លាប់​ជា​និពន្ធ​នាយក​នៃ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វីអូអេ (VOA) នៅ​កម្ពុជា ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្ដីពី ការបោះឆ្នោត​នៅ​កម្ពុជា រៀបចំ​ដោយ​ក្លឹប​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ (Foreign Correspondent Club of Thailand) នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា។

អ្នកសារព័ត៌មាន​បរទេស​រូប​នេះ​លើកឡើង​ថា ចាប់​តាំង​ពី​នាង​បាន​ចាប់ផ្ដើម​បម្រើ​ការងារ​ជា​អ្នករាយការណ៍​ព័ត៌មាន​អំពី​កម្ពុជា​ពី​ឆ្នាំ​២០០៩​មក នាង​មិនដែល​ឃើញ ពលរដ្ឋ​កម្ពុជា​ដែល​នាង​សុំ​សម្ភាសន៍ ភ័យខ្លាច​ខ្លាំង​ក្នុង​ការ​បញ្ចេញមតិ​ដូច​ពេលនេះ​ទេ៖ «ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​ហាក់ដូចជា​អាក្រក់​បំផុត ចាប់​តាំង​ពី​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​អ្នកយកព័ត៌មាន​នៅ​កម្ពុជា ដំបូង​ពី​ឆ្នាំ​២០០៩​មក។ ពលរដ្ឋ​ប្រែជា​ភ័យខ្លាច​ទាំងស្រុង​តែម្ដង។ កាលពីមុន ខ្ញុំ​តែងតែ​មាន​អារម្មណ៍ល្អ​ចំពោះ​បរិយាកាស​សារព័ត៌មាន​នៅ​កម្ពុជា ដោយសារតែ​កាលណោះ មិន​ដែល​មាន​នរណា​ម្នាក់​បដិសេធ​មិន​ផ្ដល់​សម្ភាសន៍​ដល់​ខ្ញុំ​ទេ។ ពលរដ្ឋ​កាលណោះ យល់​ច្បាស់​ថា ពួកគាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ពួកគាត់​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន មាន​សិទ្ធិ​បញ្ចេញមតិ។ តែ​ក្នុង​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​វិញ នៅ​ពេល​ខ្ញុំ​សម្ភាសន៍​ពលរដ្ឋ​រឿង​នយោបាយ​ម្ដងៗ ដោយ​ចង់​យក​សំឡេង​គាត់​មក​ចុះផ្សាយ និង​បង្ហាញ​ឈ្មោះ​ពេញ​របស់​គាត់​ជា​ចំហ​នោះ គ្មាន​ពលរដ្ឋ​ណា​ហ៊ាន​និយាយ​នោះ​ទេ ដែល​នេះ​ជា​សភាព​គួរ​ឲ្យ​យើង​ពិបាកចិត្ត​ណាស់ ព្រោះ​មិនដែល​អ៊ីចឹង​ទេ​ពី​មុន​មក។ ដូច្នេះ ខ្ញុំ​ចង់​និយាយ​ថា មាន​ការ​បំភិតបំភ័យ​ពលរដ្ឋ​យ៉ាង​ខ្លាំង ក្នុង​ពេល​បោះឆ្នោត​នេះ មានការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ឲ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត»។

(ពី​ឆ្វេង​ទៅ​ស្ដាំ)លោក សិបប៊ែសស្ទៀនស្ទ្រែងជីអូ (Sebastian Strangio) កញ្ញា​ ជូលៀ វ៉លឡេស (Julia Walllace)លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) លោក ឃីងស៊្លី អាបុតថ៍​(Kingsley Abbott) ក្នុង​​កិច្ច​ពិភាក្សា​ស្ដី​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ រៀបចំ​ដោយ​​ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ (Foreign Correspondent Club of Thailand) កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១៨។
(ពី​ឆ្វេង​ទៅ​ស្ដាំ)លោក សិបប៊ែសស្ទៀនស្ទ្រែងជីអូ (Sebastian Strangio) កញ្ញា​ ជូលៀ វ៉លឡេស (Julia Walllace)លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) លោក ឃីងស៊្លី អាបុតថ៍​(Kingsley Abbott) ក្នុង​​កិច្ច​ពិភាក្សា​ស្ដី​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ រៀបចំ​ដោយ​​ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ (Foreign Correspondent Club of Thailand) កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១៨។ RFA


កញ្ញា ជូលៀ វ៉លឡេស កត់សម្គាល់​ឃើញ​ថា ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ភិតភ័យ​យ៉ាង​ខ្លាំង ក្នុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ដាក់​សម្ពាធ​ឲ្យ​ពួកគាត់​ចេញទៅ​បោះឆ្នោត៖ «មាន​អ្នកខ្លះ​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​ម្រាមដៃ​ចង្អុល​របស់​ពួកគាត់​មិន​មាន​ប្រឡាក់​ទឹក​ថ្នាំ​បោះឆ្នោត​ទេ ពួកគេ​នឹង​ត្រូវ​គេ​ចាត់ទុកថា ជា​ជន​ក្បត់ជាតិ ដែល​នេះ​គួរ​អោយ​ភ័យខ្លាច​មែនទែន។ ពលរដ្ឋ​ជាច្រើន​បាន​សួរ​ខ្ញុំ​និង​អ្នកកាសែត​ដទៃ​ទៀត​ថា តើ​ពួកគេ​មាន​សិទ្ធិ​មិន​ទៅ​បោះឆ្នោត​ទេ? តើ​ពួកគាត់​ត្រូវតែ​ទៅ​បោះឆ្នោត​ជាដាច់ខាត ឬ​យ៉ាងណា?»។

ជុំវិញ​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​នេះ លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះជាតិ បាន​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដល់​ពលរដ្ឋ​ដែល​ត្រូវ​បង្ខំចិត្ត​ទៅ​បោះឆ្នោត​ដោយសារ​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​នោះ ឲ្យ​គូស​បំផ្លាញ​សន្លឹក​ឆ្នោត​ចោល ដើម្បី​បង្ហាញ​ថា ពួកគេ​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​នោះ​ទេ។

ប៉ុន្តែ​គណបក្សប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា កាលណា ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន នោះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​លោក​ហ៊ុន សែន មាន​លេស​ទាមទារ​ភាព​ស្រប​ច្បាប់​នៃ​ការបោះឆ្នោត។

ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អន្តរជាតិ និង​សន្តិសុខ នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ប្រទេស​ថៃ និង​ជា​អ្នក​អត្ថាធិប្បាយ​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី ការបោះឆ្នោត​នៅ​កម្ពុជា ថា តាមរយៈ​វិធីសាស្ត្រ​គាបសង្កត់​ពលរដ្ឋ និង​ការទិញ​សន្លឹក​ឆ្នោត អត្រា​អ្នក​ចេញទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​អាច​នៅតែ​លើស​ពី​៥០​ភាគរយ ប៉ុន្តែ​លោក​ថា ទោះជា​ប៉ុន្មាន​ភាគរយ​ក៏ដោយ ក៏​អាច​អោយ​លោក ហ៊ុន សែន ទាមទារ​រក​ភាព​ស្របច្បាប់ និង​ជ័យជំនះ​ពី​ការបោះឆ្នោត​នេះ​បាន​ដែរ៖ «ខ្ញុំ​គិតថា ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​នឹង​ប្រព្រឹត្ត​ទៅតាម​ការ​គ្រោងទុក គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រកាស​ថា ខ្លួន​ឈ្នះ ចិន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ជប៉ុន​នឹង​ត្រូវ​ប្រឈម​នឹង​ទ្វេ​គ្រោះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នឹង​មិន​ផ្ដល់​ភាព​ស្របច្បាប់​ដល់​លទ្ធផល​បោះឆ្នោត គ្មាន​ទេ​គណបក្ស​ប្រឆាំង ហើយ​អត្រា​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​គឺជា​ចំណុច​គន្លឹះ។ ខ្ញុំ​គិត​ថា អត្រា​អ្នក​ចេញទៅ​បោះឆ្នោត​អាច​ស្ថិត​ក្នុង​រង្វង់ ពី​៥៥ ទៅ​៦០​ភាគរយ បើ​ខ្ពស់​ជាង​នេះ វា​នឹង​គ្រាន់តែ​ផ្ដល់​សេរីភាព​ថែម​បន្តិច​ទៀត​ឲ្យ​លោក ហ៊ុន សែន ទាមទារ​នូវ​ភាព​ស្របច្បាប់​ប៉ុណ្ណោះ​។ នេះ​ជា​ស្ថានការណ៍​រយៈពេល​ខ្លី​ដែល​លោក ហ៊ុន សែន អាច​រួចខ្លួន​បាន​មួយ​ឆ្នាំ​ពីរ​ឆ្នាំ ប៉ុន្តែ​ក្នុង​រយៈពេល​មធ្យម​និង​វែង​លើស​ពី​ពីរ​ឆ្នាំ នឹង​មាន​បញ្ហា​ជាច្រើន​កើតឡើង​នៅ​កម្ពុជា»។

លោក ធីតទីណាន ពុងសុធីរ៉ាក់ (Thitinan Pongsudhirak) ព្រមាន​ថា ក្នុង​រយៈពេល​វែង​កម្ពុជា​នឹង​ជួបប្រទះ​ភាព​តានតឹង​ក្នុង​សង្គម​កាន់តែ​ច្រើន ហើយ​ភាព​វឹកវរ​អាច​នឹង​កើតមានឡើង ដោយសារ​ពលរដ្ឋ​វ័យក្មេង​ដ៏​ច្រើន​នៅ​កម្ពុជា​ដែល​ទទួល​បាន​ការអប់រំ​ល្អ​ប្រសើរ​ជាង​អ្នក​ជំនាន់​មុន នឹង​មិន​ពេញចិត្ត​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​នោះ​ទេ៖ «៦៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា មាន​អាយុ​ពី​១៥​ទៅ​៥៤ ដែល​ជា​វ័យ​ធ្វើការ។ ៣០​ភាគរយ​នៃ​ប្រជាជន​សរុប​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ដូច្នេះ​ភាគច្រើន​លើសលប់​មាន​វ័យក្មេង។ អ្នកមាន​អាយុ​ចាប់ពី ៥៥ឡើងទៅ មានតែ​ប្រមាណ​៣​ភាគរយ​ប៉ុណ្ណោះ។ ដូច្នេះ​អ្នក​កើត​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ មាន​ចំនួន​ច្រើន​ណាស់។ ដូច្នេះ​ខ្ញុំ​សង្ស័យ​ថា ពួកគេ​នឹង​មិន​សប្បាយចិត្ត​ចំពោះ លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ទេ ហើយ​អាច​នឹង​មាន​ភាព​វឹកវរ​ក្នុង​សង្គម​នៅ​ក្រោយ​ការបោះឆ្នោត​ភ្លាមៗ តែ​ក្នុង​រយៈពេល​វែង លោក ហ៊ុន សែន នឹង​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ ហើយ​ចិន​នឹង​ជួយ​ពីក្រោយ។ តែ​យូរ​ទៅ វា​នឹង​នាំ​ទៅ​រក​បញ្ហា ហើយ​នៅ​ទីបំផុត មហិច្ឆតា​ផ្ទេរ​អំណាច​ដល់​កូន​របស់​លោក ហ៊ុន សែន នឹង​ត្រូវ​រលាយ»។

ជុំវិញ​ការ​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន​នេះ អ្នកនិពន្ធ​សៀវភៅ «​កម្ពុជា​របស់​លោក ហ៊ុន សែន» (Hun Sen’s Cambodia) និង​ជា​អ្នករាយការណ៍​ព័ត៌មាន​អំពី​កម្ពុជា លោក សិបប៊ែសស្ទៀន ស្ទ្រែងជីអូ (Sebastian Strangio) សង្កេតឃើញ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​អំណាច​ដល់​កូន​របស់​លោក​ជា​បណ្ដើរៗ​ហើយ៖ «កូនច្បង​របស់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត កំពុង​ឆ្ពោះ​ទៅ​រក​ការ​ស្នង​តំណែង​ពី​ឪពុក​ហើយ។ ជាក់ស្ដែង លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​យោធា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ កូនប្រុស​ទាំង​៣​របស់​លោក ហ៊ុន សែន មាន​តួនាទី​នៅ​វិស័យ​ផ្សេងៗ​គ្នា។ ហ៊ុន ម៉ាណែត នៅ​ខាង​ផ្នែក​យោធា ហ៊ុន ម៉ានី នៅ​ខាង​ផ្នែក​នយោបាយ បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ចំណែក ហ៊ុន ម៉ានិត នៅ​ខាង​ផ្នែក​ចារកិច្ច។ ដូច្នេះ​វា​ហាក់បីដូចជា ច្បាស់​ហើយ​ថា លោក ហ៊ុន សែន ទំនងជា​នឹង​ចាប់​យក​របៀប​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន»។

ក្រៅពីនេះ ចាប់​តាំងពី​លោក ហ៊ុន សែន កាន់អំណាច​ជាង​៣​ទសវត្ស​មកនេះ របប​លោក​បាន​ធ្វើ​វិសោធនកម្ម និង​បង្កើត​ច្បាប់​ថ្មី​មួយ​ចំនួន ដែល​រង​ការរិះគន់​ពី​អ្នកការពារ​សិទ្ធិមនុស្ស​ថា មាន​លក្ខណៈ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​គណបក្ស​ប្រឆាំង។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​ហៅ​កាត់​ថា អាយ ស៊ី ជេ (ICJ) គឺ​លោក ឃីងស្ល៊ី អាបុតថ៍ (Kingsley Abbott) លើកឡើង​ថា លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​កែប្រែ​មូលដ្ឋាន​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​ចាក​ឆ្ងាយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ ដោយសារ​មូលហេតុ​នេះ លោក​វាយ​តម្លៃ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​មិន​អាច​ចាត់ទុកថា សេរី និង​ត្រឹមត្រូវ​ជាដាច់ខាត ព្រោះថា ដើម្បី​វាយ​តម្លៃ​ថា តើ​ការបោះឆ្នោត​ខាងមុខ​ថា​សេរី និង​ត្រឹមត្រូវ​ឬទេ យើង​ត្រូវ​វាយតម្លៃ​ពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​មុន និង​ក្រោយ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត៖ «អ្វី​ដែល​ខ្ញុំ​គិត​ថា សំខាន់ ក្នុង​ការ​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា គឺ​យើង​ត្រូវ​ដឹង​ថា របប​លោក ហ៊ុន សែន បាន​កែប្រែ​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា ហើយ​វា​នឹង​បន្ត​នៅ​កម្ពុជា លើស​ពី​រយៈពេល​ពីរ​បី​សប្ដាហ៍​នៃ​ការបោះឆ្នោត​ហ្នឹង​ឆ្ងាយ​ណាស់។ អ្វី​ដែល​ខ្ញុំ​តែងតែ​និយាយ​ទៅកាន់​អ្នក​សួរ​ខ្ញុំ​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​នឹង​មកដល់​នៅ​ពេល​ខាងមុខនេះ គឺថា តាមពិត​វា​គឺជា​អ្វី​ដែល​មិន​គួរ​អោយ​ចាប់អារម្មណ៍​បំផុត។ ខ្ញុំ​អោយ​យោបល់ ថា កុំ​តាម​មើល​ការបោះឆ្នោត​នៅ​កម្ពុជា​តែ​ពេល​បោះឆ្នោត រួចហើយ​ងាក​ចេញ ព្រោះ​ទិដ្ឋភាព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​នេះ​បាន​ផ្លាស់ប្ដូរ​ហើយ។ វា​បាន​ប្រាសចាក​យ៉ាង​ឆ្ងាយ​ពី​គោលការណ៍ ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​រៀបចំ​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ ផ្អែកលើ​ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។ វា​បាន​ដើរ​នៅ​លើ​វិថី​នៃ​អំណាច​ផ្ដាច់ការ​កាន់តែ​ច្បាស់​ហើយ»។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​កំពូលៗ​ដែល​រំលោភ​សិទ្ធិមនុស្ស ដូច​ករណី​ដែល​សហរដ្ឋអាមេរិក​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង នៅ​ពេល​ថ្មីៗ​នេះ គឺជា​ជម្រើស​ដែល​សហគមន៍​អន្តរជាតិ គួរ​ធ្វើ​ដើម្បី​ដាក់​សម្ពាធ​ដល់​របប​លោក ហ៊ុន សែន៕

No comments: