Monday, 2 July 2018

ប្រគល់ទឹកដីឲ្យចិនគ្រប់គ្រងដើម្បីសងបំណុលគេ


០២ កក្កដា ២០១៨ / 02 July 2018 – Paying China with territory (*)

Image may contain: 1 person, text


ក្នុងអត្ថបទមួយ មានចំណងចើងថា "ប្រគល់ទឹកដីឲ្យចិនគ្រប់គ្រងដើម្បីសងបំណុលគេ" កាសែត The New York Times ចុះថ្ងៃ ២៨ មិថុនា ២០១៨ បានបង្ហាញថា នយោបាយក្រៅប្រទេសរបស់ប្រទេសចិន ដែលកំពុងតែអនុវត្តនៅប្រទេសកម្ពុជា ត្រូវបានប្រទេសចិនយកទៅអនុវត្តនៅប្រទេសក្រីក្រខ្លះទៀត ដែលមានមេដឹកនាំផ្តាច់ការ ពុករលួយ បំផ្លិចបំផ្លាញប្រទេសខ្លួនឯង ដូចនៅស្រុកយើងអញ្ចឹងដែរ។



ប្រទេសមួយ ដែលគេចាប់អារម្មណ៍ថ្មីៗនេះ គឺប្រទេសស្រីលង្កា (Sri Lanka) ដែលជាកោះតូចមួយ នៅខាងត្បូងប្រទេសឥណ្ឌា។ នៅប្រទេសនោះ មេដឹកនាំឈ្មោះ Mahinda Rajapaksa បានខ្ចីលុយពីប្រទេសចិន យ៉ាងសន្ធឹកសន្ធាប់ តាំងពីច្រើនឆ្នាំមកហើយ ដើម្បីប្រព្រឹត្តអំពើពុករលួយ ហើយកេងផលប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារ និងបក្ខពួកគាត់។ តែដោយសារបំណុលនោះ កើនឡើងច្រើនពេក ហើយប្រទេសស្រីលង្កាមិនមានលុយសងប្រទេសចិន ក៏មេដឹកនាំជាជនផ្តាច់ការនោះ ត្រូវប្រគល់ទឹកដីនៅតាមឆ្នេរសមុទ្រ ឲ្យប្រទេសចិនគ្រប់គ្រង តាមរូបភាពសម្បទានរយៈពេល ៩៩ ឆ្នាំ។ ជាប្រតិកម្ម ប្រជារាស្ត្រស្រីលង្កា បានងើបឈររើបម្រះខ្លួន ដោយទម្លាក់ជនផ្តាច់ការនោះពីតំណែង ដើម្បីទាមទារទឹកដីប្រទេសជាតិ ប្រគល់សងប្រជារាស្ត្រវិញ។

ករណីប្រទេសស្រីលង្កា គឺដូចករណីប្រទេសកម្ពុជាអញ្ចឹងដែរ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលកំពុងតែខ្ចីលុយពីប្រទេសចិនកាន់តែច្រើនឡើងៗ ដើម្បីប្រព្រឹត្តអំពើពុករលួយ ហើយកំពុងតែប្រគល់ទឹកដី យ៉ាងច្រើនសន្ធឹកសន្ធាប់ ឲ្យទៅប្រទេសចិនគ្រប់គ្រង នៅតាមឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។

លោក ហ៊ុន សែន មានបំណុលហិរញ្ញវត្ថុ ជាមួយប្រទេសចិន និងបំណុលនយោបាយ ជាមួយប្រទេសវៀតណាម ដែលបានលើកបន្តុបក្រុមគាត់ ឲ្យធ្វើជាមេដឹកនាំអាយ៉ង តាំងពីឆ្នាំ ១៩៧៩ មក។ ទាំងបំណុលហិរញ្ញវត្ថុ ទាំងបំណុលនយោបាយ របស់លោក ហ៊ុន សែន និងក្រុមគាត់ ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដី ឲ្យទៅប្រទេសចិន និងប្រទេសវៀតណាម។

(*) Article in The New York Times, 28 June 2018, titled "Paying China with territory."
The case of Sri Lanka is reminiscent of that of Cambodia.

Sam Rainsy

No comments: