ដោយ អាស៊ីសេរី
2018-07-08
rfa

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាននាំយកមកសាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។
Photo from Facebook
ជំនួយការរបស់លោក កឹម សុខា អះអាងថា ប្រធានគណបក្ស សង្គ្រោះជាតិ ផ្ដាំពីពន្ធនាគារត្រពាំងផ្លុងថា មិនត្រូវចរចាជាមួយរបបក្រុងភ្នំពេញ ដោយគ្រាន់តែដើម្បីចង់ឲ្យមានការដោះលែងរូបលោក ឬទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញឡើយ។ អ្នកវិភាគថា ប្រសិនបើក្រុមមន្ត្រីបក្សប្រឆាំងចរចាមិនរក្សាជំហររឹងមាំទេ គណបក្សនេះនឹងមានវាសនាដូចគណបក្ស ហ៊្វុនស៊ិនប៉ិច។
ប្រធានចលនាយុវជន និងជាជំនួយការរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ឲ្យដឹងថា លោក កឹម សុខា ប្រាប់ថា គណបក្ស ប្រជាជនកម្ពុជា បង្ហើបចង់មានការចរចាជាមួយក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស ដើម្បីលើកលែងការចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ១១៨នាក់ បានចូលធ្វើនយោបាយឡើងវិញ ដោយជ្រកក្រោមស្លាកគណបក្សផ្សេង ជាថ្នូរនឹងការសម្របសម្រួលកុំឲ្យអន្តរជាតិដាក់សម្ពាធលើរបបក្រុងភ្នំពេញ។
លោក ហ៊ីង សុខសាន្ដ បន្ដថា លោក កឹម សុខា ប្រាប់ថា គណបក្ស សង្គ្រោះជាតិ អាចចរចាបានលុះត្រាតែត្រូវរកដំណោះស្រាយចំនួន៤ គឺដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ មិនមែនតែរូបលោកទេ ត្រូវផ្ដល់សិទ្ធិធ្វើនយោបាយឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង អនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ ចូលរួមការបោះឆ្នោត រៀបចំការបោះឆ្នោតឡើងវិញឲ្យបានត្រឹមត្រូវ និងអនុញ្ញាតឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានវត្តមាននៅកម្ពុជាឡើងវិញ៖ «មិនមានជាលក្ខណៈផ្លូវការក្នុងការចរចានោះទេ មិនមែនជាការផ្លូវការទេ ខ្ញុំចង់និយាយថា អ៊ីចឹងណា គ្រាន់តែវាជាតម្រុយមួយជាលក្ខណៈផ្ញើសារ រឺក៏បំផ្លោងពាក្យសម្ដីអីចឹងៗ ហ្នឹងទៅណា ថាគេចង់ឲ្យមានការដោះស្រាយមនុស្សចំនួន ១១៨រូប ឲ្យចេញធ្វើនយោបាយវិញ ការបោះឆ្នោតនៅតែទៅមុខ លោក កឹម សុខា នៅតែត្រូវជាឃុំនៅក្នុងគុកដដែល ចំណែកឯអង្គការក្រៅរដ្ឋាភិបាលអី នៅតែធ្វើការដូចមុន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអីចឹង»។
កាលពីថ្ងៃទី៧ កក្កដា អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បានសរសេរក្នុងហ្វេសប៊ុកថា លោក កឹម សុខា ឲ្យអត់ធ្មត់ដើម្បីជាតិ។ លោកបន្ដថា នេះជាការផ្ដាំផ្ញើរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដែលមានអាសន:នៅសភាពីពន្ធនាគារត្រពាំងផ្លុង "ម៣" ព្រំដែនខ្មែរវៀតណាម ត្រូវអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត មិនវៀចវេរក្បត់ឆន្ទ:របស់ប្រជាពលរដ្ឋ ដែលបានផ្ដល់ក្ដីសង្ឃឹម ជំនឿទំនុកទុកចិត្តមកលើគណបក្ស សង្គ្រោះជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ បន្ដទៀតថា លោក កឹម សុខា ថា អត់ធ្មត់ដើម្បីជាតិយើង មិនមែនដើម្បីបុគ្គល បក្ខពួកគ្រួសារ មិនត្រូវបោះបង់ចោលប្រជាជាតិយើង ក្បត់ឆន្ទ:ប្រជារាស្ត្រ នោះទេ។ លោក កឹម សុខា ថា គិតពិចារណា មានអីហូបហ្នឹង គ្រាន់តែហូបដើម្បីរស់មិនសំខាន់ទេ កុំក្បត់ឆន្ទ:រាស្ត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក អះអាងថា គណបក្ស ប្រជាជនកម្ពុជា គ្មានថ្ងៃចរចាជាមួយគណបក្ស សង្គ្រោះជាតិ ឡើយ ដោយសារគណបក្សប្រឆាំងបានដើរផុតគំនូសក្រហមរបស់លោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា មិនមានការចង់ចរចាណាមួយទេ។ លោកបន្តថា ដំណើរការនយោបាយនៅកម្ពុជា មានតែឈានទៅមុខ មិនមានការត្រលប់ថយក្រោយទេ៖ «អានេះគ្រាន់តែជាការឃោសនានយោបាយដែល ជាអ្វីបោកជាតិ និងអន្តរជាតិ។ ការបញ្ឆោតអន្តរជាតិហ្នឹង ពួកនេះពូកែបង្កើតព័ត៌មានបំភ័ន្តណាស់ មកដល់ពេលនេះនាវាបានចេញទៅមុខរួចហើយមិនអាចថយក្រោយបានទេបាទ មិនមែនជា ការលេងសើចទេ។ អ៊ីចឹងទេបានជាមានក្រសួងបង្កើតក្រុមអន្តរក្រសួងទប់ស្កាត់នឹងការពារព័ត៌មានក្លែងក្លាយ ដល់តែពេលគេបង្កើតទៅអាងថាគេរឹតត្បិតតឹងរ៉ឹង ឲ្យគេធ្វើយ៉ាងម៉េចចុះបើយើងហ្នឹងវាឡប់ឡែអ៊ីចឹង តុលាការកំពូលមិនមែនជាតុលាការលេងសើចទេណា តែគេរំលាយបក្សប្រឆាំងគឺ គេរំលាយហើយ មិនមែនចេះតែចង់បានចេះចង់បានចុះនោះទេបាទ! គេរំលាយមែនទែនគេមិនរំលាយលេងៗ ទេបាទ»។
ជុំវិញការប្រកាសបិទផ្លូវចរចាររកដំណោះស្រាយជាតិ របស់គណបក្សកាន់អំណាច អ្នកវិភាគព្រមានថា សហគមន៍អន្តរជាតិនឹងមិនព្រមធ្វើព្រងើយកន្តើយលើរឿងនេះទេ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ប្រសិនបើមានការសម្របសម្រួលក្រៅផ្លូវការដើម្បីចរចាមែន គឺគណបក្សកាន់អំណាចនឹងមិនព្រមចរចាផ្ដល់ម្ដងទាំងអស់តាមសំណើរបស់លោក កឹម សុខា ទេ ដោយសារតែគណបក្សប្រជាជនកម្ពុជា ខ្លាចបាក់មុខមាត់។ អ្នកវិភាគបន្ដថា បើមានការចរចា គណបក្សប្រឆាំងត្រូវចរចាដោយរក្សាជំហររឹងមាំ ឯបក្សកាន់អំណាចត្រូវដាក់ចិត្តស្មោះចរចា មិនមែនត្រឹមចង់ចរចា ដើម្បីរួចពីទណ្ឌកម្មអន្តរជាតិទេ៖ «ប្រសិនបើជាមានការដោះលែងរបស់សំណើរលោក កឹម សុខា ណាគឺជាការល្អបំផុត ប៉ុន្តែខ្ញុំដឹងថា រដ្ឋាភិបាលគាត់មិនអាចធ្វើបានទេ ព្រោះគាត់ស្រលាញ់ មុខមាត់ កេរ្តិ៍ឈ្មោះនិងតម្លៃណាស់ គណបក្សកាន់អំណាចមួយនេះ គេមិនព្រមចាញ់យើងនោះទេ»។
គិតត្រឹមថ្ងៃទី០៨ ខែកក្កដា លោក កឹម សុខា ត្រូវបានកងកម្លាំងរបបក្រុងភ្នំពេញ ចាប់ខ្លួនឃុំអស់រយៈពេល ៣០៩ថ្ងៃហើយ។ ជំនួយការ លោក កឹម សុខា គឺ លោក ហ៊ីង សុខសាន្ដ ថា លោក កឹម សុខា ផ្ដាំពីពន្ធនាគារថា សុខទុក្ខលោកជារឿងធម្មតា តែសុខទុក្ខប្រទេសជាតិ ទើបជារឿងធំ៕
No comments:
Post a Comment