Thursday, 5 July 2018
អ្នកជំនាញថាប្រកាសស្ដីពីការគ្រប់គ្រងគេហទំព័រនិងហ្វេសប៊ុកជាការគាបសង្កត់សិទ្ធិសេរីភាព
ដោយ មាន ឫទ្ធិ
2018-07-04
អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
RFA
ក្រសួងព័ត៌មាននៃរបបក្រុងភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គម ជាមួយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៤ កក្កដា។ ក្រសួងអះអាងថា ប្រកាសអន្តរក្រសួងនេះមានគោលបំណងធ្វើឱ្យការប្រើប្រាស់គេហទំព័រ និងបណ្ដាញសង្គមមានលក្ខណៈប្រសើរឡើង ហើយប្រកាសនេះ នឹងត្រូវចាប់អនុវត្តពីថ្ងៃទី៥ កក្កដា តទៅ។ អ្នកជំនាញផ្នែកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស យល់ឃើញប្រកាសនេះនឹងនាំមកនូវការរឹតត្បិតសិទ្ធិសេរីភាពនៅលើប្រព័ន្ធអ៊ីនធឺណិតទៅវិញទេ។
អ្នកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្សមួយចំនួនដែលបានចូលរួមក្នុងសិក្ខាសាលារបស់ក្រសួងព័ត៌មាននោះ យល់ឃើញដូចគ្នាថា ប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គមនេះ គួរតែត្រូវបានលុបចោល ដើម្បីធានាបាននូវសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅលើប្រព័ន្ធអ៊ីនធឺណិតដូចមានចែងនៅក្នុងច្បាប់របស់កម្ពុជា។
អ្នកជំនាញផ្នែកសារព័ត៌មាន លោក ណុប វី ថ្លែងថា ក្រសួងព័ត៌មានពន្យល់ថា ការបង្កើតប្រកាសអន្តរក្រសួងនេះ គឺដើម្បីធានាបាននូវការប្រើប្រាស់គេហទំព័រ និងបណ្ដាញសង្គមឱ្យមានភាពល្អប្រសើរ និងទប់ស្កាត់ការផ្សព្វផ្សាយ ឬការចែកចាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងទំនាក់ទំនងជាមួយប្រទេសដទៃ ជាដើម ក៏ប៉ុន្តែលោកថា ក្រសួងមិនបានបកស្រាយឱ្យបានលម្អិតពីពាក្យគន្លឹះទាំងអស់នេះឡើយ។ លោកយល់ថា ប្រកាសអន្តរក្រសួងនេះ មានលក្ខណៈជារឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋចំពោះការប្រើប្រាស់អ៊ីនធឺណិត និងគាបសង្កត់លើសេរីភាពសារព័ត៌មានទៅវិញទេ៖ «ខាងរដ្ឋាភិបាល ខាងក្រសួងយល់ឃើញថា អ្វីដែលគាត់ធ្វើនេះដើម្បីឱ្យមានការប្រើប្រាស់កាន់តែប្រសើរ ប៉ុន្តែរឿងនេះខ្ញុំយល់ថា ចង់មិនចង់ វាធ្វើឱ្យអ្នកប្រើប្រាស់ (អ៊ិនធើណិត) គាត់មានគំនាបខ្លួនឯង ព្រោះបើគាត់ប្រើប្រាស់ស្រួលមិនស្រួល ឬចែករំលែកអ្វីមួយ ដែលគាត់យល់ថា គ្រាន់តែជាការបញ្ចេញមតិ ប៉ុន្តែខាងរដ្ឋាភិបាលយល់ថា មិនមែនជាការបញ្ចេញមតិ តែជាការប៉ះពាល់ដល់សន្តិសុខជាងអីហ្នឹង នោះវានឹងមានគ្រោះថ្នាក់ដល់គាត់។ អញ្ចឹងចង់មិនចង់ វាគាបសង្កត់ ឬធ្វើឱ្យពួកគាត់មិនហ៊ានចែករំលែក ឬសរសេរបង្ហោះតាមបណ្ដាញសង្គមដូចពីមុនទៀត»
លោកបន្ថែមថា ក្រសួងព័ត៌មានបានបញ្ជាក់ថា នឹងប្រើប្រាស់ច្បាប់ចំនួន ៣ ជាមូលដ្ឋាន ក្នុងការអនុវត្តប្រកាសនេះ គឺក្រមព្រហ្មទណ្ឌ ច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីរបបសារព័ត៌មានទៅលើជនប្រព្រឹត្តល្មើស។ ទោះបីយ៉ាងណា អ្នកសារព័ត៌មានឯករាជ្យរូបនេះគិតថា របបក្រុងភ្នំពេញគួរតែលុបចោលប្រកាសអន្តរក្រសួងនេះ ដើម្បីជំរុញ និងលើកកម្ពស់សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋវិញ ទើបជារឿងប្រសើរ៖ «សេចក្ដីប្រកាសរួមនេះ គួរតែលុបចោល ហើយអាចថា រដ្ឋាភិបាលគួរតែពិចារណាមើល ថាតើគោលការណ៍ ឬសេចក្ដីណែនាំ ឬក៏ច្បាប់ណាដែលមានទំនោររឹតត្បិតទៅដល់សិទ្ធិសេរីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ គួរតែមានការពិចារណាក្នុងការធ្វើវិសោធនកម្ម ឬមួយក៏លុបចោលតែម្ដង ព្រោះថាការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាការធានានូវការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងសង្គម ហើយមួយវិញទៀត ធ្វើឱ្យសង្គមកាន់តែមានតម្លាភាព ធ្វើឱ្យសេវាសាធារណៈនៅមូលដ្ឋានបានប្រសើរឡើង»។
ប្រកាសអន្តរក្រសួងស្ដីពីការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គមនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការណ៍ផ្សេងទៀត ដែលរបបលោក ហ៊ុន សែន កំពុងប្រើប្រាស់ ដើម្បីគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន នៅមុនការបោះឆ្នោតមកដល់។ ប្រកាសនេះបានផ្ដល់អំណាចយ៉ាងច្រើនសម្បើមដល់អាជ្ញាធរនៃរបបក្រុងភ្នំពេញ ឱ្យចាត់ការលើពលរដ្ឋ អ្នកសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលគេគិតថា បានផ្សព្វផ្សាយ ឬចែកចាយបន្តនូវព័ត៌មានដែលមិនស្របនឹងការចង់បានរបស់រដ្ឋអំណាចដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
ក្រសួងព័ត៌មាន គឺជាអ្នកគ្រប់គ្រងការចេញផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច ខ្លឹមសារទាំងស្រុង សារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងៗ ជាដើម។ ចំណែកក្រសួងប្រៃសណីយ៍ តម្រូវឲ្យក្រុមហ៊ុនសេវាអ៊ិនធឺណិតទាំងអស់ មានកម្មវិធីសូហ្វវ៉ែ (Software) និងបំពាក់កម្មវិធីគ្រប់គ្រងអ៊ីនធឺណិត ដើម្បីងាយស្រួលក្នុងការច្រោះ (Filter) ឬរាំងខ្ទប់ (Block) គេហទំព័រ ឬគណនី (Account ) ឬទំព័រ (Page) របស់បណ្ដាញទំនាក់ទំនងសង្គម ដែលធ្វើអាជីវកម្ម ឬការផ្សាយណា ដែលពួកគេយល់ថា ល្មើសច្បាប់។ ក្រសួងទាំងពីរនេះ ក៏ត្រូវសហការជាមួយស្ថាប័នដទៃទៀត ដើម្បីរាំងខ្ទប់ ឬបិទគេហទំព័រ ឬបណ្ដាញសង្គមណា ដែលធ្វើអាជីវកម្មខុសច្បាប់ ឬផ្សាយល្មើសច្បាប់ ដែលមានលក្ខណៈញុះញង់ បំបែកបំបាក់សាមគ្គីភាព ការរើសអើង ចេតនាបង្កចលាចល ដែលបណ្ដាលឲ្យមានការអន្តរាយដល់សន្តិសុខជាតិ ប្រយោជន៍សាធារណៈ និងសណ្ដាប់ធ្នាប់សង្គម ជាដើម រីឯក្រសួងមហាផ្ទៃវិញ គឺជាអ្នកបង្ក្រាប រាល់សកម្មភាពទាំងអស់នេះ។
មន្ត្រីនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា យល់ឃើញថា ដោយសារតែមិនទាន់មានច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត ទើបរបបលោក ហ៊ុន សែន បង្កើតប្រកាសអន្តរក្រសួងនេះឡើង ដើម្បីយកទៅអនុវត្តភ្លាមៗ ឱ្យស្របទៅនឹងស្ថានការណ៍របស់កម្ពុជា នៅមុនការបោះឆ្នោតមកដល់នៅចុងខែកក្កដានេះ។ លោកព្រួយបារម្ភថា ពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនអាចនឹងត្រូវក្លាយជាជនរងគ្រោះចំពោះសកម្មភាពរបស់ខ្លួនលើប្រព័ន្ធអ៊ីនធឺណិត នៅក្រោយពេលដែលក្រសួងព័ត៌មានធ្វើការផ្សព្វផ្សាយប្រកាសអន្តរក្រសួងនេះ ជាមួយក្រុមអ្នកសារព័ត៌មានរួចហើយ។ សំខាន់ជាងនេះ លោកបារម្ភថា វិធានការនេះអាចនឹងត្រូវយកទៅអនុវត្តចំពោះតែអ្នកដែលមានមតិរិះគន់ ឬប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ ជាជាងការយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍សាធារណៈ ឬអនុវត្តឱ្យបានស្មើភាពគ្នា៖ «តាមប្រកាសរបស់អន្តរក្រសួងនេះ ហាក់ដូចជារដ្ឋាភិបាលបើកដៃឱ្យក្រសួងទាំងបីហ្នឹង មានអំណាចក្នុងផ្លូវច្បាប់ទៅធ្វើការតាមជំនាញរៀងៗខ្លួន ដូចជា ការច្រោះព័ត៌មាន (Filter) និងការរាំងខ្ទប់ (Block) ជាដើម។ នេះយើងឃើញថា វាជារឿងមួយដែលដើរតួមុននឹងច្បាប់គ្រប់គ្រងអ៊ីនធឺណិតមកដល់។ កាលណាចាត់វិធានការ យើងព្រួយបារម្ភថា មានភាពប្រទាំងប្រទើសរវាងច្បាប់ដែលមានស្រាប់ ហើយនិងច្បាប់អ៊ីនធឺណិតដែលមិនទាន់កើតចេញមកហ្នឹង ហើយយើងប្រើវិធានការណ៍នេះ វាមិនមានភាពត្រឹមត្រូវនៅឡើយទេ»។
បន្ទាប់ពីបានដាក់ចេញនូវប្រកាសអន្តរក្រសួងនេះរួចហើយ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរជំនាញដំឡើងប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីតាមដានសកម្មភាពនានាលើហ្វេសប៊ុក (Facebook) ដែលលោកអះអាងថា ជាវិធានការទប់ស្កាត់អ្នក ដែលប៉ុនប៉ងបង្ហោះព័ត៌មានប៉ះពាល់ដល់ដំណើរការបោះឆ្នោត។ ចំណែកស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ឯណោះវិញ ក៏បានដាក់ចេញនូវបម្រាមជាច្រើនចំណុចសម្រាប់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានអំឡុងពេលបោះឆ្នោតផងដែរ។ រាល់វិធានការ និងបម្រាមទាំងអស់នេះ ត្រូវបានអ្នកជំនាញអះអាងថា គឺជាការអនុវត្តផ្ទុយទៅនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់ និងអនុវត្តនាពេលកន្លងទៅ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment