ដោយ វ៉ែន សុមេធ
2018-07-22
rfa

គំនរឈើខុសច្បាប់ដែលគេកាប់ ហើយរត់ចោលនៅពេលដែលក្រុមសហគមន៍ប្រជាពលរដ្ឋនាំគ្នាល្បាតទៅទាន់ ក្នុងតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ កាលពីខែមិថុនា ឆ្នាំ២០១៤។
រូបថតដោយអង្គការពន្លកខ្មែរ
ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឲ្យដឹងថា អាជ្ញាធរបើកដៃឲ្យឈ្មូញកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រះការ ដោយបើកជំហរ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ពួកគេរិះគន់ថា អាជ្ញាធរខេត្តព្រះវិហារ ផ្តោតអារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យបក្សកាន់អំណាច ច្រើនជាងបម្រើសេវាសារណៈ និងទប់ស្កាត់បទល្មើសព្រៃឈើ។
ឈើមូលមានមុខកាត់ចាប់ពី ពីរតឹកឡើងទៅ ត្រូវគេកាប់ធ្វើអាជីវកម្មយ៉ាងពេញទំហឹង ក្នុងដែនជម្រកសត្វព្រៃព្រះការ គ្មានការអនុវត្តច្បាប់ណាមួយ ពីមន្ត្រីឧទ្យានុរក្សនៅតំបន់នោះទេ។ អ្នកភូមិថា គោយន្តគឺជា មធ្យោបាយដឹកជញ្ជូនឈើរបស់ឈ្មួញ ដែលពួកគេប្រទះឃើញទាំងយប់ថ្ងៃរាប់សិបគ្រឿង ចេញពីដែនជម្រកសត្វព្រៃព្រះរកា ឆ្លងកាត់ទីស្នាក់ការក្រសួងបរិស្ថាន និងប៉ុស្តិ៍នគរបាល។
ពលរដ្ឋរស់នៅភូមិពោធិ៍ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២១ កក្កដាថា អាជ្ញាធរធ្វេសប្រហែស រឿងបង្ក្រាបបទល្មើសព្រៃឈើ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ លោកថា អាជ្ញាធរឃុំស្រុក និងខេត្ត និងមន្ត្រីបរិស្ថាន ចាប់អារម្មណ៍តែរឿងឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជន មិនអើពើអនុវត្តច្បាប់ព្រៃឈើ បង្កឲ្យព្រៃអភិរក្សមួយនេះកាន់តែវិនាសហិនហោច។ លោកបន្ថែមថា ដើមឈើផលិតជ័រទឹក ៦៦ ដើមជាថ្មីទៀត ត្រូវបានគេលួចកាប់យកឈើធ្វើអាជីវកម្មក្នុងព្រៃព្រះការ រីឯអ្នកភូមិបានកំណត់មុខសញ្ញាមនុស្សមួយក្រុម រួចប្តឹងទៅអាជ្ញាធរឲ្យជួយអន្តរាគមន៍ តែគ្មានលទ្ធផល៖ «»
អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចិន្ថា ធ្លាប់បដិសេធនឹងមិនផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ។ ចំណែកមេឃុំប្រមេរ លោក ហៀង តន ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី២១ កក្តកដា។
អនុប្រធានសហគមន៍ភូមិប្រមេរ លោក ស្រី រឿងខាន់ ថ្លែងថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ អ្នកភូមិរវល់ការងារស្រែចម្ការ ធ្វើឲ្យក្រុមឈ្មួញមានឱកាស លួចកាប់ដើមឈើផលិតជ័រទឹក អស់រាប់រយដើម។ លោកស្រីថា ដើមឈើផលិតជ័រទឹករបស់ពួកគាត់ នៅសេសសល់ជិត ១ពាន់ដើម ត្រូវបានគេកាប់អស់ជាង ពាក់កណ្តាល ហើយបច្ចុប្បន្ននៅសល់ជាង ២រយដើមប៉ុណ្ណោះ។ លោកស្រីបារម្ភថា អ្នកភូមិភ័យខ្លាចបរិយាកាសនយោបាយសព្វថ្ងៃ និងការរឹតត្បិតសិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរ នាំឲ្យពលរដ្ឋខ្លះ ខ្លាចរអាមិនហ៊ានចេញមុខការពារបរិស្ថាន និងសុខចិត្តសម្ងំសុខរៀងៗ ខ្លួន បើទោះបីជា ដើមឈើផលិតជ័រទឹករបស់ពួកគេបានបាត់បង់ស្ទើរទាំងស្រុងក្តី៖ «»
មន្ត្រីសង្គមស៊ីវិលអង្កេតឃើញថា ប្រាក់ចំណូលរបស់ជនជាតិដើមភាគតិចកួយ បានធ្លាក់ចុះខ្លាំង ដោយសារដើមច្បោះពួកគាត់បានបាត់បង់ស្ទើរទាំងស្រុង ម្យ៉ាងទៀតក្រុមជនល្មើសតែងតែគំរាមកំហែងអាយុជីវិតអ្នកភូមិ នៅគ្រាដែលចេញមុខការពារដើមច្បោះ។ ចំណែកអាជ្ញាធរបានដាក់បន្ទុកគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានេះ។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ អង្កេតឃើញថា បទល្មើសព្រៃឈើ ក្នុងព្រៃព្រះការកើនឡើងពេញទំហឹង អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលអាជ្ញធរពាក់ព័ន្ធ តែងតែប្រើលេសឆ្លើយដោះសារ និងមិនទទួលខុសត្រូវ។ លោកថា មន្ត្រីជំនាញមានកាតព្វកិច្ចទប់ស្កាត់បទល្មើសព្រៃឈើ មិនត្រូវយកម៉ោងរដ្ឋ ទៅបម្រើបក្សនយោបាយណាមួយនោះទេ៖ «»
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ។ ព្រៃអភិរក្សមួយនេះកំពុងទទួលរងការកាប់បំផ្លាញធ្ងន់ធ្ងរ ដែលអាជ្ញាធររបបលោក ហ៊ុន សែន គ្មានដំណោះស្រាយផ្លូវច្បាប់ណាមួយ ដើប្បីជួយសង្គ្រោះព្រៃឈើបានទេ រីឯជនជាតិដើមភាគតិចរាប់ពាន់គ្រួសារមានទម្លាប់ប្រពៃណី ដងជ័រទឹកជាយូរមកហើយនោះ កំពុងប្រឈមបាត់បង់មុខរបរនេះទាំងស្រុង៕
No comments:
Post a Comment