ដោយ មួង ណារ៉េត
2018-07-03

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្ដាំ)។
RFA
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានវាសនាមិនខុសពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak ) ដែលទើបចាញ់ឆ្នោត និង ត្រូវបានចាប់ខ្លួន ព្រោះរឿងអាស្រូវអំពើពុករលួយ កាលនៅកាន់អំណាច។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់អាស៊ីសេរីថា លោកព្យាករណ៍ឃើញថា លោក ហ៊ុន សែន និង ក្រុមគ្រួសារ និង មន្រ្តីនៃរបបរបស់លោក ដែលប្រព្រឹត្តអំពើពុករលួយ និង ការរំលោភសិទ្ធិមនុស្ស និង រំលោភប្រជាធិបតេយ្យនៅកម្ពុជា ថ្ងៃណាមួយ នឹងចៀសមិនផុត ពីទទួលទណ្ឌកម្ម អំពីអំពើបាបរបស់ខ្លួននោះឡើយ “ខ្ញុំរពឹងថាលោក ហ៊ុន សែន នឹងចំណាយពេលចុងក្រោយ នៃជីវិតរបស់លោក នៅក្នុងពន្ធនាគារ។ ខ្ញុំមិនដឹងថា វានឹងកើតឡើងនៅពេលណានោះទេ។ ក៏ប៉ុន្តែ ខ្ញុំមិនជឿថាលោក ហ៊ុន សែន ជាមនុស្សអមតៈ ដែលអាចនៅក្រាញអំណាចអស់មួយជីវិតនោះឡើយ។ ថ្ងៃណាមួយ គាត់នឹងធ្លាក់ចេញពីអំណាច។ ពេលនោះហើយ ដែលប្រជាពលដ្ឋខ្មែរ នឹងទាមទារឲ្យគេកាត់ទោសគាត់ ចំពោះឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្ត ដូចជាការរំលោភសិទ្ធិមនុស្ស និង អំពើពុករលួយ ក្នុងចំណោមឧក្រិដ្ឋកម្មដទៃជាច្រើនរាប់មិនអស់ទៀត។ ខ្ញុំមិនអាចនិយាយបាន ថាតើរឿងនេះនឹងកើតឡើងនៅពេលណានោះទេ”។
ទោះបីជាលោក ប្រ៊ែដ អាដាម មិនអាចនិយាយបានថា លោក ហ៊ុន សែន នឹងទទួលទណ្ឌកម្មនៅពេលណានៅឡើយក្តី ក៏លោកបានបញ្ជាក់ថា តាមពិតលោក ហ៊ុន សែន ត្រូវអស់អំណាច និង ប្រឈមការទទួលទោស តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ កាលណោះ គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតទៅខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ លោក ហ៊ុន សែន បានយកលេសនៃការបង្កើតតំបន់អបគមន៍ក្លែងក្លាយ ដើម្បីកម្លាអង្គការសហប្រជាជាតិ ឲ្យយល់ព្រមផ្តល់តំណែងជាសហនាយករដ្ឋមន្រ្តីឲ្យលោក។ លោក ប្រ៊ែដ អាដាម បន្តទៀតថា លោក ហ៊ុន សែន ប៊ិះតែនឹងរងការថ្កោលទោស ម្តងទៀត កាលពីឆ្នាំ ១៩៩៨ នៅក្នុងការបោះឆ្នោតជាតិកាលណោះ ដែលគណបក្សប្រជាជនកម្ពុជា អាចប្រហែលចាញ់ឆ្នោតទៀត ក៏ប៉ុន្តែ ដោយការលួចបន្លំ ទើបអាចឲ្យលោក ហ៊ុន សែន នៅបន្តក្រាញអំណាចបានដដែល។ កាលណោះក៏មានការតវ៉ាពីពលរដ្ឋខ្មែរគ្រប់ទិសទី។
លោកថា តាមរបាយការណ៍ បង្ហាញថា ក្នុងជួរគណបក្សប្រជាជនកម្ពុជានៅពេលនោះ ក៏ចង់ដកលោក ហ៊ុន សែន ចេញ ដើម្បីដាក់ឲ្យទទួលទោស ឬ និរទ្ទេសខ្លួនដែរ ប៉ុន្តែ សំណាងល្អលោក ហ៊ុន សែន នៅអាចបន្តក្រាញអំណាចបានមួយអាណត្តិទៀត។ លោក ប្រ៊ែដ អាដាម បញ្ជាក់ទៀតថា រហូតដល់បោះឆ្នោតឆ្នាំ ២០១៣ លោក ហ៊ុន សែន ប្រហែលជាចាញ់ឆ្នោតទៅគណបក្សសង្គ្រោះជាតិ ប្រសិនបើការរាប់សន្លឹកឆ្នោត ធ្វើបានត្រឹមត្រូវ និង កុំមានការលួចបន្លំ។ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ នោះ ពលរដ្ឋខ្មែររហូតដល់លាននាក់ បានក្រោកតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ។
លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា គ្មានមេដឹកនាំផ្តាច់ការណាមួយ នៅលើពិភពលោក អាចគេចផុតពីការផ្តន្ទាទោស ឬ ស្លាប់ខ្លួននោះឡើយ បើនៅតែប្រព្រឹត្តអំពើពុករលួយ និង ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជាលោក ហ៊ុន សែន។
ទោះជាយ៉ាងនេះក្តី មន្រ្តីនាំពាក្យរបស់របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថាលោកមិនចាប់អារម្មណ៍ នឹងការលើកឡើងរបស់លោក ប្រ៊ែដ អាដាមទេ ដោយសារលោកថា នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រូបនេះ យកលោក ហ៊ុន សែន ជាសត្រូវ។ លោក ផៃ ស៊ីផាន បន្ថែមទៀតថា ការលើកឡើងបែបនេះ គឺជាការវាយប្រហារបែបលក្ខណៈបុគ្គល និង លម្អៀង ដែលគ្មានផ្តល់ភាពយុត្តិធម៌ដល់លោក ហ៊ុន សែន នោះឡើយ <<គាត់មើលកម្ពុជា ដូចជាធុងសម្រាម។ ដូច្នេះខ្ញុំមិនចាប់អារម្មណ៍ជាមួយគាត់ទេ ព្រោះមិនមានអ្វីសម្រាប់យុត្តិធម៌ ក្នុងការបញ្ចេញព័ត៌មាន និង យុត្តិធម៌ក្នុងការវិនិច្ឆយអំពីកម្ពុជានោះទេ>>។
លោក ផៃ ស៊ីផាន ការពារលោក ហ៊ុន សែន ថាជាបុគ្គលស្អាតស្អំ ដោយលោកយោងទៅលើប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្លាប់អួតអាងថា លោកគ្មានទ្រព្យធន ពីអំពើពុករលួយនោះទេ ព្រោះទ្រព្យរបស់លោក គឺមានតែនៅក្នុងសាលារៀន វត្តអារាម អណ្តូងទឹក ឬ ប្រឡាយទឹកប៉ុណ្ណោះ។
លោក ហ៊ុន សែន កាលជួបកម្មកររោងចក្រកាត់ដេរ នៅកោះពេជ្យ កាលពីខែ ធ្នូ ឆ្នាំ ២០១៧ ធ្លាប់ថ្លែងឌឺដាក់អន្តរជាតិ ដែលចង់ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និង មន្រ្តីរបស់លោក ទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិ ថាគាត់គ្មានទ្រព្យស្តុកស្តម្ភ ដូចគេចោទទេ <<បើគេបង្កកក៏បង្កកទៅ! យក៍ទៅ! អ្នកឯងចង់ឆក់ប្លន់ទ្រព្យសម្បត្តិ ក៏ឆក់ទៅ យក៍ទៅ! ហើយនរណាភ្លើយកលុយទៅទុកនៅក្រៅប្រទេស គេមាន យកទៅ។ ខ្ញុំលើកទឹកចិត្តឲ្យគេយកទៅទៀត។ កុំឲ្យខ្មែរពូកែយកលុយ ទៅផ្ញើនៅបរទេសនោះ។ ខ្ញុំសុខចិត្តផ្ញើនឹងសាលារៀន ឲ្យក្មួយៗរៀនហើយ ផ្ញើនៅវត្តអារាម ឲ្យចាស់ៗសុំសីលហើយ>>។
ទោះបីជាលោក ហ៊ុន សែន អះអាងថា លោកគ្មានទ្រព្យសម្បត្តិស្តុកស្តម្ភក្តី ក្នុងឋានៈជានាយករដ្ឋមន្រ្តីដែលមានប្រាក់ខែត្រឹមជាងមួយពាន់ដុល្លារនោះ (១,១៥០ ដុល្លារ) មានទ្រព្យសម្បត្តិ ដើរចែកអំណោយ និង សង់ផ្លូវ ឬ សាលារៀនដាក់ឈ្មោះរូបលោក ស្ទើរពេញផ្ទៃប្រទេស។ ម្យ៉ាងទៀត កាលពីខែ មេសា កន្លងទៅនេះ លោកបានឡើងគេហដ្ឋានថ្មី ដ៏ធំស្កឹមស្កៃ នៅទួលក្រសាំង ក្រុងតាខ្មៅ។
បើតាមរបាយការណ៍អង្គការឃ្លាំមើលពិភពលោក Global Witness ចេញផ្សាយកាលពីខែ កក្កដា ឆ្នាំ ២០១៦ បានរកឃើញនូវទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ក្នុងគ្រួសារត្រកូលហ៊ុន ដែលបានមកពីអំពើពុករលួយ និង ការកេងប្រវ័ញ្ចពីប្រជាពលរដ្ឋខ្មែរ។ អង្គការនេះរកឃើញថា លោក ហ៊ុន សែន គ្មានប្រាក់ចំណូលអ្វីក្រៅពីប្រាក់ខែជាងមួយពាន់ដុល្លារក្នុងមួយខែនោះ ប៉ុន្តែ ក្រុមគ្រួសារត្រកូលហ៊ុន មានក្រុមហ៊ុនជាច្រើន ដែលមានទុនលើសពី ២០០ លានដុល្លារ។
ការលើកឡើងរបស់លោក ប្រ៊ែដ អាដាម អំពីជោគវាសនារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះគឺស្របគ្នាទៅនឹងព្រឹត្តិការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak ) ដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន នៅថ្ងៃទី ០៣ ខែ កក្កដា ពីបទជាប់ពាក់ពាន់នឹងអំពើពុករលួយ ដែលមានទឹកប្រាក់រហូតដល់ជាតិ ៤,៥ ពាន់លានដុល្លារ។ មុននឹងចាប់ខ្លួនលោក ណាជីប រ៉ាហ្សាក់ សមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះរបស់លោក នឹងរឹបអូសបានប្រាក់ និង ទ្រព្យដ៏សន្ធឹកសន្ធាប់ សរុបជាទឹកប្រាក់ជាង ២២៥ លានដុល្លារ។
ការឆែកឆេរ និង ឈានដល់ការចាប់ខ្លួនលោក ណាជីប រ៉ាហ្សាក់ នេះគឺនៅក្រោយគណបក្សកាន់អំណាចរបស់លោក ចាញ់ឆ្នោតកាលពីខែ ឧសភា។
លោក ប្រ៊ែដ អាដាម អះអាងថាលោក ហ៊ុន សែន ដឹងច្បាស់ខ្លួនលោកហើយថា ក្នុងរយៈពេលកាន់អំណាចជាង ៣៣ ឆ្នាំមកនេះលោកបានប្រព្រឹត្តអំពើពុករលួយជាច្រើន ដែលធ្វើឲ្យលោក ហ៊ុន សែន សព្វថ្ងៃក្លាយជាសេដ្ឋីមានទ្រព្យមហាសាល។ មនុស្សនៅជុំវិញគាត់ ក៏ក្លាយជាសេដ្ឋីច្រើនណាស់ដែរ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ដឹងថាលោកពិតជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សរបស់មិនអស់ រួមមានការសម្លាប់ក្រៅប្រព័ន្ធច្បាប់ និង ការបញ្ជាឲ្យប៉ូលីស និង ទាហ៊ានវាយដំ ធ្វើបាបអ្នកតវ៉ា និង ការបញ្ជាឲ្យចាប់មនុស្សជាច្រើនផ្សេងទៀត។ ដោយសារតែអ្វីកំពុងកើតមានឡើង នៅប្រទេសម៉ាឡេស៊ី ទើបលោក ប្រ៊ែដ អាដាម យល់ថា លោក ហ៊ុន សែន នឹងរឹតតែបង្ហាញពីភាពឃោរឃៅ ដើម្បីបន្តក្រាញអំណាចតទៅទៀត រហូតស្លាប់ខ្លួន។
ទោះជាយ៉ាងនេះក្តី លោក ប្រ៊ែដ អាដាម យល់ថា អ្វីដែលកើតឡើងនៅប្រទេសម៉ាឡេស៊ី ជាមេរៀនសម្រាប់មន្រ្តីបក្សកាន់អំណាច ឲ្យភ្ញាក់រលឹក ងាកមករកគន្លងប្រជាធិបតេយ្យវិញ ដើម្បីរៀបចំឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បីឲ្យមានការចូលរួមពីគ្រប់ភាគី បើសិនមន្រ្តីបក្សកាន់អំណាចមិនចង់ជួបរឿងអកុសលបែបនេះ។
ប៉ុន្តែ លោក ប្រ៊ែដ អាដាម ថាការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ គឺជាឆាកល្ខោននយោបាយ ដើម្បីបន្លំភ្នែកប៉ុណ្ណោះ មិនមែនជាការបោះឆ្នោត ដែលសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលទទួលយកបានពីពលរដ្ឋខ្មែរ និង សហគមន៍អន្តរជាតិនោះឡើយ៕
No comments:
Post a Comment