ដោយ មាន ឫទ្ធិ
2018-08-10
rfa

១០-ឧសភា-២០១២៖ លោក ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន នាវិមានសន្តិភាព រាជធានីភ្នំពេញ។
RFA/Sok Serey
មិនមែនជារឿងចៃដន្យទេ ដែលលោក ហ៊ុន សែន បានពន្លឿនគម្រោងការបង្កើតសភា និងរដ្ឋាភិបាលរបបលោកថ្មី ឲ្យកាន់តែឆាប់រហ័ស ក្រោយរបបរបស់លោកបានរៀបចំព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដែលត្រូវគេចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ» បានសម្រេចរួចមក។ ក្រោយរយៈពេលមិនដល់ពីរសប្ដាហ៍ផង ភ្លាមៗក្រោយពេលព្រឹត្តិការណ៍នេះ និងក្រោយពេលដែលគណបក្សកាន់អំណាចរបស់លោក បានប្រកាសពីជ័យជម្នះ ក្នុងអ្វីមួយដែលពួកគេហៅថា ជាជ័យជម្នះ «ភ្លូកទឹកភ្លូកដី» ពីការបោះឆ្នោតដែលគ្មានគូប្រជែងពិតប្រាកដ នៅមុនការប្រកាសជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៀតនោះ លោក ហ៊ុន សែន បានប្រកាសប្តូរកាលបរិច្ឆេទនៃការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះ ដល់ទៅពីរដងផ្ទួនៗ ដែលតម្រូវឲ្យលោក ចាំបាច់ត្រូវតែទៅចូលគាល់ព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានពីព្រះអង្គ ធ្វើការកែប្រែកាលបរិច្ឆេទនេះទៀតផង។
តើមានមូលហេតុអ្វីខ្លះ នៅពីក្រោយគម្រោងការដែលលោក ហ៊ុន សែន ផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័សយ៉ាងដូច្នេះ ជុំវិញការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលនៃរបបលោកថ្មី ដែលកើតចេញពីការបោះឆ្នោត «ក្លែងក្លាយ» នេះ?
ពាក្យចាស់លោកថា «អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក»។ លោក ហ៊ុន សែន ប្រហែលជាមិនភ្លេចឡើយចងចាំពាក្យពេចន៍ទាំងនេះ ក្រោយពេលដែលលោកធ្វើជាមេក្លោងរៀបចំព្រឹត្តិការណ៍ ដែលត្រូវគេចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ» នេះ។ កាលពីដំបូងឡើយ នៅថ្ងៃទី៦ សីហា លោក ហ៊ុន សែន ប្រកាសថា លោកមានគម្រោងឲ្យមានការកោះប្រជុំសភាជាលើកដំបូង ឬបង្កើតរដ្ឋសភាថ្មី ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៩ ខែកញ្ញា ខណៈដែលនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២០ ខែកញ្ញា ជាថ្ងៃបង្កើតរដ្ឋាភិបាលនៃរបបថ្មីរបស់លោក។ ក្នុងពេលជាមួយគ្នានេះដែរ លោក ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រី និងក្រុមអ្នកច្បាប់របស់លោក ពិនិត្យមើលបញ្ហានេះ ដោយលោកបានព្រលយថា លោកចង់ឲ្យគណៈរដ្ឋមន្ត្រីរបស់លោក អាចបង្កើតបានកាន់តែឆាប់កាន់តែល្អក្នុងខែសីហានេះ ដរាបណាមិនខុសច្បាប់ ព្រោះលោកក៏ចង់មានឱកាសទៅចូលរួមថ្លែងការណ៍ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនាចុងខែកញ្ញានេះ។
ពីរថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី០៨ ខែសីហា លោក ហ៊ុន សែន បានចេញមុខប្រកាសប្តូរកាលបរិច្ឆេទនេះវិញម្តង ដោយថា លោកបានទៅចូលគាល់ព្រះមហាក្សត្រដើម្បីសុំព្រះរាជទានពីព្រះអង្គ ទៅលើការកែប្រែកាលបរិច្ឆេទនៃការកោះប្រជុំបង្កើតរដ្ឋសភា និង រដ្ឋាភិបាលថ្មី។ លោក ហ៊ុន សែន ប្រកាសថា សភានឹងកោះប្រជុំ និងចូលស្បថកាន់តំណែងបង្កើតរដ្ឋសភាថ្មីនៅថ្ងៃទី០៥ ខែកញ្ញា វិញម្តង ហើយនៅថ្ងៃទី០៦ កញ្ញា ជាថ្ងៃបង្កើតរដ្ឋាភិបាលថ្មី។ ម្តងនេះ លោក ហ៊ុន សែន បានព្យាយាមពន្យល់ថា ការពន្លឿនកាលបរិច្ឆេទបង្កើតរដ្ឋសភា និងរដ្ឋាភិបាលរបបថ្មីរបស់លោកនេះ គឺមិនខុសច្បាប់ ឬផ្ទុយពីរដ្ឋធម្មនុញ្ញនោះទេ។
មាត្រា ៨២ ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ រយៈពេលយ៉ាងយូរ៦០ថ្ងៃ ដែលច្បាប់ទុកពេលវេលាឲ្យនេះ គឺដើម្បីដោះស្រាយបញ្ចប់ឲ្យបានរួចរាល់នូវរាល់វិវាទតវ៉ាផ្សេងៗពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត និងទុកពេលវេលាសម្រាប់រៀបចំសមាសភាពរដ្ឋសភា និងគណៈរដ្ឋមន្ត្រីថ្មី។ យ៉ាងណាក៏ដោយ ការប្រកាសពន្លឿនកាលបរិច្ឆេទរបស់លោក ហ៊ុន សែន នេះ នាំឲ្យមានចម្ងល់ថា តើអាចមានមូលហេតុអ្វីខ្លះនៅពីក្រោយការផ្លាស់ប្តូរចិត្តរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ?
យ៉ាងហោចណាស់មានហេតុផលចម្បងៗចំនួន ៣ ដែលគេអាចមើលឃើញថា បាននាំឲ្យលោក ហ៊ុន សែន ចាំបាច់ត្រូវតែកែប្រែកាលបរិច្ឆេទ នៃការបង្កើតស្ថាប័នកំពូលៗរបស់រដ្ឋយ៉ាងដូច្នេះ។
ហេតុផលចម្បងមួយគឺ ការធ្វើឲ្យអង្ករក្លាយជាបាយ និងប្រញាប់ប្រញាល់ធ្វើឲ្យស្ថានការណ៍មិនអាចត្រលប់ថយក្រោយវិញបាន តាមរយៈការបំបាត់ភស្តុតាង និងបង្វែរសំណុំរឿងពីការបោះឆ្នោត«ក្លែងក្លាយ» មកជាការបង្កើតរដ្ឋសភា និងរដ្ឋាភិបាល «ក្លែងក្លាយ» វិញម្តង។
ភ្លាមៗ ក្រោយរៀបចំព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា គ្មានឡើយសារអបអរសាទរពីក្រុមប្រទេសនិយមប្រជាធិបតេយ្យ និងបស្ចិមលោក ពីជ័យជម្នះដែលលោកបានរៀបចំទុកមុនរួចជាស្រេចទៅហើយនោះ។ ក្នុងនាមជាមេក្លោង នៃការរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីនៃការបោះឆ្នោត «ក្លែងក្លាយ» លោក ហ៊ុន សែន ដឹងច្បាស់ជាងនរណាៗទាំងអស់ថា លោកនឹងត្រូវហ៊ុំព័ទ្ធដោយការថ្កោលទោស និងប្រឈមនឹងការប្រកាសមិនទទួលស្គាល់ភាពស្របច្បាប់ និងលទ្ធផលនៃការបោះឆ្នោតនេះ ពីជុំទិសនៃក្រុមប្រទេសទាំងនោះ ព្រោះថា ជ័យជម្នះនេះ ជាជ័យជម្នះ«ក្លែងក្លាយ» ដែលកើតចេញពីលទ្ធផលនៃការបោះឆ្នោតដែលត្រូវបានគេឯងដឹងច្បាស់ថា «ក្លែងក្លាយ»។ ដោយមិនបង្អែបង្អង់យូរ មិនខុសពីជនល្មើសដែលបានប្រព្រឹត្តិបទឧក្រិដ្ឋរួច ដែលចាំបាច់ត្រូវតែបំផ្លាញចោលរាល់វត្ថុតាង និងធាតុផ្សំនានានៃបទល្មើសទាំងអស់ចោល លោក ហ៊ុន សែន ចាំបាច់ត្រូវបម្លែងស្ថានការណ៍នៃជ័យជម្នះ «ក្លែងក្លាយ»នេះ ឲ្យក្លាយទៅជាអ្វីមួយដែលមានភាពប្រត្យក្សនិយម ហើយដែលមិនអាចត្រលប់ថយក្រោយបាន ដែលនោះគឺ ព្យាយាមរុញទូកបណ្ដោយទឹក ដោយកែប្រែស្ថានការណ៍អង្ករឲ្យក្លាយទៅជាបាយ តាមរយៈការនិមិត្តឲ្យកើតចេញជារូបរាងឡើង នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលជាផលិតផលដ៏មហិមាពីការបោះឆ្នោត «ក្លែងក្លាយ»។ ការនិមិត្តនេះ ក៏គឺជាឧកាសមួយ អនុញ្ញាតឲ្យលោក អាចអូសទាញអ្នកដទៃឲ្យចូលរួមមកប្រព្រឹត្តិបទល្មើសខុសឆ្គង ដ៏ធំបំផុតនៅចំពោះមុខប្រវត្តិសាស្ត្រខ្មែរ ជាមួយនឹងលោកដែរ ដែលនោះគឺគ្មាននរណាក្រៅពីអង្គព្រះមហាក្សត្រ ឲ្យចូលមកសម្ដែងល្ខោនប្រថាប់ត្រា ផ្ដល់ភាពស្របច្បាប់ «ក្លែងក្លាយ» បន្តដល់របបរបស់លោកថ្មីនេះដែរ។ ការសម្រេចបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ឲ្យបានកាន់តែឆាប់រហ័សនេះ ក៏អនុញ្ញាតឲ្យលោក អាចលុបលាង ឬផ្អឹបចោលនូវរាល់កំហុសនៃការបោះឆ្នោត ការលួចបន្លំ ការបំប៉ោងទិន្នន័យ ឬការគំរាមកំហែងនានា ឲ្យពលរដ្ឋចេញទៅបោះឆ្នោត ឲ្យចប់មួយអន្លើសិន ផងដែរ។
មូលហេតុចម្បងទី២ គឺ ការចង់បង្ហាញមុខមាត់ឲ្យគេឯងដឹងថា ភាពស្របច្បាប់នៃរបបរបស់លោក ត្រូវបានអន្តរជាតិទទួលស្គាល់ តាមរយៈការប្រើប្រាស់ឱកាស ឬយន្តការនៃការថ្លែងការណ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយមានមហាអំណាចប្លុកកុម្មុយនិស្តចិន និងរុស្សី ដែលសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសិទ្ធិវ៉េតូ បានចេញមុខធ្វើជាខ្នងបង្អែកដ៏រឹងមាំ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត«ក្លែងក្លាយ»នេះ លោក ហ៊ុន សែន ដឹងថា ឱកាសមាសនៃការទៅថ្លែងការណ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិរបស់លោកនេះ មិនអាចត្រូវឲ្យកន្លងផុតទៅដោយងាយៗបានឡើយ។ ស្របពេលដែលមហាសន្និបាត គ្រោងប្រព្រឹត្តិទៅនៅចុងខែកញ្ញានេះស្រាប់ លោកចាំបាច់ត្រូវតែចាប់យកឱកាសនេះ ឲ្យខានតែបាន ដើម្បីយករូបភាពនេះទៅអួតអាងបោកបញ្ជោតពលរដ្ឋខ្លួនឯង និងពិភពលោកថា របបថ្មីរបស់លោកដែលទើបប្រសូតឡើងនេះ ត្រូវបានគេទទួលស្គាល់នៅឯឆាកអន្តរជាតិ។ លោកបានលាតត្រដាងរួចហើយថា លោកចង់ទៅចូលរួមថ្លែងការណ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែកញ្ញានេះ នៅបុរីញូវយ៉ក ដើម្បីបន្សាបឥទ្ធិពលក្រុមប្រទេសបស្ចិមលោក និងនិយមប្រជាធិបតេយ្យទាំងនេះ បើទោះបីជាលោកទទួលរងនូវការថ្កោលទោសពីក្រុមប្រទេសទាំងនោះយ៉ាងណាក៏ដោយ៖ «អ៊ីចឹង អាចបង្កើតដើមខែកញ្ញា ចុងខែសីហា ឬដើមខែកញ្ញា វឹបយកតែម្ដង ស្នើសុំព្រះមហាក្សត្រកោះប្រជុំ ព្រោះយើងត្រូវការតែប៉ុន្មានទេ អត់មានស្អីទេ អត់មានស្អីត្រូវញ៉េមញុំផង។ ហើយខ្ញុំនឹងទៅអង្គការសហប្រជាជាតិឲ្យអ្នកឯងមើល! អ្នកខ្លះថា បន្តិចទៀតគេនឹងចាប់ ហ៊ុន សែន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ខ្ញុំនឹងទៅអឺរ៉ុបក្បែរកន្លែងតុលាការអន្តរជាតិឲ្យចាប់ខ្ញុំតែម្តងទៅ ហើយខ្ញុំនឹងទៅអាមេរិក។ ខ្ញុំនឹងទៅអង្គការសហប្រជាជាតិ គឺជាទីកន្លែង ទោះបីអ្នកឯងហាមឃាត់យ៉ាងម៉េច ក៏ជាទីកន្លែងដែលគេត្រូវទៅ។ ខ្ញុំទៅអង្គការសហប្រជាជាតិ។ ហើយត្រៀមទៅបាតុកម្មបាតុកោមអី ត្រៀមទៅ!»
សំណួរសួរថា តើលោក ហ៊ុន សែន ហ៊ានទៅជាន់ទឹកដីសហរដ្ឋអាមេរិកដែរឬទេ ប្រសិនបើសេចក្តីព្រាងច្បាប់ ដាក់ទណ្ឌកម្មរបស់អាមេរិក លេខ HR 5754 នេះ ដោយប្រការណាមួយ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័ត និងត្រូវប្រធានាធិបតីអាមេរិក ចុះហត្ថលេខឲ្យចូលជាធរមានរួចនៅមុនសម័យប្រជុំខែកញ្ញា នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ?
ជាការពិតណាស់ដែលថា ដោយសារតែទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ គឺជាទឹកដីពិសិដ្ឋរបស់អន្តរជាតិ ក្រោមច្បាប់អន្តរជាតិ និង ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៤៧ រវាងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ស្តីពីទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅបូរីញ៉ូវយកនោះ មេដឹកនាំអាក្រក់ៗមួយចំនួននៅលើពិភពលោកដែលមានទំនាក់ទំនងល្អក់កករជាមួយអាមេរិក ក្នុងនោះមានគុយបា ហ្ស៊ីមបាវ៉េ វេណេហ្សុយអេឡា អ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម នៅតែអាចមានឱកាសមកចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនេះបាន។ ក៏ប៉ុន្តែ ក៏មានផងដែរប្រវត្តិនៃមេដឹកនាំកំពូលខាងរំលោភសិទ្ធិមនុស្សមួយចំនួន ដែលត្រូវបានសហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យមកចូលរួមមហាសន្និបាតនេះ សូម្បីតែនៅលើទឹកដីអន្តរជាតិនៃទីស្នាក់ការអង្គការសហប្រជាជាតិនេះក៏ដោយ ក្នុងនោះរួមមានអតីតៈមេដឹកនាំប៉ាឡេស្ទីន លោក យ៉ាសេ អារ៉ាហ្វាត (Yasser Arafat) កាលពីអំឡុងចុងទសវត្សរ៍ទី៨០ និងក្រុមមន្ត្រីជំនិតៗរបស់មេដឹកនាំរុស្ស៊ីលោក វល្លាដឺមីរ ពូទីន (Vladimir Putin) កាលពីឆ្នាំ២០១៤ ជាដើម។
បើទោះជាថា លោក ហ៊ុន សែន អាចមានសំណាងមកជាន់ដីអាមេរិកបាននៅពេលនេះ ក្រោយបានរម្លាយប្រជាធិបតេយ្យជាស្ថាពរ និងបានធ្វើឲ្យទំនាក់ទំនងកម្ពុជាអាមេរិក ល្អក់កករដល់កម្រិតមិនធ្លាប់មានពីមុនមក តាមរយៈការប្រើប្រាស់វេទិកាមហាសន្និបាតនៃអង្គការសហប្រជាជាតិនេះជាឈ្នាន់ក៏ដោយ លោកនឹងមិនត្រូវបានអនុញ្ញាតឲ្យចេញដើរទៅណាឆ្ងាយក្រៅតែពីបរិវេណគូសវាសដោយអាមេរិក ដែលគេចាត់ទុកថាជាទឹកដីអន្តរជាតិ ក្នុងតំបន់ទីស្នាក់ការអង្គការសហប្រជាជាតិនេះតែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានប្រកាសអួតអាងដែរថា លោកក៏ហ៊ានធ្វើដំណើរទៅអឺរ៉ុប ទៅក្បែរតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ការព្យាយាមបង្កើតរបបថ្មីឲ្យបានឆាប់រហ័សនេះ ក៏អាចឲ្យលោកមានឱកាសបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប អាស៊ានអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក និងសន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានពេញមុខពេញមាត់ នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ស្របពេលដែលសហភាពអឺរ៉ុប មិនទាន់ដាក់ចេញនូវវិធានការណ៍ជាក់លាក់ណាមួយ ក្នុងនោះរួមមានការដាក់ទណ្ឌកម្មរឹតត្បិតវីសារមិនឲ្យធ្វើដំណើរទៅអឺរ៉ុប ឬការបង្កកទ្រព្យសម្បត្តិ និងការប្រកាសលុបចោលប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម ប្រឆាំងនឹងរបបលោក។ លោក ហ៊ុន សែន ចង់ឆក់យកឱកាសនៃការណ៍ដែលសហភាពអឺរ៉ុប កំពុងតែត្រូវការពេលវេលាពិចារណាពីទណ្ឌកម្មសមស្របណាមួយមកលើរបបរបស់លោកនេះ និងស្របពេលដែលសហភាពអឺរ៉ុបប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត «ក្លែងក្លាយ» នេះ ដើម្បីជាការបំភ័ន្តមតិជាតិ និងអន្តរជាតិ ថាដំណើរចូលរួមកិច្ចប្រជុំទាំងនេះ គឺជាការទទួលស្គាល់ និងផ្ដល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីរបស់លោក។
សំណួរសួរថា ប្រសិនបើដោយប្រការណាមួយ ពេលវេលានៃការពិចារណារបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មជាក់លាក់នេះ វាលឿនជាងការកំណត់ ហើយសហភាពអឺរ៉ុបបានចាត់វិធានការណ៍តាមរយៈការដាក់ទណ្ឌកម្មមិនផ្ដល់វីសារឲ្យទៅលោក ហ៊ុន សែន និងបក្ខពួករបស់លោក តើដល់ពេលនោះ លោក ហ៊ុន សែន បានអ្វីមកអួតអាងប្រាប់ប្រជាពលរដ្ឋខ្មែរទៀត? ឧទាហរណ៍ជាក់ស្តែង ករណីប្រទេសវេនេហ្សុយអេឡា ដែលភ្លាមៗ ក្រោយការបោះឆ្នោតរួច មន្ត្រីជាន់ខ្ពស់វេនេហ្សុយអេឡា មួយចំនួន ត្រូវបានសហភាពអឺរ៉ុប បង្កកទ្រព្យសម្បត្តិ និងរឹតត្បិតវីសារមិនឲ្យចូលមកជាន់ទឹកដីអឺរ៉ុប ជាដើម។
ហេតុផលទី៣ គឺ ការព្យាយាមបង្កើតរបបថ្មីឲ្យឆាប់រហ័សនេះ ក៏អាចមានន័យដែរថា លោក ហ៊ុន សែន បានដើរមួយជំហ៊ានមុននឹងបើកផ្លូវឲ្យមានការចចារនយោបាយណាមួយ ជាមួយក្រុមប្រទេសនិយមប្រជាធិបតេយ្យទាំងនោះ តាមរយៈការយករបស់ដែលគេហៅថា ជារដ្ឋាភិបាលទើបប្រសូតឡើងថ្មីថ្មោងហើយនោះ ធ្វើជាសន្លឹកបៀរ ទៅតថ្លៃជាមួយសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កុំឲ្យបង្កើតច្បាប់ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតវីសារ រួមទាំងការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និង «អ្វីៗ ទាំងអស់លើកលែងតែអាវុធ» EBA របស់សហភាពអឺរ៉ុប ជាថ្នូរនឹងការដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ស្របពេលដែលមានកិច្ចប្រជុំសំខាន់ៗ ទាំងនេះ។ ឧបាយកលនេះ នឹងធ្វើឲ្យលោក អាចមានទឡ្ហីករណ៍យកទៅប្រាប់ក្រុមប្រទេសទាំងនោះ ឲ្យបំភ្លេចចោល និងយល់ព្រមទទួលយកការពិត ឬស្ថានភាពធម្មតាថ្មីមួយ (a new normal) ដែលមិនអាចវិលទៅរកស្ថានភាពដូចដើមវិញបាន ដែលនោះ គឺគ្មានអ្វីក្រៅពីរបបថ្មីរបស់លោក ដែលត្រូវមានវ័យរហូតដល់ទៅ ៥ឆ្នាំខាងមុខទៀតឯណោះ។
ជាការពិត លក្ខខណ្ឌនៃការដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ គ្រាន់តែជាលក្ខខណ្ឌមួយ ក្នុងចំណោមបណ្តុំលក្ខខណ្ឌដែលលោកត្រូវតែបំពេញ ប្រសិនបើមិនចង់ឃើញការដាក់ចេញនូវទណ្ឌកម្មនានាបន្ថែមទៀត ពីសំណាក់ក្រុមបស្ចឹមប្រទេសទាំងនោះ។ ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិ ពិតជាមិនអាចបំភ្លេចបានឡើយថា ប្រព័ន្ធប្រជាធិបតេយ្យទាំងមូលនៅកម្ពុជា ត្រូវបានរបបរបស់លោក គាស់រម្លើងរម្លាយជាស្ថាពរបាត់ទៅហើយ។
ការព្យាយាមបង្កើតរបបថ្មី ទុកធ្វើជាសន្លឹកអាត់ ទៅតថ្លៃជាមួយក្រុមប្រទេសប្រជាធិបតេយ្យ ជាថ្នូរនឹងការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយនេះ រួមជាមួយនឹងការចង់បង្ហាញមុខមាត់ឲ្យគេឯងដឹងអំពីភាពស្របច្បាប់ដ៏ស្រពិចស្រពិលនៃរបបរបស់លោក តាមរយៈការប្រើប្រាស់យន្តការនៃការថ្លែងការណ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ឬកិច្ចប្រជុំកំពូលនៅអឺរ៉ុប និង ការព្យាយាមធ្វើឲ្យអង្ករក្លាយជាបាយយ៉ាងប្រញាប់ប្រញាល់ដើម្បីធ្វើឲ្យស្ថានការណ៍មិនអាចវិលត្រលប់ថយក្រោយវិញបាន ទំនងជាមិនទាន់អាចមានទម្ងន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ដោះស្រាយបញ្ហាវិបត្តិប្រជាធិបតេយ្យដ៏ស្មុគស្មាញនេះ។ ដរាបណាគ្មានការបោះឆ្នោតឡើងវិញ គ្មានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ គ្មានការលុបចោលប្រការច្បាប់បើកផ្លូវឲ្យរម្លាយគណបក្សនយោបាយ និងយកអាសនៈគណបក្សជាប់ឆ្នោត ទៅបែងចែកស្រេចតែអំពើចិត្តឲ្យទៅគណបក្សដទៃ ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ គ្មានការផ្ដល់នីតិសម្បទារឲ្យគណបក្ស សង្គ្រោះជាតិ អាចចូលរួមក្នុងឆាកនយោបាយនៅកម្ពុជា គ្មានការបើកផ្លូវឲ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចដំណើរការដូចប្រក្រតីឡើងវិញបាន នោះដំណើរការចរចានយោបាយ និងការផ្សះផ្សារជាតិនាពេលខាងមុខនេះ ទំនងជាពិបាកនឹងអាចកើតមានឡើងវិញបានណាស់ ហើយរបបថ្មីថ្មោងរបស់លោក ហ៊ុន សែន ក៏ទំនងជានឹងជួបនូវវិបត្តិម៉ឺនសែនជំពូក ក្រោយប្រសូតរួច នៅលើវិថីដ៏មហាសែនគ្រោះថ្នាក់សម្រាប់កម្ពុជានាពេលអនាគតនេះ៕
1 comment:
With this Yuon's slave Hun Sen, only Khmer blood can stop him.
Start a peaceful protest against the fake election, and witness the violent crackdown by Hun Sen, and we wait and see what will happen to Ah Yuon's slave Hun Sen.
If Khmer people are so chickened to do anything, they must stop complaining because verbal complain has never worked and will never work against Ah Runteas Banh Hun Sen. Ah Kwack Hun Sen is so cheap.
Post a Comment