Sunday, 26 August 2018

ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែង​ទោស​ដល់​ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង


វិទ្យុ​អាស៊ី​សេរី
2018-08-25 

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូប​កណ្ដាល) ពេល​នាំ​ខ្លួន​មក​សវនាការ នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA



ព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសដល់​អតីត​តំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃ​សៅរ៍ ទី​២៥ សីហា តាម​សំណើសុំ​របស់​លោក ហ៊ុន សែន។ តុលាការ​ក្រុង​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​អតីត​តំណាងរាស្ត្រ​រូប​នេះ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។

លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ កាល​ពី​យប់​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ២០១៦ កន្លង​ទៅ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​ដល់​កម្ពុជា​វិញ និង​បាន​បន្ត​ការ​បញ្ចេញ​មតិ​រិះគន់​របប​លោក ហ៊ុន សែន អំពី​បញ្ហា​បូរណភាព​ទឹក​ដី​រវាង​កម្ពុជា និង​វៀតណាម។ តុលាការ​របប​លោក ហ៊ុន សែន បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល ក្រោម​បទ​ចោទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍” និង​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” តាម​មាត្រា ៤៩៥ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ ក្រោយ​ពេល​លោក​បាន​សរសេរ និង​និយាយ​រិះគន់​របប​ក្រុង​ភ្នំពេញ​ពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។


ការ​ចាប់​ខ្លួន ការ​កាត់​ទោស និង​ការ​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ក្នុង​ពន្ធនាគារ​នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ដោយ​បំពាន និង​ខុស​ច្បាប់ ដ្បិត​លោក អ៊ុំ សំអាន មាន​អភ័យ​ឯក​សិទ្ធិ​សភា ក៏​ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​អាជ្ញាធរ​របស់​លោក​បាន​បក​ស្រាយ​ថា ការ​បញ្ចេញ​មតិ​រិះគន់​រឿង​ព្រំដែន​នេះ ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង។

No comments: