Saturday, 4 August 2018
បក្សតូចៗមួយចំនួនទទួលស្គាល់លទ្ធផលបោះឆ្នោត ខណៈអន្តរជាតិបន្តថ្កោលទោសនិងរិះគន់
30 កក្កដា 2018
ហ៊ុល រស្មី
voa
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិអណត្តិទី៦ តាមដងវិថីនានា, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
មិនមានការជំទាស់ពីគណបក្សនយោបាយតូចៗមួយចំនួនចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដានោះទេ។ យ៉ាងណាក៏ដោយក្រុមមន្ត្រី និងមេដឹកនាំគណបក្សនយោបាយទាំងនោះបានផ្តល់ការយល់ឃើញខុសៗគ្នាចំពោះប្រតិកម្មពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលបានថ្កោលទោស និងរិះគន់ខ្លាំងៗចំពោះការបោះឆ្នោតដែលមានតែអ្នកប្រកួតតែម្ខាង ពោលគឺមានតែគណបក្សកាន់អំណាច ដោយគ្មានគណបក្សសង្គ្រោះជាតិ។
ភ្នំពេញ —
នៅថ្ងៃចន្ទនេះ ក្រុមមេដឹកនាំនិងមន្ត្រីគណបក្សនយោបាយតូចៗមួយចំនួន បានទទួលស្គាល់ និងផ្តល់ការគាំទ្រដល់គណបក្សគ្រប់គ្រងប្រទេសដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដាកន្លងទៅ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានរងការរិះគន់យ៉ាងខ្លាំងពីប្រទេសនិយមលទិ្ធប្រជាធិបតេយ្យ។ ពួកគេបានចេញសារនយោបាយព្រមៗគ្នាថ្កោលទោសនិងបង្ហាញការខកចិត្តចំពោះការបោះឆ្នោតដែលត្រូវបានធ្វើឡើងក្នុងបរិយាកាសបំភិតបំភ័យ ក្រោយការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល ការរំលាយចោលគណបក្សប្រឆាំង ការចាប់ខ្លួនមេបក្សប្រឆាំងដាក់ក្នុងពន្ធនាគារ និងការហាមឃាត់ក្រុមមន្ត្រីគណបក្សនេះចំនួន១១៨នាក់ពីការធ្វើនយោបាយ។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានប្រសាសន៍ថា លោកមិនជំទាស់នឹងលទ្ធផលបោះឆ្នោតបឋមទេ តែលោកមិនពេញចិត្តនឹងយុទ្ធនាការរបស់គណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលបានធ្វើចលនារារាំងការបោះឆ្នោត។
«ទីមួយ យើងអំពាវនាវប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត។ ទីពីរយើងប្រកាស មិនឲ្យអន្តរជាតិ បញ្ជូនអ្នកសង្កេតការណ៍ ហើយបើសិនជាអត់ប្រជាពលរដ្ឋទៅបោះឆ្នោត ហើយអត់មានអ្នកសង្កេតការណ៍។ អាហ្នឹងគេ មានសិទ្ធិធ្វើអីស្រេចចិត្តហើយ។ ហើយយើងទៅបន្ទោសគេម៉េចកើត បើគេអញ្ជើញយើងទៅចូលរួម។ យើងមិនព្រមអញ្ជើញ [ទៅ]។ អាហ្នឹងធ្វើនយោបាយមួយខុសធំណាស់ សម្លាប់លទ្ធិប្រជាធិបតេយ្យ សម្លាប់សេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរទាំងស្រុងតែម្តង។ ខ្ញុំសុំនិយាយអីចឹង»។
មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
កាលពីល្ងាចថ្ងៃអាទិត្យ ពោលគឺក្រោយការបោះឆ្នោតនៅប្រទេសកម្ពុជាដ៏ចម្រូងចម្រាស សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការបោះឆ្នោតកម្ពុជា ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងសំខាន់ជាងគេនិងព្រមានចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមទៀត។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនៃអ្នកនាំពាក្យសេតវិមាននេះបានបញ្ជាក់ថា៖
«សហរដ្ឋអាមេរិកសោកស្តាយចំពោះការណ៍ដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា មិនមានភាពសេរី ឬយុត្តិធម៌ ហើយខកខានមិនបានតំណាងឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា»។
សេចក្តីថ្លែងការណ៍នោះបានព្រមានបន្តថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាបន្តបន្ទាប់តបនឹងការបោះឆ្នោតជាតិនេះការដើរថយក្រោយខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា ដោយបញ្ជាក់ថា វិធានការថ្មីៗទៀតនឹងរួមមានការពង្រីកកម្មវិធីរឹតត្បិតទិដ្ឋាការចូលសហរដ្ឋអាមេរិកដែលត្រូវប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៧។
លោក ម៉ម សូណង់ដូ ច្រានចោលរាល់ការរិះគន់ពីប្រទេសទាំងឡាយណា ដែលមិនចូលរួមសង្កេតការណ៍ការបោះឆ្នោត កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ។
«ការទិតៀនរបស់ប្រទេសណាមួយ ដែលគេថាមិនត្រឹមត្រូវទាល់តែមនុស្សហ្នឹង ចូលមកធ្វើសង្កេតការណ៍ ចូលរួមក្នុង ទាក់ទងទៅការបោះឆ្នោត ហើយប្រទេសណាដែលមិនចូលរួម ប្រទេសទាំងអស់ហ្នឹងគ្មានសិទ្ធិទិតៀន គេទេ។ ហើយកុំឲ្យទិតៀនថា យើងមិនចូលរួម ហើយយើងចេះតែទិតៀនគេ គឺអ្នកដែលទិតៀនហ្នឹងហើយ ដែលជាមនុស្សខូច»។
លោក សាម អ៊ីន អគ្គលេខាធិការនិងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ ក្នុងការបោះឆ្នោតកន្លងទៅថ្មីៗនេះ ដែលបានរងការគំរាមកំហែង និងការវាយប្រហារគ្នាទៅវិញមកដើម្បីកេងចំណេញនយោបាយ។
លោកប្រាប់ VOA នៅថ្ងៃចន្ទនេះថា៖
«វាមានហេតុផលធំពីរតាមការខ្ញុំមើលឃើញ គឺទីមួយ គឺអានយោបាយ សំឡុត គំរាម ហើយទិញសន្លឹកឆ្នោតហ្នឹង វានៅមានឥទ្ធិពលខ្លាំងមហិមានៅស្រុកខ្មែរ។ ហើយចំណុចទីពីរហ្នឹង គឺអាយុទ្ធនាការដេកផ្ទះ ឈ្នះស្អាត យុទ្ធនាការលាបពណ៌ ហើយនិងបន្ទុកបង្អាក់អ្នកដទៃហ្នឹង ក៏វាបានទទួលជោគជ័យដែរ។ អីចឹងអាហេតុផលពីរហ្នឹងហើយ វារុញឲ្យចេញទៅជាលទ្ធផលបែបហ្នឹង»។
លោក សាម អ៊ីន មិនធ្វើការអធិប្បាយលើការរិះគន់ ឬដាក់សម្ពាធពីសហគមន៍អន្តរជាតិចំពោះការបោះឆ្នោតនេះទេ តែលោកថា កម្ពុជានឹងមិនអាចកែទម្រង់អភិបាលកិច្ចល្អបាននោះឡើយ ដោយសារតែមិនមានគណបក្សប្រឆាំងខ្លាំងមួយ នៅក្នុងសភា។
«បានន័យថា នៅក្នុងរដ្ឋសភាជាតិហ្នឹង វាពុំមានកម្លាំង ប្រឆាំងគ្រប់គ្រាន់ដើម្បីរុញឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ និងការកែទម្រង់ហ្នឹងណ៎ា! ដូចជារឿងអំពើពុករលួយ រឿងគ្រួសារនិយម រឿងបក្សពួកនិយមនេះ នឹងមិនមានភាពប្រសើរឡើងទេ វាមានតែភាពអាក្រក់ជាងមុនបាទ»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនបានកត់សម្គាល់ពីភាពមិនប្រក្រតីណាមួយនោះឡើយ។ ប្រធានគណបក្សរូបនេះ បានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណបក្សយុវជនកម្ពុជាបានកត់សម្គាល់ឃើញថា គឺមានភាពល្អប្រសើរ និងគ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋខ្មែរ បានទៅបោះឆ្នោតនៅអាណត្តិទី៦នេះ យ៉ាងច្រើនកុះករផងដែរ»។
អ្នកបោះឆ្នោតត្រូវបាននាំឱ្យជ្រលក់ម្រាមដៃចង្អុរក្រោយពីបានបោះឆ្នោត ក្នុងការិយាល័យបោះឆ្នោតមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
ផ្ទុយពីការថ្លែងរបស់លោកពេជ្រ ស្រស់ ប្រទេសប្រជាធិបតេយ្យពីរផ្សេងទៀត គឺកាណាដា និងអូស្រា្តលី បានរិះគន់និងបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោត ដែលគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
រដ្ឋាភិបាលប្រទេសកាណាដាបានថ្លែងក្នុងសេចក្តីប្រកាសមួយចេញ ផ្សាយក្នុងថ្ងៃតែមួយនៃការរៀបចំបោះឆ្នោតជាតិកម្ពុជាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងស្ថិតក្នុងអំណាច និងគណបក្សប្រជាជនកម្ពុជារបស់លោករក្សាបានអំណាចបន្ទាប់ពីការបោះឆ្នោតជាតិរបស់ប្រទេស។
សេចក្តីប្រកាសបានសរសេរតាមន័យដើមថា៖
«យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា បានបាត់បង់ភាពត្រឹមត្រូវ ដោយសារការគំរាមកំហែងអ្នកបោះឆ្នោត និងការបំភ្លៃដំណើរការបោះឆ្នោត។ ការប្រើប្រាស់តុលាការដើម្បីបៀតបៀន គំរាមកំហែង និងលុបបំបាត់គណបក្សប្រឆាំង ក្នុងនោះមានមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលឥឡូវត្រូវបានគេដាក់ឲ្យនៅក្នុងពន្ធនាគារ ហើយនិងការគៀបសង្កត់សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ មិនបានបង្ហាញថា ការបោះឆ្នោតនោះ សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ»។
រដ្ឋាភិបាលប្រទេសកាណាដាបាននិយាយបន្ថែមថា៖
«ប្រទេសកាណាដាគឺជាមិត្តយូរអង្វែងរបស់ប្រជាជនកម្ពុជា ហើយគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធិរបស់ពួកគេ ដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេដោយសេរី។ យើងបន្តអំពាវនាវដល់រដ្ឋាភិបាលអនុញ្ញាតឲ្យមានសិទ្ធិមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា ធ្វើឲ្យមានឡើងវិញសេរីភាពនៃការបញ្ចេញមតិ ការចូលរួមខាងនយោបាយ និងការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជិត១១ខែ ដោយមិនមានការអនុញ្ញាតឲ្យបានស្ថិតនៅក្រៅឃុំ»។
រដ្ឋាភិបាលកាណាដាបានបញ្ជាក់ទៀតថា ប្រជាធិបតេយ្យដែលមានភាពរឹងប៉ឹង គឺត្រូវឲ្យមានការការពារលំហសម្រាប់សង្គមស៊ីវិល និងធានាបានថា ពលរដ្ឋទាំងអស់អាចចូលរួមដោយសន្តិវិធីក្នុងដំណើរការបោះឆ្នោត។ ចំណែករដ្ឋមន្ត្រីការបរទេសប្រទេសអូស្ត្រាលីអ្នកស្រី Julie Bishop បានថ្លែងក្នុងសេចក្តីប្រកាសមួយចេញនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ ដោយបានពណ៌នាថា ប្រទេសអូស្រា្តលីមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុត ជាមួយការបោះឆ្នោតឆ្នាំ២០១៨ និងបានឲ្យរដ្ឋាភិបាលកម្ពុជាជ្រាបពីក្តីបារម្ភនេះ។
ទាក់ទិននឹងជំហររបស់សហភាពអឺរ៉ុបចំពោះការបោះឆ្នោតកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក George Edgar មិនទាន់អាចផ្តល់ការអធិប្បាយណាមួយនោះឡើយ ដោយត្រូវរង់ចាំការចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយពីសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់លោកតាមសារអេឡិចត្រូនិក ឬ email។
លោកក៏មិនទាន់អាចបញ្ជាក់បានផងដែរ ចំពោះការពិចារណាលើគម្រោងពាណិជ្ជកម្ម «អ្វីៗទាំងអស់វៀរលែងតែអាវុធ» ដែលជាក្របខណ្ឌអនុគ្រោះពន្ធដល់ទំនិញកាត់ដេររបស់ប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
2 comments:
For whatever reason they have, they are the deplorable bunch small parties who betray the will of Khmer people and the sore losers who are at the mercy of the cpp monkeys.
Ah Dr. Leukeu Yang Saing Komar,
First, your parent knew that you will be a dumb person. That's why they gave your name Komar. Your brain will be the brain of a 3 years old boy forever.
Concerning your participation in the 2018 election. You should know that Ah Kwack Hun SEn will never let your party grow to a point that your party can win. If your party is strong enough to be a threat to the SEE PEE PEE party, Ah Kwack Hun Sen will imprison your dumb head and dissolve you party.
Is that clear enough for your dumb head to comprehend Ah Leu Keu Yang Shit Komar?
93 Years Old Woman
Post a Comment