Wednesday, 29 August 2018

អ្នក​វិភាគ​យល់ថា​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​ឆាប់ៗ​ដោយសារ​សម្ពាធ​អន្តរជាតិ


មួង ណារ៉េត
2018-08-28 

លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA




អ្នកវិភាគ​យល់​ថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ ដោយសារ​កត្តា​ធូរស្រាល​ជា​បណ្ដើរៗ ខាង​នយោបាយ ក្រោយ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ជា​បន្តបន្ទាប់ និង​កត្តា​សម្ពាធ​អន្តរជាតិ។ ប៉ុន្តែ មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា​របប​នេះ មិន​ស្ថិត​ក្រោម​សម្ពាធ​បរទេស។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ មាន​សុទិដ្ឋិនិយម​ច្រើន ថា​លោក កឹម សុខា ពិតជា​នឹង​ត្រូវ​បាន​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ ដូច​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ឯទៀត​ដែរ។ កត្តា​សំខាន់​ដែល​កញ្ញា លី ស្រ​ស្រស់ យក​មក​ធ្វើជា​សម្អាង​ក្នុង​ការ​វិភាគ​នេះ គឺ​កត្តា​ដែល​របប​ថ្មី​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​កើប​យក​អាសនៈ​រដ្ឋសភា​ទាំងអស់​ទៅ​ហើយ ហើយ​ម្យ៉ាងទៀត​របប​ថ្មី​ឯក​បក្ស​នេះ ក៏​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ ដូច្នេះ​គ្មាន​អ្វី​ដែល​របប​នេះ ត្រូវ​ការ​ចាប់ចង ឬ​បន្ត​ឃុំឃាំង​មន្ត្រី ឬ​សកម្មជន​បក្ស​ប្រឆាំង យូរ​តទៅទៀត​នោះ​ទេ៖ «រដ្ឋាភិបាល​មិន​មាន​ហេតុផល​អ្វី ក្នុង​ការ​ទុក​លោក កឹម សុខា​ទេ។ បើ​ទុក​គឺ​គាត់​អត់​ចំណេញ។ បើ​យើង​គិត​ទៅលើ​ផល​ខាត និង​ចំណេញ។ ឥឡូវ​រដ្ឋាភិបាល​បង្កើត​ឡើង​ហើយ ហើយ​គាត់​ចាប់​គណបក្សប្រឆាំង តើ​មានន័យ​អ្វី? មានតែ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ មើល​កម្ពុជា​នៅ​ក្នុង​ផ្លូវ​អាក្រក់​ថែមទៀត​។ ជា​លទ្ធផល អាច​ធ្វើ​ឲ្យ​មាន​ផល​លំបាក ក្នុង​ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស ដែល​ជា​បិតាធិបតេយ្យ»។



កត្តា​សម្ពាធ​អន្តរជាតិ​នេះ ត្រូវ​បាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី ក៏​យក​មក​ធ្វើជា​សម្អាង ក្នុង​ការ​ព្យាករណ៍​ទុក យ៉ាង​ប្រាកដ​ក្នុង​ចិត្ត ថា​របប​លោក ហ៊ុន សែន នឹង​គ្មាន​ជម្រើស​អ្វី ក្រៅពី​ត្រូវតែ​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។ សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់​លោក កាលពី​ថ្ងៃ​ទី២៨ ខែ​សីហា លោក សម រង្ស៊ី៖ «លោក​ដឹង​ច្បាស់​ថា​លោក កឹម សុខា ក៏​នឹង​ត្រូវ​លោក ហ៊ុន សែន បង្ខំចិត្ត​ដោះលែង ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ផង​ដែរ ក្រោម​សម្ពាធ​អន្តរជាតិ ដែល​បាន​ដាក់​កាលបរិច្ឆេទ​ឲ្យ​លោក ហ៊ុន សែន ដោះលែង អ្នក​ទោស​នយោបាយ​ទាំងអស់ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ»។

លោក សម រង្ស៊ី ថែមទាំង​បញ្ជាក់​ទៀត​ថា ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ គឺ​គ្រាន់តែ​ជា​លក្ខខណ្ឌ​ទី​មួយ​ទេ ដែល លោក ហ៊ុន សែន ត្រូវ​បំពេញ ក្រោម​សម្ពាធ​អន្តរជាតិ។ លោក​ថា លក្ខខណ្ឌ​ដែល​លោក ហ៊ុន សែន ត្រូវ​បំពេញ​ជា​បន្តបន្ទាប់​ថែមទៀត នៅ​មាន​ច្រើន​ទៀត រួម​ទាំង​យល់ព្រម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ដំណើរការ​ឡើងវិញ អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ១១៨​រូប មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ​ដូច​មុន ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់ មក​លើ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ទាំងអស់ ប្រគល់ ឬ​សង​តំណែង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ឲ្យ​ទៅ​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ជាង ៥ ពាន់​នាក់ ដែល​បាន​ជាប់ឆ្នោត ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ២០១៧ និង​រៀបចំ​ការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា​ឡើងវិញ។

មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៃ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មិន​ស្របតាម​ការ​យល់​ឃើញ​របស់​អ្នកវិភាគ និង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក ផៃ ស៊ីផាន អះអាង​ថា រាល់​ការសម្រេច​ដោះលែង​អ្នក​ជាប់ឃុំ គឺ​ផ្អែក​ទៅតាម​នីតិវិធី​ច្បាប់ ដែល​ផ្ដល់​អំណាច​ដល់​លោក ហ៊ុន សែន ក្នុង​ការ​ស្នើសុំ​ឲ្យ​មានការ​លើកលែងទោស។ ម្យ៉ាងទៀត​លោក​បញ្ជាក់​ថា ក្រោយ​ការវាយតម្លៃ​រួច រក​ឃើញ​ថា អ្នក​ជាប់ឃុំ​ទាំងនោះ នឹង​គ្មាន​បង្ក​អ​សណ្តាប់ធ្នាប់​សាធារណៈ ឬ អស្ថិរភាព​សង្គម​នោះ​ឡើយ ក្រោយពេល​ដោះលែង។ លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា ការ​ដោះលែង​ទាំងនេះ ក៏​ដោយសារតែ​លោក ហ៊ុន សែន ជា​មនុស្ស​មានចិត្ត​បុណ្យ៖ «ចំណុច​ទី​បី គឺ​ចំណុច​គុណធម៌ និង​សីលធម៌ ដែល​ផ្ដល់​ដល់​នាយករដ្ឋមន្ត្រី ឲ្យ​មានអំណាច​ក្នុង​ការ​ស្នើសុំ​នេះឯង មិនមែន​ស្ថិត​ក្នុង​ឥទ្ធិពល​ណា ហើយក៏​មិនមែន​នៅ​ក្នុង​លក្ខខណ្ឌ​របស់​ទណ្ឌិត សម រង្ស៊ី ដែល​រត់ចោលស្រុក ដែល​គ្មាន​អំណាច គ្រាន់តែ​ជា​តារា​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​ប៉ុណ្ណោះ អស់​តម្លៃ​ជា​អ្នក​នយោបាយ ហើយ​លោក​មិន​ហ៊ាន​អញ្ជើញ​មក​ស្រុក​ខ្មែរ​វិញ​ផង»។

លោក ផៃ ស៊ីផាន បន្ថែម​ថា ការ​ចង់​បាន​របស់​លោក សម រង្ស៊ី ដែល​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ១១៨​នាក់ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដូច​មុន​នោះ នឹង​មិន​អាច​ទៅ​រួច​ទេ ដោយសារ​លោក​សម្អាង​ទៅលើ​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ជា​ស្ថាពរ​រួច​ទៅ​ហើយ។

ទោះជា​យ៉ាង​នេះ ក្តី​អ្នកវិភាគ នៅតែ​យល់ឃើញ​ថា ដោយសារតែ​របប​លោក ហ៊ុន សែន ត្រូវការ​ភាព​ស្របច្បាប់ និង​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ស្តារ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង ពិភពលោក របប​នេះ នឹង​ចៀស​មិន​ផុត ពី​បង្ខំ​ចិត្ត​ត្រូវ​ស្វះ​ស្វែងរក​ការ​ធ្វើ​សម្បទាន​ជា​បន្តបន្ទាប់​ទៅទៀត រហូត​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី៕

1 comment:

Anonymous said...

Before releasing Kem Sokha, Ah Kwack Hun Sen needs assurance from Khmer people and the international community that there will be no new election and he will be the Prime Minister of the new government.

This time, it looks like Ah Kwack's tricks will not work. People will push for a new election.