Saturday, 4 August 2018
មេប៉ូលិសក្រុងបាត់ដំបងត្រួតពិនិត្យម្រាមដៃមន្ត្រីក្រោមបង្គាប់រកមុខអ្នកមិនទៅបោះឆ្នោត
ដោយ មាន ឫទ្ធិ
2018-08-02
rfa
ប៉ូលិសនៃអធិការនគរបាលក្រុងបាត់ដំបងលើកចង្អុលដៃជ្រលក់ទឹកខ្មៅបង្ហាញប្រធានអង្គភាព កាលពីថ្ងៃទី៣១ កក្កដា។
Provided photo
អធិការនគរបាលក្រុងបាត់ដំបង បានត្រួតពិនិត្យម្រាមដៃលើមន្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរកមុខមន្ត្រីណាដែលមិនបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា។ មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបាត់ដំបង ចាត់ទុកទង្វើនេះថា ជាការគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់កងកម្លាំងក្រោមឱវាទធ្វើឲ្យមានការភ័យខ្លាច។
វិធានការរបស់អធិការនគរបាលក្រុងបាត់ដំបងនេះ ធ្វើឡើងនៅក្នុងពេលមន្ត្រីក្នុងអង្គការឈរតម្រង់ជួរគោរពទង់ជាតិ កាលពីថ្ងៃទី៣១ កក្កដា។
មន្ត្រីប៉ូលិសអធិការនគរបាលក្រុងបាត់ដំបងមិនហ៊ានបញ្ចេញម្នាក់ ឲ្យដឹងនៅថ្ងៃទី១ សីហា មន្ត្រីប៉ូលិសនៅក្រុងបាត់ដំបងទាំងអស់ បានលើកម្រាមដៃព្រមគ្នាភ្លាមៗ ដោយមិនហ៊ានប្រឆាំងនឹងបញ្ជារបស់លោកអធិការក្រុងបាត់ដំបងឡើយ។ មន្ត្រីនគរបាលរូបនេះអះអាងទៀតថា មន្ត្រីទាំងអស់សុទ្ធតែបានទៅបោះឆ្នោត ដោយសារមានទឹកថ្នាំប្រឡាក់ជាប់ម្រាមដៃ តែការទៅបោះឆ្នោតនេះមិនមែនកើតចេញពីការស្ម័គ្រចិត្តនោះឡើយ ព្រោះមុនបោះឆ្នោតប្រធានស្ថាប័នបានបង្ខំឲ្យប៉ូលិសត្រូវតែទៅបោះឆ្នោតឲ្យបានគ្រប់គ្នា៖ «នៅពេលគោរពទង់ជាតិនឹងគឺជាការណែនាំរបស់ប្រធានស្ថាប័ននឹងត្រូវឲ្យបង្ហាញចង្អុលម្រាមដៃ ថាបានទៅបោះឆ្នោតឬមិនបានទៅបោះឆ្នោត ព្រោះមុននឹងបោះឆ្នោតស្ថាប័នថាដាច់ត្រូវតែទៅបោះឆ្នោត ដល់អីចឹងដល់ពេលបោះឆ្នោតរួចត្រូវតែប្រជុំ ជួពិនិត្យមើលម្រាមដៃ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការនគរបាលក្រុងបាត់ដំបងលោក ប៉ាង ហៀង មានប្រសាសន៍ថា មន្ត្រីប៉ូលិសដែលលោកគ្រប់គ្រងទៅបោះឆ្នោតដោយស្ម័គ្រចិត្តដោយខ្លួនឯង ហើយគ្មានមន្ត្រីណាបង្ខិតបង្ខំនោះឡើយ។ចំណែកការលើកម្រាមដៃលើកម្រាមដៃនោះ លោក ប៉ាង ហៀង អះអាងថា មន្ត្រីប៉ូលិសបានលើកបង្ហាញដោយខ្លួនឯង ដើម្បីបញ្ជាក់ថាពួកគាត់បានប្រើសិទ្ធិជាមន្ត្រី៖ «អានឹងស្រេចតែគេតើព្រោះជាសិទ្ធិរបស់គេមិនមានបង្ខំអីគេ សំខាន់ជាងគេគឺឆន្ទៈរបស់បុគ្គលម្នាក់តើ ហើយគេបានថតរូបបង្ហោះគ្រប់តែគ្នានឹង វាមានតែស្អី»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិអាដហុក(Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា បទបញ្ជានេះ គឺជាការបង្ខិតបង្ខំ បិទសិទ្ធិសេរីភាពដល់មន្ត្រីប៉ូលិសធ្វើឲ្យពួកគាត់មានការភ័យខ្លាច ហើយពួកគាត់ចាំបាច់ត្រូវតែទៅបោះឆ្នោត ព្រោះខ្លាចស្ថាប័នរបស់ពួកគាត់ពិន័យក្រោយពេលបោះឆ្នោតរួច៖ «យើងសុំកុំឲ្យមានអាជ្ញាធរក្ដីសមត្ថកិច្ចក្ដីឬអង្គភាពក្រុមហ៊ុនឯកជនក្ដី មេត្តាកុំយកបញ្ហានេះធ្វើជាគំនាបដើម្បីដាក់បន្ទុកទៅលើបុគ្គលណាដែលមិនមានស្នាមទឹកថ្នាំប្រឡាក់នោះ ព្រោះជាការប្រើសិទ្ធិរបស់គាត់ ព្រោះការបោះឆ្នោតនេះពុំមែនជាកាតព្វកិច្ចទេ បានន័យថាគាត់ចង់ទៅបោះក៏បានមិនទៅក៏បានដែរ»។
លោក យិន ម៉េងលី បន្ថែមទៀតថា ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងភាគច្រើនមិនសប្បាយចិត្តនឹងចំនួនតួលេខអ្នកទៅបោះឆ្នោតដែលគណៈកម្មការជាតិរៀបចំការជាតិរៀបចំការបោះឆ្នោតប្រកាសមានជាង៨២ភាគរយនោះ ព្រោះនៅតាមការិយាល័យខ្លះមិនសូវមានអ្នកទៅបោះឆ្នោតដូចកាលពីឆ្នាំ២០១៧នោះទេ ហើយពួកគាត់ក៏សម្ដែងការព្រួយបារម្ភពីប្រជាធិបតេយ្យនៅកម្ពុជាទៅថ្ងៃអនាគតទៀតផង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment