2018-08-30

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ សីហា បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៦ខែបន្ថែមទៀត ក្រោយពីលោក ហ៊ុន សែន ប្រកាសកាលពីថ្ងៃទី២៩ សីហាថា នឹងគ្មានការដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទេ។ មេធាវីសម្ដែងការខកចិត្ត ឯអ្នកវិភាគថា របបក្រុងភ្នំពេញ អាចនឹងចង់ទុកចំណាប់ខ្មាំងនយោបាយធំមួយ ដើម្បីប្ដូរភាពស្របច្បាប់នៃការបង្កើតរបបថ្មី ដោយឯកបក្ស។
មេធាវីម្នាក់ ក្នុងចំណោម ៤នាក់ ដែលបានការពារក្ដីឲ្យ លោក កឹម សុខា ក្នុងសវនាការពន្ធនាគារត្រពាំងផ្លុង គឺលោកមេធាវី ផែង ហេង ឲ្យដឹងថា ក្នុងសវនាការ ក្រុមមេធាវីបានព្យាយាមលើកឡើងពីទឡ្ហីករណ៍ជាច្រើន ប្រាប់ទៅចៅក្រមស៊ើបសួរ ដើម្បីស្នើសុំឲ្យមានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ បាននៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមមេធាវីបានធានាថា ប្រសិនបើចៅក្រមស៊ើបសួរអនុញ្ញាតឲ្យកូនក្ដី បាននៅក្រៅឃុំបណ្ដោះអាសន្ន កូនក្ដីពួកគេ នឹងមិនរត់គេច និងធានាចូលរួមគ្រប់នីតិវិធីរបស់ច្បាប់ទាំងអស់៖ «»
សវនាការពន្យាពេលឃុំខ្លួន លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ លោក គី ឬទ្ធី និង តំណាងអយ្យការ លោក សៀង សុខ បើកការស៊ើបសួរនៅក្នុងពន្ធនាគារ ម៣ តាំងពីម៉ោងប្រហែល ៩ព្រឹក រហូតបញ្ចប់នៅម៉ោង ១១ព្រឹក។
ក្នុងសវនាការ ក្រុមមេធាវី អះអាងថា ការស្នើសុំកូនក្ដីឲ្យនៅក្រៅឃុំ គឺដើម្បីកូនក្ដី បានទៅវះកាត់ព្យាបាលជំងឺ នៅប្រទេសសឹង្គបុរី តាមការណាត់របស់ក្រុមវេជ្ជបណ្ឌិតជំនាញ។ លោកមេធាវី លោក ផែង ហេង ឲ្យដឹងដែរថា បើទោះជា ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី បានប្រើប្រាស់អំណាច ឃុំខ្លួន លោក កឹម សុខា ៦ខែពីរមកហើយ រកមិនឃើញភស្ដុតាងដូចការចោទប្រកាន់ ប៉ុន្ដែតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅតែស្នើសុំឲ្យបន្ដនីតិវិធីស៊ើបសួរ ដោយពន្យារពេលឃុំខ្លួន ៦ខែបន្ថែមទៀត។ ដូច្នេះ លោក កឹម សុខា អាចនឹងត្រូវជាប់ឃុំ ១ឆ្នាំកន្លះ ដោយរកមិនឃើញភស្ដុតាងលើបទចោទ សន្និដ្ឋិភាពជាមួយជនបរទេស ឬហៅថា ទោសក្បត់ជាតិ។
កាលពីថ្ងៃទី២៩ សីហា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសមុនចៅក្រមស៊ើបសួររួចជាស្រេចថា នឹងគ្មានការដោះលែង លោក កឹម សុខា ទេ ហើយលោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចត្រៀមចាប់ខ្លួនអ្នកគាំទ្រ លោក កឹម សុខា ប្រសិនបើមានការប្រមូលផ្ដុំគ្នាចាំទទួលលោក កឹម សុខា នៅម្ដុំពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បួងឃ្មុំ ជិតព្រំដែនប្រទេសវៀតណាម៖ «»
នៅក្រោយការបញ្ជារបស់ លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ សីហា ក្រុមកងកម្លាំងប្រដាប់អាវុធចម្រុះ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិ និងជុំវិញបរិវេណពន្ធនាគារត្រពាំងផ្លុង ហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យចូលទៅជិតបរិវេន ពន្ធនាគារត្រពាំងផ្លុង។ លោកមេធាវី ផែង ហេង ថា ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ក៏រងការស្ទាក់ ឃាត់ និងឆែកឆេរជាច្រើនដែរ បណ្ដាលឲ្យពួកគាត់ទៅសឹងតែមិនទាន់សវនាការក្នុងពន្ធនាគារ។
លោកមេធាវី ផែង ហេង ឲ្យដឹងថា បើទោះជាសវនាការបានបិទបញ្ចប់នៅម៉ោង ១១ព្រឹក ប៉ុន្ដែចៅក្រមស៊ើបសួរបានពន្យារការធ្វើសេចក្តីសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា រហូតដល់ម៉ោង ២រសៀល។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថា លទ្ធផលនៃសវនាការលោក កឹម សុខា ក្នុងពន្ធនាគារត្រពាំងផ្លុង ត្រូវបានគេដឹងតាមរយៈលោក ហ៊ុន សែន ប្រកាសតាំងពីថ្ងៃទី២៩ សីហាមកម្ល៉េះ។ លោកបណ្ឌិត មាស នី បន្ដថា ការដោះលែងលោក កឹម សុខា ទាល់តែត្រូវរង់ចាំមើលឆន្ទៈអ្នកនយោបាយ និងពេលវេលាសមស្របមួយ ដោយសារមេដឹកនាំរបបក្រុងភ្នំពេញ អាចនឹងចង់បានមុខមាត់ តាមរយៈចង់ឲ្យមានលិខិតសុំទោស ព្រោះការដោះលែងងាយស្រួលពេក អាចធ្វើឲ្យបាក់មុខបាក់មាត់ របបក្រុងភ្នំពេញ។
លោកបណ្ឌិត មាស នី បានប្រៀបធៀបការចាប់ខ្លួន លោក កឹម សុខា ទៅនឹងរឿងនិទានសត្វពស់លេបកង្កែប។ លោកថា នៅពេលដែលសត្វពស់ មានមាឌប៉ុនកង្កែប ឬតូចជាងសត្វកង្កែប ពស់ពិបាកលេបកង្កែបណាស់។ ដូច្នេះពស់ត្រូវរិះរកវិធី ដើម្បីទប់ស្កាត់កុំឲ្យកង្កែបរីកធំធាត់បាន៖ «»
លោកបណ្ឌិត មាស នី មើលឃើញថា បើទោះជារបបក្រុងភ្នំពេញ អាចនឹងដោះលែង លោក កឹម សុខា ប៉ុន្ដែសហគមន៍អន្ដរជាតិនឹងមិនព្រមបញ្ឈប់សម្ពាធត្រឹមនេះទេ។ លោក បន្ដថា បញ្ហាធំចំនួន២ទៀត ដែលសហគមន៍អន្ដរជាតិចង់ឃើញ មុននឹងទទួលស្គាល់របបថ្មី ដែលបង្កើតឡើងដោយឯកបក្ស គឺវត្តមានរបស់គណបក្សប្រឆាំងដ៏ធំ មានអ្នកគាំទ្រជាង ៣លាននាក់ និងការប្រគល់សិទ្ធិធ្វើនយោបាយឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨នាក់ឡើងវិញ។
ទោះយ៉ាងណា លោកមេធាវី ផែង ហេង ប្រាប់ថា ក្រុមមេធាវី នឹងពិភាក្សាជាមួយកូនក្ដីថា គួរបន្ដប្ដឹងជំទាស់សេចក្តីសម្រេចបន្ដឃុំខ្លួន ៦ខែទៀត ឬបន្ដនីតិវិធីប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នជាបន្ដ៕
No comments:
Post a Comment